គណបក្ស​ខ្មែរស្រឡាញ់ជាតិ​រំលាយ​ខ្លួនឯង​ចុះចូល​ជាមួយ​បក្សកាន់អំណាច

ព្រឹកថ្ងៃទី០២​ ខែកក្ដដា ឆ្នាំ២០២២ ថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្រោយការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ និងពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំក្រុង-ស្រុក នៅទីស្នាក់ការគណបក្សប្រចាំខេត្តកំពង់ធំ។ (ហ្វេសប៊ុក៖ គណបក្សខ្មែរស្រឡាញ់ជាតិ)

គណបក្សខ្មែរស្រឡាញ់ជាតិ ប្រកាស​រំលាយ​ខ្លួន​ឯង ​ដើម្បី​ចុះចូល​រួម​រស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

គណបក្សខ្មែរស្រឡាញ់ជាតិ ដែល​មាន​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​មាន​សមាសភាព​ចម្រុះ​ចេញ​ពី «គណបក្ស​ សមរង្ស៊ី» ផង និង «គណបក្សសិទ្ធិមនុស្ស» ផង​នេះ គឺស្ថិតក្នុងចំណោមគណបក្សនយោ​បាយចំនួន១៧ ដែលបានចុះឈ្មោះចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមបឹ្រក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ​៣៣ ២៥៩សំឡេង។ បើគិតជាអាសនៈ គណបក្សនេះទទួលបានចំនួន ៥អាសនៈនៅទូទាំងប្រទេសផងដែរ។

ការសម្រេចរំលាយខ្លួនឯងនៅពេលនេះ ត្រូវបានប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក ជីវ កក្តា លើកហេតុផលថា ដោយសារតែមើលឃើញការដឹកនាំត្រឹម​ត្រូវ​របស់​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​គណបក្សគ្មានហេតុផលអ្វីត្រូវធ្វើការប្រឆាំងទៅនឹងការដឹកនាំ​របស់គណបក្សប្រជាជនកម្ពុជាបន្តទៅទៀតនោះឡើយ។

លោក ជីវ កក្តា បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានយ៉ាងដូច្នេះថា៖ «ដោយសារយើង​ខ្ញុំ​មើល​ឃើញ​ការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ប្រទេស​កម្ពុជា​មាន​សន្តិភាព ការ​អភិវឌ្ឍ និង​អនាគត​រុង​រឿង ជាពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ការ​ធ្វើវិសោធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា គឺបង្ហាញ​យ៉ាង​ច្បាស់អំពីការគិតគូរផលប្រយោជន៍របស់ជាតិជាធំ។ ដូច្នេះ ពុំ​មាន​ហេតុផលណាមួយដែល​យើងខ្ញុំនៅបន្តប្រឆាំងនឹងការដឹកនាំរបស់សម្តេចតេជោ និង​គណបក្ស​ប្រជាជន​កម្ពុជា​តទៅ​ទៀត»។

ក្រៅពីប្រកាសរំលាយខ្លួនឯងនៅពេលនេះ គណបក្សខ្មែរស្រឡាញ់ជាតិ មិនត្រឹមតែអំពាវនាវឱ្យ​សមាជិកបក្សរបស់ខ្លួន​គ្រប់ជាន់ថ្នាក់ចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានោះទេ តែថែមទាំងអំពាវនាវ​ឱ្យសមាជិកគាំទ្របក្សប្រឆាំង ឬកំពុងស្ថិត​នៅក្នុងបក្សប្រឆាំង នាំគ្នា​ចូល​រួម​រស់​ជាមួយ​គណបក្ស​កាន់​អំណាចផង​ដែរ។

វីអូឌី មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក ជីវ កក្តា និងអនុប្រធានគណបក្សនេះ លោក កង គឹមហាក់ បាននៅឡើយទេ នៅថ្ងៃទី២៩ ខែកក្កដានេះ ដោយសារទូរសព្ទពុំអាចទាក់ទងបាន។  

គណបក្សខ្មែរស្រឡាញ់ជាតិ គឺជាគណបក្សនយោបាយដំបូងគេ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ក្បាល​ម៉ាស៊ីន​ដឹកនាំ​មាន​ប្រភព​ចេញ​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ ហើយដែលបានប្រកាសរំលាយខ្លួនឯងចាប់តាំងពី​មាន​គណបក្ស​តូចៗ​បំបែក​​ចេញពី​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​​ចូលរួម​ប្រកួត​ប្រជែង​នយោ​បាយជាមួយ​គណបក្សប្រជាជនកម្ពុជាមក។

បើទោះជាបានប្រកាសរំលាយខ្លួនឯង​ និងបានថ្លែងកោតសរសើរការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលនេះក្តី គេនៅចាំបានថា ក្នុងអំឡុងពេលនៃការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់កាលពីពេលកន្លងទៅ ថ្នាក់​ដឹកនាំ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ មិន​បាន​ពេញ​ចិត្ត​នឹង​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជនកម្ពុជានោះឡើយ និង​បាន​ប្រកាសថា គណបក្សរបស់ខ្លួន​ជាអ្នកបន្ត​ដំណើរ​របស់គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ទៀត​ផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ