បក្សភ្លើងទៀន​ខេត្តកំពង់ធំ ថា​មាន​ឃុំសង្កាត់​ចំនួន​៤៤​មិន​បាន​ផ្ដល់​ទីតាំង​និង​ឯកសណ្ឋាន​អ្នកជាប់ឆ្នោត

មេឃុំជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន នៅឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ទទួលតំណែងមេឃុំផ្លូវការនៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ គណបក្ស ភ្លើងទៀន ខេត្តកំពង់ធំ)

ប្រធានក្រុមការងារគណបក្សភ្លើងទៀន បានជំរុញឱ្យអភិបាលខេត្តកំពង់ធំ ជួយ​​អ​​ន្ត​​រាគ​​មន៍ ដើម្បី​​បើក​​​​​ផ្លូវឱ្យជំទប់ទី១ និងសមាជិកក្រុមប្រឹក្សាឃុំ​​សង្កាត់របស់​គណបក្ស​​ក្រៅរដ្ឋា​​​ភិបាល​​មួយ​​នេះបា​​ន​​​ចូល​​បំ​​ពេញ​ការ​ងារ​ទៅតាមតួនាទីនិងភារកិច្ចរបស់ពួកគេ ខណៈប្រធានក្រុមប្រឹក្សាឃុំ​សង្កា​​ត់មក​​ពី​​គ​​ណ​​​បក្សគ្រប់គ្រងអំណាចបានព្យាយាមបិទផ្លូវ តាមរយៈការ​មិនផ្ដល់កិច្ចសហការចាប់​​តាំង​​ពី​​មាន​​សេ​​ច​​ក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃរួច។

លិខិតមួយច្បាប់របស់​​ប្រធានក្រុមការងារគណ​​បក្ស​​ភ្លើង​​ទៀន​ខេត្តកំពង់ធំ ចុះ​ថ្ងៃទី​​៤​ ខែ​សីហា បាន​លើក​ឡើង​ថា ជំទប់​ទី១ ទី២ និងសមាជិក​​ក្រុម​​ប្រឹ​​​​​​ក្សា​​​​ឃុំ​សង្កាត់ នៅក្នុងឃុំសង្កាត់ចំនួន​​៤៤​ក្នុង​​ខេត្ត​​នេះ នៅមិន​ទាន់​មាន​កន្លែង​ធ្វើការ និងឯក​ស​ណ្ឋា​​​នត្រឹមត្រូវ ដើម្បីបំពេញការងារ​​នៅ​​ឡើ​យ​​​​។ តាម​រយៈ​លិខិត​​​​​​ដាក់ទៅ​អ​​ភិ​​បា​​ល​​​ខេត្តនេះ គណបក្សភ្លើង​​ទៀ​ន បន្ថែម​​ថា ដើម្បី​ជួយ​សម្រួល​ការ​ងារ និង​ធានាចំពោះការផ្ដល់​​សេ​​វា​សម្រាប់ពលរដ្ឋ គឺ​​ស្នើ​​​​​​សុំ​​​អភិបាល​​​​ខេត្តជួយ​ដោះ​ស្រាយ​ជា​បន្ទាន់ ដូច​ជា ផ្ដល់​បន្ទប់ធ្វើការ បែង​​ចែកភារកិច្ចការងារ និង​​ឯកស​ណ្ឋា​ន សម្រា​​ប់​​​​​មន្រ្តីឃុំសង្កាត់របស់​គណ​បក្សភ្លើ​ងទៀន។

បន្ថែមលើលិខិតស្នើសុំនេះ ប្រធានក្រុមការងារ​គណបក្សភ្លើងទៀន​ប្រចាំខេត្តត្បូងឃ្មុំ លោក ស៊ុន ចន្ធី មានប្រសាសន៍នៅថ្ងៃសុក្រនេះថា ជា​ការពិត ពួកគេពិតជាត្រូវជួបឧបសគ្គដូច្នេះមែន ទាំង​ទី​តាំង​បំពេញ​ការ​ងារ និង​​សម្លៀក​​បំពាក់​​​ជាមន្រ្តីបម្រើសេវាសាធារណៈក្នុងកម្រិត​ឃុំ​សង្កាត់ ដូច​មាន​​​កំណត់​នៅ​​ក្នុង​​​ច្បា​ប់​​​​។ ​​លោកថា ​​​​បើ​​ចំពោះមន្រ្តីឃុំ​សង្កាត់មកពីគណបក្សប្រជាជនកម្ពុជា​វិញ គឺមាន​គ្រប់​លក្ខណៈ​សម្បត្តិ ហើយមិនជួបបញ្ហាប្រឈមដូច​គណបក្សភ្លើងទៀនទេ។

លោកបន្តថា៖ «ជំទប់ទី១ និងជំទប់ទី២នេះ កិច្ចការងាររបស់គាត់សំខាន់ណាស់ គឺបម្រើកិច្ច​ការ​ងារ​​​ជា​​​​​​​​​អចិន្រ្តៃយ៍ គឺជួយកិច្ចការងារមេឃុំ ចៅសង្កាត់ អ៊ីចឹង​បើកិច្ចការងាររបស់ពួក​​គាត់ទទួលកិច្ច​​​ការ​​​ងា​​​​រ​ជាអចិន្រ្តៃយ៍ ហើយ​បើទៅសាលាឃុំ មិនដឹងជាកន្លែងអង្គុយអីនៅណា! ហើយអត់មាន! ​​គាត់​​គ្រា​​ន់​​​​​​​​​​​​តែទៅត្រេចុះត្រេឡើង អត់ដឹងធ្វើអី ដូច្នេះវាអត់មានខ្លឹមសារ​​ក្នុងការបម្រើប្រជាពលរដ្ឋ​​ស្រប​ទៅ​​​តាម​​គោលការណ៍ច្បាប់ទេ។ ដូច្នេះហើយបានជាយើងស្នើសុំកិច្ចអន្តរាគមន៍ពីអភិបាលខេត្ត ជំរុញ​​​ទៅ​​រដ្ឋបាលថ្នាក់មូលដ្ឋានហ្នឹងផ្ដល់មុខងារទៅតាមតួនាទី ដូចដែលប្រជាពលរដ្ឋ​​បាន​បោះ​ឆ្នោត​​ឱ្យ»។

ឆ្លើយតបរឿង​នេះ អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ បញ្ជាក់ថា រដ្ឋបាលខេត្ត​នៅ​មិន​ទាន់​ទទួល​បាន​លិខិតស្នើ​​សុំកិច្ចអន្តរាគមន៍នេះនៅឡើយទេ។​ បើទោះបែបណា លោ​​ក​​​​​​​ថា​ អាជ្ញាធរ​ខេត្ត​ហាក់​ដូច​មិនមានដំណោះស្រាយលើរឿងនេះទេ ព្រោះអ្វីៗ​​បាន​​សម្រេចរួចរាល់អស់ហើយ។

បើតាមលោក ងួន រតនៈ ការស្នើសុំគោលការណ៍នេះ មើលទៅប្រហែលជាសមាជិក​​ក្រុម​​ប្រឹក្សា​​ឃុំ​​​​សង្កាត់មក​ពីបក្សក្រៅរដ្ឋាភិបាលមួយនេះនៅមិនទាន់យល់ពីការងារ ម្យ៉ាងទៀតពួកគេទើប​​តែ​ជាប់​​​ឆ្នោ​​ត​​​​​​ថ្មី​​​​ផង ដែលទំនងហាក់ដូចជាមិនទាន់ចេះធ្វើការនៅឡើយ។

លោកបន្តថា៖ «យើងមើលតាមផ្លូវច្បាប់ ហើយអន្តរាគមន៍តាមផ្លូវច្បាប់ ហើយបើខុសពីច្បាប់ យើង​​​ទៅ​​​​អន្ត​​រាគមន៍ម៉េចកើត មិនអ៊ីចឹង? បើវាស្របច្បាប់ ថាតម្រូវ​ឱ្យថ្នាក់លើជួយដោះស្រាយ អាហ្នឹង​​​បា​​​ន​​​​យើង​​អាចដោះបាន។ បើជំទប់ទី១ ជំទប់ទី២ មិនទាន់បែងចែកយ៉ាងម៉េច អាហ្នឹង​វាដូច​អត់​​​ត្រូវ​​។ ​​​​ច្បាប់គេកំណត់រួចហើយ អ្នកណាជាប់ជំទប់ទី១ អ្នកណាជា​ប់ជំ​ទប់​ទី២ មក​ស្រេច​អស់​ហើយ សូម្បីការប្រកាស គេប្រកាសមកតាមលេខរៀង​មក​ស្រេច​អស់​ហើយ វាអត់ទាន់​បែង​ចែក​យ៉ាង​​​ម៉េច​កើត? គាត់អត់យល់ទេដឹង? គាត់ថ្មីៗ! ទាល់តែឱ្យគាត់រៀនសូត្រ ចាំមើល​ឱ្យ​គាត់​រៀន​សូត្រ​សិន»។

បើតាមលោក ស៊ុន ចន្ធី ដែលជាប្រធានក្រុមការងារគណបក្សភ្លើងទៀន លើកឡើងថា បញ្ហានេះ​​មិន​​មែន​កើត​ឡើង​ព្រោះតែមិនយល់ពីការងារទេ ប៉ុន្តែដោយសារនៅក្នុងសាលាឃុំ ប្រធានក្រុម​​​ប្រឹ​ក្សា​​​ឃុំ​របស់គណបក្សប្រជាជនកម្ពុជា មិនបានបែងចែកការងារឱ្យធ្វើទៅតាមតួនាទីនិងភារកិច្ច​​ដូច​​​ដែល​មាន​កំណត់នៅក្នុងច្បាប់។

របាយការណ៍មួយ​របស់​គណបក្សភ្លើងទៀនប្រចាំខេត្តត្បូងឃ្មុំ បង្ហាញថា ក្នុងខេត្តកំពង់ធំ មា​ន​​ឃុំ​សង្កាត់​សរុ​ប​ចំនួន៨១ឃុំសង្កាត់។ ក្នុងចំណោមឃុំសង្កាត់ទាំងនេះ គណបក្សភ្លើងទៀន ទ​​ទួ​​ល​បាន​អាសនៈ ជាជំទប់ទី១ ទី២ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន៨០ឃុំ​សង្កាត់ ខណៈ​​ខេត្ត​​កំពង់ធំ គណបក្សក្រៅរដ្ឋាភិបាលមួយនេះជាប់ជាមេឃុំចៅសង្កាត់​ចំនួន៣ឃុំ​សង្កាត់។

លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតជាន់ខ្ពស់​ និងតស៊ូមតិ នៃអង្គការខុមហ្រ្វែល លើ​​ក​​​ឡើងថា បញ្ហានេះមិនគួរឱ្យកើតមាននោះទេ ព្រោះគ្រប់សមាស​​ភាព​នៃសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវនៅក្រោមច្បាប់មួយដែលត្រួតពិនិត្យ​​ដោយក្រ​​សួងម​​ហា​​ផ្ទៃ​​។ ​​​​អ្នក​​ជំនាញ​ផ្នែក​ប្រព័ន្ធ​បោះ​ឆ្នោត​រូប​នេះយល់ឃើញថា ប្រសិនបើមានភាពមិន​​ប្រក្រតីកើត​​ឡើង និង​មិនមានតម្លាភាព នៅ​​​ក្នុងការអនុវត្តតួនាទីនិង​ភារកិច្ចនេះ គឺ​មានតែក្រសួងមហាផ្ទៃមួយទេដែល​​ជា​​អ្នក​សម្រេចចុង​ក្រោយ​ថាត្រូ​វ​ធ្វើ​បែប​ណា។

លោកបន្តថា៖ «កិច្ចការងារនេះ គឺត្រូវទទួលខុសត្រូវដោយក្រសួងមហាផ្ទៃ នៅក្នុងការពិនិត្យ ការរៀ​​ប​​​ចំ និងការប្រកាសក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹង។ អ៊ីចឹង​នៅក្នុងដំណើរការនេះមិនមានក្រុមប្រឹ​​ក្សា​ឃុំ​​​​ស​ង្កាត់​​​​ណាមួយដែលមិនបានតួនាទី ដែលតួនាទីមានហើយ ហើយត្រូវបានគេបដិសេធ​​នោះ គឺ​​ថា​​មិ​ន​​​​​អាច ពីព្រោះនៅក្នុងក្រុមប្រឹក្សា គឺមានចែងច្បាស់លាស់នៅក្នុងតួនាទីអស់ហ្នឹង»។

ចំណែកលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃវិញ ឆ្លើយតប​ថា នេះគឺ​ជា​លើក​ទី១​ហើយដែល​ទទួល​បាន​ដំណឹង​ថា សមាជិកក្រុមប្រឹក្សា​​ឃុំ​​សង្កា​ត់ មិនមានកន្លែងធ្វើការសមរម្យ និងខ្វះ​ឯក​សណ្ឋាន​ក្នុងពេលបំពេញការងារ។

បើតាមអ្នកនាំពាក្យរូបនេះ ក្រុម​​ប្រឹ​​ក្សា​​​​ឃុំសង្កាត់ដែល​ទើប​​ជាប់ឆ្នោតថ្មី គួរយោគ​យល់​ពីភាព​ខ្វះ​ខាត ហើយត្រូវចេះសម្របខ្លួន​​ធ្វើការដោយ​ការ​អត់​ធ្មត់។ មិន​តែ​ប៉ុណ្ណោះ លោក​ថា ការទាមទារនេះទំនង​​ជា​កា​រ​កកូរកកាយ និងរបៀបជាយុទ្ធ​​សា​​ស្រ្ត​​​​​នយោ​​បាយច្រើនជាង ដែលវាមិនមែនជា​ការ​ស្នើ​សុំ​ដោយ​សុទ្ធចិត្តនោះទេ។

លោកបន្តថា៖ «ធម្មតាយើងឃុំសង្កត់នីមួយៗ គឺមានសាលាឃុំមួយ ប៉ុន្តែយើង​មិន​ទាន់​សាង​សង់​អស់​ទេ សូមឱ្យ​គាត់យោគយល់ផង​។ ឃុំទាំង៤០ហ្នឹង វាមិនមែនអត់​ទាំង​៤០​ហ្នឹង​ទេ។ ជួន​កាល​គាត់​​​​ទៅ​​​រក​​​​បារ៉ូ​​ដែលមានម៉ាស៊ីនត្រជាក់ស្អីហ្នឹង គឺអត់មានទេ។ បើគ្រាន់​ត្រឹម​តុនិងកៅអីអង្គុយ ខ្ញុំ​​ជឿ​ថាវាមិ​ន​​​​អ​ត់​​​​​ទេ​​។ យ៉ាង​​ណាមិញ មន្រ្តីទាំងអស់របស់រដ្ឋកម្ពុជា ពេលខ្លះ ធ្វើការ​ក្រោម​ដើម​ឈើ​ពី​ឆ្នាំ​​​៩៧ ​ពី​​ដើម​​មក ទើបបានដូចសព្វថ្ងៃហ្នឹង។​​ ហើយគាត់ទើបចូលមកហ្នឹង ស្រាប់​​តែ​ទៅ​រក​អីណា​ កៅ​អី​​​​ណា​​សម​​រ​​ម្យ​​​អីទៀត ហើយពាក់ក្រវាត់កពាក់អីទៀត ប្រហែល​ជាដូច​ជាដោះ​ស្រាយ​ជូន​មិន​បាន​ទេ»។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥​នេះ មានគណបក្សនយោបាយចំនួន១​៧ បានចូលរួមប្រកួតប្រជែង​ដណ្ដើមអាសនៈជាមេឃុំ​ចៅសង្កាត់។ ប៉ុន្តែ​គណបក្សដែលនាំមុខគេក្នុង​ការទទួលបានអាសនៈ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន។

របាយ​ការណ៍​ផ្លូវការដែលចេញដោយ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី​២៦ ខែមិថុនា បង្ហាញ​ថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈសរុប​ជាង​៩ពាន់ (៩ ៣៧៦) ដោ​​យ​​​​ទទួល​បានតំណែង​មេឃុំចៅសង្កាត់ជិត២ពាន់ (១ ៦៤៨នាក់)។ ចំណែក ជំទប់ទី១ ចំនួន១ ៦​​​១​៨នាក់ និងជំទប់ទី២ ចំនួន២៦១នាក់។ ដោយឡែក គណបក្សភ្លើងទៀន ទទួលបាន​តំណែងមេ​​ឃុំ​ចំនួន៤ និងជំទប់ទី១ ចំនួន២៥​នាក់ ជំទប់ទី២​ចំនួន១ ៣៦០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ