លោក​ ​ស​ ​ខេង​ ​ជំរុញ​ពលរដ្ឋ​គ្រប់​អាយុ​ទាំង​អស់​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​

ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង ថ្លែងក្នុងកិច្ចប្រជុំបូកសរុប វាយតម្លៃលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង។ (ហ្វេសប៊ុកលោក ស ខេង)

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញទៅប្រជាពលរដ្ឋមិនទាន់ចុះឈ្មោះ ឬដល់អាយុចុះឈ្មោះ ត្រូវទៅចុះឈ្មោះបោះឆ្នោត​ឱ្យបានគ្រប់ៗគ្នា  ហើយអាជ្ញាធរពាក់ព័ន្ធត្រូវផ្តល់សេវាជូនពលរដ្ឋឱ្យបានល្អ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅ​ខេត្តបាត់ដំបង​ កាលពីថ្ងៃទី៦​ ខែសីហា​ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន​ ខេត្តបាត់ដំបង និងព្រៃវែង លោក ស     ខេង បានជំរុញប្រជាពលរដ្ឋ ពិសេស​សមាជិកបក្ស​មិនទាន់ចុះឈ្មោះ ឬដល់អាយុត្រូវចុះឈ្មោះ ត្រៀម​ទៅចុះឈ្មោះបោះឆ្នោត​ឱ្យបានគ្រប់ៗគ្នា។

ករណីនេះ លោក ស ខេង​ ក៏ស្នើទៅថ្នាក់ដឹកនាំ និងសមាជិកគណបក្ស​ក្នុងខេត្តបាត់ដំបងទាំងអស់ ត្រូវបន្តការបំពេញភារកិច្ចបម្រើជាតិ បម្រើប្រជាជនឱ្យបានល្អ ដើម្បីបន្តទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងពង្រឹងកម្លាំងគាំទ្រប្រកបដោយគុណភាព​។

បើតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ឱ្យដឹងថា ការត្រៀមរៀបចំបម្រើការពិនិត្យឈ្មោះ និងចុះបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២២ នឹងប្រព្រឹត្តទៅពីថ្ងៃទី១០ សីហា ដល់ថ្ងៃទី៣ ខែតុលា។

កម្ពុជា នឹងរៀបចំការបោះឆ្នោតជាតិ ឬបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅ​ឆ្នាំ២០២៣ខាងមុខ ខណៈរដ្ឋាភិបាលអាណត្តិទី៦នេះ ត្រូវបានដឹកនាំដោយឯកបក្ស ឬដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ។ ​

ក្នុងដំណើរទេស្សនៈកិច្ចមកកាន់កម្ពុជា រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក អែនតូនី ប្លីងខិន (Antony J. Blinken) ​បានសម្តែងការព្រួយបារម្ភអំពីការវិវត្តស្ថានភាពសិទ្ធិមនុស្ស និងលំហនយោបាយនៅកម្ពុជាដែលកាន់តែរួមតូច។

រដ្ឋមន្រ្តីការបរទេសរូបនេះបានជំរុញឱ្យលោក ហ៊ុន សែន បើកចំហជាថ្មីនូវលំហនយោបាយនិងសិទ្ធិពលរដ្ឋ នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ខាងមុខ ​ដោយ​ធានាថា ពលរដ្ឋខ្មែរគ្រប់រូប ពិសេស លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ អាចចូលរួមដោយសេរីនៅក្នុងជីវភាព និងដំណើរការនយោបាយនៅកម្ពុជា។

ទំព័រហ្វេសប៊ុករបស់លោក កឹម សុខា នៅថ្ងៃទី៧ ខែសីហានេះ ឱ្យដឹងថា កាលពីល្ងាចថ្ងៃ​ទី៦ ​ខែសីហា លោកបានជំនួបពិភាក្សា​ជាមួយអគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ាននិងអាស៊ីបូព៌ា និងជាឧបការីរដ្ឋមន្រ្តីការបរទេសជប៉ុន លោក KANO Takehiro នៅក្នុងស្ថានទូតជប៉ុន រាជធានីភ្នំពេញ។

​មេបក្សប្រឆាំងរូបនេះអះអាងថា ក្នុងជំនួបនោះ ភាគីជប៉ុន ចង់ឃើញកម្ពុជាមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលបើកទូលាយឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបមានជម្រើសគណបក្សនយោបាយ ឬ អ្នកដឹកនាំដែលខ្លួនចង់ជ្រើសរើស និងស្របតាមឆន្ទ:៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ