ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ គ្រោងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេល ៤ថ្ងៃ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសយោធារវាងប្រទេសទាំងពីរ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២២ ឱ្យដឹងថា ដំណើរទស្សនកិច្ចទៅប្រទេសចិនរបស់លោក ទៀ បាញ់ និងមន្ត្រីជាន់ខ្ពស់រយៈពេល ៤ថ្ងៃ នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែសីហា ឆ្នាំ២០២២។
ក្រសួងការពារជាតិដដែលថា ក្នុងដំណើរទស្សនកិច្ចនោះ លោក ទៀ បាញ់ នឹងជួបពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិជាមួយ លោក ស្ស៉ី ឈីលាំង អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម ព្រមទាំងធ្វើជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើពិធីសារចំនួនពីរ។
ក្រសួងបញ្ជាក់ថា ការចុះហត្ថលេខាពិធីសារទាំងពីរ ក្នុងនោះ កិច្ចសហប្រតិបត្តិការយោធា និងកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា សំដៅការលើកកម្ពស់សមត្ថភាពកងទ័ព និងធ្វើទំនើបកម្មហេដ្ឋរចនាសម្ពន្ធផ្នែកទន់-រឹង ដើម្បីឱ្យវិស័យការពារជាតិកាន់តែរីកចម្រើនមួយកម្រិតថែមទៀត។
សេចក្ដីប្រកាសព័ត៌មាន៖«គណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ ក៏នឹងចូលរួមកម្មវិធីអាហារថ្ងៃត្រង់ដែលរៀបចំដោយនាយឧត្តមសេនីយ៍ ស្ស៉ី ឈីលាំង ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិនឱ្យកាន់តែរឹងមាំនិងរីកចម្រើនថែមទៀត ក្រោយវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ជាសកល»។
ដំណើរទស្សនកិច្ចរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ទៅចិន ធ្វើឡើងក្រោយពេលរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក អែនតូនី ប្លីងខិន (Antony J. Blinken) បានជំរុញទៅកាន់លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ ឱ្យបង្ហាញតម្លាភាពពេញលេញពីមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា ដែលត្រូវបានចោទប្រកាន់ថា ប្រើប្រាស់សម្រាប់បម្រើផលប្រយោជន៍យោធាផ្តាច់មុខរបស់ចិន៕