ធនាគារជាតិ​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ចាត់​វិធានកា​រ​ចំពោះ​អ្នក​ផ្ដល់កម្ចី​ខុសច្បាប់

ធនាគារជាតិ នៃ កម្ពុជា។ រូបភាព៖ ជន ចាន់រ៉ែន

ធនាគារជាតិនៃកម្ពុជា កំពុងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការច្បាប់ចំពោះអ្នកដែលបានផ្សព្វផ្សាយព័ត៌មាន និងផ្ដល់កម្ចីដោយខុសច្បាប់។

កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្ដីជូនដំណឹងមួយដោយលើកឡើងថា បច្ចុប្បន្ននេះមានជនខិលខូចមួយចំនួនបានផ្សព្វផ្សាយដោយបើកចំហ និងការផ្តល់ឥណទានដល់ប្រជាពលរដ្ឋតាមរូបភាពផ្សេងៗជាច្រើន ដូចជា តាមប្រព័ន្ធអនឡាញ បណ្ដាញសង្គម ការផ្សព្វផ្សាយតាមខិត្តបណ្ណ និងការបិទផ្សាយតាមទីកន្លែងសាធារណៈ ជាដើម។

ធនាគារជាតិនៃកម្ពុជាបន្តថា ការផ្តល់ឥណទានដោយក្រុមហ៊ុនឬបុគ្គលទាំងនោះ គឺគ្មានអាជ្ញាបណ្ណ និងជាសកម្មភាពល្មើសច្បាប់ ជាពិសេសច្បាប់ស្ដីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ធនាគារជាតិឱ្យដឹងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាបណ្ណធ្វើអាជីវកម្មពីធនាគារជាតិនៃកម្ពុជា រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ ហើយគ្រឹះស្ថានទាំងនេះជាគ្រឹះស្ថានស្របច្បាប់និងផ្លូវការ ដែលផ្ដល់ឥណទាន ឬសេវាផ្សេងៗដល់ក្រុមហ៊ុន សហគ្រាស និងឯកជនបាន។

ធនាគារជាតិបន្តថា គ្រឹះស្ថានទាំងនេះគឺស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនរបស់គ្រឹះស្ថានទាំងនោះក៏ត្រូវបានការពារដោយច្បាប់ផងដែរ។

ធនាគារជាតិនៃកម្ពុជា បានថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មាន និងការផ្តល់ឥណទានក្រៅផ្លូវការដោយខុសច្បាប់គ្រប់រូបភាព ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងការចាញ់បោកតាមរូបភាពណាមួយ ឬផលលំបាកផ្សេងៗពីការទទួលបានសេវាផ្តល់ឥណទានក្រៅផ្លូវការនេះ។ ធនាគារជាតិ បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់តែសេវារបស់គ្រឹះស្ថានណាដែលផ្លូវការប៉ុណ្ណោះ។

ធនាគារជាតិ៖ «ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬបុគ្គលដែលធ្វើសកម្មភាពល្មើសច្បាប់នានាតាមនីតិវិធីច្បាប់ជាធរមាន»។

ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង និង​ជា​អ្នក​នាំពាក្យ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា លោក កាំង តុងងី មានប្រសាសន៍ថា ការផ្តល់កម្ចីក្រៅប្រព័ន្ធនេះ វាបានបង្កផលប៉ះពាល់ច្រើនទៅដល់សមាជិក​មីក្រូហិរញ្ញវត្ថុកម្ពុជា ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្លូវការ និងប៉ះពាល់ប្រជាពលរដ្ឋធ្ងន់ធ្ងរ។

លោក កាំង តុងងី បន្តថា កម្ចីមិនផ្លូវការឬខុសច្បាប់ គឺមានការប្រាក់ខ្ពស់ ហើយនៅពេលដែលអតិថិជនគ្មានលទ្ធភាពបង់សង គឺពួកគេតែងតែរងការគំរាមកំហែង និងការរឹបអូសទ្រព្យសម្បត្តិ ហើយករណីទាំងនេះបានកើតឡើង​ច្រើន។

អ្នកនាំពាក្យរូបនេះបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យឈប់ប្រើប្រាស់សេវាកម្ចីប្រាក់មិនផ្លូវការនេះ និងងាកមកប្រើប្រាស់កម្ចីផ្លូវការឬស្របច្បាប់ ដែលមានស្ថាប័ន និងអាជ្ញាបណ្ណត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជាវិញ ដើម្បីចៀសវាងជួបញ្ហាផ្សេងៗ និងប្រើប្រាស់កម្ចីនោះត្រឹមត្រូវតាមគោលបំណងជាក់លាក់។

លោកបន្ថែមថា៖ «យើងដឹងហើយថា កម្ចីទាំងអស់ហ្នឹង គាត់មិនមានច្បាប់ទម្លាប់ត្រឹមត្រូវទេ ហើយគាត់ផ្តល់អត្រាការប្រាក់ខ្ពស់ហួសហេតុ ហើយគាត់មិនមានយន្តការវាយតម្លៃពីសមត្ថភាពសងរបស់អតិថិជន ថាអតិថិជនយកទៅធ្វើអី! ហើយនៅពេលអតិថិជនមានបញ្ហា មិនអាចបង់សង គឺមានការបង្ខិតបង្ខំ ការគំរាមកំហែង មានការបរិហារជាដើម ដូចជាបង្ហោះតាមហ្វេសប៊ុកបញ្ហាជាសាធារណៈ។ ដូចថ្មីៗនេះ គាត់ទារបុគ្គលហ្នឹងមិនបាន គាត់ទៅទារដល់បងប្អូនមិត្តភក្តិ បង្ហោះតាមបណ្តាញសង្គម បង្កភាពស្មុគស្មាញមែនទែនដល់សង្គមហ្នឹង។ អ៊ីចឹងរឿងនេះ វាជារឿងដែលយើងទាំងអស់គ្នាចូលរួមទប់ស្កាត់»។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បញ្ហាកម្ចីខុសច្បាប់នេះបន្តកើតមាន គឺដោយសារពុំមានចំណាត់ការ និងកង្វះការអនុវត្តច្បាប់របស់អាជ្ញាធរពាក់ព័ន្ធ។ លោកថា ប្រសិនបើបញ្ហាកម្ចី​តាមអនឡាញដោយខុសច្បាប់នៅតែបន្តកើតឡើងនោះ គឺប្រជាពលរដ្ឋអាចនឹងបន្តរងគ្រោះ​បន្ត​ទៀត។

មន្ត្រីសិទ្ធិមនុស្សរូបនេះបានជំរុញទៅអាជ្ញាធរពាក់ព័ន្ធត្រូវចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹង ចំពោះការផ្ដល់កម្ចីតាមអនឡាញឬកម្ចីដោយខុសច្បាប់នោះ។

លោកបន្ថែមថា៖ «អ៊ីចឹងហើយបានជាយើងជាអង្គការសង្គមស៊ីវិល យើងទាមទារឱ្យជួយទប់ស្កាត់នូវកម្ចីអនឡាញដោយខុសច្បាប់ហ្នឹង។ មួយទៀត កម្ចីអនឡាញហ្នឹង បើជាប់ពាក់ព័ន្ធជាមួយបទល្មើស សុំសមត្ថកិច្ចត្រូវចាត់វិធានការតាមផ្លូវច្បាប់ ព្រោះកម្ចីតាមអនឡាញខ្លះបានតម្រូវឱ្យអ្នកខ្ចីគាត់ថតរូបអាក្រាតកាយ ទុកគំរាមផុសតាមបណ្តាញសង្គមនូវរូបភាពទាំងអស់ហ្នឹង បើសិនជាគាត់មិនសង និងមួយទៀតការផុសជេរប្រមាថ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកខ្ចី ក៏ត្រូវចាត់វិធានការតាមផ្លូវច្បាប់ដែរ»

កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២​ អង្គការលីកាដូ បានបង្ហាញរបាយការណ៍មួយដោយរកឃើញថា ការ​​ផ្ដល់​ប្រាក់​​ក​​ម្ចី​មិន​ផ្លូវការ​​កំពុង​​ដាក់​គោល​ដៅ​​​លើ​​ស្រ្តី​ខ្មែរ​ ​នៅ​លើ​បណ្ដាញ​​សង្គម​ហ្វេសប៊ុក​ ​និង​​តេឡេ​ក្រាម​ ហើយ​​ការប្រើប្រាស់កម្ចី​អន​ឡាញនេះអាចទាញ​​ស្ដ្រីទាំ​ង​នោះ​​ឱ្យ​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក​ ​និង​ការ​ជំរិត​ទារ​ប្រាក់​ ​តាមរយៈ​ការប្រើប្រាស់​រូបភាព​និង​វីដេអូ​អាក្រាត​​របស់​​ជន​រងគ្រោះ​​។

អង្គការលីកាដូឱ្យដឹងថា កាល​ពី​ឆ្នាំ​២០២១ អង្គការ​នេះបាន​ផ្ដល់​សេវា​មួយ​​ចំនួន​ដល់​ស្ត្រី​ ៣​នាក់​ ​ដែល​រង​ការ​បៀតបៀន​ដោយ​​​អ្នក​ផ្ដល់​​ក​​ម្ចី​មិន​ផ្លូវការ​ ក្នុងនោះ​​ស្ត្រី​ម្នាក់ៗ​​ជួបប្រទះ​រឿងរ៉ាវ​ស្រដៀង​ៗគ្នា​។

បើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស​លីកាដូ កាលពីឆ្នាំមុន​ ​​ក៏​​បានស្នើទៅ​​ក្រុមហ៊ុនហ្វេសប៊ុក​ ​និង​អាជ្ញាធរពាក់ព័ន្ធ​​ ​ត្រូវចាត់​វិធានការ​ ​ដើម្បី​បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស​​នៅ​លើ​ប្រព័ន្ធ​អន​ឡា​ញ​​។​ ​ជាមួយគ្នានេះ លីកាដូ ក៏បាន​ស្នើទៅ​​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​ ​ត្រូវស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់​ ​និង​ឆាប់រហ័ស​ ​ដើម្បី​ធានា​យុត្តិធម៌ដល់ជនរងគ្រោះ​​ ​ស្របតាម​ច្បាប់ជាធរមាន​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ