គ.ជ.ប កំណត់​កាលបរិច្ឆេទ​សម្រាប់​ប្រជាពលរដ្ឋ​ទៅ​ពិនិត្យ​បញ្ជីឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

គណៈក​​ម្មា​​​ធិ​កា​រជា​​តិ​រៀ​ប​ចំកា​​រ​​បោះ​ឆ្នោ​​ត (​គ​.ជ​​.​ប​) បានជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ខណៈកម្ពុជានឹងមានការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំក្រោយ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ គ.ជ.ប បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ត្រូវចាប់ផ្ដើមពីថ្ងៃទី២០ ខែតុលា ដល់​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមសាលាឃុំ​សង្កាត់ និងនៅតាមភូមិមួយ​ចំនួន​ក្នុងឃុំសង្កាត់ទូទាំងប្រទេស។

គ.ជ.ប បញ្ជាក់​ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញ​លេញ ត្រឹម​ត្រូវ និង​មាន​បច្ចុប្បន្នភាព​ប្រកប​ដោយ​សុវត្ថិភាព តាម​រយៈ​កា​រស្រង់ និង​លុបឈ្មោះអ្នកបោះឆ្នោតដែលបានទទួលមរណភាព អ្នកដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្ដោះអាសន្ន អ្នកដែលផ្លាស់លំនៅឋាន ឬចាកចេញទៅ​ឃុំ-សង្កាត់ផ្សេង ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្តថា មួយទៀតនោះ គឺការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោតតាមសំណើរបស់សាម៉ីខ្លួនដោយផ្អែកលើឯកសារសម្អាងត្រឹមត្រូវ និងការចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយ​មិន​ទាន់​បាន​ចុះ​ឈ្មោះបោះឆ្នោត​ពី​មុន​មក ជាពិសេសពលរដ្ឋខ្មែរដែល​មាន​អាយុ១៨ឆ្នាំ និងពលរដ្ឋខ្មែរដែលបាន​ផ្លាស់លំនៅឋាន ឬទីសំណាក់ចូលឃុំសង្កាត់ថ្មី ត្រូវទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ដែលខ្លួនកំពុងរស់នៅនោះ។

គួរបញ្ជាក់ថា រដ្ឋាភិបាលបានកំណត់យកថ្ងៃទី២៣ ខែកក្ក​ដា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ