លោក ហ៊ុន ម៉ាណែត យក​គំរូ​មួយចំនួន​តាម​ឪពុក ខណៈ​លោក​កំពុង​បង្កើន​ប្រជាប្រិយភាព

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ហ៊ុន ម៉ាណែត ចូលរួមទស្សនាពិព័រណ៍យោធា និងការប្រកួតកីឡាកងទ័ព នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ចាប់តាំងពីបង្កើតគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីមួយចំនួននៅពាក់កណ្ដាលខែសីហា ឆ្នាំ២០២២​មក អគ្គមេបញ្ជាការរង​កងយោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បានបង្ហោះវីដេអូជាសាធារណៈចំនួន៩៥ នៅលើបណ្ដាញ YouTube, TikTok, Twitter និង Instagram គិតត្រឹមព្រឹកថ្ងៃទី២៧​ ខែកញ្ញា ឆ្នាំ២០២២។

លោក ហ៊ុន ម៉ាណែត បានថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍សាធារណៈរៀងរាល់២ទៅ​៣​ថ្ងៃម្ដង មិនថាក្នុងពិធីយោធា វេទិកាបក្សកាន់អំណាច ឬពិធីទទួលសញ្ញាបត្រនៅសាកលវិទ្យាល័យក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំពោះមុខនិស្សិតបញ្ចប់ការសិក្សាប្រមាណ១ ០០០នាក់ លោក ហ៊ុន ម៉ាណែត បាននិយាយអំពីប្រធានបទក្ដៅគគុក គឺការទស្សន៍ទាយអំពីថ្ងៃអវសាននៃ​ពិភពលោករបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងការកៀរគរអ្នកដើរតាមឱ្យមកចម្ការរបស់លោក ខឹម វាសនា​ ក្នុងខេត្តសៀមរាប ដើម្បីគេចពីទឹកជំនន់។

លោក ហ៊ុន ម៉ាណែត បាននិយាយថា៖ «ជំនឿគឺជាសិទ្ធិរបស់ពួកគេ ប៉ុន្តែកុំជឿជ្រុលហួសហេតុពេក រហូតដល់កាត់ផ្ដាច់ទំនាក់ទំនងគ្រួសារ ឬធ្វើអ្វីមួយផ្ទុយនឹងច្បាប់»។

ដោយភ្ជាប់នឹងឧប្បត្តិហេតុស្រដៀងគ្នានេះនៅសហរដ្ឋអាមេរិក ដែលឈានទៅរកការសម្លាប់មនុស្សរង្គាល លោក ហ៊ុន ម៉ាណែត បន្ថែមថា៖ «អាច​មាន​ការ​បែកបាក់​គ្រួសារ ឪពុក​ម្ដាយ ​ប្ដីប្រពន្ធ ដោយ​សារ​​​តែ​​ជំនឿនេះ​»។

នេះគឺជាសុន្ទរកថាមួយក្នុងចំណោមសុន្ទរកថា និង​ព្រឹត្តិការណ៍សាធារណៈយ៉ាងតិចចំនួន២០ ដែលត្រូវបានចែករំលែក​តាមប្រព័ន្ធ​អ៊ីនធឺណិត​របស់លោក ចាប់តាំងពីដើមខែសីហា ឆ្នាំ២០២២​មក។

ទោះយ៉ាងណា លោក ហ៊ុន ម៉ាណែត មិនមែនគ្រាន់តែជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកប៉ុណ្ណោះទេ លោកគឺជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងត្រូវបានជ្រើសរើសជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តពីឪពុករបស់លោក មកពីគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។ លោកបង្ហាញខ្លួនជាសាធារណៈ និងបង្កើនប្រជាប្រិយភាពជាបន្តបន្ទាប់ រួមទាំងការឆ្លើយតបទៅនឹងការរិះគន់មកលើ​រូប​លោក។

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅខេត្តស្ទឹងត្រែង លោក ហ៊ុន ម៉ាណែត បានថ្លែងសុន្ទរកថា​នៅចំពោះ​មុខកងពលតូចអន្តរាគមន៍លេខ​១២៨ ដោយបដិសេធការចោទប្រកាន់ពីសហស្ថាប​​និក​​អង្គការមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez-Davidson) ដែល​ថាលោកជាប់ពាក់ព័ន្ធនឹងការផ្ដល់ដីសម្បទាន និងការកាប់បំផ្លាញព្រៃឈើភ្នំតាម៉ៅ។

លោក​បាន​ថ្លែង​ក្នុង​សុន្ទរកថា ​ដែល​ក្រោយមកលោកបាន​បង្ហោះ​តាមប្រព័ន្ធ​អ៊ីនធឺណិត​ថា៖ «អ្នក​ដែល​​ព្យាយាម​កេងចំណេញផ្នែកនយោបាយ​បាន​ចូលបញ្ចេញ​មតិ។ គាត់​​ចាត់​ទុក​ខ្លួន​ឯង​ជា​សកម្មជន​បរិស្ថាន ការពារ​បរិស្ថាន ដោយ​ស្រឡាញ់​ធម្មជាតិ​​នៅ​កម្ពុជា ប៉ុន្តែ​អ្វី​ដែល​គាត់​ធ្វើ​ក្នុង​[វិស័យ]​បរិស្ថាន​ជា​សកម្មភាព​នយោបាយ»។

លោកបន្ថែមថា៖ «មានភាពខុសគ្នាទាំងស្រុង​រវាងការរិះគន់ក្នុងន័យស្ថាបនា និងការបង្កើតបញ្ហាដើម្បីបំភ័ន្តអ្នកដទៃ ដើម្បីកេងចំណេញផ្នែកនយោបាយ»។

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត បានបង្ហោះវីដេអូនៃសុន្ទរកថារបស់លោកទៅកាន់វេទិកាគណបក្សប្រជាជនកម្ពុជា ដែលនិយាយអំពីលោក សម រង្ស៊ី អតីតមេបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង។

លោក សម រង្ស៊ី បានលើកឡើង​​តាមប្រព័ន្ធអ៊ីន​ធឺណិត​ថា លោក ហ៊ុន ម៉ាណែត កំពុងឆក់យកឱកាសពីអ្នកនយោបាយវ័យក្មេងផ្សេងទៀត ដោយក្លាយជាអ្នកស្នងតំណែងពីលោក ហ៊ុន សែន បើ​ទោះបីជាខ្លួនលោកមិនមានសមិទ្ធផល​អ្វីក៏ដោយ។

លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ឆ្លើយតបនឹងការលើកឡើងរបស់លោក សម រង្ស៊ី ថា៖ «ខ្ញុំទទួល​ស្គាល់ថា នៅកម្ពុជាមានមនុស្សដែលមានសមត្ថភាពច្រើន ហើយនៅក្នុងគណបក្សប្រជាជនកម្ពុជាក៏មានអ្នកមានសមត្ថ​ភាពច្រើនដែរ។ ប៉ុន្តែ​គណៈកម្មាធិការ​​កណ្ដាល ​បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទជ្រើសរើស​មនុស្ស​ម្នាក់ ​ព្រោះ​គណៈកម្មាធិការអាច​ជ្រើសរើស​បាន​តែ​ម្នាក់​ប៉ុណ្ណោះ​ ហើយក៏បាន​ផ្ដល់​ឱកាស​ឱ្យ​ខ្ញុំ​។ ឥលូវនេះ តើយើងអាចធ្វើអ្វីបាន? ហើយ​បើ​គាត់​ចង់​ផ្ដល់​ឱកាស​ដល់​យុវជន​ផ្សេង​ទៀត ហេតុអ្វី​មិន​អនុញ្ញាត​ឱ្យ​ [យុវជន] ​មកពី​គណបក្ស​គាត់​ឈរ​ឈ្មោះ​ជា​នាយក​រដ្ឋមន្ត្រីទៅ?»

លោក ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា «គណបក្សភ្លើងទៀន» ដែលពីមុនដឹកនាំដោយលោក សម រង្ស៊ី នៅតែមានអ្នកនយោបាយដែលមានវ័យចំណាស់ជាអ្នកដឹកនាំ។

លោកបន្ថែមថា៖ «ប្រសិនបើគាត់ចង់ផ្ដល់ឱកាសឱ្យ [ពួកគេ] កុំចង្អុលទៅអ្នកដទៃ។ កុំ​ចេះតែ​លើក​បញ្ហា​ដោយ​មិនមាន​ដំណោះស្រាយ​»​។

ការបញ្ជាក់ពីការជ្រើសរើសរូបលោកជាអ្នកស្នងតំណែងពីឪពុករបស់លោក គឺជាប្រធានបទទូទៅនៅក្នុងសុន្ទរកថារបស់លោក និងឪពុករបស់លោក។ លោក ហ៊ុន ម៉ាណែត ត្រូវបានជ្រើស​រើសឱ្យដឹកនាំចលនាយុវជនរបស់គណបក្សប្រជាជនកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២០ ហើយកាលពីខែធ្នូ ឆ្នាំមុន លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រកាសថា លោក ហ៊ុន ម៉ាណែត គឺ​ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។ សមាជ​​គណបក្ស​ប្រជាជនកម្ពុជា ​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ២០២១ ​បាន​គាំទ្រ​សេចក្តី​សម្រេច​នេះ។

លោក ហ៊ុន ម៉ាណែត បង្ហាញខ្លួនជាសាធារណៈកាន់តែច្រើនឡើង ចាប់តាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ រួមទាំងការបង្កើតទំព័រហ្វេសប៊ុកថ្មីមួយឈ្មោះថា «Hun Manet – C.O.Army Office»។ ចាប់តាំង​ពីខែសីហា រហូតដល់ពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេននី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) និងបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងឡាវ។ លោកក៏​​​បាន​​ចូល​រួម​ព្រឹត្តិការណ៍​នានា​របស់សមាគម​គ្រូពេទ្យ សិល្បៈ​វប្បធម៌ និង​​មូលនិធិសប្បុរសធម៌​សម្រាប់​ការ​​ដោះមីន ជាដើម។

អ្នក​វិភាគ​នយោបាយ លោក ឯម សុវណ្ណរ៉ា ថ្លែង​ថា លោក ហ៊ុន ម៉ាណែត កំពុង​បង្ហាញ​ថា ខ្លួនលោក​ជា​នាយក​រដ្ឋមន្ត្រី​នា​ពេល​អនាគត។

លោកបានមានប្រសាសន៍ថា៖ «គាត់​កំពុង​ព្យាយាម​បង្ហាញពី​សមត្ថភាព​ក្នុង​ការ​ធ្វើ​សកម្មភាព​ទាំង​ក្នុង​ក្របខណ្ឌ​សាធារណៈ និង​ក្របខណ្ឌ​គណបក្ស»។

លោក​បន្ត​ថា​៖ «​ទី​១ គាត់​ជា​អ្នក​ស្នង​តំណែង​ក្នុងចំណោមយុវជនវ័យក្មេង ហើយ​ទី​២ គាត់​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី។ គាត់​មាន​តួនាទី​ក្នុង​បក្ស ដូច្នេះ​គាត់​ត្រូវ​ប្រឹងប្រែង​ ដើម្បីបង្ហាញថាគាត់មានសមត្ថភាពជាងអ្នកដទៃ។ ដើម្បី​បង្ហាញថាគាត់មាន​សមត្ថភាពជាងអ្នកដទៃ គាត់​ត្រូវ​តែ​ធ្វើ​សកម្មភាព​ជាក់ស្ដែង»។

លោកបន្ថែមថា កន្លងមក លោក ហ៊ុន ម៉ាណែត កំពុងដើរតាមគន្លងរបស់ឪពុក។

លោកបន្ថែមថា៖ «គាត់មិនទាន់បានបង្កើតគំរូនយោបាយ ឬសកម្មភាពថ្មីសម្រាប់ខ្លួនគាត់នៅឡើយទេ។ គាត់​​ដើរ​តាម​អ្នក​នយោបាយ​មុនៗ ហើយ​យើង​ឃើញ​ថា​ គាត់​ដើរ​តាម​ឪពុក​របស់​គាត់​កម្រិត​ណា ទាំង​ការ​និយាយស្ដី និង​លើក​បញ្ហា​ផ្ទាល់​ខ្លួន​មក​និយាយ​ជា​សាធារណៈ។ អ្វី​ដែល​បង្កើត​ដោយ​ខ្លួនគាត់ផ្ទាល់​ នឹង​មាន​តម្លៃ​ជាង​ដើរ​តាម​គន្លង​នយោបាយ​របស់​អ្នក​នយោបាយ​ជំនាន់​មុន»។

លោក ឯម សុវណ្ណរ៉ា បន្តថា ​ជា​ការ​ប្រសើរ គួរកុំលើកយកបញ្ហាផ្ទាល់ខ្លួនមកនិយាយជាសាធារណៈ ដូចជា​ករណីលោក សម រង្ស៊ី ដូច​ដែល​លោក ហ៊ុន សែន តែងលើកយកមកនិយាយ។

លោកបន្តថា៖ «តាមគំនិតរបស់ខ្ញុំ គាត់គួរតែស្ងប់ស្ងាត់នៅពេលនិយាយអំពីបញ្ហាផ្ទាល់ខ្លួន ប៉ុន្តែនៅពេលនិយាយអំពីផលប្រយោជន៍ប្រទេសជាតិ គាត់ត្រូវតែសកម្ម និងបង្ហាញពីចរិតនយោបាយសកម្ម»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោក ហ៊ុន ម៉ាណែត និង​អ្នក​ផ្សេងទៀត​ក្នុង​ជំនាន់​របស់​លោក ​បាននិង​កំពុង​ឡើងកាន់​តំណែង​ដឹកនាំ​ស្ថាប័នផ្សេងៗ។

លោក សុខ ឥសាន បាននិយាយថា៖ «ប្រសិនបើគណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោត ​យុវជន​ទាំងនោះនឹងជ្រៀត​ចូល​គ្រប់រចនាសម្ពន្ធនៃការដឹកនាំនិងការគ្រប់គ្រងរបស់​រដ្ឋាភិបាល»។

លោក​បាន​បន្ថែម​ថា លោក​ ហ៊ុន ម៉ាណែត បាន​ដឹង​ច្បាស់​ពី​ការ​ជ្រើស​រើស​រូប​លោក​ជា​​បេក្ខភាព​​​នាយក​រដ្ឋមន្ត្រី​នា​ពេល​អនាគត ហើយ​កំពុង​តែ​ត្រៀមខ្លួន។

លោកបន្ថែមថា៖ «គាត់ [លោក ហ៊ុន ម៉ាណែត]​ ត្រូវតែធ្វើសកម្មភាព ដើម្បីឱ្យមានភាពលេចធ្លោ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋ​ទូទាំងប្រទេសមើលឃើញថា បន្ទាប់ពីឈ្នះឆ្នោត គណបក្សប្រជាជនកម្ពុជាមាននាយករដ្ឋ​មន្ត្រី​​ដែល​មាន​សក្ដានុពល និង​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់ ដើម្បីបំពេញក្ដីសង្ឃឹមរបស់​ប្រជាពលរដ្ឋទូទាំងប្រទេស»។

នៅពេលសួរថា តើលោក ហ៊ុន ម៉ាណែត យកគំរូតាមឪពុកឬយ៉ាងណានោះ? លោក សុខ ឥសាន បាន​ថ្លែង​ថា លោក ហ៊ុន ម៉ាណែត គឺគ្រាន់តែយកបទពិសោធជាច្រើនដែលត្រូវការដើម្បីដឹកនាំប្រទេស។

លោក​បន្ត​ថា​៖ «​វា​ជា​រឿង​ធម្មតា ​ក្នុង​នាម​ជា​អ្នក​ស្នង​តំណែង […] ដើម្បី​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី គាត់​​ត្រូវ​ធ្វើ​កិច្ចការ​ធំៗ ការ​ងារ​​លំបាកៗ​​ក្នុង​​ការ​​គ្រប់​គ្រង។ គាត់ត្រូវតែចេញក្រៅ ដើម្បីទទួលបានបទពិសោធកាន់តែច្រើន។ នោះ​គឺ​ជា​បទពិសោធការ​ងារ»។


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ As Profile Rises, Hun Manet Adopts Some of Father’s Habits

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ