តំណាង​គណបក្ស​នយោបាយ​៤​នឹង​ស្វែងរក​មធ្យោបាយ​ផ្សេងទៀត ក្រោយ​រដ្ឋសភា​បដិសេធ​ជួបជាថ្មី

លោក ថាច់ សេដ្ឋា ថ្លែងក្នុងសន្និសីទកាសែតរបស់គណបក្សភ្លើងទៀន ស្ដីអំពីបរិយាកាសក្នុងថ្ងៃបោះឆ្នោត និងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅទីស្នាក់ការកណ្ដាលគណបក្សភ្លើងទៀន ថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អ្នកនយោបាយជាន់ខ្ពស់នៃគណបក្សក្រៅរដ្ឋាភិបាល​​ ដែលតំណាងឱ្យសម្ពន្ធអ្នកប្រជាធិបតេយ្យ​​នៅ​មុនការបោះឆ្នោតជាតិឆ្នាំ២០២៣​ បានលើកឡើងថា ពួកគេនឹងស្វះស្វែងរកច្រកថ្មីទៀត ធ្វើ​​យ៉ា​​ង​ណាជំរុញឱ្យមានការកែលម្អប្រព័ន្ធបោះឆ្នោត និងលំហសេរីភាពនយោបាយ ដូច​​ដែល​ពួកគេ​មើ​​​លឃើញ គឺយន្តការទាំងពីរនេះនៅមិនទាន់អាចធានាពីសុក្រឹតភាព និងតម្លាភាពក្នុងដំណើរ​​កា​​​រ​ប្រជាធិបតេយ្យបាននៅឡើយទេ ប្រសិនបើបរិបទនយោបាយដូចបច្ចុប្បន្ននេះនៅតែមានរូប​​ភា​ព​​​គំរាមកំហែងនិងយាយី។

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា ថ្វីបើពេលនេះ រ​ដ្ឋ​​​សភាជាតិបានច្រានចោលសំណើរបស់បក្សក្រៅរដ្ឋាភិបាលជាថ្មីទៀតក្ដី ការតស៊ូមតិដើម្បីឈានទៅកែ​​ទម្រង់​​ប្រព័ន្ធបោះឆ្នោត និងជំរុញឱ្យមានលំហប្រជាធិបតេយ្យប្រសើរជាងមុន នឹងនៅ​តែបន្តទៅ​​មុខ​​ទៀត​។ ​លោកបន្តថា នៅចំពោះមុខនេះ ច្រកចេញបែបណាក្នុងការទម្លុះទម្លាយពីភាព​​ទាល់​​ច្រក​​នេះ​​​ គឺតំណាង​គណបក្ស​​នយោបាយ​ទាំង៤ នឹងបន្តពិគ្រោះយោបល់គ្នាបន្ថែមទៀត។

លោកបន្តថា៖ «ដូចខ្ញុំជម្រាបអម្បាញ់មិញអ៊ីចឹង ថាយើងនឹងជជែកគ្នាជាមួយគណបក្សដែលយើងបានដាក់ញត្តិរួមគ្នាហ្នឹង ថាត្រូវធ្វើអីតទៅទៀត »។

ការថ្លែងដូច្នេះរបស់មន្រ្តីនយោបាយជាន់​ខ្ពស់គណបក្សក្រៅរដ្ឋាភិបាលធ្វើឡើង ក្រោយពីរដ្ឋស​​​ភា​​​ជាតិបានចេញលិខិតបដិសេធ កាលពីថ្ងៃទី១០ ខែ តុលា កន្លងទៅនេះ។ អគ្គលេខាធិការនៃ​​រ​​ដ្ឋ​​​ស​​ភា លោក ឡេង ប៉េងឡុង លើកឡើងនៅក្នុងលិខិតបដិសេធរបស់ខ្លួនថា បទប្បញ្ញត្តិនៃរដ្ឋ​​ធ​ម្ម​នុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ពុំមានចែងអំពីបែបបទនិងនីតិវិធីនៃការជួបពិភាក្សា​​រវាង​​រដ្ឋ​ស​​ភា និងគណបក្សនយោបាយ​ដែលពុំមានអាសនៈនៅក្នុងរដ្ឋសភាទេ។

បន្ថែមលើលិខិតបដិសេធនេះ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់ដោយខ្លីថា កា​រ​​បដិសេធនេះ គឺគ្មានហេតុផលណាមួយផ្សេងក្រៅពីហេតុផលដូចមានកំណត់នៅក្នុងបទបញ្ជាផ្ទៃក្នុង និង​​បទ​​ប្ប​​ញ្ញត្តិនៃរដ្ឋសភាឡើយ។

លោកបន្តថា៖ «គឺយើងមិនអាចទទួលបានទេ វាគ្មាននីតិវិធី! វាគ្មាននីតិវិធីទទួលបាន»។

មកដល់ពេលនេះ គណបក្សនយោបាយទាំង៤ ដែលដើរតួនាទីក្នុងការជំរុញឱ្យមាន​​ការកែលម្អប្រ​​ព័ន្ធ​​​​បោះឆ្នោត និងបើកលំហសេរីភាពខាងនយោបាយឱ្យបានទូលំទូលាយនៅមុនការបោះឆ្នោត​​ថ្នាក់​ជាតិមកដល់ មានដូចជា គណបក្សភ្លើងទៀន គណបក្ស​​ប្រជា​ធិប​​តេយ្យមូលដ្ឋាន គណបក្ស​​​ឆន្ទៈ​ខ្មែរ និងគណបក្សកែទម្រង់កម្ពុជា

ការដាក់លិខិតសុំជួបជាថ្មីទៀតកាលពីថ្ងៃទី១៩ ខែកញ្ញា កន្លងទៅនេះ នៅបន្ទាប់ពីលិខិត​​លើកទី១ ដែ​​​​​​ល​បក្សនយោបាយទាំង៤ដាក់ចូលទៅរដ្ឋសភា ​​កាល​​ពី​​ថ្ងៃទី​​២​៥ ខែសីហា ត្រូវបរាជ័យ ដោយ​​​សា​​រ​​​ស្ថា​​​ប័ន​​​​​កំពូលមួយនេះបដិសេធក្នុងលក្ខខណ្ឌដូចគ្នានេះដែរ កាលពីថ្ងៃទី១៧ ខែសីហា ចំ​​ពោះការ​​សុំ​​ជួបនេះ។ ​​លិ​​ខិត​​ឆ្លើយ​​តប​​​​របស់​​​រដ្ឋ​សភានៅពេលនោះ សម្អាងហេតុថា បទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និង​​បទ​បញ្ជាផ្ទៃក្នុងនៃរដ្ឋ​​ស​​ភា គឺពុំមាន​​​​ចែ​ង​​​អំ​​ពីបែបបទនិងនីតិវិធីនៃការជួបពិភាក្សា​​រវាង​​រដ្ឋស​​ភា និង​គណបក្សន​​យោបា​​យដែល​​គ្មាន​​អា​​សនៈ​​នៅក្នុងរដ្ឋសភាឡើយ។

សម្រាប់លោក កន សាវាង្ស មន្រ្តីសម្របសម្រួលផ្នែកអង្កេតជាន់ខ្ពស់នៃអង្គការខុមហ្រ្វែល យល់​​​ឃើ​​ញ​​​​​​ថា ការឆ្លើយតបបែបណា វាគឺជាសិទ្ធិរបស់រដ្ឋសភា ប៉ុន្តែជាចាំបាច់ រដ្ឋសភាមិនអាចផាត់ចេញ​​សំ​​ឡេង​​ភាគតិចទេ ព្រោះពួកគេក៏ជាផ្នែកមួយដែលស្ថិតនៅក្នុងអំណាចក្នុងការដោះស្រាយដែរ។

បន្ថែមពីលើនេះ លោកអះអាងថា រដ្ឋសភាក៏ពុំមែនជារបស់ផ្តាច់​​មុខរបស់បក្សនយោ​​បាយ​​ណា​​​​មួយ​ដែរ ហេតុនេះ អង្គការកំពូលមួយនេះត្រូវធ្វើការដោយប្រុងប្រយ័ត្ន ចៀសវាងការរិះគន់ថាជាស្ថាប័ន​​ដែល​អនុវត្តការងារ តួនាទី និងភារកិច្ច មានភាពលម្អៀង ព្រោះជាស្ថាប័ន​​ដែលកើតចេញ​​ពី​​​ការបោះឆ្នោត។

លោកបន្តថា៖ «តួនាទីរបស់សភា គឺមិនមែនជាតួនាទីមួយដែលធ្វើកិច្ចការងារសម្រាប់តែក្រុមណាមួយទេ។ សភាតំណាងរាស្រ្ត គឺកើតឡើងពីការបោះឆ្នោត ដែលរដ្ឋសភាត្រូវដោះស្រាយក្នុងនាមជាតំណាងប្រជាពលរដ្ឋ។ អ៊ីចឹងអ្វីដែលជាទុក្ខ អ្វីដែលជាបញ្ហាកើតឡើង ត្រូវតែដោះស្រាយ។គណបក្សនយោបាយក៏ជាប្រជាពលរដ្ឋដែរ។ គណបក្សនយោបាយ បើទោះជាគាត់ជាដៃគូ ក៏ប៉ុន្តែក៏ជាការចូលរួមចំណែកក្នុងការកសាងប្រទេសដែរ ដូចមានចែងអំពីកាតព្វកិច្ចនៅក្នុងរដ្ឋធម្មនុញ្ញ។​​ សភាខ្លួន​​ឯងហ្នឹង​​មិន​មែនមានន័យថាកម្លាំងភាគច្រើន ហើយមិនគិតគូរកម្លាំង​ភាគតិចទេ។ ជា​​ទូទៅ កម្លាំងភាគ​​ច្រើន​មានសិទ្ធិក្នុងការដឹកនាំ ប៉ុន្តែមិនអាចបោះបង់ចោលកម្លាំងភាគតិចទេ »។

មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ កឋាខណ្ឌទី២ ចែងថា សេចក្តីស្នើទាំងឡាយណារបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

តាមរយៈសេចក្តីថ្លែងការណ៍រួមរបស់ខ្លួនក្នុងពេលកន្លងទៅ តំណាងគណបក្សនយោបាយទាំង៤ ឱ្យ​​ដឹងថា ដោយសារមើលឃើញពីបញ្ហាដែលកើតចេញពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​​សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ មានភាពមិនប្រក្រតី ទើបគណបក្សនយោបាយ​ទាំង​​៤ ស្នើឱ្យ​​មា​ន​​​​​ការកែលម្អប្រព័ន្ធបោះឆ្នោត ជាពិសេសជំរុញឱ្យអនុវត្ត​អំពី​លំហសេរីភាពខាងន​​យោ​​បាយឱ្យបាន​​ប្រសើ​រជា​ង​​នេះ។

លិខិតសុំកិច្ចអន្តរាគមន៍ និងការពិគ្រោះយោបល់ ក្នុងទិសដៅប្រហាក់ប្រហែលគ្នានេះ សម្ពន្ធ​​គណ​បក្សនយោបាយទាំង៤ ក៏បានសុំជួបរួចមកហើយដែរពីក្រសួងមហាផ្ទៃ និងស្ថាប័នជាតិរៀប​​ចំ​​កា​រ​​បោះ​ឆ្នោត (គ.ជ.ប)។ បើទោះជាបែបណា អ្នកនយោបាយទាំង៤គណបក្សធ្លាប់​​​អះ​អាងហើយថា ស្ថាប័នជាតិសំខាន់ៗទាំងពីរនេះបានទម្លាក់ការទទួលខុសត្រូវនេះទៅ​​រដ្ឋ​​ស​​ភា​​​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ