អ្នកគាំទ្រ​បក្សភ្លើងទៀន​ខេត្តត្បូងឃ្មុំ​មួយរូប​ត្រូវ​បាន​ជន​មិនស្គាល់​មុខ​បាញ់​សម្លាប់

ចំណុចកើតហេតុករណីអ្នកគាំទ្រគណបក្សភ្លើងទៀនម្នាក់ លោក ប៉ូ ហ៊ីនលាន រស់នៅភូមិព្រីង ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់ ក្នុងពេលកំពុងរកត្រី កាលពីទាបភ្លឺថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២។ (អាដហុកខេត្តត្បូងឃ្មុំ)

អ្នកគាំទ្រគណបក្សភ្លើងទៀនមួយរូបនៅខេត្តត្បូងឃ្មុំ ត្រូវបានគេបាញ់ជាច្រើនគ្រាប់បណ្ដាលឱ្យស្លាប់ភ្លាមៗ ខណៈសមត្ថកិច្ចនៅមិនទាន់អាចឆ្លើយបាន ថាតើអំពើឃាតកម្មនេះបណ្ដាលមកពីមូលហេតុអ្វីឱ្យពិតប្រាកដនៅឡើយ។

អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន លោក ប៉ូ ហ៊ីនលាន រស់នៅ​​ភូមិ​ព្រីង ឃុំចក ស្រុក​អូររាំងឪ ខេត្តត្បួងឃ្មុំ ​ត្រូវបានជន​មិន​ស្គាល់​មុខ​បាញ់សម្លាប់ ក្នុង​ពេល​កំពុង​រក​ត្រី កាល​ពី​ទាប​ភ្លឺ​ថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២។

ភរិយា​លោក ប៉ូ ហ៊ីនលាន គឺអ្នកស្រី វេន គឹមយី ប្រាប់នៅថ្ងៃទី១៨ ខែតុលានេះថា ស្វាមីគាត់​ត្រូវ​បាន​គេ​បាញ់​ពី​ក្រោយ​ខ្នងចំនួន៣គ្រាប់ ​បណ្ដាល​ឱ្យ​ស្លាប់ អំឡុងពេល​​ប្តីរបស់គាត់កំពុងរកត្រី​នៅ​តាម​វាលស្រែ ដែលមានចម្ងាយ​ប្រមាណ២គីឡូម៉ែត្រពីផ្ទះ។ ក្រោយពីបានឮស្នូរគ្រាប់កាំភ្លើងហើយ អ្នកស្រី​ក៏បានចុះទៅដល់កន្លែងកើតហេតុ នៅ​ម៉ោង​ប្រមាណ៣កន្លះទាប​ភ្លឺ ថ្ងៃអាទិត្យ ទី១៦ ខែតុលា។

អ្នកស្រីថា៖ «ខ្ញុំ​សួរ​ប៉ូលិស​ថា តើអ្នកណា​បាញ់​ និងសម្លាប់ប្ដី​ខ្ញុំ ​? ​ប៉ូលិស​គាត់​ថាប្រជាការពារ ភូមិ [គឺជា]​ អ្នក​បាញ់។ ខ្ញុំ​ថាប្រជាការពារ​ភូមិ គាត់អត់មានកាំភ្លើងទេ តែបើប៉ូលិស​បាន​គាត់​មាន​កាំភ្លើង។ ខ្ញុំយំផង និងថាផង! ដល់ទៅ ខ្ញុំថាខ្ញុំមិនអស់ចិត្តទេ»។

អ្នកស្រីបន្តថា នៅថ្ងៃអង្គារនេះ ​គាត់បានទាក់ទងទៅសមត្ថកិច្ច ដើម្បីសួរនាំពីដំណើររឿងក្ដីរបស់ស្វាមីដែរ ប៉ុន្តែសមត្ថកិច្ចប្រាប់ថាកំពុងធ្វើការងារនេះ។

អ្នកស្រីថា៖ «ខ្ញុំកំពុងឱ្យគាត់រកហេតុផល និងយុត្តិធម៌ឱ្យខ្ញុំ។ ព្រឹកមិញ ខ្ញុំតេទៅគាត់ទៀត[សមត្ថកិច្ច] គាត់ថាកុំអាលចែ ព្រោះអីគេកំពុងចរចាគ្នា»។

មេ​ប៉ុស្តិ៍​ឃុំចក លោក អន សំអុន បដិសេធ​ធ្វើអត្ថាធិប្បាយ ដោយបង្វែរឱ្យអ្នកសារព័ត៌មានសួរទៅ​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំវិញ ក្រោមហេតុផលថា ​សំណុំរឿងនេះ​ លោកបានបញ្ជូន​ទៅស្នងការ​នគរបាល​ខេត្ត​អស់ហើយ។

វីអូឌី មិនអាចសុំការបំភ្លឺពីអធិការនគរបាល​ស្រុក​អូររាំងឪ លោក វង់ សុភី និងស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក ម៉ុន មាគ៌ា បានទេ នៅអង្គារនេះ។

អ្នក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស និង​ដីធ្លី​ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្តត្បូងឃ្មុំ និង​ខេត្តកំពង់ចាម លោក ឡេង សេងហាន មានប្រសាសន៍ថា ប្រសិនបើជាជនរងគ្រោះប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសពីច្បាប់ហាមឃាត់នោះ លោកថា សមត្ថកិច្ចគួរចាប់ខ្លួនមកអប់រំ និងណែនាំ មិនមែនប្រើប្រាស់កាំភ្លើងដើម្បីបាញ់សម្លាប់ទេ។ ​

លោកថា៖ «អំពើបាញ់សម្លាប់ហ្នឹងជាអំពើសាហាវណាស់ ​ហើយសម្លាប់ក្រៅច្បាប់ទៀត។ អ៊ីចឹងច្បាប់ គេហាម មិនឱ្យមានអំពើហ្នឹងកើតឡើងទេ ព្រោះច្បាប់កម្ពុជាយើងមិនមានដាក់ទោសប្រហារជីវិតទេ ​គឺទោសអស់មួយជីវិត យើងមាន។ អ៊ីចឹងអំពើបែបហ្នឹងជាអំពើផ្ទុយពីគោលការណ៍ច្បាប់។ អ៊ីចឹងយើងជាសង្គមស៊ីវិល ជាមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ បើអាចបាន ​គួរតែបង្កើតគណៈកម្មការជំនាញមួយ​ក្នុងការស្រាវជ្រាវរកឱ្យឃើញ ថាតើជនប្រព្រឹត្តជានរណា ដើម្បីចាប់ជនល្មើសមកផ្ដន្ទាទោស និងអាចឱ្យសាច់ញាតិជនរងគ្រោះអស់ចិត្ត និងទទួលបាននូវយុត្តិធម៌»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ