វិភាគ៖ តើ​ឧបទ្ទវហេតុ​លិចទូកដ​ស្លាប់​កុមារ​១១នាក់​ផ្ដល់​មេរៀន​អ្វីខ្លះ​ដល់​រដ្ឋាភិបាល?

ក្រុមជួយសង្គ្រោះ ស្វែងរកជន​រងគ្រោះ​ដែល​ជួប​ឧបទ្ទវ​ហេតុ​លិច​ទូក​ដ​ កាលពីយប់ថ្ងៃទី១៣ នៅ​​​ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល)

​ឧបទ្ទ​​​វហេ​តុលិ​ច​​ទូ​​ក​ដ​ ​​​​​ស្លា​​ប់​​​​​​​​កុ​​​​មា​​​រ​​​​១​​​​១​​នាក់ នៅភូមិកោះចំរើន​​ ​​​ឃុំកំ​ព​ង់​ភ្នំ​​ ​ស្រុ​ក​លើក​ដែក ​ខេត្តក​ណ្ដាល ​នា​យប់ថ្ងៃ​ទី១​៣​​​​ ខែតុលា ឆ្នាំ២០២២នេះ​ ជាសោកនាដកម្មនាសម័យបច្ចេកវិទ្យាទំនើប​ ​​ជំរុញឱ្យមាន​ច​ម្ង​ល់ជា​ច្រើ​នជុំ​​វិ​ញ​​​ទំនួលខុសត្រូវ​រប​ស់​អាជ្ញាធររដ្ឋ ពាក់ព័ន្ធករណីយកិច្ចបម្រើសេវាជូនពលរដ្ឋ​​​។

​​​ដា​​ច់​ដោ​​​​យ​​​ឡែ​ក​ពីនេះ​ ​វិ​ធា​ន​កា​រសង្គ្រោះអ្ន​​ករ​​ង​​គ្រោះ​ដោ​យ​​​​​ទឹកជំ​នន់ នៅ​តាម​បណ្តាខេត្ត​ ដែ​ល​​​រដ្ឋាភិបាលបា​​ន​ប​ញ្ជូ​នក​ម្លាំង​ទៅ​សង្គ្រោះ ក៏​គេស​ង្កេ​តឃើញក្រុម​សង្គ្រោះខ្លះងាយ​រង​គ្រោះ​ដល់​អាយុជីវិតដែ​​រ ខណៈពួកគេចុះទៅសង្គ្រោះដើរលុយទឹកត្រឹមទ្រូង តែគ្មានអាវពោងការពារត្រឹមត្រូវ។ ជាមួយគ្នានេះ ទាហាននៃកងពលតូចថ្មើរជើងលេខ៤២ ការពារព្រំដែននៅប្រាសាទតាមាន់ ឈរជើងនៅភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ចំនួន២នាក់បានលង់ទឹកស្លាប់ ​ក្រោយចុះជួយសង្រ្គោះក្មេងប្រុស២នាក់ពីការលង់ទឹក នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

សំណួរនៅត្រង់ថា តើការលិចទូកដសម្លាប់កុមារ១១នាក់នៅខេត្តកណ្ដាលថ្មីៗនេះបានផ្ដល់មេរៀនអ្វីទៅកាន់រដ្ឋាភិបាល?

អ្នកស្រាវជ្រាវផ្នែក​ភូមិសាស្ត្រនយោ​បា​យ​ លោ​ក ​វ​ណ្ណ​​ ប៊ុន​ណា​ លើកឡើ​ង​ថា ឧបទ្ទវហេតុលិចទូកដសម្លាប់កុមារនេះ ឆ្លុះបញ្ចាំងកង្វះខាតធំៗពីររបស់រដ្ឋាភិបាល។

បើតាមលោក ប៊ុនណា កង្វះខាត ទី១ ជាកម្សោយត្រួតពិនិត្យប្រព័ន្ធសុត្ថិភាពរបស់អាជ្ញាធរពាក់ព័ន្ធ ដើម្បីការពារអាយុជីវិតពលរដ្ឋ និងទី២ ខ្វះការទទួលខុសត្រូវចំពោះមុខច្បាប់ អំពីករណីយកិច្ចរបស់រដ្ឋាភិបាល។

ក្នុងន័យនេះ លោកពន្យល់ថា កម្សោយការគ្រប់គ្រងសុវត្ថិភាព ដែលជាដើមចមនាំទៅដល់ការស្លាប់សិ​ស្សា​​​​នុសិ​ស្ស​ ខណៈទូកដដែលលិចនោះមិនមានបំពាក់ឧបករណ៍សុវត្ថិភាព ឬអាវពោង ដើម្បីការពារសុ​​វត្ថិភាពអ្នកធ្វើដំណើរទេ បើទោះបីការធ្វើដំណើរតាមផ្លូវទឹកនៅតំបន់នោះជាតម្រូវការប្រចាំថ្ងៃ របស់ព​លរដ្ឋក្ដី។

ចំណុចខ្សោយទី២ លោកមើលឃើញថា ក្រោយឧបទ្ទវហេតុកើតឡើង សមត្ថកិច្ចបាននាំខ្លួនត្រឹមអ្នករត់ទូកដ និ​ង​ម្ចា​​ស់ទូកដ សរុប៣នាក់ប៉ុណ្ណោះ ឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ ប៉ុន្តែអាជ្ញាធរដែលមានករណីយកិច្ចទទួលខុសត្រូវធំជាងគេ ​មិនត្រូវសមត្ថកិច្ចនាំខ្លួនឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ទេ។

លោកថា៖ «បើយើងប្រៀបធៀបទៅនឹងប្រទេសជឿនលឿនមួយចំនួន ឧទាហរណ៍ដូចជានៅជប៉ុនអី បើសិនជាមានករណីប្រជាពលរដ្ឋរបស់គេលិចកប៉ាល់លិចអី រដ្ឋាភិបាលឬក៏មន្ត្រីមូលដ្ឋានរបស់គេមានការទទួលខុសត្រូវ គឺមានការលាលែងតំណែង ឬក៏ប្រឈមមុខនឹងផ្លូវច្បាប់ផងដែរ។ ប៉ុន្តែទាក់ទងនឹងកម្ពុជា យើងឃើញថា ចាប់ត្រឹមតែអ្នកទទួលខុសត្រូវ ត្រឹមតែអ្នករត់ទូក ហើយនឹងម្ចាស់ទូក វាមិនទាន់បង្ហាញពីការទទួលខុសត្រូវរបស់អាជ្ញាធរនៅចំពោះមុខករណីយកិច្ចរបស់ខ្លួន និងចំពោះមុខច្បាប់របស់កម្ពុជាទេ»។

យ៉ាងណា លោកគិតថា ​ឆ្ល​ងតាមសោ​ក​នាដកម្មនេះ​ វាបានផ្តល់មេ​រៀ​​នធំ​ៗមួយចំនួនទៅរដ្ឋាភិបាលសម្រាប់ជាមូលដ្ឋានពិចារណាកែលម្អ ដើម្បីទប់ស្កាត់បញ្ហានេះទៅថ្ងៃអនាគត។

បើតាមលោក ប៊ុនណា បញ្ហាចម្បងទី១ រដ្ឋាភិបាលត្រូវត្រួតពិនិត្យឡើងវិញពីភាពសកម្មរបស់មន្ត្រីពាក់ព័ន្ធ ពីថ្នាក់ជាតិ រហូតចុះមកដល់មូលដ្ឋាន នូវប្រព័ន្ធសុវត្ថិភាពសម្រាប់ការធ្វើដំ​ណើ​រទាំងផ្លូវគោក និងផ្លូវទឹក ពិសេសទូកដតូចៗនៅតាមបណ្តាខេត្ត ដែលជាមធ្យោបាយធ្វើដំ​ណើររបស់ពលរដ្ឋ។ ទី២ ត្រូវមានវិធានការតឹងរ៉ឹងចំ​ពោះ​​ក្រុមហ៊ុនដែលមិនបំពាក់ឧបករណ៍សុ​វត្ថិភាពបច្ចេកទេសឱ្យបានត្រឹមត្រូវ​ និងទី៣ ត្រូវបង្កើនវិធានការ បង្ការ និងទប់ស្កា​ត់ហេ​តុការណ៍ជាមុន ជាជាងរត់តាមហេតុការណ៍ដូចអ្វីដែលបានកើតឡើង និងទី៤ ត្រូវហ៊ានវះកាត់មន្ត្រីដែ​លអសកម្ម។

លោកថា៖ «រឿងមួយទៀត រដ្ឋាភិបាលអាចរៀនសូត្របានដែរ អំពីភាពសកម្មឬអត់ចំពោះមន្ត្រីនៅមូលដ្ឋានរបស់ខ្លួនហ្នឹង ថាតើមន្ត្រីរបស់ខ្លួនមួយៗគាត់បានធ្វើការជិតដិតឈ្វេងយល់ពីស្ថានភាពកម្រិតណា ចំពោះការរត់ទូកដ និងសកម្មភាពផ្សេងៗទៀត។ អាហ្នឹងគឺជារឿងរដ្ឋាភិបាលដែលគាត់អាចធ្វើនៅពេលអនាគតផងដែរ»។

យ៉ាងណា ក្រោយឧបទ្ទវហេតុលិចទូកដកើតឡើង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញសាររំលែកទុក្ខចំ​​ពោះ​គ្រួសារកុមារ និងបានចេញបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនប្រសិទ្ធភាពជួយសង្គ្រោះអ្នកដែលបានបា​ត់ខ្លួ​ន និងអ្នកដែល​រងរបួស រួមទាំងដោះស្រាយទុក្ខលំបាកគ្រួសារដែលបាត់បង់សមាជិក​។

លោកថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់ នៅក្នុងឧបទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះ ស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល […] សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេ មានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង»។

​នា​យកប្រតិ​បត្តិអ​ង្គ​ការត​ម្លាភាពកម្ពុ​ជា ​​លោក ​ប៉ិច ពិ​សី យល់ថា​ ការលិ​ចទូ​កដសម្លាប់​កុមារជាសោកនា​ដ​ក​​ម្មមួ​យ ប៉ុន្តែថាហេតុការណ៍នេះ វាគួរតែអាចការពារបាន សម្រាប់អាជ្ញាធរកម្ពុជា នាសម័យទំនើបនេះ។

សកម្មភាពកម្លាំងចម្រុះ និងក្រុមការងាររុករកកុមារដែលបាត់ខ្លួន កាលពីថ្ងៃទី១៤ ខែតុលា ក្រោយមានឧបទ្ទវហេតុលិចទូកចម្លងនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ (ស្នងការដ្ឋាននគរបាលខេត្តកណ្តាល)
សកម្មភាពកម្លាំងចម្រុះ និងក្រុមការងាររុករកកុមារដែលបាត់ខ្លួន កាលពីថ្ងៃទី១៤ ខែតុលា ក្រោយមានឧបទ្ទវហេតុលិចទូកចម្លងនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ (ស្នងការដ្ឋាននគរបាលខេត្តកណ្តាល)

លោក ពិសី ចាត់ទុកបញ្ហានេះថាជាការបរាជ័យរបស់អាជ្ញាធរមូលដ្ឋាន ក្នុងនាមជាអាជ្ញាធររដ្ឋ ជាអ្នកផ្តល់សេវាការគ្រប់គ្រង និងផ្តល់សិទ្ធិធ្វើអាជីវកម្ម ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោកយល់ថា ការស្លាប់កុមារពីហេតុការណ៍លិចទូកដនេះជាការទទួលខុសត្រូវធំធេងរបស់រដ្ឋាភិបាលចំ​ពោះ​មុខប្រជាពលរដ្ឋ ខណៈខ្លួនទទួលបានសំឡេងឆ្នោតនាំមុខគេសម្រាប់ដឹកនាំប្រទេស។

លោកថា៖ «អានេះ! ជាការបរាជ័យមួយនៃការផ្តល់សេវានៃការការពារអាយុជីវិតរបស់កុមារ មិនមែនជារឿងចៃដន្យទេ រឿងនេះ ដែលខ្ញុំគិតថា ជារឿងបំពេញការងាររបស់ស្ថាប័នសាធារណៈរបស់យើង ហើយក៏ជាការទទួលខុសត្រូវដ៏ធំធេងមួយដែរសម្រាប់ប្រជាពលរដ្ឋ»។

បញ្ហានេះ លោកថា ក្នុងនាមជាអង្គការសង្គមស៊ីវិល សូមចូលរួមសោកស្តាយ និងរំលែកទុក្ខដល់ក្រុមគ្រួសារកុមារទាំងនោះ។

លោកផ្តល់ជាយោបល់ថា ដើម្បីកុំឱ្យសោកនាដកម្មនេះកើតឡើងលើកុមារ និងពលរដ្ឋកម្ពុជាជាថ្មីទៀត ក្រ​សួ​​ងពាក់ព័ន្ធគួរត្រួតពិនិត្យឡើងវិញទៅលើយន្តការផ្តល់សិទ្ធិធ្វើអាជីវកម្មតាមផ្លូវទឹក រួមបញ្ចូលនូវគោលការណ៍សុវត្ថិភាពដែលអាចធានាថា នៅពេលមានហានិភ័យលិចទូកកើតឡើង សម្ភារបច្ចេកទេសទាំងនោះអាចការពារអាយុជីវិតបាន។

មួយវិញទៀត លោកថា ក្រសួងពាក់ព័ន្ធក៏ត្រូវពង្រឹងផងដែរទៅលើយន្តការការពារកុមារ ដែលភាគច្រើនពួ​ក​​​គេមិនចេះហែលទឹក ខណៈលោកថា ទូកដច្រើនទៀតដូចប្រភេទទូកដដែលលិចនេះ កំពុងធ្វើអាជីវ​កម្ម​នៅឡើយ នៅតំបន់ដាច់ស្រយាលមួយចំនួន​។

ដោយឡែក អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា ប៉ុន្មានឆ្នាំមុន ក៏មានករណីលិ​ច​សា​ឡាងនៅខេត្តក្រចេះដែរ តែថាបញ្ហានេះហាក់បានស្ងប់ស្ងាត់ទៅវិញ ទាំងមិនមានព័ត៌មានទម្លាយពីអ្ន​ក​ទទួលខុសត្រូវចំពោះមុខច្បាប់ទេ។

ផ្តើម​ចេញពីសោកនាដកម្មលិចទូកដសម្លាប់កុមារ១១នាក់ នៅខេត្តកណ្តាល លោកលើកឡើងថា រដ្ឋាភិបាលត្រូវពិចា​រ​​ណាលើមូលដ្ឋានចម្បង៣ គឺទី១ ត្រូវបង្កើតគោលនយោបាយទូកដ ដើម្បីធានាថា រាល់ការផ្តល់សិទ្ធិធ្វើអា​ជី​វកម្ម ដាច់ខាតត្រូវបំពាក់ឧបករណ៍សុវត្ថិភាព បើទោះបីរដ្ឋាភិបាលមានគោលនយោបាយផ្លូវគោកនិងផ្លូវទឹក​ក្តី ព្រោះថា ការធ្វើអាជីវកម្មទូកដជាគោលដៅរត់ទទឹងខ្សែទឹកហូរ។

បន្ថែមពីនេះ រដ្ឋាភិបាលត្រូវកសាងស្ពានសម្រាប់ឆ្លងជំនួសទូកដឱ្យបានកាន់តែច្រើន បើអាចធ្វើបាន និងមួយទៀត ត្រូវបង្កើតប្រព័ន្ធតាមដាន ដើម្បីទប់ស្កាត់អំពើពុករលួយបែបប្រទាក់ក្រឡាគ្នារវាងមន្ត្រីខិលខូច និងម្ចាស់អាជីវកម្ម។

លោកថា៖ «រឿងខ្លះដែលវាបន្តឱ្យកើតមានហ្នឹង មកពីអាជ្ញាធរមូលដ្ឋានហ្នឹងអសកម្មតែម្តង ឬគាត់ហ្នឹងឯងជា​អ្នកនៅពីក្រោយការរកស៊ីដែលមិនសមហេតុសមផលហ្នឹងដែរ។ [ខ្ញុំ]និយាយតែកន្លែងខ្លះទេ មិនមែនទាំ​ង​អស់ទេ»។

បើតាមសេចក្តីរាយការណ៍នានា សាឡាងចម្លងអ្នកដំណើរមួយគ្រឿងបានលិចកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ដែលដឹកអ្នកដំណើរឆ្លងទៅមករាល់ថ្ងៃ ពីពង្រទៅកោះតាស៊ុយ ត្រូវបានក្រឡាប់លិច ធ្លាក់ឡានដឹ​​ក​ដីពីគ្រឿងចូលក្នុងទន្លេ នៅចំណុចភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ប៉ុន្តែគ្មានមនុស្សស្លាប់ទេ ដែ​ល​​ឧបទ្ទវហេតុនេះត្រូវបានគេរាយការណ៍ថា ភាគីពាក់ព័ន្ធបានសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅក្រៅប្រព័ន្ធតុ​លា​ការ។

បន្ថែមពីនេះ លោក មាស នី យល់ថា ការបញ្ជូនកងកម្លាំងទៅសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់ រដ្ឋាភិ​បាលក៏ត្រូវបំពាក់ឧបករណ៍សុវត្ថិភាពដល់ពួកគេឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យប្រាកដថា កម្លាំងសង្គ្រោះនឹងមិ​ន​រ​ងគ្រោះរហូតបាត់បង់ជីវិតដោយសារយន្តការសង្គ្រោះនោះទេ ដែលការណ៍នេះលោកថា ត្រូវធ្វើឱ្យដូចផែ​​នកងកម្លាំងដែលរដ្ឋាភិបាលបញ្ជូនទៅបង្ក្រាបបាតុកម្ម ដែលមានបំពាក់ដោយឧបករណ៍ការពារ និងអា​វុ​ធស្វ័យប្រវត្តិនោះ។

លោកថា៖ «ដូចយើងយកកម្លាំងប្រដាប់អាវុធអីទៅបង្ក្រាបបាតុកម្ម យើងមានគ្រប់គ្រាន់ ស្លៀកពាក់ទំនង មើ​លទៅហំហាន វាយល្មមៗអី តដៃអីហ្នឹង មិនត្រូវទេ។ ចុះអ្នកដែលគ្នាទៅជួយពេលមានបញ្ហាទឹកជំនន់? គួរតែរដ្ឋា​​ភិបាលត្រៀមលក្ខណៈនៅពេលដែលមានទឹកជំនន់មកដល់ សម្ភារសម្រាប់ជួយសង្គ្រោះអស់ហ្នឹង វាត្រូវតែទៅដល់កន្លែង ហើយអ្នកដែលទៅចុះសង្គ្រោះ ត្រូវតែមានសម្ភារគ្រប់គ្រាន់ដើម្បីការពារខ្លួនផងដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ