គ.ជ.ប៖ ការ​ពិនិត្យ​បញ្ជីឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២២ បាន​ចាប់ផ្ដើម​នៅថ្ងៃនេះ

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសពីការចាប់ផ្ដើម​ការពិនិត្យបញ្ជី​ឈ្មោះ និង​​ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នៅតាមសាលាឃុំ-សង្កាត់ ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ។

សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងថា ការពិនិត្យបញ្ជី​ឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំនេះ មានរយៈពេល៥០ថ្ងៃ គិតទាំងថ្ងៃសៅរ៍ និង​អាទិត្យ។ ប្រភពដដែលបន្តថា ក្នុងរយៈពេលនៃការ​ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត​នេះ ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោត ចំនួន​៣ថ្ងៃ គឺនៅថ្ងៃទី៣ និងថ្ងៃទី១៨ ខែវិច្ឆិកា និងថ្ងៃទី២ ខែធ្នូ ដើម្បីបើកកិច្ចប្រជុំ​​ជាមួយ​ក្រុមចុះឈ្មោះបោះឆ្នោត ត្រួត​ពិនិត្យ​ការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

បើតាម គ.ជ.ប មាន​តែប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត​ផ្លូវការ​ឆ្នាំ២០២២​ប៉ុណ្ណោះ ដែលមានសិទ្ធិបោះឆ្នោតសម្រាប់ការ​បោះឆ្នោតជ្រើស​តាំងតំណាងរាស្ត្រ​ នីតិកាល​ទី​៧ ឆ្នាំ២០២៣ នាពេលខាងមុខ។

ករណីនេះ គ.ជ.ប បានអំពាវនាវដល់ប្រជាពលរដ្ឋ​ទាំងអស់ដែលមិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត ឬទើបគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះ​បោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

​​នៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់​មន្រ្តីអត្រា​នុកូល​ដ្ឋាន​ ជួយ​សម្រួល​ឯកសារ​សម្រាប់​ការ​បោះ​ឆ្នោត ជូន​ដល់ប្រជាព​លរដ្ឋនៅក្នុងមូលដ្ឋានរៀងៗខ្លួនឱ្យបាន​ទាន់ពេលវេលាផងដែរ។

ការអំពាវនាវនេះបានធ្វើឡើងក្នុងឱកាសលោក​​អញ្ជើញទៅ​ប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជី​ឈ្មោះបោះ​ឆ្នោត នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «បញ្ហាអត្តសញ្ញាណបណ្ណ គឺមិនមែនជាបញ្ហារបស់ គ.ជ.ប ទេ ប៉ុន្តែគឺ​ជាបញ្ហារបស់មន្ត្រីអត្រានុកូលដ្ឋាន ដែលខ្ញុំសូមយកឱកាសនេះអំពាវនាវឱ្យមន្ត្រីអត្រានុកូលដ្ឋាន​ទាំងអស់ នៅ​គ្រប់ទីកន្លែង ធ្វើការបញ្ជាក់[ឯកសារ]ណាដែលអាចយកធ្វើជាការចុះឈ្មោះបោះឆ្នោត​បាន គឺជួយ​សម្រួលសម្រាប់​កិច្ច​ការ​ទាំង​នោះ។ វាមា​ន​ក្រៅ​ពី​អត្ត​សញ្ញាណ​បណ្ណ គឺ​អាច​មាន​លិខិត​ស្នាម​ផ្សេងទៀត​ដែលគណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​​​បាន​ណែនាំ​ហើយ»

លោកបន្ថែមថា៖ «តែខ្ញុំក៏សូមយកឱកាស​នេះ​អំពាវនាវចំពោះ​មន្ត្រីដែលមានការ​​ពាក់ព័ន្ធ ជួយធ្វើការ​បញ្ជាក់ ជួយ​ពន្លឿននៃការធ្វើអត្តសញ្ញាណបណ្ណ ដើម្បីឱ្យ[ប្រជាពលរដ្ឋ​]បាន​​មក​ចុះឈ្មោះ​បោះ​ឆ្នោត ឬផ្ទេរឈ្មោះបោះឆ្នោត​ពីកន្លែងមួយទៅកាន់​កន្លែងមួយ​ ទាន់ពេល​វេលា ក្នុងរយៈ​ពេល​​ដែល​កំណត់​ដោយ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​អំពាវ​នាវ​ដល់​គណបក្ស​នយោបាយ​ទាំង​អស់​ដែលចូល​រួម​ការ​បោះឆ្នោត អំពាវនាវដល់អ្នកគាំទ្ររបស់ខ្លួន​និង​ប្រជាពលរដ្ឋបន្ថែម​ទៀតឱ្យ​ចូល​រួមបោះ​ឆ្នោត​ជ្រើស​រើស​គណបក្សនយោបាយដែលខ្លួន​ពេញ​ចិត្ត ក្នុងការបោះឆ្នោតនា​ពេល​ខាងមុខនេះផងដែរ។

គួរបញ្ជាក់ថា រដ្ឋាភិបាលបានកំណត់កាលបរិច្ឆេទ​រួចហើយថា ការបោះឆ្នោតជ្រើសតាំង​តំណាង​រាស្ត្រ​សម្រាប់នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ