ប្រទេស​ចំនួន​៥០​ថ្កោលទោស​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​តំបន់ស៊ីងជាំង ប្រទេសចិន

អ្នក​ចូលទស្សនាដើរកាត់​ពី​មុខ​រូបលោក​ប្រធានាធិបតី​ចិន Xi Jinping ក្នុង​អំឡុង​ពេល​ការ​តាំង​ពិព័រណ៍​សមិទ្ធផល​របស់​ប្រទេស​ចិន ​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី៧០ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន (PRC) នៅ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​ប៉េកាំង ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។ (REUTERS/Jason Lee)

ប្រទេសចំនួន៥០ នៅថ្ងៃចន្ទម្សិលមិញនេះ បាន​ចុះហត្ថ​លេខា​លើសេចក្ដីថ្លែង​ការណ៍​ថ្កោលទោស​ការ​រំលោភ​សិទ្ធិ​មនុស្ស «ធ្ងន់ធ្ងរ និងជាប្រព័ន្ធ» នៅតំបន់ស៊ីងជាំង (Xinjiang) ប្រទេសចិន ក្នុងអំឡុងពេលប្រជុំពិភាក្សារបស់អង្គការ​សហប្រជាជាតិ។ នេះបើយោងតាម​ការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២​នេះ។

សេចក្តីថ្លែងការណ៍ដែលត្រូវបាន​អាន​ដោយ​ប្រទេសកាណាដា ក្នុងអំឡុងពេលប្រជុំ​ពិភាក្សារបស់​គណៈកម្មាធិការទី៣ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃមហាសន្និបាតអង្គការសហប្រជាជាតិ និយាយថា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសការរំលោភសិទ្ធិមនុស្សដែលកំពុងបន្តកើតមានលើជនជាតិអ៊ុយហ្គ័រ [Uyghurs] និងជនជាតិភាគតិចមូស្លីម​នៅ​ក្នុង​តំបន់ Xinjiang»។

ការិយាល័យឧត្តម​ស្នងការអង្គការ​សហ​ប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) កាលពីខែសីហា​ បាន​ចេញ​ផ្សាយ​របាយការណ៍អំពី​តំបន់ Xinjiang ដោយលើកឡើងពីឧក្រិដ្ឋកម្មដែលអាច​កើត​មាន​ប្រឆាំង​នឹង​មនុស្សជាតិ​ ចំពោះជនជាតិ Uyghurs និងជនជាតិភាគតិចមូស្លីមផ្សេងទៀតនៅក្នុងតំបន់នេះ។

ទីក្រុងប៉េកាំង បានច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថាកំពុងប្រយុទ្ធប្រឆាំងនឹងអំពើ​ភេរវកម្ម និងធានាការអភិវឌ្ឍក្នុងតំបន់។

សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធបែបនេះ មិន​អាច​លើកហេតុ​ផល​ថា​ជា​ការ​ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនោះទេ។ ដោយយោងតាមការវាយតម្លៃរបស់ OHCHR យើងមានការព្រួយបារម្ភថា រហូតមកដល់ពេលនេះ ប្រទេសចិនបដិសេធមិនពិភាក្សាអំពីការរកឃើញនេះ»។

ប្រទេសហត្ថលេខីទាំង​៥០ ក្នុងនោះក៏មានសហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន បារាំង អូស្ត្រាលី អ៊ីស្រាអែល តួកគី ហ្គាតេម៉ាឡា និងសូម៉ាលី ផងដែរ។

ប្រទេសហត្ថលេខីទាំងនោះបានជំរុញទីក្រុងប៉េកាំងឱ្យ «អនុវត្តអនុសាសន៍នៃការវាយតម្លៃ​របស់ OHCHR» ដែលរួមមាន «ការ​ចាត់​វិធានការជាបន្ទាន់ ដើម្បីដោះលែងបុគ្គលទាំងអស់ ដែល​សេរីភាព​របស់​ពួកគេត្រូវបាន​ដក​ហូត​តាម​អំពើ​ចិត្ត​ នៅ​តំបន់ Xinjiang និងបញ្ជាក់ពីជោគវាសនា និងទីកន្លែងលាក់ខ្លួនរបស់សមាជិកគ្រួសារដែលបាត់​ខ្លួន និងសម្របសម្រួល​​​ឱ្យមានទំនាក់ទំនងប្រកបដោយសុវត្ថិភាព និងការជួបជុំគ្រួសារឡើងវិញ»។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្សអ​ន្តរ​ជាតិ (Human Rights Watch) បានអំពាវនាវកាលពីថ្ងៃចន្ទ ឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ «ព្យាយាមម្តងទៀត» ដើម្បីរៀបចំ​ការ​ប្រជុំពិភាក្សា​នេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោក លូអីស ចាបូនូ (Louis Charbonneau) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បាន​និយាយ​ថា៖ «កម្លាំងចលករផ្នែកការទូតក្នុងការជំរុញឱ្យទីក្រុងប៉េកាំង​ទទួលខុសត្រូវចំពោះការរំលោភ​សិទ្ធិមនុស្សរ​បស់​ខ្លួន កំពុងមានសន្ទុះខ្លាំងឡើង»។

លោកបានបន្ថែមថា៖ «អង្គការឃ្លាំមើលសិទ្ធិមនុស្សកំពុងជំរុញឱ្យសមាជិកក្រុមប្រឹក្សាព្យាយាមម្តងទៀត ដើម្បីពិភាក្សា និង​ពិចារណា​ជម្រើស​សម្រាប់​ការ​បង្កើត​យន្ត​ការ​គាំទ្រ​ដោយអង្គការសហប្រជាជាតិ ដើម្បីស៊ើបអង្កេតបន្ថែមទៀត​អំពី​ការទទួលខុសត្រូវរបស់រដ្ឋាភិបាលចិន ចំពោះការរំលោភសិទ្ធិមនុស្ស ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ