អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមតុលាការកំពូល ឱ្យដឹងថា អ្នកទោសនយោបាយនៃគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ អាចនឹងប្រកបវិជ្ជាជីវៈជាអ្នកនយោបាយឡើងវិញបានជាធម្មតា ក្រោយបម្រាមនេះត្រូវផុតកំណត់ ប្រសិនបើអ្នកទាំងនោះគ្មានទោសព្រហ្មទណ្ឌផ្សេងទៀតទេ។
ប្រាប់ វីអូឌី នៅថ្ងៃពុធនេះ លោក អ៊ុក គឹមសិទ្ធិ ជាអ្នកនាំពាក្យ និងជាអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមតុលាការកំពូល ឱ្យដឹងថា អ្នកនយោបាយដែលជាប់បម្រាមតុលាការ ហាមឃាត់ធ្វើនយោបាយ៥ឆ្នាំ គឺមិនតម្រូវឱ្យធ្វើលិខិតជាលាយលក្ខណ៍អក្សរណាមួយដើម្បីសុំធ្វើនយោបាយវិញទេ។
លោកបន្តថា ជាសត្យានុម័ត សិទ្ធិនេះនឹងមានសុពលភាពវិញដោយស្វ័យប្រវត្តិ ក្រោយអំណាចសាលដីកាតុលាការកំពូលនេះត្រូវផុតរលត់ទៅ។ ក៏ប៉ុន្តែអ្នកនាំពាក្យរូបនេះថ្លែងថា ចំពោះអ្នកដែលនៅជាប់បណ្ដឹងព្រហ្មទណ្ឌផ្សេងទៀត គឺចាំបាច់ត្រូវបំពេញកាតព្វកិច្ចដទៃទៀតនៅចំពោះមុខតុលាការ ហើយសិទ្ធិធ្វើនយោបាយក៏មិនអាចបើកផ្លូវសម្រាប់ពួកគេបានដែរ។
លោកបន្តថា៖ «ចំពោះបម្រាម គឺបញ្ញត្តិទៅតាមសាលដីកាដែលបានសម្រេចមក អ៊ីចឹងមានន័យថាដល់ពេលកំណត់ គឺគាត់មានសិទ្ធិធ្វើនយោបាយវិញ។ ប៉ុន្តែរឿងទោសផ្សេងទៀតដែលគាត់មាន អាហ្នឹងវាត្រូវអនុវត្តទៅតាមហ្នឹងហើយ»។
ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន១១៨រូប ត្រូវបានតុលាការកំពូលបិទផ្លូវ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ បម្រាមនេះធ្វើឡើងបន្ទាប់ពីតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ចេញសាលដីកាបិទផ្លូវតវ៉ា ដោយសម្រេចរំលាយគណបក្សសង្រ្គោះជាតិ តាមបណ្តឹងក្រសួងមហាផ្ទៃ។
ក្នុងនាមជាម្ចាស់បណ្តឹង និងមានមេធាវីតំណាងដោយអាណត្តិ គឺលោក គី តិច ចោទប្រកាន់ថា គណបក្សសង្រ្គោះជាតិ អនុវត្តរំលោភលើរដ្ឋធម្មនុញ្ញ និងចោទលោក កឹម សុខា ដែលជាប្រធានគណបក្សគប់គិតជាមួយបរទេស ហើយបានទម្លាយពីផែនការសម្ងាត់ចង់ផ្តួលរំលំរដ្ឋាភិបាល។
បើទោះជាបែបណា ការរំលាយគណបក្សប្រឆាំងដែលមានសំឡេងគាំទ្រប្រហាក់ប្រហែលនឹងគណបក្សកាន់អំណាចដែរនេះ រងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ ថាទំនងគណបក្សប្រជាជនកម្ពុជា ព្រួយបារម្ភពីការចាញ់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០១៨ ជាងអ្វីដែលក្រសួងមហាផ្ទៃរកឃើញពីកំហុសថាបក្សប្រឆាំងមានចេតនា និងរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល ហើយប្រព្រឹត្តកំហុសផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញផង និងច្បាប់ស្តីពីគណបក្សនយោបាយផង។
បើទោះបែបណា មកដល់ថ្ងៃនេះ គេសង្កេតឃើញមានតែលោក ជូង ជូងី ម្នាក់នៅឡើយទេ ដែលបានប្រកាសជាផ្លូវការសុំចូលប្រឡូកក្នុងនយោបាយឡើងវិញ ស្របពេលកាលបរិច្ឆេទនៃបម្រាមតុលាការកំពូលនឹងមកដល់ក្នុងរយៈពេល២សប្តាហ៍ខាងមុខទៀតនេះ។
ប្រាប់ វីអូឌី នៅថ្ងៃទី២ ខែវិច្ឆិកានេះ លោក ជូង ជូងី ដែលជាមេធាវីកំពុងប្រកបវិជ្ជាជីវៈ លើកឡើងថា បក្សនយោបាយដែលលោកជ្រើសរើសសម្រាប់ធ្វើសកម្មភាពពីពេលនេះទៅ គឺមានតែគណបក្សភ្លើងទៀនទេ ដោយសារគណបក្សនេះមានលក្ខណៈសម្បត្តិដែលគួរឱ្យជឿទុកចិត្តបាន ហើយឈរលើគោលការណ៍ប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម បើធៀបនឹងគណបក្សនយោបាយដទៃទៀត។
លោកបន្តថា៖ «គណបក្សដែលខ្ញុំជ្រើសរើស គឺគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀន គាត់រក្សាស្មារតីដើមនៃគណបក្សជាតិខ្មែរ ដែលចូលរួមនយោបាយដើម្បីឱ្យមានសេរីភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស យុត្តិធម៌សង្គម និងនីតិរដ្ឋ។ ហើយទី២ គណបក្សភ្លើងទៀន ក្នុងចំណោមគណបក្សក្រៅរដ្ឋាភិបាល [សម្រាប់]ខ្ញុំ គឺគណបក្សភ្លើងទៀន ហ៊ានប្រឈមជាងគេ ដើម្បីបុព្វហេតុជាតិ មាតុភូមិហ្នឹង»។
ជាអតីតសមាជិកគណៈកម្មាធិការនាយក នៃគណបក្សសង្រ្គោះជាតិផងនោះ លោក ជូង ជូងី កាលពីថ្ងៃទី១ ខែវិច្ឆិកា ម្សិលមិញនេះ បានសរសេរលិខិតជាផ្លូវការ និងបញ្ជូនទៅគណបក្សភ្លើងទៀនរួចដែរ ដោយប្រកាសគាំទ្រនិងចូលរួមសកម្មភាពនយោបាយជាមួយគណបក្សក្រៅរដ្ឋាភិបាលមួយនេះ បន្ទាប់ពីបម្រាមតុលាការកំពូលផុតកំណត់ ក្រោយថ្ងៃទី១៧ ខែវិច្ឆិកាទៅ។
ចំណែកលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ឆ្លើយតបថា នៅចំពោះមុខនេះ លោកមិនទាន់ទទួលបានលិខិតជាផ្លូវការណាមួយពីលោក ជូង ជូងី នៅឡើយទេ។ លោកបន្តថា សម្រាប់គណបក្សភ្លើងទៀន នឹងទទួលស្វាគមន៍ជានិច្ច មិនថាអ្នកចូលរួមនយោបាយមកពីបក្សណា ឬមានពណ៌សម្បុរបែបណានោះទេ នឹងផ្តល់ឱកាសស្មើៗគ្នា ដើម្បីធ្វើឱ្យកម្ពុជាមានប្រជាធិបតេយ្យ និងនីតិរដ្ឋមួយដោយពិតប្រាកដ។
លោកបន្តថា៖ «ខ្ញុំអត់ទាន់បានជួប និងទទួលបានព័ត៌មាននេះនៅឡើយផង។ គណបក្សអត់មានទេ[ប្រកាន់និន្នាការនយោបាយ] គឺស្វាគមន៍គ្រប់និន្នាការនយោបាយទាំងអស់ អត់មានប្រកាន់ថាអ្នកណាជាអ្នកណាទេ»។
ស្របពេលមិនទាន់មានភាពច្បាស់លាស់ពីជំហរវិលចូលឆាកនយោបាយឡើងវិញ ក្រៅពីលោក ជូង ជូងី អ្នកដែលជាប់បម្រាមផ្សេងទៀតហាក់នៅមានភាពស្ងប់ស្ងាត់នៅឡើយ ដោយឡែកថ្នាក់ដឹកនាំចំនួន ៨រូប រួមមាន លោក សម រង្ស៊ី លោក ហូរ វ៉ាន់ និងលោក នុត រំដួល ជាដើម ត្រូវបានតុលាការបិទសិទ្ធិធ្វើនយោបាយជារៀងរហូត។
ក្នុងពេលតុលាការបិទផ្លូវមនុស្សទាំង៨រូបនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វិញ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ អះអាងថា លោកនឹងផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ ប្រសិនបើពួកគេផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី។ យ៉ាងនេះក្តី សម្រាប់លោក សេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត យល់ឃើញថា ប្រាកដណាស់ ក្នុងចំណោមអ្នកនយោបាយដែលជាប់បម្រាម អ្នកដែលមានភក្តីភាពចំពោះលោក សម រង្ស៊ី នឹងចូលរួមជាមួយគណបក្សភ្លើងទៀន។ ដោយឡែក ចំពោះអ្នកស្មោះស្ម័គ្រនឹងលោក កឹម សុខា វិញ លោកថា ពួកគេអាចនឹងនៅសម្ងំស្ងៀមសិន ខណៈសំណុំរឿងអតីតអ្នកនយោបាយជាន់ខ្ពស់រូបនេះ នៅក្នុងដៃតុលាការនៅឡើយ៕