ពលរដ្ឋ​២៥០គ្រួសារ​​​​នៅ​​​ជាប់​​​បឹងតាមោក​​ប្តឹង​​ទៅ​​ទូតអាមេរិក​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​រប​​ស់​ពួកគេ

ប្រជាពលរដ្ឋប្រមាណ៤០នាក់ តំណាងឱ្យ២៥០គ្រួសារ រស់នៅជាប់បឹងតាមោក បាននាំគ្នាដាក់ញត្តិទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា (UN) នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រជាពលរដ្ឋប្រមាណ​៣០​នាក់ តំណាងឱ្យ​​២៥០គ្រួសារ រស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បាន​​​នាំគ្នាដាក់ញត្តិនៅស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បីសុំអន្តរាគមន៍ករណី​ជម្លោះដីធ្លី​របស់​ពួកគេ ក្រោយគ្មានដំណោះស្រាយពីអាជ្ញាធរកម្ពុជា។

ក្នុងញត្តិដាក់ទៅស្ថានទូត​សហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើង​ថា ពលរដ្ឋ២៥០គ្រួសារ បានទៅរស់នៅតាមបណ្តោយ​ផ្លូវ​លេខ​១៥១ ស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ តាំង​ពីឆ្នាំ១៩៩០ ដោយកាន់កាប់លើក្បាលដី​រៀងៗខ្លួនរហូតមកដល់បច្ចុប្បន្ន ប៉ុន្តែអាជ្ញាធរមិនបានចេញបណ្ណកម្មសិទ្ធិជូនពួកគាត់ឡើយ។

ញត្តិដដែលបន្តថា ចាប់តាំងពីឆ្នាំ២០២០មក អាជ្ញាធរខណ្ឌ​បាន​ចោទ​ពលរដ្ឋ​ថា រស់​នៅ​លើ​ដី​ចំណីផ្លូវដោយខុសច្បាប់ និងបានធ្វើទុក្ខបុកម្នេញលើពលរដ្ឋ ប្រើហិង្សា គំរាម​កំហែង និង​បានប្តឹងតំណាងពលរដ្ឋ៧នាក់ទៅតុលាការ ព្រមទាំង​បានបង្ខំឱ្យពលរដ្ឋដោះដូរទៅទីតាំង​ថ្មីជាដើម។

ពលរដ្ឋ​រស់នៅជាប់បឹងតាមោក អ្នកស្រី ប្រាក់ សុភា ប្រាប់វីអូឌីប​ន្ថែមលើខ្លឹមសារញត្តិនេះថា ពួកគាត់ដាក់ញត្តិនៅស្ថានទូតអាមេរិកនេះ ដើម្បី​ស្នើដល់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ជួយ​​អន្តរាគមន៍​ទៅ​រដ្ឋាភិបាលកម្ពុជា​ ឱ្យដោះស្រាយបញ្ហា​​ដីធ្លី​ជូនពួក​គាត់ ​ឱ្យបាន​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង និងមិនមានការបណ្តេញចេញ ឬដោះដូរទៅទីតាំងថ្មី។

ពលរដ្ឋរូបនេះបន្តថា កន្លងមក អ្នកភូមិដាក់ញត្តិនៅតាមស្ថាប័នរដ្ឋមួយចំនួន ដូចជា ក្រសួងរៀបចំដែនដី​ រដ្ឋសភា ខុទ្ទ​កាល័យ​នាយករដ្ឋមន្ត្រី និងស្ថាប័នផ្សេងទៀត ប៉ុន្តែរហូតមកដល់ពេលនេះនៅ​ពុំទាន់​មានដំណោះស្រាយណាមួយនៅ​ឡើយ ក្រៅ​តែ​ពីបង្ខំ​ឱ្យ​ពលរដ្ឋដោះដូរទៅទីតាំងថ្មីនោះ។

អ្នកស្រីបន្ថែមថា៖ «ពួកយើងអស់ជំនឿទៅលើការដោះស្រាយរបស់អាជ្ញាធរខណ្ឌ និងក្រុង ទើបពួកខ្ញុំនាំគ្នាយកញត្តិមកដាក់នៅស្ថានទូតអាមេរិកដើម្បីសុំឱ្យស្ថានទូតនេះ ជួយអន្តរាគមន៍ដល់ប្រជាសហគមន៍យើងខ្ញុំដែលសុំអភិវឌ្ឍន៍នៅនឹងកន្លែង។ សួរថា​ ដីបឹងតាមោកទាំងមូលនេះ មានសិទ្ធិរស់នៅតែក្រសួងស្ថាប័នរដ្ឋ និងក្រុមហ៊ុនមែន សម្រាប់ពលរដ្ឋត្រូវតែបណ្តេញចេញពីកន្លែងអភិវឌ្ឍន៍មែន? អីចឹងសួរថា ការអភិវឌ្ឍនេះវាមានតម្លាភាពអត់? ពួកខ្ញុំបាត់ចំណូលពីបឹងហើយ ហេតុអីពួកខ្ញុំមិនអាចទទួលបានចំណូលពីការអភិវឌ្ឍ»

បើតាមអ្នកស្រី ប្រាក់ សុភា គឺ​មន្ត្រី​ស្ថានទូតមិនបានអនុញ្ញាតឱ្យពួកគាត់ចូលយកញត្តិ​ទៅដាក់ដោយ​​ផ្ទាល់​នោះ​ទេ ដោយស្ថាន​ទូត​​​ឱ្យ​សន្តិសុខមកទទួលយកពីពួកគាត់នៅខាងក្រៅស្ថានទូត។

វីអូឌី មិនអាចសុំការឆ្លើយតបពីតំណាង​ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បាននៅថ្ងៃព្រហស្បតិ៍​នេះ។

អភិបាលរង​រាជធានីភ្នំពេញ លោក កើត ឆែ ធ្លាប់ប្រាប់វីអូឌីថា អាជ្ញាធរ​មិនអាច​ឱ្យ​ពលរដ្ឋអភិវឌ្ឍន៍​នៅនឹងកន្លែងបានឡើយ ដោយ​សារ​​​ពលរដ្ឋទាំងនោះ​​រស់នៅលើចំណីផ្លូវ​លេខ​១៥១ ដោយខុសច្បាប់ ដែលផ្លូវនេះ រដ្ឋាភិបាលគ្រោងពង្រីកឱ្យបាន៥០ម៉ែត្រ។ លោក​បន្តថា ពលរដ្ឋទាំងនោះ ត្រូវតែដោះដូរទៅទីតាំងថ្មី ដែល​រៀបចំ​ដោយ​អាជ្ញាធរដែល​ត្រូវ​បាន​ដី​ទំហំ ៤ម៉ែត្រ គុណ ១៨​ម៉ែត្រ​ក្នុង១​គ្រួសារ និង​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​សំរោង​​ដូចគ្នា។

អ្នកសម្រប​សម្រួល​គម្រោង​ធុរកិច្ច និងសិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថា ករណីពលរដ្ឋនាំគ្នាយកញត្តិទៅដាក់​នៅស្ថានទូតប្រទេសលោកសេរី​នេះ គឺ​ជា​សិទ្ធិរបស់ពួកគេ។ លោកថា ការដាក់នេះដោយ​ពលរដ្ឋ​ជឿ​ថា ស្ថានទូតសហរដ្ឋអាមេរិក អាចជជែកជាមួយរដ្ឋាភិបាលកម្ពុជា​ ឱ្យដោះស្រាយបញ្ហា​​ដីធ្លីជូន​ពួក​គេ​បាន ក្រោយ​ពួកគេអស់ជំនឿលើការដោះស្រាយរបស់អាជ្ញាធរកម្ពុជា។

មន្ត្រីសិទ្ធិមនុស្សរូបនេះ បានទទូចដល់អាជ្ញាធរពាក់ព័ន្ធដោះស្រាយជូនពលរដ្ឋឱ្យបានសមរម្យ ដែលពួកគេអាចទទួលយកបាន ដើម្បី​កុំប៉ះពាល់ដល់ជីវភាព និងរំលោភសិទ្ធិពលរដ្ឋ​ដែលធានាដោយច្បាប់ជាតិនិងអន្តរជាតិ។ លោកសង្កេតឃើញថា ការដោះស្រាយរបស់អាជ្ញាធរ ដោយ​ឱ្យពលរដ្ឋដោះដូរទៅទីតាំងថ្មីនោះ ភាគច្រើនបានធ្វើប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ដោយសារការបាត់បង់មុខរបរ និងចំណូល។

លោកបន្ថែមថា៖ «ក្នុងនាមអង្គការសង្គមស៊ីវិលយើងតែងតែសំណូពរទៅដល់រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ គិតដល់សិទ្ធិមនុស្ស ជាពិសេសសិទ្ធិរស់រានមានជីវិត សិទ្ធិមានលំនៅឋាន ដីធ្លីសមរម្យ និងជីវភាពសមរម្យ ឱ្យសមយើងជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ​កម្ពុជាបានផ្តល់សច្ចាប័ន»

ចំណែក​ប្រធានគម្រោង​សិទ្ធិ​លំនៅ​ឋាន និង​ស្រាវ​ជ្រាវ​ នៃ​អង្គការ​សមាគម​ធាង​ត្នោត​ លោក ស៊ាង មួយឡៃ ធ្លាប់​លើក​ឡើង​ថា ក្រោមគម្រោង​អភិវឌ្ឍន៍​​បឹង​តាមោក​របស់​រដ្ឋាភិបាលបានបង្កឱ្យ​មាន​​ភាព​អយុត្តិធម៌សង្គម។

មន្ត្រីសង្គម​ស៊ីវិល​​ផ្នែក​សិទ្ធិ​លំនៅឋាន​រូប​នេះ បន្ត​ថា ក្រុមហ៊ុន​ឯក​ជន ស្ថាប័ន​រដ្ឋ និងអ្នកមានលុយមានអំណាចមានសិទ្ធិទទួល​​បានដីបឹង​មក​ធ្វើជា​កម្ម​សិទ្ធិ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋក្រីក្រដែលរស់នៅ និងអាស្រ័យផលនៅជាប់បឹងនោះ​រាប់ឆ្នាំ បែរ​​​ជាមិន​​ទទួល​បាន​​កម្ម​សិទ្ធិ​លើដីរបស់ខ្លួន និងត្រូវរងនូវ​ការបណ្តេញចេញពីលំនៅឋាន​ទាំងបង្ខំ​ថែមទៀត។

គួរបញ្ជាក់​ថា បឹង​តាមោក ឬ​បឹងកប់ស្រូវ មានផ្ទៃដីសរុប ៣ ២៣៩​​ហិកតា ជា​អាង​​ស្ដុក​​ទឹក​​កខ្វក់ និង​រំដោះ​ទឹក​ចេញ​ពី​រាជធានី​​​ភ្នំពេញ ហើយ​​បឹ​ងមួយនេះ ​​ត្រូវ​​បាន​​រដ្ឋាភិបាល​​ចេញអនុក្រឹត្យ​កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​​​កំណត់​យក​​បឹង​ធម្មជាតិ​មួយ​​នេះ​ជាសម្បតិ្តសាធារណៈរបស់រដ្ឋ។

បើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់ចុង​ខែធ្នូ​ ឆ្នាំ​២០២១ ផ្ទៃបឹងតាមោក សរុប​ជាង ​២ ០០០​ហិកតា​ហើយ ត្រូវបានរដ្ឋាភិបាល​កាត់ឬដោះដូរ​ទៅ​ឱ្យស្ថា​ប័ន​​​រដ្ឋ ​ក្រុមហ៊ុន​​ឯកជន និង​បុគ្គលឯកជនមួយចំនួន​ ​ដែលគេដឹងថាជាអ្នក​មាន​លុយមានអំណាច សម្រាប់​​សាង​សង់​អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេង​ៗ ព្រម​ទាំង​ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ