លោក គង់ គាំ ថាលោក ហ៊ុន សែន ជា​«មេដឹកនាំសម្លុត»​លើ​សង្វៀន​នយោបាយ

លោក ​គង់​ ​គាំ ថ្លែង​ក្នុងពិ​ធីប្រកា​សសុ​ពលភាព​ក្រុ​​មការងា​រ​គណបក្សភ្លើងទៀ​ន ​នៅស្រុ​ក​ព្រៃ​ឈរ​ ខេ​ត្តកំពង់​ចា​ម ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ Candlelight Party)

អ្នក​នយោបាយ​ជើង​ចាស់​វ័យ​៨១​ឆ្នាំ លោក គង់ គាំ ដែលបច្ចុប្បន្នជាឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន បា​ន​​ផ្ញើ​សារបែបឌឺដងទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជា«មេដឹក​នាំសម្លុត» ដែ​​ល​ការណ៍នេះ លោ​​ក​​​​អំ​ពា​​វនាវដល់ក្រុមប្រឹក្សាជាប់ឆ្នោតរបស់ខ្លួន កុំឱ្យមានការភ័យខ្លាចក្នុងដំណើរឆ្ពោះទៅកាន់ការបោះ​​ឆ្នោត​ជា​​តិ ឆ្នាំ២០២៣។

កា​​រថ្លែង​រប​ស់លោក ​គង់​ ​គាំ នេះ​​ធ្វើឡើង​ក្នុងពិ​ធីប្រកា​សសុ​ពលភាព​ក្រុ​​មការងា​រ​គណបក្សភ្លើងទៀ​ន ​នៅស្រុ​ក​ព្រៃ​ឈរ​ ខេ​ត្តកំពង់​ចា​ម ​កា​លពីថ្ងៃ​ព្រ​ហស្បតិ៍ ​ម្សិល​មិ​ញ​។

​លោកថា៖ ​«លោក ហ៊ុ​ន​ សែន ​មេដឹកនាំ​សម្លុត! ​យើង​គណ​បក្ស​ភ្លើ​ង​ទៀន​ មេ​ដឹ​ក​នាំ​ប​រិ​សុទ្ធ​ និ​យម​កា​រស​ន្ទនា ​អត់​​ខ្លាច​​ដាច់​​ខា​ត»​។

​លោក​គូ​ស​ប​ញ្ជាក់​ថា បច្ចុប្បន្ន សារគំរាមបានក្លាយជា​ការរួមរស់សម្រាប់​ដៃ​គូប្រជែង ដែល​ការណ៍​នេះ លោកអំពាវ​នាវ​ទៅក្រុ​ម​ប្រឹក្សាជា​ប់​ឆ្នោត កុំឱ្យមានការភ័យខ្លាចលើទីលានប្រកួតសន្លឹកឆ្នោត ឆ្នាំ២០២៣ ខាង​មុខ។

លោក គង់ គាំ ថ្លែងថា៖ «ដូច្នេះ សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន តបទៅនឹងការគំរាមរំលាយ​​[គណបក្សភ្លើងទៀន​]របស់​​លោក ហ៊ុន សែន បានធ្វើ​ឱ្យ​ឥរិយាបថលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូរពីគំរាម មក​ថា​អាច​រួម​រស់ប្រជែង​ជាមួយគ្នាបាន»។

បើគ្មានអ្វីប្រែប្រួលទេ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រី នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ​២០២៣ ដែល​នៅសល់ប្រមាណជា​៨ខែទៀ​ត​ប៉ុណ្ណោះ។

លោក គង់ គាំ ជាអតីតមន្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ និងក៏ជាអតីតមន្ត្រីជាន់ខ្ពស់​​គណបក្សប្រជាជនកម្ពុជា នៅក្រសួងការបរទេសអំឡុងទសវត្សរ៍៨០។

ក៏ប៉ុន្តែក្រោយ​ពី​មាន​​​បញ្ហា​ក្នុង​​ជួរ​​បក្ស លោក គង់ គាំ បានប្រឡូកចូល​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​សម រង្ស៊ី របស់​លោក សម រង្ស៊ី ចាប់ពីឆ្នាំ១៩៩៥មក។

ក្នុងពិធីចែកស្រូវ​ពូជ​ដល់​ប្រជា​ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ឆ្នាំង​ កាល​ពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បានថ្លែងបែប​គំរាម​ពី​វិធាន​ការ​រំលាយ​គណបក្សភ្លើង​ទៀន បើ​​មេដឹកនាំបក្ស​នេះ​​មិន​បញ្ជាក់ជំហរពីការមិនជាប់ពាក់ព័ន្ធ​នឹងការទទួលថវិកាពីមេដឹកនាំនៅក្រៅប្រទេសមួយ​ចំនួន ដែល​លោក​ថា​ជា​ទណ្ឌិត រួម​ទាំង​ការ​ថ្លែង​របស់​លោក សម រង្ស៊ី ជាស្ថាបនិកគណបក្សភ្លើងទៀន ជុំវិញ​ការប្រមាថព្រះមហាក្សត្រ។

លោកថា៖ «ច្បាប់ស្តីពីគណបក្សនយោបាយ គឺចែងមិនឱ្យមានទំនាក់ទំនងទណ្ឌិតនោះទេ ដូច្នេះ​ចំណុច​នេះ​គ្រាន់តែប្រាប់​អ្នក​ឯង​ឱ្យ​បាន​ដឹង​ថា​តម្រុយឆ្ពោះទៅរកដំណាក់កាលមួយកំពុងប្រឈមសម្រាប់អ្នកឯង ហើយ​អាច​បក្សខ្លះអាចរលាយក៏អាចថាបាន ប្រសិនបើគេធ្វើសកម្មភាពស្របជាមួយជន​ក្បត់»។

អ្នកនាំពាក្យ​គ​ណបក្ស​ប្រជាជ​នក​ម្ពុ​ជា ​លោក ​សុ​ខ​ ឥ​សាន​ អះ​អា​ងផ្សេងពីនេះ ដោយសម្អាង​ថា អ្វីដែលបាន​កើតឡើង​ជា​ការរំឭក​អ្នក​នយោបាយកុំឱ្យដើរចេញពីគន្លងច្បាប់។

លោកថា៖ «ហើយក្រុមសកម្មជនមួយចំនួនដែលដើរតាមក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹង វាមាន​ន​រណាសម្លុត? ទង្វើ​របស់គាត់មានពិរុទ្ធភាព ​ដែលច្បាប់ចោទប្រកាន់លើគាត់ ដូច្នេះហើយគាត់ជាប់ពិរុទ្ធភាព។ អារឿង​ជាប់គុក​ជាប់ច្រវាក់អីហ្នឹងដោយសារអី? ដោយសារគាត់ធ្វើខុស មិនមាននរណាសម្លុតគាត់ទេ»។

​សា​ស្ត្រាចារ្យ​វិ​ទ្យាសា​ស្ត្រ​ន​យោ​បាយ​ ​លោ​​ក​​ ឯ​​ម ​​សុ​វណ្ណ​រ៉ា ​មើ​ល​ឃើញ​ថា​ ​គណ​ប​ក្ស​ភ្លើង​ទៀ​​ន​​​​ ​​​នឹ​​​​​ងមិ​ន​មែន​ជា​​គោ​លដៅ​រំ​លាយ​​ទេ​ ​ព្រោះ​បក្សនេះមិន​មា​នស​ក្ដា​នុ​ពល​គំរា​ម​កំហែ​ងអំ​ណាច​តា​​មរ​យៈសន្លឹ​កឆ្នោតដល់​បក្ស​កា​ន់អំណាច​ ដូចកាលពី​​ឆ្នាំ​២​០១៣ ​និងឆ្នាំ​២០១៧​។

​មួ​យ​វិញទៀត លោក​ថា នៅអាណត្តិ​ក្រោយ ​​បក្ស​កាន់​​អំ​ណា​ចក៏​​ច​​ង់​បន្ត​លេ​ងល្បែ​ងនេះតាមយន្ត​ការ​​មានពហុបក្ស តែមិ​ន​​គំរាម​អំណាច​​ ​ដើម្បី​ស​ម្រេច​ផែ​​ន​កា​​​​រ​បន្តវេន​​​រប​ស់ប​ក្សកាន់អំណា​​ច​​ផង​ដែរ។

លោកថា៖ ​«លុះត្រាតែមានច​រ​ន្តរួបរួ​មគ្នា​ មា​នចរ​ន្ត​នយោ​បាយអ្នកប្រជាធិបតេយ្យហ្នឹងខ្លាំង។ បើកម្លាំងហ្នឹង តម្លៃន​យោបាយបច្ចុប្បន្ននេះ វាមិនទាន់ឈានទៅដល់ធ្វើឱ្យគណបក្សកាន់អំណាចហ្នឹងត្រូវតែជំរុញឱ្យ​មាន​​ការ​រំលាយ​គណបក្សភ្លើងទៀនទៀតទេ»។

ប៉ុន្តែយ៉ាងណា លោក​គិត​ថា ពីពេលនេះរហូត​ទៅ​ដល់​ថ្ងៃ​បោះ​ឆ្នោត គណបក្សនេះ​នៅតែបន្តជួបព្យុះភ្លៀង បើទោះ​ជាគេរំពឹងថាចប់​បម្រាម​នយោបាយ​ត្រឹមថ្ងៃទី១៦ ខែ​វិច្ឆិកា​នេះ នឹង​មាន​អ្នកនយោបាយស្មោះស្ម័គ្រច្រើន​ទៀតនឹងមកចូលរួមជាមួយបក្សភ្លើងទៀន ជំរុញឱ្យមានកាកៀរគរអ្នកគាំទ្របានច្រើនជាងមុនក្ដី។

បញ្ហានេះ សហគមន៍អន្តរជាតិ និងប្រទេស​លោកសេរី បាន​ទាមទារទៅរដ្ឋាភិបាលម្ពុជាបើកលំហប្រជាធិបតេយ្យ​នៅ​មុនការបោះ​ឆ្នោតជាតិឆ្នាំ​២០២៣ ដើម្បីឱ្យ​ការ​បោះ​ឆ្នោត​ជាតិអាណត្តិថ្មី​នេះមានលក្ខណៈ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ តាមគន្លងប្រជាធិបតេយ្យឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ