អ្នកឃ្លាំមើលសង្គម បង្ហាញការយល់ឃើញថា ឆ្នាំ២០២៣ ជាពេលវេលាដែលអ្នកនយោបាយខ្មែរត្រូវរួមគ្នាស្ដារប្រជាធិបតេយ្យឡើងវិញ ដើម្បីដោះស្រាយបញ្ហាជាតិ ដោយសម្អាងថា វិធានបិទខ្ទប់អ្នកនយោបាយជំទាស់ មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំមកនេះ គ្មានអ្នកឈ្នះនោះទេ តែធ្វើឱ្យជាតិខាតបង់។
នៅថ្ងៃពុធម្សិលមិញ បម្រាមធ្វើនយោបាយរយៈពេល៥ឆ្នាំលើអ្នកនយោបាយមកពីគណបក្សជំទាស់ចំនួន១១៨រូប ដែលតុលាការកំពូលបានហាមឃាត់ បានផុតកំណត់។
ក៏ប៉ុន្តែមេដឹកនាំគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ ចំនួន១៧រូប រួមមាន លោក សម រង្ស៊ី និងលោក កឹម សុខា ជាដើម នៅបន្តជាប់បម្រាមធ្វើនយោបាយនៅឡើយ ក្រោយពីគណបក្សដែលទទួលបានសំឡេងឆ្នោតគាំទ្រពីពលរដ្ឋជិតពាក់កណ្តាលប្រទេស ត្រូវបានបិទខ្ទប់ពីសង្វៀននយោបាយរយៈពេល៥ឆ្នាំ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា ហៅវិធានការបិទខ្ទប់នេះថា កម្ពុជាបានខាតបង់ប្រយោជន៍ខាងអំណោយផលសេដ្ឋកិច្ចពីប្លុកលោកសេរី ដូចជា កម្ពុជាត្រូវបានគេកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ ខណៈមន្ត្រីស្និទ្ធនឹងរដ្ឋាភិបាលមួយចំនួនត្រូវបានអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ ជាដើម។
បន្ថែមពីនេះ លោកថា កេរ្តិ៍ឈ្មោះកម្ពុជាត្រូវបានគេរិះគន់ជាបន្តបន្ទាប់លើឆាកអន្តរជាតិ ហើយជំនួយខ្លះត្រូវបានគេកាត់ផ្តាច់ ដើម្បីឆ្លើយតបទៅនឹងការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ និងការធ្វើឱ្យប្រជាធិបតេយ្យដើរថយក្រោយ។
មួយវិញទៀត លោកថា អ្នកចប់បម្រាមធ្វើនយោបាយវិញ ពួកគេមិនបានចុះចូលជាមួយបក្សកាន់អំណាចដូចគ្នានឹងអ្នកសុំសិទ្ធិធ្វើនយោបាយ ខណៈការបោះឆ្នោតថ្មីៗបានបង្ហាញថា សន្ទុះនៃការគំាំទ្រគណបក្សក្រៅរដ្ឋាភិបាលនៅតែបន្តកើនឡើង។
បញ្ហានេះ លោកយល់ថា មេរៀននៃវិធានការបិទខ្ទប់សំឡេងជំទាស់៥ឆ្នាំមកនេះ ហាក់បង្ហាញថា គ្មានអ្នកនយោបាយណាឈ្នះទេ តែផ្ទុយទៅវិញ ប្រទេសជាតិ និងប្រជាពលរដ្ឋជាអ្នកខាតបង់។
លោក មឿន តុលា គូសបញ្ជាក់ថា សារនេះក៏បង្ហាញដែរថា យុទ្ធសាស្ត្រគំរាមកំហែង ទិញទឹកចិត្ត និងផ្តល់តំណែង ដើម្បីបន្សាបដៃគូប្រកួតលើសង្វៀននយោបាយ ក៏មិនជោគជ័យដែរ។
លោកថា៖ «បើយើងមើលការគំរាមកំហែងជិតមួយអាណត្តិនេះ ប្រជាពលរដ្ឋគួរគ្រប[រាប]ដល់កន្ទេលហើយ ប៉ុន្តែជាក់ស្តែងលទ្ធផលឆ្នោត២០២២នេះ យើងបានឃើញហើយថា សម្រាប់ពលរដ្ឋខ្មែរឆ្លាតណាស់[…] អ៊ីចឹងសរុបមក យុទ្ធសាស្ត្រគំរាមកំហែង ទិញអីនេះ វាមានប្រសិទ្ធភាពសម្រាប់តែបុគ្គលទេ តែសម្រាប់នយោបាយស្មារតីមហាជន គឺអត់ទាន់មានប្រសិទ្ធភាពទេ តែផ្ទុយទៅវិញ អ្នកដែលប្រើលុយប្រើអំណាចទៅគាបសង្កត់គេហ្នឹងកាន់តែធ្លាក់ប្រជាប្រិយថែមទៀត»។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ យល់ថា វិធានការបិទខ្ទប់បក្សនយោបាយដែលមានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេស ចេញពីសង្វៀននយោបាយរយៈពេល៥ឆ្នាំមកនេះ ជាមេរៀនអាក្រក់មួយ ដែលថា អ្នកនយោបាយខ្មែរមិនត្រូវឱ្យវាកើតឡើងជាថ្មីទៀតទេ។
ក្នុងន័យនេះ លោកគូសបញ្ជាក់ថា កម្ពុជាបានប្តេជ្ញាចិត្តអនុវត្តរបបប្រជាធិបតេយ្យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលប្រសូត្រពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលកិច្ចព្រមព្រៀងនោះមានប្រទេសមហាអំណាចទាំង៥ ទទួលស្គាល់ ហើយបែរជាទទួលរងនូវការថ្កោលទោស រួមទាំងវិធានកាត់ផ្ដាច់ជំនួយពីប្រទេសទាំងនោះ ដោយសារតែមូលហេតុផ្តើមចេញពីមេដឹកនាំកម្ពុជាទៅវិញ។
បទពិសោធនេះ លោកថា សម្រាប់ឆ្នាំ២០២៣ ជាពេលវេលាដែលមេដឹកនាំទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ត្រូវហ៊ានប្រកួតអំណាចដោយសុចរិតភាព ដើម្បីជំរុញការអភិវឌ្ឍជាតិ ប្រកួតប្រជែងជាមួយប្រទេសជិតខាង។
លោកថា៖ «អ៊ីចឹងខ្ញុំចាត់ទុកថា ជាមេរៀនមួយដ៏អាក្រក់ដែលមិនគួរឱ្យវាកើតមានបន្តទៀតទេ […] មេដឹកនាំដែលល្អ គេរៀបចំឱ្យប្រព័ន្ធនយោបាយដើរជាលក្ខណៈប្រព័ន្ធ មិនមែនដើរតាមបុគ្គល ឬនរណាម្នាក់គ្រាន់តែចង្អុលបង្ហាញ ឬជានិមិត្តរូបរបស់នរណាម្នាក់ទេ»។
ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ឃើញផ្សេងពីនេះ ដោយថា បក្សកាន់អំណាចឈ្នះ ហើយការឈ្នះនេះសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយលោកសម្អាងថា គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រពីពលរដ្ឋជិត៨០ភាគរយនៃសំឡេងឆ្នោត នាពេលថ្មីៗនេះ។
លោកថា៖ «ដូច្នេះហើយ អានេះហើយជាជ័យជម្នះពិតប្រាកដរបស់គណបក្សប្រជាជន។ គណបក្សប្រជាជន មិនយកជ័យជម្នះនៅក្នុងអារម្មណ៍ ឬមួយនៅក្នុងចិត្តដូចជាគណបក្សផ្សេងទេ»។
អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា មើលឃើញថា យុទ្ធសាស្ត្រគំរាម សម្លុត និងផ្តល់តំណែង ដើម្បីបន្សាបឥទ្ធិពលដៃគូប្រកួត ត្រូវបានបក្សកាន់អំណាចប្រើប្រាស់យូរណាស់មកហើយ ហើយថាយុទ្ធសាស្ត្រនេះនៅមានឥទ្ធិពលសម្រាប់អ្នកនយោបាយដែលគិតប្រយោជន៍ផ្ទាល់ខ្លួនជាធំ និងអ្នកនយោបាយដែលរងសម្ពាធធ្ងន់ធ្ងរ គ្មានជម្រើសក្រៅពីការចុះចូល។
មួយវិញទៀត លោកថា ការបង្កកសិទ្ធិធ្វើនយោបាយ៥ឆ្នាំទៅលើក្រុមជំទាស់ បានឆ្លុះបញ្ជាំងពីល្បែងនយោបាយបែបឈ្នះចាញ់ មិនមែនជាការប្រកួតនយោបាយតាបបែបប្រជាធិបតេយ្យទេ។ លោកគូសបញ្ជាក់ថា វប្បធម៌បែបនេះបង្កើតជាដំបៅឈឺចាប់ បង្កជាគំនុំរវាងអ្នកនយោបាយនិងអ្នកនយោបាយ ដែលជាហេតុធ្វើឱ្យកម្ពុជាបន្តដើរលើផ្លូវមិនច្បាស់លាស់លើយន្តការពង្រឹងផ្ទៃក្នុងជាតិ។
ជ្រុងមួយនៃវិធានការនេះ លោកថា ក៏ជាសារប្រាប់ទៅបក្សកាន់អំណាចដែរថា ការប្រើប្រាស់ប្រព័ន្ធច្បាប់ ដើម្បីបំបិទសិទ្ធិបានតែមួយរយៈទេ តែមិនអាចទាញទឹកចិត្តពលរដ្ឋឱ្យទទួលយកនូវអ្វីដែលគេមិនពេញចិត្តនោះទេ។ លោក វណ្ណ ប៊ុនណា យល់ថា ដើម្បីដោះស្រាយវិបត្តិជាតិ គឺត្រូវរួមគ្នាអនុវត្តរបបប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យបានពេញលេញ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោកថា៖ «វាគ្មានអ្វីល្អជាជាងនយោបាយដែលប្រកួតគ្នាទៅលើវិធានមួយ ដែលមានយន្តការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ ដែលធ្វើឱ្យអ្នកប្រកួតនយោបាយទាំងសងខាងចាញ់ ចាញ់ដោយអស់ចិត្ត អ្នកឈ្នះអស់ចិត្ត ហើយព្យាយាមទទួលយកលទ្ធផលក្នុងការអនុវត្តលើគោលនយោបាយសម្រាប់ការរីកចម្រើនរបស់ជាតិ»។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូល បានចេញសាលដីការំលាយគណបក្សសង្គ្រោះជាតិ ដែលមានសមត្ថភាពប្រជែងអំណាចជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីឆាកនយោបាយ ដែលក្រុមអ្នកឃ្លាំមើលហៅការសម្រេចនេះថាជាការសម្លាប់លទ្ធិប្រជាធិបតេយ្យ។
តាមរយៈសាលដីកានេះ អាសនៈទាំងអស់របស់គណបក្សប្រឆាំង ទាំងក្នុងសភា និងឃុំសង្កាត់ ចំនួនប្រហាក់ប្រហែលបក្សកាន់អំណាចដែរនោះ ត្រូវបានរឹបអូស ហើយអ្នកនយោបាយបក្សនេះចំនួន១១៨រូប ត្រូវបានហាមធ្វើនយោបាយរយៈពេល៥ឆ្នាំ។
ការបាត់មុខបក្សប្រឆាំងធំមួយនេះពីឆាកនយោបាយ ធ្វើឱ្យការបោះឆ្នោតជាតិឆ្នាំ២០១៨ គណបក្សកាន់អំណាចដណ្តើមបានអាសនៈទាំង១២៥ ក្នុងរដ្ឋសភា។
តែយ៉ាងណា សហភាពអឺរ៉ុប បានព្រមានដកប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុងពីកម្ពុជា បើការបោះឆ្នោតជាតិ នៅកម្ពុជាដែលគ្រោងធ្វើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ខ្វះលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគន្លងប្រជាធិបតេយ្យនោះ៕