គណបក្សខ្មែររួបរួមជាតិ ស្នើឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កែសម្រួលលើខ្លឹមសារមួយចំនួន ក្រោយពីបានពិនិត្យរួចលើបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានដកស្រង់សម្ដីមកចុះផ្សាយតាមរយៈលិខិតមួយច្បាប់ដែលបានផ្ញើទៅស្ថាប័ន គ.ជ.ប នៅថ្ងៃទី១៧ ខែវិច្ឆិកា ម្សិលមិញថា គណបក្សក្រៅរដ្ឋាភិបាលមួយនេះរកឃើញចំណុចខ្វះខាតមួយចំនួនដែលត្រូវកែតម្រូវ សម្រាប់បទបញ្ជានិងនីតិវិធីនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ខាងមុខនេះ។
គណបក្សខ្មែររួបរួមជាតិ រកឃើញថា ៣ចំណុចដែលត្រូវកែសម្រួលនិងរក្សាទុក ដូចជា ទម្រង់១១០២ ឬហៅថា កំណត់ហេតុរាប់សន្លឹកឆ្នោត និងសូមបញ្ជាក់បន្ថែមក្នុងជំពូកទី៣ ត្រង់ប្រការ ៣.៣ ដោយចែងថា សមាគមឬអង្គការមិនមែនរដ្ឋាភិបាលដែលមានបំណងចូលរួមសង្កេតការណ៍ មិនត្រូវអនុញ្ញាតឱ្យពាក់ឯកសណ្ឋាន ឬសញ្ញាសម្គាល់របស់ស្ថាប័នឡើយ គឺត្រូវពាក់តែបណ្ណដែលចេញដោយ គ.ជ.ប។
ប្រភពដដែលក៏រកឃើញពីចំណុចដែលត្រូវកែតម្រូវមួយទៀតនៃបទបញ្ជានិងនីតិវិធីនេះ គឺនៅត្រង់ចំណុចលិខិតបញ្ជាក់បេក្ខជនថាពិតជាបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឃុំសង្កាត់រួចហើយ ហេតុនេះ គណបក្សស្នើឱ្យ គ.ជ.ប លុបចេញនូវប្រការ ៤.៥ ចំណុច ៤.៥.២.២ ពីព្រោះបញ្ជីឈ្មោះបោះឆ្នោត គឺផ្តល់សុពលភាពដោយ គ.ជ.ប រួចស្រេចទៅហើយ។
មកដល់ពេលនេះ គេសង្កេតឃើញថា មានតែគណបក្សខ្មែររួបរួមជាតិមួយទេ ដែលបានបញ្ជូនចម្លើយនៃការត្រួតពិនិត្យអំពីបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នេះ មុនការកំណត់ ទៅស្ថាប័នជាតិរៀបចំការបោះឆ្នោត៕