គ.ជ.ប បន្ត​ទទួល​មតិយោបល់​ពី​ភាគី​ពាក់ព័ន្ធ​លើ​ការ​កែសម្រួល​សេចក្ដី​ព្រាង​បទបញ្ជា​និង​នីតិវិធី​បោះឆ្នោត

លោក ហង្ស ពុទ្ធា មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ផ្ដល់បទសម្ភាសន៍អំឡុងពេលដំណើការដាក់ឱ្យ​​សាកល្បង​​​ធ្វើ​​​តេស្ត​​ទឹក​ថ្នាំជ្រលក់​​​ដៃលុ​ប​មិន​ជ្រះ ជា​លើក​ដំបូង សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ខាងមុខ នៅ​ទីស្តីកា​រ គ.ជ.ប នៅ​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណៈកម្មាធិការជាតិរៀប​​ចំការ​​បោះ​​​ឆ្នោត (គ.ជ.ប) ពន្យារពេលទទួលយកមតិយោបល់របស់គណបក្សនយោបាយ និងសង្គមស៊ីវិល ជុំវិញការកែសម្រួលលើសេចក្ដីព្រាង​​បទបញ្ជា និងនីតិវិធីសម្រាប់​​ការ​​បោះឆ្នោតជ្រើស​តាំង​តំណាង​រាស្រ្ត​លើក​​ទី​​៧​ ដើម្បីឱ្យការ​បោះឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ កាន់តែ​​​ប្រ​​ព្រឹ​​ត្ត​​​ទៅ​ដោយ​សេរី ត្រឹមត្រូវ និងពេញលេញ។

កាល​​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ២០២២ គ.ជ.ប បានចេញ​សេចក្ដីជូនដំណឹងមួយ ដោយ​​ស្នើ​ឱ្យ​គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ពិនិត្យ និង​ផ្ដល់​​​យោ​​​​​បល់​លើសេចក្ដីព្រាងបទបញ្ជា​ និងនីតិវិធី​សម្រាប់ការបោះឆ្នោតជ្រើស​​តាំង​​តំ​​ណា​​​​​​ង​​រាស្រ្ត នីតិកាលទី៧ ដែល​មានកម្រាស់​ ​​៣​​​៣៧ទំព័រ ក្នុងនោះ​មាន១០ជំពូក និងឧបសម្ពន្ធរួមបញ្ចូលផង។ តាមរយៈសេចក្តីជូនដំណឹង​នេះ គ.ជ.ប ទុក​ពេល​ឱ្យភា​គី​ពាក់​ព័ន្ធមាន​ពេល​ត្រួត​ពិនិត្យ និង​ផ្តល់​​យោ​​​​​​​បល់​​ត្រលប់ទៅ​វិញ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។

តែយ៉ាងណា ​អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍នៅថ្ងៃចន្ទនេះថា គ.ជ.ប នៅតែបន្ត​ប្រមូល​យក​អនុសាសន៍​ពី​​​តំណាង​គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ​ផ្សេងទៀត ជុំវិញសេចក្តីព្រាង​​បទ​បញ្ជា និង​នីតិវិធី​សម្រាប់​​​ការ​បោះ​​ឆ្នោ​ត​​​ជ្រើ​​ស​​តាំងតំណាងរាស្ត្រ សម្រាប់​ដា​ក់ធា​តុ​​ចូល​ក្នុង​ការ​កែលម្អលើ​ខ្លឹម​​​សា​រ​នៃសេចក្ដីព្រាង​នេះ ដើម្បីឱ្យ​​ការ​​បោះ​ឆ្នោត​ជ្រើស​​តាំង​តំណាង​រាស្រ្ត​លើក​​ទី​​៧ នា​​ពេលខាង​មុខ​នេះ ​ឱ្យ​ប្រ​​ព្រឹ​​ត្ត​​​ទៅ​ដោយ​សេរី ត្រឹមត្រូវ និងពេញលេញ។

លោកមានប្រសាសន៍ថា៖ «បើទោះបីជាកំណត់ពេលវេលា ប៉ុន្តែដូចខ្ញុំជម្រាបអ៊ីចឹង​ថា នៅតែដាក់ពេលវេលាទទួលយកអនុសាសន៍ បើសិនជានៅតែមាន[អនុសាសន៍ដាក់]មក មុន​ការ​សម្រេចរបស់ គ.ជ.ប គឺ គ.ជ.ប នៅតែទទួលយកមកពិចារណា ព្រោះ គ.ជ.ប មានបំណងធ្វើឱ្យការបោះឆ្នោត​កាន់តែមានភាពល្អប្រសើរ បើសិនជាអនុសាសន៍នោះមានភាពត្រឹមត្រូវ មានភាពចាំបាច់»។

យ៉ាងណា លោកនៅពុំទាន់បញ្ជាក់បានពីពេលវេលាជាក់លាក់ដែល គ.ជ.ប នឹងអនុម័តលើសេចក្តីព្រាង​បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជាតិនោះបាននៅឡើយទេ។

បើតាមលោក ហង្ស ពុទ្ធា រាល់មតិយោបល់ និងអនុសាសន៍របស់តំណាងគណបក្សនយោបាយ សង្គមស៊ីវិល និង​ដៃគូពាក់ព័ន្ធ ដែលស្នើសុំកែសម្រួល​បទ​បញ្ជា និង​នីតិវិធី​សម្រាប់​​​ការ​បោះ​​ឆ្នោ​ត​​​ជ្រើ​​ស​​តាំងតំណាងរាស្ត្រនោះ គឺ គ.ជ.ប ទទួលយកមកពិចារណា ប៉ុន្តែមិនប្រាកដថា គ.ជ.ប ធ្វើតាមសំណើ​ទាំង​អស់​នោះទេ។

អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា លោកគាំទ្រ គ.ជ.ប ដែលពន្យារពេល និងទទួលយកមតិយោបល់របស់គណបក្សនយោបាយ និងសង្គមស៊ីវិល ជុំវិញការកែសម្រួលបទបញ្ជា និងនីតិវិធីបោះឆ្នោតនេះ។ ប៉ុន្តែ​លោកថា បើ គ.ជ.ប គ្រាន់​តែ​ទទួលយកអនុសាសន៍របស់ភាគីពាក់ព័ន្ធ​​ហើយ តែមិនបាន​​ដាក់បញ្ចូល​ ឬកែសម្រួល​​លើសេចក្តីព្រាង​នោះទេ នោះការបោះឆ្នោត​នាពេលខាងមុខ​នឹង​​​​មិន​អាចប្រព្រឹត្តទៅដោយ​មានសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ​ទេ។

លោកមានប្រសាសន៍ថា៖ «ការលើក​ឡើង​របស់​គណបក្សនយោបាយ មិនត្រូវបានយកមកពិចារណាឬក៏ជជែក វាមិន​បាន​ប្រយោជន៍​អ្វី​ទេ! សំខាន់​យើង​យក​មក​ជជែក​គ្នា ដើម្បីកែលម្អ ទើបពន្យា​រពេល​វា​ត្រឹម​ត្រូវ ពីព្រោះយើង​ខ្ញុំក៏សិក្សាមើលរឿងទាំងអស់ហ្នឹង និងរឿងដែលជួបប្រទះ យើង​ស្នើសុំឱ្យបញ្ចូល ដើម្បីកែលម្អទាំងអស់។ ប៉ុន្តែការពន្យារជារឿងមួយល្អហើយ ក៏ប៉ុន្តែការទទួលយកទៅពិគ្រោះនិងពិភាក្សាគ្នានេះ ជារឿងសំខាន់និងចាំបាច់ដែលត្រូវតែធ្វើ»។

អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ​នៃ​​អង្គ​​ការ​​ខុម​​ហ្រ្វែល លោ​ក កង សាវាង្ស មានប្រ​សាសន៍​ថា នៅថ្ងៃចន្ទនេះ អង្គការខុមហ្វ្រែលបានដាក់លិខិតមួយទៅ គ.ជ.ប ដើម្បីស្នើសុំកែសម្រួលបទបញ្ជា និងនីតិវិធី មានចំនួន៧ចំណុច ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើស​តាំង​តំណាង​រាស្រ្ត​លើក​​ទី​​៧​ខាង​មុខ​នេះកាន់តែមានភាពល្អប្រសើរជាងអាណត្តិមុនៗ។

លោកបញ្ជាក់ថា អនុសាសន៍ទាំង៧ចំណុចដែលអង្គការនេះរំពឹងថានឹងមានការកែលម្អ​​នោះ ​រួមមាន វត្តមានអាជ្ញាធរនៅការិយាល័យបោះឆ្នោត មានការកត់ឈ្មោះ ប្រើប្រាស់សម្ដីមិនសមរម្យ, ការ​ចែករំលែកព័ត៌មានទម្រង់១១០២, ការអនុវត្ត​ច្បាប់ និងអនុវត្តបទបញ្ជានិងនីតិវិធី មិនទាន់ល្អ នៅតែមានការប្តឹងទៅតុលាការ និង​សុំឱ្យផ្តល់កាតអ្នកសង្កេតការណ៍ឱ្យបានទាន់ពេលវេលា ដើម្បីបង្កលក្ខណៈងាយស្រួលដល់សង្គមស៊ីវិលក្នុងការ​បំពេញការងាររបស់ខ្លួន នៅអំឡុងពេលបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ។

លោ​ក កង សាវាង្ស មានប្រសាសន៍បន្ថែមថា បើ គ.ជ.ប មិនព្រមទទួលអនុសាសន៍របស់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធទេ នឹងធ្វើឱ្យដំណើរការបោះឆ្នោតថ្នាក់ជាតិ រង​នូវការរិះគន់ និងមានការតវ៉ាដូចអាណត្តិមុនៗផងដែរ។

លោកមានប្រសាសន៍ថា៖ «បើសិនជាមានការកែសម្រួលចំណុចច្រើន គឺភាពសង្ស័យ ភាពមិនអស់​ចិត្ត ការមិនសុខព្រមពីភាគីពាក់ព័ន្ធ ជាពិសេសភាគីគណបក្សនយោបាយ គឺអាចកាត់បន្ថយបានច្រើន។ ប៉ុន្តែបើចំណុចនេះនៅតែបន្តឱ្យកើតមានឡើង គឺថាការតវ៉ា ការលើកឡើង មិនអាចបាត់ទេ គឺនៅតែមានការតវ៉ា នៅតែមានការជជែកលើកឡើង វាមិនមែនជាចំណុចមួយល្អសម្រាប់នៅក្នុងដំណាក់កាលនៃការបោះឆ្នោតទេ»។

កន្លងមក ក្រុមអ្នកនយោបាយ និងអង្គការសង្គមស៊ីវិលមួយចំនួនក៏ធ្លាប់បានរិះគន់ និង​​​ជំរុញ​ឱ្យ គ.ជ.ប ធ្វើការ​កែលម្អ​សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត​នេះផងដែរ ដោយ​ពួកគេ​​​​នៅតែ​មើល​ឃើញ​​ថា ការ​ទុក​ពេល​វេលាខ្លី​នៃការចុះ​​ឈ្មោះ​​​ភ្នាក់ងារ​អ្នក​​សង្កេត​​ការណ៍​បោះ​ឆ្នោត ការ​​លុប​បំបាត់​​ទម្រង់​១១០២ ឬហៅថា​ទម្រង់​​នៃកា​​ររា​​ប់​​សន្លឹក​​ឆ្នោត និ​ង​​​​​នី​​​តិ​​វិធីនៃការរាប់សន្លឹកឆ្នោត នៅតែជាបញ្ហា និង​បង្កភាពស្មុគស្មាញសម្រាប់​​គណបក្សនៅក្រៅ​​រដ្ឋា​​ភិ​​បាល។ មួយវិញទៀត ពួកគេថា ខ្លឹម​សារ​ដែល​តម្រូវ​ឱ្យ​ត្រួត​ពិនិត្យ​នេះ គឺខុសពីឯកសារ​មុនៗ ដែលមិន​​មាន​​គូស​​សញ្ញាសម្គាល់ ដែល​ភាសាបច្ចេកទេសជាភាសាអង់គ្លេស​ហៅថា ត្រែក ឆែង (Tract Chan​​ge​​) បានបង្កើនភាពស្មុគស្មាញ​មួយ​កម្រិត​ទៀតក្នុង​ការ​ត្រួត​ពិនិត្យ។

តែយ៉ាងណា មន្ត្រី គ.ជ.ប បាន​បញ្ជាក់ ការមិនចែកជូន​​ទម្រង់​​​១១​​០២​នេះ គឺដើម្បីចៀសវាងកំហុសកើតឡើងជាថ្មីទៀត ហើយការ​មិនដាក់​​​សញ្ញា​សម្គាល់ ឬហាយឡាយ នៅត្រង់ចំណុចដែលត្រូវកែតម្រូវនោះ ដោយសារ​សេចក្តីព្រាងនេះបាន​​​ស្រង់​​យ​​​​កខ្លឹម​សា​រទាំងស្រុងចេញ​ពីប​ទ​បញ្ជា និងនីតិវិធី សម្រាប់ការ​​បោះឆ្នោតជ្រើស​​រើស​​​ក្រុម​​​ប្រឹ​​ក្សា​​ឃុំ​សង្កាត់ ឆ្នាំ២០២២ ជាគោលរួចមកហើយ។

អនុលោមច្បាប់ស្តីពីការបោះឆ្នោតជ្រើស​តាំង​​តំណាង​​រាស្រ្ត រដ្ឋាភិបាល​​បានប្រកាសកាលពីចុងខែមិថុនា ឆ្នាំ២០២២ ដោយកំណត់យកថ្ងៃអាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ២០២៣ ជាថ្ងៃសម្រាប់ការបោះ​​ឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឬបោះឆ្នោត​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ