អាជ្ញាធរចាប់ខ្លួនសមាជិកបក្សភ្លើងទៀននៅខេត្តកណ្ដាល ក្រោយមានជម្លោះជាមួយសាច់ញាតិអធិការរងនគរបាលស្រុក

លោក គង់​អួន​ ​សមាជិកគណបក្សភ្លើងទៀន។ (ផ្ដល់ឱ្យ)

ក្រុមគ្រួសាររបស់លោក គង់ អួន បានអះអាងថា ​លោក គង់​អួន​ ដែលជា​សមាជិកគណបក្សភ្លើងទៀន ត្រូវបានអាជ្ញាធរចាប់ខ្លួន​កាលពីថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២២ ដោយពុំមានដីកា ក្រោយពីមានជម្លោះជាមួយអ្នកជិតខាងដែលជាសាច់ញាតិរបស់អធិការរងនគរបាលស្រុក។

​ក្មួយប្រុស​របស់​លោក គង់ អួន គឺលោក ឡុក ឈាន ឱ្យដឹងថា មុនពេលចាប់ខ្លួន គ្រួសាររបស់លោកមានជម្លោះដីធ្លីនៅភូមិ​​ក្រោម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​ ​ជាមួយ​នឹង​គ្រួសារម្ខាងទៀតដែលជាសាច់ញាតិរបស់​អធិការរងនគរបាលស្រុកខ្សាច់កណ្ដាល។

លោកថា នៅថ្ងៃកើតហេតុ គឺនៅព្រឹកថ្ងៃទី៧ ខែធ្នូ ម្ដាយរបស់លោកដែលជាបងថ្លៃរបស់លោក គង់ អួន បានបោសសំរាមនៅមុខផ្ទះ ស្រាប់តែពេលនោះ ភាគីម្ខាងទៀតដែលជាអ្នកជិតខាងបានយកសំរាមពីផ្ទះរបស់ខ្លួន មកចាក់លើកន្លែងដាក់សំរាមនៅផ្ទះរបស់លោក ឡុក ឈាន។ ក្នុងពេលនោះដែរ លោក គង់ អួន បានមកមើល រួចក៏ឆ្លើយឆ្លងសម្តីគ្នារហូតឈានដល់ការប្រកែក ប៉ុន្តែមិនបានប្រព្រឹត្តអំពើហិង្សាលើគ្នាទៅវិញទៅមកនោះទេ។ លុះមួយសន្ទុះក្រោយមក លោក គង់ អួន បានយកកាំបិតទៅកាប់ដើមឈើមួយដើមដែលស្ថិតនៅក្នុងបរិវេណដីផ្ទះបងថ្លៃរបស់លោក ដែលជាកន្លែងទើបកើតហេតុឈ្លោះទាស់ទែងគ្នា ហើយក៏មិនបានបង្កហិង្សា ឬធ្វើឱ្យមានគ្រោះថ្នាក់ដល់ភាគីម្ខាងទៀតនោះដែរ។ ប៉ុន្តែក្រោយមក លោកត្រូវបានសមត្ថកិច្ចទៅចាប់ខ្លួនដល់ផ្ទះរបស់លោកតែម្តង។  

​លោក ឡុក ឈាន យល់ថា ករណីចាប់ខ្លួននេះ គឺ​ជារឿងអយុត្តិធម៌ ដែលលោកថា អ្នកមានអំណាច​​​បានប្ដឹង​នគរបាលឱ្យមកចាប់ខ្លួនពូរបស់លោក ដោយគ្រាន់តែ​កាប់ដើមឈើខ្លួនឯង តែបែរជាចោទប្រកាន់​ពីបទ«បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ»ទៅវិញ។

លោកថា៖ ​«កាប់ដើមឈើលើដីខ្លួនឯង​ ខ្ញុំថាអយុត្តិធម៌ គេអត់ឱ្យយើងដើរ។​ ហើយខុស គេយកទៅដាក់គុកដាក់អីទៀត​ គាត់មានអំណាច​»។

ទាក់ទងនឹងរឿងនេះ លេខាគណបក្សភ្លើងទៀន ស្រុកខ្សាច់កណ្ដាល លោក ហាក់ ឈុនលី បានឱ្យដឹងថា​ លោក គង់ អួន ដែលជាសមាជិកគណបក្សភ្លើងទៀន នៅឃុំ​កោះចូរ៉ាម ដែលត្រូវបានអាជ្ញាធរចាប់ខ្លួននោះ គឺក្រោយពីមានជម្លោះជាមួយអ្នកជិតខាងដែលត្រូវជាសាច់ញាតិរបស់អធិការរងនគរបាលស្រុកខ្សាច់កណ្ដាល​ ​។

លោក ហាក់ ឈុនលី បន្ថែមថា ​នៅពេលអាជ្ញាធរចាប់ខ្លួនលោក គង់ អួន នោះ អាជ្ញាធរមិនបានបង្ហាញដីកាចាប់ខ្លួន និងមិនបានបញ្ជាក់ពីមូលហេតុនៃការចាប់ខ្លួននោះឡើយ​។ លោកបន្តថា​​ ករណីនេះ វាអាចទាក់ទងនឹងរឿងនយោបាយ ​និងចាត់ទុកថាជារឿងអយុត្តិធម៌ប្រសិនបើ​សមាជិករបស់លោកគ្មានកំហុសនោះ។​

លោកថា៖​ «បើសិនជារឿងនេះពាក់ពន្ធនឹងរឿងម្ខាងទៀត ដែលគាត់ដាក់ពាក្យបណ្ដឹង ហើយហៅប៉ូលិសមកចាប់ខ្លួន មានន័យថា ​​អធិការគាត់ធ្វើតាម​ប្រជាពលរដ្ឋសូកប៉ាន់ទៅ មកចាប់ខ្លួនដោយគ្មានដីកា ហើយមិនមែនជាបទល្មើសជាក់ស្ដែងទៀត​»។

ថ្លែងប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះ អធិការនគរបាលស្រុកខ្សាច់កណ្ដាល លោក ម៉ែន សុឃឿន ឱ្យដឹងយ៉ាងខ្លីថា លោក គង់ អូន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​ពាក់ព័ន្ធនឹងករណី​បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ និងឱ្យសួរបន្តទៅកាន់ស្នងការនគរបាលខេត្តកណ្តាល។​​

លោកថា៖ «ប្អូនចាំសួរទៅស្នងការទៅ ពាក់ព័ន្ធនឹងគាត់!​ គាត់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ​អ្នកដទៃ»។​​​

ទោះជាយ៉ាងណា វីអូឌី មិនទាន់សុំការឆ្លើយតបពី​ស្នងការ​នគរបាលខេត្តកណ្ដាល លោក ​ឈឿន សុចិត្ត បាននៅឡើយទេ នៅថ្ងៃដដែលនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ