សង្គម​ស៊ីវិល​ជិត​៣០​ ​ស្នើ​រដ្ឋាភិបាល​លុប​ចោល​មាត្រា​ខ្លះ​នៃ​ច្បាប់​គណបក្ស​នយោបាយ​​និង​ច្បាប់​បោះ​ឆ្នោត​

មន្ត្រីជាន់ខ្ពស់ គ.ជ.ប ជួបពិភាក្សាការងារជាមួយមន្ត្រីតំណាងគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពាក់ព័ន្ធការកែលម្អប្រព័ន្ធបោះឆ្នោត នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប។ (ហ៊ាន រង្សី)

បណ្តុំអង្គការ សមាគម ​​សហជីព​​ជិត៣០ស្ថាប័ន បានស្នើទៅរដ្ឋាភិបាលឱ្យធ្វើមោឃភាព ឬលុបចោលមាត្រាមួយចំនួននៃច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់បោះឆ្នោត ដើម្បីរក្សា និងការពារ​ឆន្ទៈរបស់អ្នកបោះឆ្នោត   ទើបធ្វើឱ្យពួកគេប្រើប្រាស់អំណាចរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់។

បណ្តុំអង្គការ សមាគម ​​សហជីព​​ទាំងនោះ រួមមាន អង្គការសម្ព័ន្ធភាពការពាសិទ្ធិមនុស្សហៅកាត់ថាCHRAC,សមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC), មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថាស៊ីស៊ីអាយអឹម(CCIM), ​មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅថា សង់ត្រាល់(Central), អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនកម្ពុជា YRDP, អង្គការខុមហ្វ្រែល(COMFREL) ព្រមទាំងអង្គការ សមាគម សហជីពមួយចំនួនទៀត។    ​

ក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីស្ថានភាពសិទ្ធិនយោបាយ និងអនុសាសន៍សម្រាប់កែលម្អ ចុះផ្សាយកាលពីថ្ងៃទី១០ ខែធ្នូ ​បានអំពាវនាវដល់រដ្ឋាភិបាលឱ្យមោឃភាពឬលុបចោលមាត្រាទាំងឡាយ នៃច្បាប់គណបក្សនយោបាយ ច្បាប់បោះឆ្នោត ដែលបានធ្វើវិសោធនកម្ម​ ក្រោយការបោះឆ្នោតឆ្នាំ២០១៧។ ការធ្វើមោឃភាពមាត្រាទាំងនោះ ដើម្បីរក្សា និងការពារនូវការឆន្ទៈរបស់អ្នកបោះឆ្នោត ដែលបានផ្តល់ឱ្យអ្នកតំណាង ហើយត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោត។

ប្រភពដដែលនិយាយថា ការធ្វើមោឃភាពមាត្រាច្បាប់ទាំងនោះ  ធ្វើឱ្យពលរដ្ឋទាំងអស់ ប្រើប្រាស់អំណាចរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ហើយទទួលបានភាពស្របច្បាប់តាមរយៈការបោះឆ្នោត ដើម្បីអនុវត្តអំណាចនោះផងដែរ ។

សេចក្តីថ្លែងការណ៍ដដែល ក៏ស្នើសុំឱ្យគ្រប់គណបក្សពិចារណាដូររូបមន្តគណនាអាសនៈនៅសល់បច្ចុប្បន្ន ដោយយករូបមន្តគណនាអាសនៈនៅសល់សំណល់ធំបំផុតដូចកាលបោះឆ្នោតឆ្នាំ ១៩៩៣ រៀបចំដោយ UNTAC វិញ។ 

បន្ថែមពីនេះ   ស្ថាប័ន គ.ជ.ប. គួរតែបន្តការជជែកជាមួយតំណាងរាស្រ្ត ឬរដ្ឋសភាជាតិ ឬរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់បើកផ្លូវចំពោះបញ្ហារាំងស្ទះក្នុងដំណើរការចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋចំណាកស្រុកនៅក្រៅប្រទេស និងដើម្បីធានាសិទ្ធិរបស់ពួកគេ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ​ក៏ដូចជាការពង្រឹងសមត្ថភាពនៃការចុះឈ្មោះជូនប្រជាពលរដ្ឋជាដើម។

ចំណែក ការអនុវត្តច្បាប់ សង្គមស៊ីវិលស្នើទៅរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់គណបក្សនយោបាយ ច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ​ច្បាប់លក្ខន្តិកៈនៃមន្រ្តីយោធា នៃកងយោធពលខេមរៈភូមិន្ទ និងច្បាប់ស្តីការបោះឆ្នោត ដើម្បីធានាថា មន្ត្រីរាជការ យោធា ប៉ូលិស និងតុលាការ មិនប្រកាន់និន្នាការនយោបាយ។ បន្ថែមពីនេះ សមាជិកមន្ត្រីយោធា ប៉ូលិស និងមន្រ្តីតុលាការ មិនត្រូវទទួលបានការតែងតាំងធ្វើជាមន្ត្រី នៃគណបក្សនយោបាយណាមួយឡើយ  ហើយពួកគេមិនត្រូវអនុវត្តសកម្មភាពដែលគាំទ្រគណបក្សនយោបាយ ឬប្រឆាំងនឹងគណបក្សនយោបាយមួយផ្សេងទៀត។

ដោយឡែក ទាក់ទងនឹងសេរីភាពបញ្ចេញមតិ​វិញ សង្គមស៊ីវិស្នើឱ្យរដ្ឋាភិបាលបើកទូលាយសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន សិទ្ធិទទួលព័ត៌មាន ហើយពិនិត្យនិយមន័យនៃអំពើញុះញុង សើរើពិនិត្យច្បាប់សារព័ត៌មាន និងជំរុញការអនុម័តសិទ្ធិទទួលព័ត៌មានឱ្យបានឆាប់ ដោយបើកចំហឱ្យមានការចូលរួមផ្តល់យោបល់ពីសាធារណជន។

បណ្តុំសង្គមស៊ីវិលនិយាយទៀតថា   ​សិទ្ធិសេរីភាពជាមូលដ្ឋាន បន្តរឹតត្បិត  ការចោទប្រកាន់អំពីបទល្មើសញុះញុង និងបរិហាកេរ្តិ៍សាធារណៈ  ការបាញ់សម្លាប់ ការលបវាយប្រហារទៅលើ សកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយ តែង​កើត​មាន​ឡើង ហើយ​មិនដែលចាប់ជនល្មើសមក​ទទួលខុសត្រូវ និង​ដាក់ទោសតាមច្បាប់ដែលនាំឱ្យនិរទណ្ឌភាពនៅតែបន្ត​កើត​មាន ។

សេចក្តីថ្លែងការណ៍បន្តថា« ការចោទប្រកាន់អំពីបទល្មើសញុះញុង និងបរិហាកេរ្តិ៍សាធារណៈ បណ្តាឱ្យ​ពលរដ្ឋមានការភ័យខ្លាច មិនហ៊ាននិយាយ មិនហ៊ានបញ្ចេញមតិ ដែល​ជា​ហេតុ​នាំឱ្យពួកគាត់មិន​អាច​ប្រើប្រាស់​សិទ្ធិចូលរួមសកម្មភាពពលរដ្ឋ នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយ​ពេញលេញ​ឡើយ»​។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹងសែនករុណា មានប្រសាសន៍ថា ដើមចមដែលនាំឱ្យបណ្តុំអង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលធ្វើមោឃភាពមាត្រាមួយចំនួន នៃច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់បោះឆ្នោត ដើម្បី​ការពារ​ឆន្ទៈរបស់ម្ចាស់ឆ្នោត។ លោកបន្តថា បើសិនសំណើនេះមិនត្រូវបានរដ្ឋាភិបាលអើពើ ​ នោះបញ្ហារំលោភសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិនៅតែបន្តកើតមាន។

លោកមានប្រសាសន៍ថា«កម្ពុជាយើងប្រកាន់របបលទ្ធិប្រជាធិបតេយ្យមែន ប៉ុន្តែសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ហាក់មិនបានអនុលោមឱ្យមានសិទ្ធិសេរីភាពពេញលេញដូចប្រទេសប្រជាធិបតេយ្យជឿនលឿនទេ ដោយសារច្បាប់មួយចំនួនបង្កើតមកមិនបានគោរពតាមកតិកាសញ្ញាអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ន  មិនមែនច្បាប់បង្កើតមករឹតត្បិតលើគូប្រជែងនយោបាយ ឬប្រ​ជាពលរដ្ឋ ឬសង្គមស៊ីវិលនោះទេ»។

វីអូឌីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានទេនៅថ្ងៃទី១១ ខែធ្នូ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសសន៍ថា ការស្នើទៅរដ្ឋាភិបាល  មោឃភាពមាត្រាមួយចំនួននៃច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់បោះឆ្នោតដើម្បីរក្សា និងការពារនូវការឆន្ទៈរបស់អ្នកបោះឆ្នោត មិនអាចទៅរួចនោះទេ។ មិនអាចទៅរួច ដោយលោកថា មុននឹងបង្កើតច្បាប់ទាំងនេះឡើង រដ្ឋាភិបាលនិងគ្រប់ភាគីពាក់ព័ន្ធបានបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ ​និងស្នើទៅព្រះមហាក្សត្យឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងស្របតាមធម្មនុញ្ញផងដែរ ​។

លោកមានប្រសាសន៍ថា«គាត់និយាយយ៉ាងម៉េច គាត់និយាយតាមចិត្តគាត់ទៅ បើឱ្យសើរើច្បាប់ឡើងវិញមិនអាចទៅរួចទេ ព្រោះច្បាប់ទាំងនោះមានធម្មនុញ្ញភាពហើយ ។ ច្បាប់មួយៗ មុននឹងដាក់ថ្វាយព្រះករុណាឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ជាធរមាន គឺក្រុមប្រឹក្សាធម្មនុញ្ញបានសិក្សាស្រាវជ្រាវពីខ្លឹមសារទៅវាមានផលវិបាក ឬផលចំណេញយ៉ាងម៉េច ថាតើវាមានធម្មនុញ្ញភាពឬទេ។ អ៊ីចឹងច្បាប់ទាំងនោះបង្កើតឡើយមានធម្មនុញ្ញភាព ទើបព្រះករុណាឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ»។

សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ គាំទ្រទៅនឹងការអំពាវនាវរបស់បណ្តុំអង្គការ សមាគម សហជីព ជិត៣០ស្ថាប័នទាំងនោះ។

លោក អ៊ូ ច័ន្ទរ័ត្ន បញ្ជាក់ថា បើរដ្ឋាភិបាលមិនធ្វើតាមការស្នើសុំរបស់​​សង្គមស៊ីវិលចំពោះកង្វល់ទាំងនោះទេ នោះបញ្ហាប្រឈមនៅតែបន្តកើតមាន ហើយអ្នកដែលរងគ្រោះប្រជាពលរដ្ឋម្ចាស់ឆ្នោត និងធ្វើឱ្យគោលការណ៍ប្រជាធិបតេយ្យមានភាពផុយស្រួលជាដើម ។

លោកមានប្រសាសន៍ថា«បើច្បាប់ស្តីពីគណបក្សនយោបាយ មានមាត្រាដែលកំណត់រំលាយគណបក្សនយោបាយបាន ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលមាននិន្នការក្រៅរដ្ឋាភិបាលមិនចង់ទៅបោះឆ្នោតទេ ។ បើដូច គ.ជ.ប. បើនៅតែជ្រើសថ្នាក់ដឹកនាំចេញពីគណបក្សនយោបាយ ជាពិសេសចេញពីគណបក្សកាន់អំណាចទៅទៀត កាន់តែធ្វើឱ្យបាត់សេចក្តីទុកចិត្តពីម្ចាស់ឆ្នោត ហើយអ្នកនយោបាយនៅតែមានគំនិតគំគួន ចង់ចាញ់ឈ្នះគ្នាទៅវិញទៅមក។ អ៊ីចឹងធ្វើឱ្យប្រជាធិបតេយ្យមានភាពផុយស្រួយ»។

កាលពីថ្ងៃទី២៦ ខែ​តុលា ឆ្នាំ២០២២ អង្គការគម្រោងយុត្តិធម៌ពិភព​លោក (World Justice Project) បានចេញផ្សាយរបាយការណ៍មួយ ដោយបន្តដាក់ចំណាត់​ថ្នាក់​​​ប្រទេស​កម្ពុជា​ថាមាន​ការ​គោរពនីតិរដ្ឋ​ទាប ដោយ​ស្ថិតនៅលេខរៀង១៣៩ ក្នុង​ចំណោមប្រទេស១៤០ លើពិភពលោក។

របាយ​ការណ៍​ដដែល​បន្ត​ថា មូលហេតុចម្បងដែលទាញទម្លាក់នីតិរដ្ឋនៅកម្ពុជាឱ្យធ្លាក់ចុះដល់បាតតារាងនេះ ដោយសារតែអំណាចនយោបាយជ្រៀតជ្រែកស្ថាប័នសភា និងតុលាការ ដែលជាសសរស្ដម្ភកំពូលរបស់ជាតិ បាន​ធ្វើឱ្យបាត់បង់ប្រព័ន្ធត្រួតពិនិត្យ​អំណាចតាម​បែប​ប្រជា​ធិបតេយ្យ កម្សោយលើការទប់ស្កាត់អំពើពុករលួយ និង​ការរំលោភសិទ្ធិមនុស្ស រួមទាំងអយុត្តិធម៌សង្គម ជាដើម។

​កាលពីខែកញ្ញា ឆ្នាំ២០២២ អង្គការសម្ព័ន្ធភាពពិភពលោក​សម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ​ (CIVICUS) ចេញអត្ថបទសង្ខេបមួយដោយបង្ហាញថា អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនបក្សប្រឆាំង ព្រមទាំងសកម្មជនផ្សេងទៀត នៅតែបន្តប្រឈមនឹងការគំរាមកំហែង និងគាបសង្កត់ពីអាជ្ញាធរ និងតុលាការកម្ពុជា។

ជាក់ស្តែង​ រយៈពេល១ឆ្នាំកន្លងមក រដ្ឋាភិបាលបានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីធ្វើទុក្ខបុកម្នេញ និងយាយីលើសកម្មជនបក្សប្រឆាំង ដោយចាប់ឃុំខ្លួននិងចោទប្រកាន់ពួកគេតាមអំពើចិត្ត ហើយមិនទទួលបានការជំនុំជម្រះដោយយុត្តិធម៌ឡើយ។ ​

ចំណែកសេរីភាពសារព័ត៌មាននៅកម្ពុជា អង្គការដដែលអះអាងថា បច្ចុប្បន្ននៅតែរងការវាយប្រហារ ក្នុងនោះស្ថានីយវិទ្យុ និងកាសែតត្រូវបានបិទការិយាល័យផ្សាយ ក្រោយពីអ្នកកាសែតត្រូវបានកាត់ទោស។

​អង្គការនេះ បានជំរុញឱ្យសហគមន៍អន្តរជាតិបង្កើនសម្ពាធលើរដ្ឋាភិបាលលោក​ ហ៊ុន សែន ដើម្បីឱ្យមានគោរព​សិទ្ធិមនុស្សពិតប្រាកដ​មុនការបោះឆ្នោតឆ្នាំ២០២៣ខាងមុន ដោយថាការបោះឆ្នោតឃុំ-សង្កាត់កាលពីខែមិថុនា ឆ្នាំ២០២២ សមាជិក និងសកម្មជនគណបក្សភ្លើងទៀន ប្រឈមមុខនឹងការយាយីពីគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ