ប្រទេសចិន​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ការផ្ទុះ​ឡើងវិញ​នៃជំងឺ​កូវីដ-១៩

ក្រុមការងារគ្រប់គ្រងការរាតត្បាតកូវីដ-១៩ ក្នុងឈុតការពារមេរោគ រើតង់ដែលបោះប្រចាំការនៅក្នុងតំបន់រងការរាតត្បាតកូវីដ-១៩ ក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។ (REUTERS/Thomas Peter)

ប្រជាជនបានតម្រង់ជួរ នៅថ្ងៃចន្ទនេះ នៅ​ខា​ង​ក្រៅ​គ្លីនិក​គ្រុន​ក្ដៅ នៃ​មន្ទី​រពេទ្យមួយកន្លែង​ ក្នុងប្រទេសចិន ដើម្បីពិនិត្យរកជំងឺ​កូវីដ-១៩ ដែលជាសញ្ញាបង្ហាញ​ពីការ​រីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺកូវីដ-១៩ បន្ទាប់ពីអាជ្ញាធរបានបន្ធូរបន្ថយវិធាន​ការទប់ស្កាត់ជំងឺនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

អស់រយៈពេល៣ឆ្នាំនៃការរាតត្បាតជំងឺកូវីដ-១៩ ប្រទេសចិនកំពុងរៀនរស់នៅ​ជាមួយ​ជំងឺ​កូវីដ-​១៩ ដោយ​បាន​ផ្លាស់​ប្ដូរគោល​នយោបាយដ៏សំខាន់របស់ខ្លួន កាលពីថ្ងៃពុធសប្ដាហ៍មុន បន្ទាប់​ពីកា​រ​តវ៉ា​ដែល​មិន​ធ្លាប់​មាន​ពីមុ​ន​មក ​ប្រឆាំង​នឹង​វិធាន​ការ​ទប់​ស្កា​ត់ជំងឺកូវីដ​​-១៩ «សូន្យកូវីដ​»

ប្រទេសចិនបានបញ្ឈប់ការធ្វើតេស្តរកជំងឺកូវីដ-១៩ នៅក្នុងសកម្មភាពជាច្រើន រួមទាំង​ការ​​កាត់​បន្ថយ​ការ​ធ្វើ​ចត្តាឡី​ស័ក ហើយនៅថ្ងៃចន្ទនេះ ប្រទេសនេះកំពុងរៀបចំបិទដំណើរការ​កម្មវិធី​ទូរសព្ទ​ដែល​ប្រើ​ដើម្បីតាមដានប្រវត្តិនៃការ​ធ្វើដំណើររបស់ប្រជាជនចំនួន ១,៤ពាន់​លាននាក់។

អ្នកវិភាគ បាននិយាយ​ថា ប្រទេសចិន​ត្រូវត្រៀម​ខ្លួនសម្រាប់រលកថ្មីនៃ​ជំងឺកូវីដ-១៩ ដែលអាចធ្វើឱ្យប្រព័ន្ធសុខាភិបាលមានភាពផុយស្រួយ ហើយ​អាជីវកម្មប្រឈមនឹងការបិទទ្វារ។

យុវសិស្សម្នា​ក់​ឈ្មោះ តាន (Tan) អាយុ១៨ឆ្នាំ បានប្រាប់ Reuters ថា៖ «ខ្ញុំពិតជាខ្លាចឆ្លងជំងឺកូវីដ-១៩ ព្រោះចំ​នួនអ្នកឆ្លងកំពុងកើនឡើងនៅក្នុងទីក្រុងប៉េកាំង»។

Reuters ក៏បានឃើញមនុស្សតម្រង់​ជួរ​នៅ​ខាងក្រៅគ្លីនិក នៅកណ្ដាលទីក្រុងវូហាន (Wuhan) ជាកន្លែងដែលជំងឺកូវីដ-១៩ បានផ្ទុះឡើងជាលើកដំបូងកាលពី៣​ឆ្នាំមុន។

វេជ្ជបណ្ឌិតម្នាក់ដែលធ្វើការនៅផ្នែកផ្លូវដង្ហើមនៅមន្ទីរពេទ្យទីក្រុងប៉េកាំង ត្រូវ​បាន​ស្រង់​សម្តីដោយ​កាសែត Global Times ដែល​គាំទ្រដោយ​រដ្ឋ កាលពីថ្ងៃអាទិត្យថា ចំនួនអ្នកជំងឺ​ដែល​រង់ចាំចូល​សម្រាក​ព្យាបាលនៅគ្លីនិកសង្គ្រោះបន្ទាន់ និងគ្រុនក្តៅកំពុងកើនឡើង។

​ការអត្ថាធិប្បាយនៅក្នុង​កាសែត Shanghai Securities News ដែលគាំទ្រដោយរដ្ឋ លោក ហ្ស៉ាង វ៉េនហុង (Zhang Wenhong) ប្រធានក្រុមអ្នកជំនាញនៅក្នុងមជ្ឈ​មណ្ឌលពាណិជ្ជកម្ម បាននិយាយ​ថា ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩ អាច​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុ​ត​ក្នុ​ង​រយៈពេល១ខែ បើទោះបីជាការបញ្ចប់នៃការរាតត្បាតអាចចំណាយពេលពី៣ ទៅ៦​ខែ​ក៏ដោយ។

គួរបញ្ជាក់ថា បាតុកម្មទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសចិន ចាប់​តាំង​ពីប្រធា​នា​ធិប​តី​ចិន លោក ស៊ី ជីនពីង (Xi Jinping) ឡើងកាន់អំណាច​អស់រយៈពេល​មួយទសវត្សរ៍ ប្រឆាំងនឹងវិធានការ «សូន្យកូវីដ» ដែលត្រូវបានដាក់ចេញជិត ៣ឆ្នាំ ចាប់​តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩។

អ្វីដែលធ្វើឱ្យក្រុមបាតុករ​ផ្ទុះកំ​ហឹង​កាន់​តែ​ខ្លាំង​នោះ គឺអគ្គិភ័យកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅឯអគារលំនៅឋានដ៏ខ្ពស់មួយកន្លែង នៅរដ្ឋធានីទីហ័រ (Urumqi) នៃតំបន់ស៊ីជាំង (Xinjiang) ដែលបានសម្លាប់មនុស្ស១០នាក់ ហើយដែលក្រុមបាតុករចោទថាបណ្ដាលមកពីវិធានការបិទខ្ទប់។

ជាការឆ្លើយតបនឹងក្រុមបាតុករ រដ្ឋាភិបាលក្រុងប៉េកាំង បានបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺ​កូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ