មេធាវីការពារក្ដីឱ្យលោក សុន ឆ័យ គ្រោងប្ដឹងសាទុក្ខទៅតុលាការកំពូលនាពេលឆាប់ៗនេះ

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន​ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយសវនាការសំណុំរឿងពាក់ព័ន្ធនឹងការបោះឆ្នោតឃុំសង្កាត់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មេធាវីការពារក្ដីឱ្យលោក សុន ឆ័យ គ្រោងដាក់ពាក្យបណ្ដឹងសាទុក្ខនៅតុលាការកំពូលនាពេលឆាប់ៗនេះ ដើម្បីច្រាន​ចោលសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ ដែលបានសម្រេចឱ្យ​អនុប្រធានគណបក្សភ្លើងទៀនរូបនេះមានទោស ព្រមទាំង​បង្កើន​ប្រាក់សំណង​ជំងឺ​ចិត្ត​ដែល​តុលាការ​បង្គាប់​ឱ្យផ្ដល់ជូនទៅបក្សកាន់អំណាចដល់ចំនួន​ ១លាន​ដុល្លារអាមេរិក។

កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ​​ បាន​តម្កល់​សេចក្ដីសម្រេច​របស់​សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ ក្នុង​សំណុំរឿងចំនួន​២​ ​របស់​លោក​ សុន ឆ័យ ​និង​បាន​បង្កើនប្រាក់ពិន័យក្នុង​សំណុំរឿងនីមួយៗ រហូត​ដល់ ​១០លាន​រៀល និង​សំណងជំងឺចិត្តដល់បក្សកាន់អំណាចចំនួន ៤​ពាន់លាន​រៀល ឬស្មើប្រមាណ ១លានដុល្លារអាមេរិក។

លោក​ កែត ឃី មេធាវីការ​ពារក្តី​ឱ្យ​លោក សុន ឆ័យ ចាត់ទុកការសម្រេចរបស់សាលាទ្ធរណ៍ ថា​ជារឿងអយុត្តិធម៌ ខណៈកូនក្តីរបស់លោកមិនបានធ្វើខុសដូចការចោទប្រកាន់នោះ។ ករណីនេះ លោកថា លោកបាន​ត្រៀមរៀបចំពាក្យបណ្តឹងសាទុក្ខដាក់ទៅតុលាការ​កំពូល​ក្នុងពេលឆាប់ៗនេះ​​ ដើម្បីស្នើសុំឱ្យតុលាការជាន់ខ្ពស់​មួយ​នេះទម្លាក់​ចោល​ការចោទប្រកាន់​លើកូនក្តីរបស់លោក​។

លោកមានប្រសាសន៍ថា៖ «ចាំមើលយើងសួរនាំមន្ត្រីសាលាឧទ្ធរណ៍ ថាតើថ្ងៃណាបានចេញសាលដីកាផ្លូវការមកឱ្យយើង ដើម្បីយើង​ដាក់ពាក្យបណ្តឹងសាទុក្ខទៅតុលាការកំពូល។  តែទោះបីជាយ៉ាងណា យើងមិនឱ្យហួសពី១ខែ ព្រោះហួស១ខែយើងប្តឹងអត់បានទេ។ តែទោះបីជាមិនទាន់បានសាលដីកា ក៏យើងដាក់ពាក្យប្តឹងមុនដែរ ដើម្បីទាមទារយុត្តិធម៌ឱ្យកូនក្តីយើង»។

គួរបញ្ជាក់ថា ទាក់ទិននឹងករណីនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីខែតុលាកន្លងទៅ បាន​​ប្រកាស​សាល​ក្រមឱ្យ​លោក សុន ឆ័យ ​ចាញ់ក្ដីក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍ ​ដែលប្ដឹងដោយ គ.ជ.ប. និង​ គណបក្ស​ប្រ​ជា​ជន​កម្ពុជា ដោយបាន​សម្រេចឱ្យរូបលោកផ្ដល់សំណង​​ជំងឺ​ចិត្ត​ដល់គ​ណបក្សកាន់អំណាចមួយនេះ​ចំនួន «៣ពាន់​លានរៀល» ឬស្មើប្រមាណ «៧៥ម៉ឺនដុល្លារ»។

ក្រៅពីការ​​សម្រេចនេះ ចៅក្រមជំនុំជម្រះ​ ក៏បានបង្គាប់ឱ្យ​លោក សុន ឆ័យ បង់ប្រាក់ពិន័យ​​ចំនួន៨លានរៀលចូលថវិការដ្ឋ។ បន្ថែម​​ពីលើនេះ លោកក៏ត្រូវ​បានតុលាការតម្រូវឱ្យបង់ប្រាក់ពិន័យចំនួន៩លានរៀលបន្ថែមទៀត​ចូលថវិការដ្ឋ ក្នុងបណ្ដឹងបរិហារកេរិ៍្តរបស់គ.ជ.ប. ផងដែរ។

សាលាដំបូងរាជធានីភ្នំពេញ កាលពីខែមុន ក៏បានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ននូវផ្ទះ​២កន្លែង​របស់លោក សុន ឆ័យ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ថែមទៀតផង។

ក្រុមសិទ្ធិមនុស្ស និង​អ្នក​សង្កេតការណ៍បោះឆ្នោតមួយចំនួន ក៏ធ្លាប់បានកត់សម្គាល់ពីភាពមិនប្រក្រតីនានាក្នុងអំឡុងការបោះឆ្នោតកាលពីខែមិថុនា ឆ្នាំ២០២២ ជាពិសេសការបំភិតបំភ័យលើបេក្ខជនគណបក្សប្រឆាំងអំឡុងពេលឃោសនាបោះឆ្នោត និងវត្តមានមន្ត្រីរដ្ឋដែលមិនពាក់ព័ន្ធនឹងកិច្ចការងារបោះឆ្នោតនៅជុំវិញការិយាល័យបោះឆ្នោត ក្នុងអំឡុងពេលបោះឆ្នោត ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ