គ.ជ.ប. បន្តច្រានចោលការស្នើសុំឱ្យចែកទម្រង់១១០២ ដល់ភ្នាក់ងារគណបក្សនយោបាយនៅនឹងការិយាល័យ

លោក ហង្ស ពុទ្ធា មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ផ្ដល់បទសម្ភាសន៍អំឡុងពេលដំណើការដាក់ឱ្យ​​សាកល្បង​​​ធ្វើ​​​តេស្ត​​ទឹក​ថ្នាំជ្រលក់​​​ដៃលុ​ប​មិន​ជ្រះ ជា​លើក​ដំបូង សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ខាងមុខ នៅ​ទីស្តីកា​រ គ.ជ.ប នៅ​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មន្រ្តីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើកឡើងថា ចំពោះ «ទម្រង់១១០២» គឺស្ថាប័ន​​ជាតិ​​មួយនេះនឹងនៅតែរក្សាជំហរដូចដែលបានអនុវត្តរួចហើយនៅក្នុងការបោះឆ្នោតជ្រើសរើស​​​ក្រុមប្រឹក្សា​ឃុំ​​សង្កាត់ឆ្នាំ២០២២ គឺមិនបានចែកជូនដល់ភ្នាក់ងារគណបក្សនយោបាយដែលស្ថិត​​នៅក្នុង​​កា​​រិ​​​យា​ល័យ​​​បោះ​ឆ្នោតទេ បើទោះបីជាទម្រង់នៃរបាយការណ៍រាប់សន្លឹកឆ្នោតនេះត្រូវបានគណបក្សនយោបាយចាត់ទុកថា វាជាភាពចាំបាច់ដែលមិនអាចខ្វះបាននៅក្នុងដំណើរការបោះឆ្នោតយ៉ាងណាក្តី។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. បញ្ជាក់នៅថ្ងៃសុក្រនេះថា ស្ថាប័នជាតិរៀបចំការបោះឆ្នោត បាន​ស​ម្រេ​ច​​រួចហើយ គឺមិនអាចផ្តល់ទៅតាមការស្នើសុំពីភាគីពាក់ព័ន្ធបានឡើយ ក្នុងការចែកចាយទម្រង់១១​​០​​២នេះ ដល់ភ្នាក់ងារគណបក្សនយោបាយនៅនឹងមណ្ឌលបោះឆ្នោតដូចមុនទៀតនោះឡើយ។

លោកបន្តថា មូលហេតុដែលមិនអាចអនុវត្តបានដូចមុន ព្រោះការសរសេរដោយដៃ ហើយចែកជូនភ្នាក់ងារ​​គណបក្សនយោបាយនេះ វាមានកំហុសកើតឡើងច្រើន និងធ្វើឱ្យប៉ះពាល់​​​ដល់ដំណើរការបោះ​ឆ្នោត​​ផង​​ដែ​រ​​​​។

លោកបន្តថា៖ «ទម្រង់១១០២ រក្សាទុកដដែល ដោយច្បាប់តម្រូវធ្វើ ៣ច្បាប់ មួយច្បាប់បិទនៅមាត់ទ្វារនៅនឹង​​ការិយាល័យរាប់សន្លឹកឆ្នោត ហើយគណបក្សនយោបាយដែលចង់ទទួលយកបាន អាចថតតាមទូរសព្ទដៃ ឬទៅយកទទួលនៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត។ ការចម្លងដោយដៃច្រើនសន្លឹកដើម្បីចែកគ្នាហ្នឹង វាមានបញ្ហាច្រើន ដូចជា ការសរសេរទៅហ្នឹង វាវង្វេង និងមិនត្រឹមត្រូវតួលេខ ជាដើម»។

ចំណែកលោក ហុង សុខហួរ មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ដែលទទួលបន្ទុកកិច្ចការបោះឆ្នោត យល់​​ឃើញថា មានតែការរៀបចំដូចការបោះឆ្នោតកាលពី៥ឆ្នាំមុនទេ ដែលអាចនិយាយបានថាជាការបោះ​​ឆ្នោត​​មួយមានភាពជឿជាក់និងទុកចិត្តបាន។

លោកបន្តថា៖ «វាមិនយុត្តិធម៌ ដែលគេហៅថាដូចយើងចង់បានទេ។ បើយើងយកជាគោលថា ការបោះឆ្នោតឆ្នាំ២០១៧ គឺជាការបោះឆ្នោតមួយដែលយើងយល់ថាអាចទទួលយកបាន ទាំងសមាសភាព គ.ជ.ប. និងការរៀ​​​​​ចំទាំងអស់ហ្នឹង យើងគិតថាអាចទទួលយកបានឆ្នាំ២០១៧។ ប៉ុន្តែឆ្នាំក្រោយ ដូចឆ្នាំ២០២២អីហ្នឹង យើង​​ពិបា​​កទទួលយកតែមែនទែន»។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់យកថ្ងៃទី២២ ខែធ្នូ គឺជាកាល​​បរិច្ឆេទ​​ចុង​​ក្រោយ​​​ ដើ​ម្បី​​​បិទបញ្ចប់និងអនុម័ត ស្តីពីបទបញ្ជានិងនីតិវិធីបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាង​​រាស្រ្ត ឆ្នាំ​​២០​២​៣​​។ មន្រ្តី គ.ជ.ប. ឱ្យដឹងថា នៅចំពោះមុខនេះ ស្ថាប័នជាតិរៀបចំការបោះឆ្នោតកំពុងតែរៀបចំក្រោយពី​​​អនុ​ម័​តរួច ដែលមាន​​រហូ​ត​​​​ដល់៣០០ទំព័រ។ នៅបន្ទាប់ពីបោះពុម្ព និងទទួលស្គាល់ជា​​គោលការណ៍​ពី​​ប្រ​​ធាន គ.ជ.ប. ហើយ​នឹង​​ចែកចាយអំពីបទបញ្ជានិងនីតិវិធីនេះដល់ភាគីពាក់ព័ន្ធ។

ចំណែកលោក យ៉ែម បុញ្ញឫទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមជាតិ បង្ហាញការខកចិត្តចំពោះការសម្រេច​​ចិត្ត​​បែប​នេះរបស់ស្ថាប័នជាតិ គ.ជ.ប.។ ទោះបែបណា សម្រាប់អ្នកនយោបាយរូបនេះនៅតែយល់​​ឃើញ​ថា វាពិត​​ជាមានភាពចាំបាច់សម្រាប់ភ្នាក់ងារគណបក្សនយោបាយ ចំពោះទម្រង់១១០២នេះ។

លោកបន្តថា៖ «យើងមានការសោកស្ដាយមែនទែនហើយយើងទទូចសូមឱ្យមានការកែសម្រួល​​ចែកដូចពីមុន​​​​ៗ ដើម្បីបញ្ជាក់ពីតម្លាភាពចេញពីទីតាំងការិយាល័យបោះឆ្នោតដោយផ្ទាល់ និងជាការផ្តល់​​ទំនុក​​ចិត្ត​​​ល់គណបក្សនយោបាយដែលចូលរួមការបោះឆ្នោតផង។ ចំណុចពិសេសមួយទៀតដែលយើងឱ្យឈ្មោះថា ភ្នាក់ងារសង្កេត ដែលលោកចុះសង្កេតការណ៍ និងចុះហត្ថលេខា​​លើកំណត់ហេតុ១១០២នោះ គួរតែ​​មានឯក​​សា​​​​មូលដ្ឋានមួយនៅក្នុងដៃ»។

ទម្រង់១១០២ ឬហៅថា «របាយការណ៍រាប់សន្លឹកឆ្នោត» នេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការ​​​បោះ​​ឆ្នោ​​ត ផ្អាកមិនចែកចាយជាលើកដំបូងរបស់ខ្លួននៅអំឡុងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២។ ​​បញ្ហា​នេះបានជំរុញឱ្យតួអង្គពាក់ព័ន្ធ មានគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល នៅ​​ក្នុង​​ដំ​​ណើ​រការបោះឆ្នោត ប្រតិកម្ម និងតវ៉ាជាបន្តបន្ទាប់។ ក៏ប៉ុន្តែ បើទោះជាពួកគេបង្ហាញការមិនពេញចិត្តចំ​ពោះ​​​​​​អ្វីដែល គ.ជ.ប. អនុវត្តនេះក្តី ហើយតស៊ូមតិដើម្បីឱ្យស្ថាប័នជាតិរៀបចំការបោះឆ្នោតមានការកែសម្រួល នៅតែមិនទទួលបានជោគជ័យដដែល។

ចំណែកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២២ ខែធ្នូ ម្សិលមិញនេះ បា​ន​​ព្រមានដោយចំហ ពីខេត្តព្រះសីហនុ ក្នុងការចាប់ខ្លួនដាក់ពន្ធនាគារចំពោះអ្នកដែលតែង​​ចោទ​​ប្រ​​កាន់​​ពី «ការលួច​​សន្លឹ​​ក​​​​ឆ្នោ​​​​​តក្រោយថ្ងៃបោះឆ្នោតរួច»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ