អាជ្ញាធរមិនអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ ដោយថាសំណើធ្វើឡើងផ្ទុយនឹងច្បាប់

សាលារាជធានីភ្នំពេញ។ (ហ៊ាន រង្សី)

រដ្ឋបាលរាជធានីភ្នំពេញ ស្នើសមាគមគ្រូបង្រៀនកម្ពុជា​ឯករាជ្យ ផ្អាករៀបចំការជួបជុំសម្តែងមតិ​ទាម​ទារ​ឱ្យ​​ដោះលែង​គ្រូបង្រៀន​៥នាក់​ដែលកំពុងជាប់ឃុំ ដែលគ្រោងធ្វើនៅចុង​ខែធ្នូនេះ ​​​នៅទីលានប្រជាធិបតេយ្យ។

ការស្នើនេះបានធ្វើឡើងនៅក្នុងកិច្ច​ប្រជុំពិភាក្សា​ ស្តីពីសំណើ​សុំជួបជុំសម្តែង​មតិ​ដោយ​សន្តិវិធី​នៅទីលានប្រជាធិបតេយ្យ​របស់​សមាគមគ្រូ​បង្រៀនកម្ពុជាឯករាជ្យ រវាង​អភិបាល​រងរាជធានីភ្នំពេញ លោ​ក មាន ចាន់យ៉ាដា និងលោក កើត ឆែ ជាមួយប្រធានសមាគម​គ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី​ អ៊ុក ឆាយ៉ាវី នៅសាលារាជធានីភ្នំពេញ នា​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២​នេះ។

យោងតាមកំណត់ហេតុនៃកិច្ចប្រជុំនោះរបស់សាលារាជធានីភ្នំពេញ បានឱ្យដឹងថា ម្ចាស់សំណើ​ លោកស្រី អ៊ុក ឆាយ៉ាវី បាន​ជម្រាបជូនអង្គប្រជុំពីការ​រៀបចំសម្តែងមតិនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដើម្បីទាម​ទារឱ្យ​មានការ​ដោះលែង​គ្រូបង្រៀន​ចំនួន៥នាក់ នៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមចំនួន១០០នាក់ និងមានការ​ដង្ហែញត្តិ​ដាក់ជូន​សាលា​រាជធានីភ្នំពេញ និង​​​ខុទ្ទកាល័យនាយករដ្ឋមន្ត្រី។

ករណីនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើ​ឱ្យផ្អាក​ការ​រៀបចំកម្មវិធីនេះ ដោយសារ​សំណើ​របស់សមាគម ផ្ទុយនឹងមាត្រា​៥២២ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងស្នើឱ្យ​ម្ចាស់សំណើ​​កែ​សម្រួល​កម្មវត្ថុនៃលិខិត​ស្នើ​នោះឡើងវិញឱ្យស្របទៅតាមច្បាប់​នានាជាធរមាន។​

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី ចាត់ទុកការ​ស្នើឱ្យផ្អាក​ការ​ជួបជុំសម្តែងមតិរបស់សមាគម ពីសំណាក់​​អាជ្ញាធររាជធានីភ្នំពេញ ដោយសំអាងថាផ្ទុយនឹងច្បាប់​​នេះ​ថា គ្រាន់តែជាលេសក្នុងការ​រារាំងមិនឱ្យពួកគាត់សម្តែងមតិប៉ុណ្ណោះ។

តែយ៉ាងណា លោកស្រីថា បើទោះជាអាជ្ញាធរមិនអនុញ្ញាត ក៏សមាគម​នៅតែ​​ជួប​ជុំ​​សម្តែង​មតិ​ទាម​ទារ​ឱ្យ​មាន​ការ​ដោះ​លែង​​គ្រូបង្រៀន​ទាំង៥រូបនោះឱ្យមានសេរីភាពឡើងវិញទៅតាមការ​គ្រោង​ទុក​។

លោកស្រីថ្លែងថា៖ «ជំហរ​របស់សមាគម​យើង នៅតែធ្វើ[ការសម្តែងមតិនៅទីលានប្រជាធិបតេយ្យ​​]​នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដដែល»។​

បើតាមលោកស្រី អ៊ុក ឆាយ៉ាវី គ្រូបង្រៀនទាំង៥នាក់នោះមានដូចជា លោក កែវ ថៃ លោក ស៊ុន ធន់ លោក ពៀប ម៉ាប់ លោក អុំ សំអាន និងគ្រូបង្រៀនម្នាក់ទៀត ដោយពួកគាត់រង​នូវការ​ចោទប្រកាន់​ពាក់ព័ន្ធនឹងរឿងនយោបាយ។

កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២២នេះ សហរដ្ឋអាមេរិកក៏ធ្លាប់បានជំរុញទៅរដ្ឋាភិបាល​កម្ពុជាឱ្យ​ដោះលែងអ្នកជាប់ឃុំ​ដែល​ត្រូវបានចោទប្រកាន់​ពាក់ព័ន្ធរឿងនយោបាយ និងមេធាវីអន្តរជាតិដែលមានសញ្ជាតិ​អាមេរិកាំង កញ្ញា សេង ធារី ព្រមទាំង​ស្នើ​ឱ្យ​បើកលំហសិទ្ធិពលរដ្ឋ សង្គមស៊ីវិល និងសិទ្ធិនយោបាយ​ឡើង​វិញ នៅមុនការបោះឆ្នោតឆ្នាំ២០២៣​ផងដែរ។​

កាលពីពេលថ្មីៗនេះ អ្នក​​ជំនា​​​ញ​សិ​ទ្ធិមនុស្ស​នៅ​អង្គ​ការសហប្រជាជាតិ​ និងសហគមន៍អន្តរជាតិមួយចំនួនទៀត ក៏បាន​​​ស្នើ​ទៅ​រ​ដ្ឋាភិបាល​​កម្ពុ​​ជាឱ្យពិនិត្យឡើ​ង​វិញ​​ផងដែរ ក្រោយ​​តុលាការ​​បានចោទប្រកាន់ទៅលើ​ក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ​ដែលត្រូវតុលាការ​រំលាយ​ ជាង៤០​នាក់ ពី​​បទ «ញុះ​ញង់ និង​រួមគំនិត​ក្បត់» ដោយ​ពួកគេលើក​​ឡើ​ង​​​ថា ​វិ​​​ធាននោះ​មិនបានភ្ជាប់កាតព្វកិច្ច​នៃកា​រ​គោរព​សិទ្ធិមនុស្ស​​​អ​ន្តរ​ជា​តិ និងលំហ​នយោបាយ​ពហុ​បក្ស​​​។

មាត្រា​​​៣៥​ នៃរដ្ឋធម្ម​នុញ្ញ​ព្រះរាជាណាចក្រកម្ពុជា ចែង​ថា ប្រជាពលរដ្ឋ​​ខ្មែរ​​ទាំងពីរ​​ភេទ​មាន​សិទ្ធិ​​ចូល​​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្ដី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ​ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​ និង​ដោះស្រាយ​យ៉ាង​​ហ្មត់​​ចត់​ពី​អង្គការ​រដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ