លោក រ៉ុង ឈុន ថាការធ្វើធម្មយាត្រា៥ថ្ងៃនេះ មានអាជ្ញាធរខ្លះគំរាមកំហែង និងខ្លះទៀតជួយការពារសុវត្ថិភាពបានល្អ

ទិដ្ឋភាពហែធម្មយាត្រា ស្ដីពី «ការលើកកម្ពស់សីលធម៌សង្គម» រៀបចំឡើងដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចាប់ផ្ដើមចេញដំណើរនៅថ្ងៃទី១ ខែកុម្ភៈ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់​ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។ (ហ៊ាន រង្សី)

អ្នកធ្វើធម្មយាត្រា បានលើកឡើងថា ការធ្វើធម្មយាត្រារយៈពេល៥ថ្ងៃកន្លងមកនេះ មានអាជ្ញាធរមូលដ្ឋានខ្លះរំខាន គំរាមកំហែង និងខ្លះទៀតជួយសម្រួលឱ្យពួកគាត់បានហែក្បួននិងស្នាក់នៅដោយសុវត្ថិភាព ខណៈធម្មយាត្រានេះនឹងបិទបញ្ចប់នៅថ្ងៃទី៧ ខែកុម្ភៈនេះ ។

ការចោទ ការគំរាមកំហែង និងការជួយសម្រួលនេះ ធ្វើឡើងបន្ទាប់ពីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ ហែធម្មយាត្រាថ្មើរជើង ចេញពីរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្ពោះទៅខេត្តពោធិ៍សាត់ ដោយឆ្លងកាត់ខេត្តកណ្ដាល កំពង់ស្ពឺ និងកំពង់ឆ្នាំង ដោយអះអាងថា ដើម្បីជំរុញការលើកកម្ពស់សីលធម៌សង្គម ខណៈបារម្ភថា បើមនុស្សចាស់គ្រប់លំដាប់ថ្នាក់នៅតែបន្តប្រើភាសាអសុរោះ មិនរួបរួមសាមគ្គីគ្នាដូចមួយរយៈកាលចុងក្រោយនេះ នោះយុវជនបន្តវេននឹងយកគំរូតាម ដែលអាចឱ្យសង្គមជាតិធ្លាក់ទៅក្នុងគ្រោះមហន្តរាយ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ដែលចូលរួមក្នុងធម្មយាត្រានោះ មានប្រសាសន៍ប្រាប់វីអូឌីកាលពីថ្ងៃអាទិត្យថា កាលពីយប់ថ្ងៃទី១ ខែកុម្ភៈ ក្រុមអ្នកធ្វើធម្មយាត្រាគ្រោងស្នាក់នៅវត្តអារាមមួយនៅខាងត្បូងព្រែកក្ដាម ក្នុងស្រុកពញាឮ ខេត្តកណ្ដាល ក្នុងនោះ ចៅអធិការវត្តបានអនុញ្ញាតឱ្យស្នាក់នៅ តែយ៉ាងណាព្រះអង្គឱ្យសួរទៅអាជ្ញាធរឃុំជាមុនសិន។

លោក រ៉ុង ឈុន បន្តថា នៅពេលទាក់ទងទៅអាជ្ញាធរឃុំ ថ្នាក់ឃុំមិនហ៊ានអនុញ្ញាត ដោយប្រាប់ឱ្យទាក់ទងទៅថ្នាក់ស្រុក។ ដោយឡែក នៅពេលទាក់ទងទៅអាជ្ញាធរស្រុក មិនហ៊ានអនុញ្ញាត ហើយរុញគ្នាទៅវិញទៅមក។ ចុងក្រោយ អ្នកធ្វើធម្មយាត្រាបានមកស្នាក់នៅផ្ទះពលរដ្ឋ នៅម្ដុំវិហារហ្លួង ពោលគឺប្រមាណ៥គីឡូទៀតទើបដល់ផ្សារឧដុង្គ។

បើទោះជាយ៉ាងនេះក្ដី លោក រ៉ុង ឈុន ថា នៅពេលចូលផ្ទះពលរដ្ឋ មានកម្លាំងប្រជាការពារដែលពាក់ឯកសណ្ឋានពណ៌ខៀវចាស់ នៅឈរត្រៀបត្រាឃ្លាំមើលនៅដីទីវាលមួយ ហើយពេលក្បួនមកដល់ កងប្រជាការពារក៏ឃាត់បន្តិចដែរ ប៉ុន្តែលោកបានប្រាប់ថា ការហែនេះមានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ហើយ។

លោកមានប្រសាសន៍ថា៖ «សុទ្ធតែជាការគំរាមកំហែងហើយ ដូចជាកងប្រជាការពារនៅស្រុកពញាឮ! យើងឃើញរូបភាពមិនល្អ សុទ្ធតែកងកម្លាំងសន្តិសុខជាង៣០ប្លាយនាក់ ហើយអ្នកដែលហែធម្មយាត្រាប្រហែលជា៣០ទៅ៤០នាក់ ហើយមកឃាត់ឡាន អត់ឱ្យចូលមកស្នាក់នៅមួយភ្លែតដែរ ប៉ុន្តែគ្រាន់តែថាពួកយើងពន្យល់ប្រាប់គាត់ទៅ ក៏គាត់ដកថយក្រោយវិញទៅ ការដង្ហែនេះយើងមានច្បាប់ទម្លាប់ត្រឹមត្រូវ មិនត្រឹមប៉ុណ្ណោះទេ សម្តេចក្រឡាហោមស៊ីញ៉េអនុញ្ញាតផ្ទាល់ដៃតែម្តង»។

ចំណែកអាជ្ញាធរខេត្តកំពង់ឆ្នាំងឯណោះវិញ មានកិច្ចសហប្រតិបត្តិការល្អ និងការពារសុវត្ថិភាពទាំងពេលថ្ងៃ និងពេលយប់សមត្ថកិច្ច៣នាក់គេងយាមដល់ក្រុមអ្នកធម្មយាត្រាផងដែរ ។

យ៉ាងណា លោក រ៉ុង ឈុន បានអះអាងថា គិតត្រឹមល្ងាចថ្ងៃទី៥ ខែកុម្ភៈ ក្រុមការងារអ្នកចូលរួមធម្មយាត្រាបានធ្វើដំណើរដល់ឃុំកំពង់កន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ​និងស្នាក់នៅផ្ទះប្រជាពលរដ្ឋក្នុងស្រុកក្រគរ។ រួចព្រឹកថ្ងៃចន្ទ បន្តដំណើរទៅទីរួមខេត្តពោធិ៍សាត់។ លុះព្រឹកថ្ងៃទី៧ ខែកុម្ភៈ នឹងធ្វើដំណើរទៅប្រារព្ធពិធីសាសនានៅមុខរូបសំណាកអ្នកឧកញ៉ា ឃ្លាំងមឿង ដើម្បីបញ្ចប់ការធ្វើធម្មយាត្រា ។

លោក រ៉ុង ឈុន អំពាវនាវទៅប្រជាពលរដ្ឋគ្រប់រូបដែលស្រឡាញ់យុត្តិធម៌សង្គម អាចចូលរួមកម្មវិធីប្រារព្ធពិធីសាសនានៅមុខរូបសំណាកអ្នកឧកញ៉ា ឃ្លាំងមឿង ឱ្យបានច្រើនកុះករ ដើម្បីជំរុញការលើកកម្ពស់សីលធម៌សង្គម។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិតជាបានអនុញ្ញាតឱ្យក្រុមអ្នកធ្វើធម្មយាត្រាមែន ប៉ុន្តែលោកថា ក្រសួងបានណែនាំទៅអ្នកទាំងនោះ ត្រូវធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជួយរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងកុំឱ្យមានបញ្ហាប្រឈមនានាដែលកើតឡើង ជាដើម ។

លោកមានប្រសាសន៍ថា៖ «ស​ម្តេច ស ខេង បានអនុញ្ញាតឱ្យធ្វើធម្មយាត្រាមែន ប៉ុន្តែនៅក្នុងឃ្លាមួយបានកំណត់ថា ក្រុមសមាគមត្រូវទំនាក់ទំនងជាមួយអាជ្ញាធរនៅតាមមូលដ្ឋាន ដើម្បីរៀបចំសណ្តាប់ធ្នាប់ ការពារសណ្តាប់ធ្នាប់សន្តិសុខ។ ដូច្នេះប្រហែលជាគាត់មិនបានសហការជាមួយអាជ្ញាធរទេដឹង បានជាមានបញ្ហាហ្នឹង? ប្រហែលជារឿងគាត់ទេ ដែលមិនសហការ មិនមែនកើតចេញពីអាជ្ញាធរទេ បើតាមខ្ញុំយល់»។

សេចក្តីថ្លែងការណ៍រួមមួយចុះថ្ងៃទី១ ខែកុម្ភៈ ដែលវីអូឌីទទួលបាន និងចុះហត្ថលេខាដោយប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន, ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី, ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ, អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​ លោក គៀន ពន្លក, និងតំណាងស្ត្រីថ្ងៃសុក្រ អ្នកស្រី ព្រំ ចាន់ថា បានទាមទាររដ្ឋាភិបាលកម្ពុជា កែលម្អសីលធម៌សង្គម ៤ ចំណុច ដូចជា ស្នើឱ្យអ្នកនយោបាយខ្មែរគ្រប់ភាគីងាកមករកការផ្សះផ្សាជាតិ និងប្រកួតប្រជែងគ្នាប្រកបដោយសីលធម៌ ក្នុងនាមមនុស្សជាតិ, អ្នកមានអំណាចត្រូវបញ្ឈប់ការរំលោភបំពានមកលើពលរដ្ឋខ្មែរស្លូតត្រង់។

ក្រៅពីនោះ ពួកគេទាមទាររដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំមនសិការទាំងអស់ ដើម្បីបង្ហាញពីភាតរភាព និងសាមគ្គីជាតិខ្មែរនិងខ្មែរ និងចំណុចចុងក្រោយ ស្នើពលរដ្ឋខ្មែរទាំងអស់បញ្ឈប់ការប្រកាន់បក្ខពួកនិយម ហើយងាកមកសាមគ្គី និងមានមេត្តាចិត្ត ក្នុងនាមខ្មែរមហានគរ។

តាមរយៈលិខិតចុះថ្ងៃទី២៦​ ខែមករា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យហែធម្មយាត្រានេះ ក្នុងបរិមាណអ្នកចូលរួមប្រមាណ ៥០ នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ