ប្រទេសមួយចំនួនតម្រូវឱ្យធ្វើតេស្តរកជំងឺកូវីដ-១៩ សម្រាប់អ្នកដំណើរមកពីប្រទេសចិន

អ្នក​ធ្វើ​ដំណើរ​ដើរ​អូសអីវ៉ាន់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ប៉េកាំង ​ចំពេល​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។ (REUTERS/Tingshu Wang)

បណ្ដាប្រទេសមួយចំនួនក្នុងនោះរួមមាន សហរដ្ឋអាមេរិក អ៊ីតាលី ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និងតៃវ៉ាន់ ជាដើម តម្រូវឱ្យអ្នកដំណើរមកពីប្រទេសចិនធ្វើតេស្តរកជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Shine នៅថ្ងៃទី២៨​ ខែធ្នូ ឆ្នាំ២០២២។

មន្ត្រីអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាលើការគ្រប់គ្រងអ្នកដំណើរដែលមកពីប្រទេសចិន នេះបើយោងតាមសារព័ត៌មាន Bloomberg។

ចំណែកនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បាននិយាយកាលពីថ្ងៃពុធថា ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២  អ្នកដំណើរដែលបានទៅ ឬស្នាក់នៅក្នុងប្រទេសចិនក្នុងរយៈពេល៧ថ្ងៃ នឹងតម្រូវឱ្យធ្វើតេស្តនៅពេលមកដល់ប្រទេសជប៉ុន ហើយប្រសិនបើធ្វើតេស្តឃើញវិជ្ជមាន ពួកគេនឹងត្រូវធ្វើចត្តាឡីស័កចំនួន៧ថ្ងៃ។ ប្រទេសជប៉ុនក៏កំពុងពិចារណាលើការកំណត់ចំនួនជើងហោះហើរពីប្រទេសចិនផងដែរ។

ពាក់ព័ន្ធនឹងករណីនេះ ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង បានបន្ថែមប្រទេសចិនទៅក្នុងបញ្ជីប្រទេសគោលដៅដែលត្រូវធ្វើចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិ Incheon នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ហើយអ្នកដំណើរត្រូវតែមានសីតុណ្ហភាពរាងកាយមិនលើសពី ៣៧,៣អង្សាសេ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Yonhap។

យោងតាមក្រសួងសុខាភិបាល និងសុខុមាលភាពគ្រួសាររបស់ប្រទេសឥណ្ឌា បានឱ្យដឹងថា ភ្ញៀវទេសចរមកពីចិនដីគោក ជប៉ុន ថៃ និងកូរ៉េខាងត្បូង នឹងតម្រូវឱ្យធ្វើតេស្ត RT-PCR នៅពេលចូលទៅកាន់ប្រទេសឥណ្ឌា ហើយអ្នកដែលមានរោគសញ្ញា ឬតេស្តឃើញវិជ្ជមាន នឹងតម្រូវឱ្យធ្វើចត្តាឡីស័ក។ លើសពីនេះ ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ អ្នកដំណើរ ២ភាគរយ នៃជើងហោះហើរអន្តរជាតិ​ទាំង​អស់​នឹងត្រូវជ្រើសរើស​ដោយចៃដន្យសម្រាប់​ធ្វើតេស្ត PCR។

រីឯប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ អាកាសយានដ្ឋានម៉ាលផេនសា (Malpensa) នៅទីក្រុងមីឡែន (Milan) បាននិងកំពុងធ្វើតេស្តរកជំងឺកូវីដ-១៩ សម្រាប់អ្នកដំណើរទាំងអស់ដែលមកដល់ប្រទេសចិន ដោយមិនគិតពីសញ្ជាតិ។ គោលនយោបាយនេះមានសុពលភាពជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

លើសពីនេះ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ អ្នកធ្វើដំណើរពីចិនដីគោកទៅកាន់កោះតៃវ៉ាន់ នឹងត្រូវតម្រូវឱ្យធ្វើតេស្ត PCR និងតាមដានសុខភាពរយៈ៧ថ្ងៃ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉េនប៊ីន (Wang Wenbin) បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសនីមួយៗគួរចាត់វិធានការទប់ស្កាត់ដោយសមស្រប និងតាមបែបវិទ្យាសាស្រ្ត ដោយមិនប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋរវាងបណ្តាប្រទេសនានា។

លោកបន្ថែមថា៖ «យើងទន្ទឹងរង់ចាំក្នុងការបន្តឡើងវិញនៃការធ្វើដំណើរកាន់តែងាយស្រួលនៃប្រជាពលរដ្ឋរវាងប្រទេសចិន និងប្រទេសដទៃទៀត»។

សូមរម្លឹកផងដែរថា បាតុកម្មទ្រង់ទ្រាយធំមិនធ្លាប់មានកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសចិន ចាប់​តាំង​ពីប្រធា​នា​ធិប​តី​ចិន លោក ស៊ី ជីនពីង (Xi Jinping) ឡើងកាន់អំណាច​អស់រយៈពេល​មួយទសវត្សរ៍ ប្រឆាំងនឹងវិធានការ «កូវីដសូន្យ» ដែលត្រូវបានដាក់ចេញជិត៣ឆ្នាំ ចាប់​តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩។

អ្វីដែលធ្វើឱ្យក្រុមបាតុករ​ផ្ទុះកំ​ហឹង​កាន់​តែ​ខ្លាំង​នោះ គឺអគ្គិភ័យកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅឯអគារលំនៅឋានដ៏ខ្ពស់មួយកន្លែង នៅរដ្ឋធានីទីហ័រ (Urumqi) នៃតំបន់ស៊ីជាំង (Xinjiang) ដែលបានសម្លាប់មនុស្ស១០នាក់ ហើយដែលក្រុមបាតុករចោទថាបណ្ដាលមកពីវិធានការបិទខ្ទប់។

ជាការឆ្លើយតបនឹងក្រុមបាតុករ រដ្ឋាភិបាលក្រុងប៉េកាំងបានបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺ​កូវីដ-១៩ ហើយចាប់តាំងពីនោះមក ជំងឺកូវីដ-១៩នៅប្រទេសចិនផ្ទុះកាន់តែខ្លាំងឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ