អតីតទីប្រឹក្សាក្រសួងសេដ្ឋកិច្ច លោកបណ្ឌិត សុក ហាច ចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន

គណបក្សភ្លើងទៀន ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណបក្សភ្លើងទៀន សម្រេចតែងតាំងលោកបណ្ឌិត សុក ហាច ជាទីប្រឹក្សាគណបក្សដែលទទួលបន្ទុកផ្នែកសេដ្ឋកិច្ច បន្ទាប់ពីលោកបានប្រកាសចូលរួមជីវភាពនយោបាយជាមួយបក្សភ្លើងទៀន នាពេលថ្មីៗនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន ចុះថ្ងៃទី២ ខែមករា ឆ្នាំ​២០២៣ ដែលទើបត្រូវបានផ្សព្វផ្សាយនាថ្ងៃនេះ ឱ្យដឹងថា បន្ទាប់ពីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រួច គណបក្សភ្លើងទៀនសម្រចទទួលយកសំណើរបស់លោក សុក ហាច ដែលសុំចូលរួមជីវភាពនយោបាយជាមួយបក្សភ្លើងទៀន ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ។

ក្រៅពីទទួលយកសំណើហើយ គណបក្សភ្លើងទៀន បានសម្រេចតែងតាំងអ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត សុក ហាច ជាទីប្រឹក្សាគណបក្សទទួលបន្ទុកផ្នែកសេដ្ឋកិច្ចផងដែរ ខណៈ លោកបណ្ឌិត សុខ ហាច ជាបញ្ញវន្តផ្នែកសេដ្ឋកិច្ចមួយរួបដែលធ្លាប់បម្រើការងារនៅស្ថាប័នមួយចំនួន រួមមាន ធ្លាប់ធ្វើជាទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាស្ថាបនិកវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា (EIC) ខណៈបច្ចុប្បន្ន លោកក៏ជាប្រធានក្រុមហ៊ុននាំអង្ករចេញ Golden Rice។

អនុប្រធានគណបក្សភ្លើងទៀន លោក ចេក គឹមអ៊ាង មានប្រសាសន៍បញ្ជាក់ថា គណបក្ស​ភ្លើងទៀន បានចេញលិខិតស្វាគម​ន៍​ និង​តែងតាំង​អ្នកជំនាញ​សេដ្ឋកិច្ច លោកបណ្ឌិត សុក ហាច ជាទី​ប្រឹក្សា​គណបក្ស​ទទួល​បន្ទុក​ផ្នែក​សេដ្ឋកិច្ចរួចហើយ។

លោកបន្ថែមថា គណបក្សភ្លើងទៀន​ ក៏កំពុងត្រូវការ​អ្នកនយោបាយ បញ្ញវន្ត អ្នកជំនាញផ្សេងទៀតផងដែរ ដើម្បី​ចូលរួមជីវភាពនយោបាយ​ជាមួយគណបក្សរបស់ខ្លួន ​ទៅប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។

លោកថា៖ ​«ក្នុងការចូលរួម យើងត្រូវការបញ្ញវន្ត​ យើងត្រូវការអ្នកនយោបាយជាន់ខ្ពស់​ យើងត្រូវការអ្នកស្នេហាជាតិពិតប្រាកដចូលរួម។ យើងសង្ឃឹមថា កាលណាចូលរួមច្រើន ​កាលណាចូលរួមច្រើន ការគិតរបស់បញ្ញវន្តមិនសូវជាចេះខុសប៉ុន្មានទេ អ៊ីចឹងធ្វើឱ្យពលរដ្ឋគាំទ្រគណបក្សភ្លើងទនកាន់តែច្រើន»។

ទោះជាយ៉ាងណា អនុប្រធានគណបក្សភ្លើងទៀនរូបនេះមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា​ លោកបណ្ឌិត សុខ ហាច នឹងឈរឈ្មោះជាតំណាងរាស្រ្ត ដោយសារគណបក្សពុំទាន់រៀបចំបេក្ខជនតំណាងរាស្រ្ត។

វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមពីលោកបណ្ឌិត សុខ ហាច បាននៅឡើយទេ ជុំវិញរឿងនេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកការប្រកាសសម្រេចចូលរួមនយោបាយជាមួយគណបក្សភ្លើងទៀនរបស់បណ្ឌិត សុក ហាច ថាជាសិទ្ធិរបស់បុគ្គល។ លោកបញ្ជាក់ថា ការចូលរួមរបស់លោក សុក ហាច ជាមួយបក្សភ្លើងទៀននេះ មិនបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាមានក្ដីបារម្ភឡើយ។

លោកថា«ទន្ទឹមហ្នឹង គាត់ចូលតែម្នាក់ខ្លួនគាត់ ទៅភ្លើងទៀន តែចុះបងប្អូនដែលពីសកម្មជនមកពីភ្លើងទៀនរាប់រយនាក់ រាប់ពាន់នាក់ មកចូលជាមួយគណបក្សប្រជាជន ម៉េចក៏មិនលើក? មិនថាផង? អាហ្នឹងវាជាលទ្ធិប្រជាធិបតេយ្យសេរីហើយ»

​អ្នក​ស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា ចាត់ទុកការប្រកាសរបស់លោក សុក ហាច ដែលចូលរួមជីវភាពនយោបាយជាមួយបក្សភ្លើងទៀននាពេលថ្មីៗនេះ ថាជាសញ្ញាវិជ្ជមានមួយសម្រាប់គណបក្សភ្លើងទៀន។

លោកថា៖ «ទីមួយ គឺជាសញ្ញាបង្ហាញអំពី​គណបក្សភ្លើងទៀនហ្នឹងកំពុងប្រមែប្រមូល​នូវធនធានមនុស្ស ដើម្បី​ធ្វើឱ្យមានកម្លាំងនយោបាយ​ និងគាំទ្រគណបក្សភ្លើងទៀន នៅក្នុងឆ្នាំ​២០២៣»។

លោក វណ្ណ ប៊ុនណ្ណា យល់ស្របជាមួយ​លោក សុក ហាច ដែលថាគណបក្សភ្លើងទៀនអាច​ឈ្នះឆ្នោតដឹកនាំប្រទេស ប៉ុន្តែការឈ្នះឆ្នោតនេះមិនមែននៅក្នុងឆ្នាំ២០២៣នោះទេ។

លោកបន្តថា ការចូលរួម​របស់លោក សុក ហាច ពេលនេះ ជាសញ្ញាវិជ្ជមានមួយសម្រាប់ពលរដ្ឋ​ខ្មែរខ្លះដែរ​ ប៉ុន្តែវាមិនមានឥទ្ធិពលខ្លាំងដើម្បីឈានទៅយកឈ្នះការបោះឆ្នោតនាពេលខាងមុខ ដូចពេលលោក សម រង្ស៊ី និងលោក កឹម សុខា រួបរួមគ្នាឡើយ។

លោកថា៖ «ប៉ុន្តែខ្ញុំមើលឃើញថា ​ការចូលរួមគឺជាកម្លាំងមួយមែន​ ប៉ុន្តែវាអត់ទាន់មានឥទ្ធិពលខ្លាំងក្លានៅឡើយទេ។​ ការចូលរួមមានឥទ្ធិពលខ្លាំងកា្ល ទាល់តែឥស្សរជននយោបាយ​ដូចជាលោក សម រង្ស៉ី លោក កឹម សុខា ចូលរួមទៅ បានធ្វើឱ្យមានចលនាក្នុងការផ្លាស់ប្ដូរផ្នត់គំនិត​ក្នុងការបោះឆ្នោតគាំទ្រច្រើនផងដែរ»។

គួរបញ្ជាក់ថា រដ្ឋាភិបាលបានកំណត់កាលបរិច្ឆេទ​រួចហើយ ថាការបោះឆ្នោតជ្រើសតាំង​តំណាង​រាស្ត្រ​ សម្រាប់នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ