លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាត់វិធានការផ្លូវច្បាប់ រួមទាំងប្ដឹងរឹបអូសទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន គឺលោក គង់ គាំ បើមិនបញ្ឈប់ការរិះគន់ ដែលលោកថាជាការវាយប្រហារបក្សកាន់អំណាចលើទីលានប្រកួតនយោបាយនោះ។
ការព្រមានរបស់នាយករដ្ឋនេះធ្វើឡើងក្នុងពិធីបើកការដ្ឋានពង្រីកផ្លូវជាតិលេខ៧ ក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃចន្ទនេះ។
ក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចំៗឱ្យលោក គង់ គាំ ឈប់យកគណបក្សប្រជាជនកម្ពុជាធ្វើជាគោលដៅវាយប្រហារ បើមិនចង់ប្រឈមនឹងផ្លូវច្បាប់។
លោកថា៖ «ចាស់ហើយល្មមហើយអាគាំ ផ្ដាំទៅអាគាំ! យើងពីដើមនៅជាមួយគ្នាតើ! ហើយក្រោយមក ក្នុងរយៈពេលដែលលោកឯងចេញមក ដើម្បីចូលរួមជាមួយនឹងក្រុមប្រឹក្សាពិគ្រោះយោបល់ ឥលូវអ្នកឯងចូលត្រលប់ទៅវិញ វាយប្រហារគណបក្សប្រជាជន។ ខ្ញុំសូមដាស់តឿនៗៗ ជាការព្រមានបន្ថែម អ្នកឯងសាកមើល៍! ហ៊ុន សែន ហ៊ានវាយខ្នោះចំពោះជនក្បត់ដែលមានភស្តុតាងនៅម៉ោង១២យប់។ ហ៊ុន សែន គឺមិនខ្លាចអ្វីទាំងអស់»។
លោកវាយបកទៅនឹងមតិរិះគន់ដែលថារដ្ឋាភិបាលប្រើតុលាការដើម្បីគំរាមសេរីភាពបញ្ចេញមតិ ដោយចោទជាសំណួរដែរ ថាតើពួកគេគួរជ្រើសរើសមួយណា រវាងផ្លូវច្បាប់ និងការប្រើដំបង។
បន្ថែមពីនេះ លោកថា ក្នុងករណីអស់ការអត់ធ្មត់ លោកប្តឹងទៅតុលាការ ដើម្បីរឹបអូសកម្មសិទ្ធិដីធ្លីរបស់លោក គង់ គាំ ផងដែរ។
លោកថា៖ «គង់ គាំ ឯង ចង់ឱ្យខ្ញុំប្ដឹងសើរើយកផ្ទះយ៉ាងម៉េច? ពេលហ្នឹងខ្ញុំនៅធ្វើជានាយករដ្ឋមន្ត្រីផង ធ្វើជារដ្ឋមន្ត្រីការបទេសផង លោកឯងត្រលប់មកពីធ្វើឯកអគ្គរដ្ឋទូតនៅហាណូយ លោកឯងមកយកផ្ទះឆៅ ខ្ញុំអាចប្តឹងដើម្បីយកផ្ទះលោកឯងវិញ។ ផ្ទះហ្នឹងទ្រព្យសម្បត្តិរបស់ក្រសួងការបរទេសតើ! គង់ គាំ យក! ពិតមែនតែបានចុះបញ្ជីក៏ដោយ ឥលូវអាចប្ដឹងសើរើ អាចប្តឹងបានតើ!»
បើទោះបីជាលោកថ្លែងរំឭកអរគុណលោក គង់ គាំ ដែលបានចូលរួមការងារគណបក្សប្រជាជនកម្ពុជាជាមួយលោកជាង១០ឆ្នាំ ប៉ុន្តែលោកបញ្ជាផ្ទាល់មាត់ ឱ្យក្រុមមេធាវីតាមរាជធានី-ខេត្ត តាមដានសារនយោបាយ ក្រុមអ្នកនយោបាយជំទាស់ ដើម្បីចាត់វិធានការច្បាប់ ដើម្បីការពារកិត្តិយសបក្សកាន់អំណាច និងដើម្បីលុបបំបាត់វប្បធម៌ចោទប្រកាន់បក្សកាន់អំណាចថាជាចោរលួចសន្លឹកឆ្នោតក្រោយបោះឆ្នោត។
លោកថា៖ «គ្រាន់បើហើយអញប្ដឹងទៅតុលាការ អញយកតុលាការធ្វើជាមូលដ្ឋានកាត់ក្ដី បើសិនជាអញប្រើកម្លាំងទៅវាយខ្នោះហ្អែង ឬគេហៅថាដាក់ពួក ឬក្រុមអ្នកលេងមួយក្រុមទៅផ្ទះហ្អែងៗមិនរត់ល្បល់យ៎ តែយើងមិនធ្វើអ៊ីចឹងទេ ញុះញង់ប្រជាជន មិនលើកទឹកចិត្តឱ្យប្រជាជនប្រើហិង្សាណាមួយទេ» ។
លោក គង់ គាំ ដែលបច្ចុប្បន្នជាឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន ធ្លាប់បានថ្លែងសារនយោបាយរិះគន់គណបក្សកាន់អំណាច ពាក់ព័ន្ធនឹងប្រភព «ថ្ងៃ៧មករា» អំឡុងចុះជួបក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សភ្លើងទៀន នៅតាមបណ្តាខេត្តមួយចំនួន រួមទាំងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះផងដែរ។
លោកបានទម្លាយថា កាលពីលោកនៅជាមួយគណបក្សប្រជាជនកម្ពុជា គេបានផ្តល់ដំបូលន្មានលោកថា «ពេលផឹកទឹក ឱ្យនឹកប្រភព ពេលជ្រកម្លប់ ឱ្យនឹកអ្នកដាំ»។ ប៉ុន្តែលោកថា បក្សប្រជាជនកម្ពុជាដែលកំពុងបន្តគ្រប់គ្រងអំណាចបច្ចុប្បន្ន មិនមែនខ្មែរជាអ្នកដាំទេ។
លោកថា៖ «ប៉ុន្តែប្រភព៧មករានេះ មិនដឹងមកពីណាទេ ខ្ញុំដូចជាវង្វេងដែរនេះ ដូចមិនមែននៅនឹង[ស្រុក]ស្នួល [ខេត្ត]កំពង់ចាម ហ្នឹងទេ! មកពីនាយទេ! ក៏មិនដឹងអ្នកដាំគេហ្នឹង[ថាជានរណា] ដូចជាមិនមែនសម្ដេចតេជោជាអ្នកដាំទេមើលទៅ មានគេអ្នកដាំសម្តេចតេជោទៀតមើលទៅ។ ប៉ុន្តែគណបក្សភ្លើងទៀនមានខ្មែរជាអ្នកដាំ គណបក្សភ្លើងទៀនមានខ្មែរជាប្រភព»។
លោក គង់ គាំ ឱ្យវីអូឌីដឹងបន្ថែមនៅថ្ងៃចន្ទនេះថា តាមលោកស្គាល់ចិត្ត លោកនាយករដ្ឋមន្ត្រីនឹងមិនមានអ្វីធ្ងន់ធ្ងរសម្រាប់ការចូលរួមជីវភាពនយោបាយរបស់លោកជាមួយគណបក្សភ្លើងទៀនទេ។
លោកថា៖ «ស្អីក៏គាត់ធ្វើបានដែរ បើតាមខ្ញុំស្តាប់ប្រសាសន៍របស់គាត់ទៅ ហើយបើធ្លាប់ភពប្រសព្វដឹងចិត្តដឹងថ្លើមគ្នាដែរអ៊ីចឹង គាត់ហាក់ដូចគ្រាន់តែដាស់តឿនៗអ៊ីចឹងទេ រំឭកកុំឱ្យមានអីជាថ្មីទៀតអ៊ីចឹងទេបាទ»។
យ៉ាងណា អ្នកនយោបាយវ័យចំណាស់រូបនេះបានគូសបញ្ជាក់ថា លោកនៅតែបន្តចុះជួបក្រុមប្រឹក្សាជាប់ឆ្នោតនៃគណបក្សភ្លើងទៀន រហូតដល់ថ្ងៃបោះឆ្នោតជាតិ នីតិកាលទី៧ ដែលគ្រោងធ្វើនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ បើមិនមានបញ្ហាសុខភាពទេនោះ។
ប្រធានក្រុមអ្នកច្បាប់ អមរិន្ទ លោកមេធាវី សុក សំអឿន ពន្យល់ថា ជាស្មារតីច្បាប់ អ្នកដែលមានកម្មសិទ្ធិពេញលេញលើដី និងផ្ទះរបស់ពួកគេ នោះអ្នកដទៃនឹងមិនអាចដកហូតបានទេ ដរាបណាមិនមានកំហុសខាងកាន់កាប់។
លោកថា៖ «ស្រុកយើងមានច្បាប់ កាលណាកាន់កាប់ពេញលេញហើយ រឿងអីទៅដកហូតគេបាន? អ៊ីចឹងណា! ច្បាប់វាច្បាប់ហើយ បើមានរឿងក្តីក្តាំ តុលាការពិបាកដែរ ស្រេចលើតុលាការ យល់នៅ?»
ស្ថានិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ យល់ថា បើកម្មសិទ្ធិលោក គង់ គាំ ត្រូវបានទទួលស្គាល់ពីស្ថាប័នរដ្ឋស្របច្បាប់ ហើយត្រូវបានដកហូតវិញ ដោយសារតែវោហាសាស្ត្រនយោបាយ នោះវានឹងបន្សល់នូវគំរូអាក្រក់ក្នុងសង្គម ហើយក៏ជាហានិភ័យដល់អ្នកដទៃផ្សេងទៀតដែលទទួលបានកម្មសិទ្ធិក្រោយសម័យរំដោះដែរ។
លោកថា៖ «ដូច្នេះហើយ វាជាគំរូមួយដ៏អាក្រក់មិនគួរកើតមានទេ បើសិនជាមួយក៏គួរតែទម្លាក់ចោលដែរ ដើម្បីរក្សាឱ្យបាននូវសន្តិភាព ហើយនឹងការអនុវត្តច្បាប់មួយដែលត្រឹមត្រូវ»។
លោក គង់ គាំ ជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ និងក៏ជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នៅក្រសួងការបរទេស អំឡុងទសវត្សរ៍៨០។
ក៏ប៉ុន្តែក្រោយពីមានបញ្ហាក្នុងជួរបក្ស លោក គង់ គាំ បានប្រឡូកចូលក្នុងជីវភាពនយោបាយជាមួយគណបក្សសម រង្ស៊ី របស់លោក សម រង្ស៊ី ចាប់ពីឆ្នាំ១៩៩៥មក។
តែយ៉ាងណា ក្រោយតុលាការរំលាយគណបក្សប្រឆាំង ខណៈលោក សម រង្ស៊ី ដែលហ៊ុមព័ទ្ធទៅដោយបណ្ដឹង និងសម្រេចដកខ្លួនពីប្រធានគណបក្សសង្គ្រោះជាតិ ក្រោយនិរទេស ដើម្បីគេចចេញពីការតាមចាប់ខ្លួនរបស់តុលាការនោះ លោក គង់ គាំ ដែលពេលនោះជាប្រធានគណបក្សភ្លើងទៀន បានក្លាយជាឧត្តមទីប្រឹក្សាគណបក្សឆន្ទៈខ្មែរ។
តែបច្ចុប្បន្ននេះ ទាំងកូនប្រុសបង្កើតរបស់លោក គឺលោក គង់ មុនីកា អតីតប្រធានគណបក្សឆន្ទៈខ្មែរ និងលោក គង់ គាំ បានត្រលប់ទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀនវិញ ក្រោយពីតុលាការនៅបន្តបិទខ្ទប់លោក សម រង្ស៊ី ឱ្យបន្តនៅក្រៅសង្វៀននយោបាយនៅឡើយ៕