បាតុករ​គាំទ្រ​អតីត​ប្រធានាធិបតី​ប្រេស៊ីល​ជាង ១៥០០នាក់ ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់​ពី​បាន​ចូលលុកលុយ​អគាររដ្ឋាភិបាល

អ្នកគាំទ្រអតីតប្រធានាធិបតីស្តាំនិយមប្រេស៊ីល លោក Jair Bolsonaro ដែលជំទាស់នឹងការជាប់ឆ្នោតប្រធានាធិបតីឆ្វេងនិយម លោក Luiz Inacio Lula da Silva ប្រមូលផ្តុំគ្នានៅជិតសភារបស់ប្រទេសប្រេស៊ីល បន្ទាប់ពីក្រុមអ្នកតវ៉ាបានលុកលុយអគារក៏ដូចជាវិមានប្រធានាធិបតី និងតុលាការកំពូលក្នុងទីក្រុង Brasilia ប្រទេសប្រេស៊ីល កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣។ (REUTERS/Antonio Cascio)

អ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីល លោក ហ្សាអៀរ បុលសូណារ៉ូ (Jair Bolsonaro) ជាង១ ៥០០នាក់ត្រូវ​បាន​ចាប់​ខ្លួន ​នៅ​រដ្ឋធានីប្រេស៊ីលឡា (Brasilia) បន្ទាប់ពីបានផ្ទុះបាតុកម្មទូទាំងរដ្ឋធានីកាលពីចុងសប្តាហ៍។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ Reuters នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នេះ។

ប្រធានាធិបតីទើបចូលកាន់តំណែងរបស់ប្រេស៊ីល លោក លូអ៊ីស អ៊ីនណាស៊ីអូ លូឡា ដាស៊ីល​វ៉ា (Luiz Inacio Lula da Silva) ជាបុគ្គលឆ្វេងនិយម ដែលបានឡើងកាន់តំណែងកាល​ពី​ថ្ងៃ​ទី០១ ខែម​ករា ឆ្នាំ​២០២៣ បន្ទាប់ពីបានផ្តួលគូប្រជែងលោក Bolsonaro ក្នុងការបោះឆ្នោតកាលពីខែ​តុលា បាន​សន្យាថា នឹងឱ្យអ្នកប្រព្រឹត្តអំពើហិង្សា​ទទួលខុសត្រូវចំពោះទង្វើរបស់​ខ្លួន។ ហ្វូង​បាតុករបានចូល​លុកលុយ​សភា តុលាការ​កំពូល និង​ការិយាល័យប្រធានាធិបតី ដោយ​វាយ​កម្ទេច​បង្អួច គ្រឿង​សង្ហារិម និង​សម្ភារផ្សេងទៀត។

ក្នុងការស្តារសណ្តាប់ធ្នាប់នៅក្នុងរដ្ឋធានីប្រេស៊ីលឡើងវិញ ទាហានប្រេស៊ីលដែលគាំទ្រដោយនគរបាល បានរុះរើ​ជំរំរយៈពេល២ខែ ដែលស្ថិតនៅទល់មុខទីបញ្ជាការកងទ័ព ជាកន្លែងដែលអ្នកគាំទ្រលោក Bolsonaro បានតវ៉ាចាប់តាំងពីលោកបានចាញ់ការបោះឆ្នោត។ នេះបើយោងតាមសាក្សីរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។

អាជ្ញាធរបាននិយាយថា មនុស្សប្រហែល១ ២០០នាក់មកពីជំរំនេះ ត្រូវបានឃុំខ្លួន​ដើម្ប​សាក​​សួរ​កាលពីថ្ងៃចន្ទ បន្ទាប់ពីមានការចាប់ខ្លួនបាតុករប្រហែល៣០០នាក់ កាល​ពី​ថ្ងៃ​​អាទិត្យ។

អ្នកគាំទ្រលោក Bolsonaro រាប់ពាន់នាក់ បានចេញដំណើរពីជំរំនោះ​​កាលពីថ្ងៃអាទិត្យ មុនពេល​លុក​លុយ​ចូល​វិមាន​ប្រធានាធិបតី តុលាការកំពូល និងសភា ដែលជាការវាយប្រហារដ៏អាក្រក់បំផុត​​លើស្ថាប័នរដ្ឋ ចាប់​តាំង​ពី​ប្រទេស​ប្រេស៊ីល​បាន​វិល​ទៅ​រកលទ្ធិប្រជាធិបតេយ្យក្នុងទសវត្សរ៍ឆ្នាំ១៩៨០។

គួរបញ្ជាក់​ថា លោក Luiz Inacio Lula da Silva អាយុ៧៧​ឆ្នាំ បានស្បថចូលកាន់តំណែងជាប្រធានា​ធិប​តីប្រេស៊ីល​សាជាថ្មី កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីបានឈ្នះការបោះឆ្នោត​ប្រធានាធិបតីលើ​លោក Bolsonaro កាលពីខែតុលា ឆ្នាំ២០២២ ដោយ​រូបលោកក៏បាន​ប្តេជ្ញា​ជួយ​សង្គ្រោះប្រទេស​ដែលញាំញីដោយភាពអត់ឃ្លាន ភាព​ក្រីក្រ និង​ការ​ប្រកាន់​ពូជសាសន៍មួយនេះផងដែរ។

ទោះជាយ៉ាង​ណា លទ្ធផលនៃជ័យជម្នះរបស់លោក Lula​ នេះមិនត្រូវបានទទួលស្គាល់ដោយលោក Bolsonaro និងអ្នកគាំទ្ររបស់ខ្លួនឡើយ ដោយពួកគេលើកឡើងថា កម្សោយ​ក្នុង​ការ​បោះ​ឆ្នោតនេះ​បង្កឱ្យមានចលនាហិង្សានៃអ្នកបដិសេធលទ្ធផលបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ