អ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ចូលលុកលុយអគាររដ្ឋាភិបាលប្រឆាំងនឹងប្រធានាធិបតីថ្មី

អ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ធ្វើបាតុកម្មប្រឆាំងនឹងប្រធានាធិបតី លោក Luiz Inacio Lula da Silva នៅពេលដែលកងកម្លាំងសន្តិសុខធ្វើប្រតិបត្តិការនៅខាងក្រៅសភាជាតិរបស់ប្រទេសប្រេស៊ីល ក្នុងទីក្រុង Brasilia ប្រទេសប្រេស៊ីល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣។ (REUTERS/Adriano Machado)

អ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីលស្ដាំនិយម លោក Jair Bolsonaro ដែលទើបតែផុតអាណត្តិ បាននាំគ្នា​សម្រុក​ចូល​លុក​លុយ និង​បង្ក​ភាព​ចលាចលក្នុងទីតាំងអគាររដ្ឋាភិបាលសំខាន់ៗមួយចំនួនដែលមាន​ដូចជា​ សភា វិមានប្រធានាធិបតី និងតុលាការកំពូល កាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីប្រឆាំងនឹ​ងការ​ចូលកាន់​កាប់​តំណែង​របស់​លោក​ប្រធានាធិបតី Luiz Inacio Lula da Silva។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣​នេះ។

ទោះជាយ៉ាងណា មិនមានការចេញរបាយការណ៍ភ្លាមៗ​អំពី​ការ​ស្លាប់ ឬរងរបួស ពី​ការ​វាយ​ប្រហាររបស់​ក្រុម​អ្នកគាំទ្រអតីតប្រធានាធិបតីទាំង​នោះទេ​ ខណៈ​ពួកគេ​បានបន្សល់ទុកនូវរូបភាពនៃការបំផ្លិចបំផ្លាញលើទីតាំងវិមាន​ប្រធានាធិបតី សភា និង​តុលាការកំពូលរបស់ប្រទេស។

ការបង្កឱ្យមានជាភាពចលាចលដែលមានរយៈពេលជាង៣ម៉ោងនេះ ក៏បាន​គូស​បញ្ជាក់ឱ្យឃើញអំពីភាពមិនចុះសម្រុងគ្នាយ៉ាងធ្ងន់ធ្ងរ ដែលនៅតែបន្តកើតឡើងនៅក្នុងប្រទេស ក្នុងរយៈប៉ុន្មានថ្ងៃ បន្ទាប់​ពីការ​ឡើង​កាន់​តំណែងរបស់ប្រធានាធិបតីឆ្វេងនិយម លោក Luiz Inacio Lula da Silva ដែលទទួលបានជ័យជម្នះលើលោក Jair Bolsonaro នៅក្នុងការបោះឆ្នោតកាលពីខែតុលា ឆ្នាំមុន។

ថ្លែងក្នុង​សន្និសីទ​សារព័ត៌មានមួយ ក្នុង​អំឡុង​ពេលបំពេញដំណើរទស្សនកិច្ច​ជា​ផ្លូវ​ការ​ទៅកាន់​រដ្ឋ Sao Paulo លោកប្រធានាធិបតី Lula បានឱ្យដឹងថា៖ «អ្នកដែលបង្កឱ្យមានជាការបំផ្លិចបំផ្លាញទាំងនេះ ដែល​យើង​អាចហៅ​បាន​ថាជាក្រុមអ្នកស្ដាំនិយមលើសលុប បានធ្វើនូវសកម្មភាពដែលមិនធ្លាប់កើតមានឡើងនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសនេះ។ អ្នក​ទាំង​អស់​ដែល​បាន​ធ្វើ​សកម្មភាពនេះ​ នឹង​ត្រូវ​កំណត់អត្តសញ្ញាណ ហើយ​ពួក​គេ​នឹង​ទទួល​ទោស»។

គួរបញ្ជាក់ថា លោក Luiz Inacio Lula da Silva អាយុ៧៧​ឆ្នាំ បានស្បថចូលកាន់តំណែងជាប្រធានា​ធិប​តីប្រេស៊ីល​ សាជាថ្មី កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីបានឈ្នះការបោះឆ្នោតប្រធានាធិបតីលើ​លោក Bolsonaro កាលពីខែតុលា ឆ្នាំ២០២២ ដោយ​រូបលោកក៏បាន​ប្តេជ្ញា​ជួយ​សង្គ្រោះប្រទេស​ដែលញាំញីដោយភាពអត់ឃ្លាន ភាព​ក្រីក្រ និង​ការ​ប្រកាន់​ពូជសាសន៍មួយនេះផងដែរ។

ទោះជាយ៉ាងណា លទ្ធផលនៃជ័យជម្នះរបស់លោក Lula​ នេះមិនត្រូវបានទទួលស្គាល់ដោយលោក Bolsonaro និងអ្នកគាំទ្ររបស់ខ្លួនឡើយ ដោយពួកគេលើកឡើងថា កម្សោយ​ក្នុង​ការ​បោះ​ឆ្នោតនេះ​បង្កឱ្យមានចលនាហិង្សានៃអ្នកបដិសេធលទ្ធផលបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ