ចិនផ្អាកចេញទិដ្ឋាការរយៈពេលខ្លីសម្រាប់ភ្ញៀវទេសចរមកពីកូរ៉េខាងត្បូង និងជប៉ុន ដែលជាការតបតជាលើកដំបូង ចំពោះបណ្តាប្រទេសដែលដាក់ចេញនូវវិធានការរឹតត្បិតលើអ្នកដំណើរមកពីប្រទេសចិន ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នេះ។
ប្រទេសចិន បានបើកព្រំដែនរបស់ខ្លួនឡើងវិញ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីនៅឯកោរយៈពេល៣ឆ្នាំ ដោយបានដកចេញនូវវិធានការរឹតត្បិតដ៏សំខាន់ចុងក្រោយ ដែលជាផ្នែកមួយនៃគោលនយោបាយ «សូន្យកូវីដ» នៅដើមខែធ្នូ បន្ទាប់ពីមានការតវ៉ាជាប្រវត្តិសាស្ត្រប្រឆាំងនឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។
ការបិទប្រទេសញឹកញាប់ ការធ្វើតេស្តឥតស្រាកស្រាន្ត និងការរឹតត្បិតការធ្វើដំណើរចាប់តាំងពីដើមឆ្នាំ២០២០មក បានធ្វើឱ្យប្រទេសសេដ្ឋកិច្ចឈានមុខលំដាប់ទី២ នៅលើពិភពលោកនេះ ធ្លាក់ទៅក្នុងល្បឿនយឺតបំផុតក្នុងរយៈពេលជិតកន្លះសតវត្សរ៍ និងបណ្តាលឱ្យមានចលាចលទូទាំងប្រទេស។
គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២២ ប្រទេសមួយចំនួនតម្រូវឱ្យអ្នកដំណើរមកពីប្រទេសចិនត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ មានដូចជា សហរដ្ឋអាមេរិក អ៊ីតាលី ជប៉ុន ឥណ្ឌា តៃវ៉ាន់ និងកូរ៉េខាងត្បូង។
ទោះបីជាទីក្រុងប៉េកាំង ក៏តម្រូវឱ្យបង្ហាញលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ ពីអ្នកដំណើរដែលចុះចតនៅក្នុងប្រទេសចិនក៏ដោយ ក៏មន្ត្រីចិនកាលពីសប្តាហ៍មុន បានគំរាមតបតចំពោះប្រទេសនានាដែលតម្រូវឱ្យធ្វើតេស្តសម្រាប់មនុស្សដែលមកពីប្រទេសចិន៕