បក្សក្រៅរដ្ឋាភិបាលនិងអ្នកវិភាគថា ការកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់អ្នកនយោបាយមិនចំណេញអ្វីដល់សង្គមជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកដៃគាំទ្រការសម្រេចមួយក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៦ រៀបចំដោយរដ្ឋសភា លើរបៀបវារៈចំនួន៥ ក្នុងនោះក៏លើកឡើងអំពី «ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម នូវមាត្រាចំនួន៨» នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ National Assembly Of Cambodia)

គណបក្សក្រៅ​រដ្ឋាភិបាល និងអ្នកវិភាគ លើក​ឡើង​ថា ការ​កំណត់​សញ្ជាតិតែមួយសម្រាប់អ្នកនយោបាយនិងមន្ត្រីរាជការ មិនបានបម្រើផលប្រយោជន៍សង្គមជាតិឡើយ។

ការលើកឡើងនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃ​ម្សិល​មិញ បានបង្ហាញពី​បំណងធ្វើវិសោធនកម្ម​រដ្ឋធម្ម​នុញ្ញ​​ ដើម្បី​កំណត់សញ្ជាតិអ្នកនយោបាយនិងមន្ត្រីរាជការឱ្យ​មានសញ្ជាតិ​តែមួយ ដោយថា រូបលោកធុញទ្រាន់នឹងបរទេសមួយចំនួនដែលតែងយកបញ្ហាសញ្ជាតិមក​ស្នើសុំលើវិធានការច្បាប់កម្ពុជា ចំពោះអ្នកមានទោសដែល​មានសញ្ជាតិពីរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បន្ត​ថា ប្រសិន​បើ​តំណាង​ទូត​នៃ​ប្រទេស​ទាំង​នោះនៅតែបន្តនិយាយ​ដោយ​លើក​អំពី​រឿង​សញ្ជាតិ​ទៀត លោក​ថា កម្ពុជា​នឹង​ពិចារណាធ្វើ​វិសោធនកម្ម​រដ្ឋធម្ម​នុញ្ញ​ ដើម្បី​កំណត់​ឱ្យ​មន្ត្រី​រាជ​ការ កង​កម្លាំងប្រដាប់អាវុធ និងអ្នកធ្វើនយោបាយទាំងអស់ ត្រូវ​តែមា​ន​សញ្ជាតិតែមួយ។

លោក​ថា ការកំណត់សញ្ជាតិបែបនេះក៏នឹង​បានប៉ះទៅលើមន្ត្រីមួយចំនួននៅក្នុងគណបក្សប្រជាជនកម្ពុជា​ ប៉ុន្តែ​មន្ត្រីនៅក្នុងជួរបក្សដែលដឹកនាំ​ដោយ​លោកអាច​លះបង់​បាន។

លោកថា៖ «បើអគ្គរដ្ឋនានា​នៅតែ​ទទូច​របៀប​នេះ​ត​ទៅ​ទៀត ត្រូវ​គិត​គូរ​ឡើង​វិញ អំពី​តម្រូវ​ការ​ឱ្យ​មាន​សញ្ជាតិតែ​មួយសម្រាប់​អ្នក​ធ្វើ​នយោបាយ ដើម្បី​បញ្ចប់​ស្ថាន​ភាព​លើ​ការ​ទាម​ទារ​ទាំង​ឡាយ​ទាក់​ទង​នឹង​រឿង​សញ្ជាតិ​នេះ។ អាហ្នឹង​ជា​តិខ្ញុំ​ អានេះ​ស្អី​ខ្ញុំ ​មក​ជួប ដូចរញ៉េរញ៉ៃសម្បើមណាស់ ខ្ញុំនិយាយដោយត្រង់។ ហើយខ្ញុំជឿថា សម្ដីរបស់ខ្ញុំ​និយាយត្រូវបានស្ថានទូតនានាចាប់យកទាំងអស់ បកប្រែ ហើយប្រហែលអគ្គរដ្ឋទូតខ្លះកំពុងស្ដាប់ផង។ បើនៅលើទឹកដីរបស់អ្នកឯង អ្នកឯងថាចុះ ​ពលរដ្ឋរបស់អ្នកឯង ប៉ុន្តែមកលើទឹកដីកម្ពុជា គេកំពុងធ្វើនៅកម្ពុជា រឿងស្អីទៅ​ជាជាតិអ្នកឯង? អ៊ីចឹង​ដើម្បីឱ្យវាជ្រះស្រឡះ​ គឺ​មានតែដាក់សញ្ជាតិតែមួយ»។

មន្រ្តីជាន់ខ្ពស់​គណបក្សភ្លើងទៀន លោក គង់ មុនីកា បង្ហាញការមិនឯកភាពចំពោះការកំណត់សញ្ជាតិតែមួយសម្រាប់អ្នកនយោបាយនិងមន្ត្រីរាជការឡើយ ដោយលោក​ចាត់ទុកការលើកឡើង​របស់​នាយករដ្ឋមន្ត្រី ថា​ជាការរើសអើងសញ្ជាតិខ្លួនឯង ខណៈបច្ចុប្បន្ន ពលរដ្ឋខ្មែរដែលមានសញ្ជាតិពីរ​ជាច្រើននាក់មានសមត្ថភាព ហើយពួកគេក៏ជាធនធានសំខាន់មួយសម្រាប់ចូលរួមអភិវឌ្ឍន៍ និងកសាងប្រទេសជាតិផងដែរ។

លោកបញ្ជាក់ថា សញ្ជាតិមួយឬ​ពីរមិន​សំខាន់​ឡើយ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺអាស្រ័យ​ទៅលើឆន្ទៈ​បុគ្គល​ដែលជាអ្នកអនុវត្តជាក់ស្ដែង។

លោកថា៖ «បើសិនជាកំណត់ គួរកំណត់ឱ្យមានដើមកំណើតជាខ្មែរ ឱ្យច្បាស់លាស់អ៊ីចឹងទៅ អ្នកខ្លះអាចមានឪពុកម្ដាយជាជនជាតិវៀតណាមរស់នៅកម្ពុជា ហើយគាត់មិនអាចមកធ្វើជាអ្នកដឹកនាំឬអ្នកនយោបាយខ្មែរបានទេ។ អ៊ីចឹងបើកំណត់បែបនេះ ​ប្រសើរជាង។ បើកំណត់ដើម្បីគ្រាន់តែបិទជន​ជាតិខ្មែរម​ក​ចូលរួមក្នុងការអភិវឌ្ឍ​ប្រទេស​ជាតិ គឹជារឿងមិនត្រឹមត្រូវទេ»។

អ្នកវិភាគ​នយោបាយ លោក ឯម សុវណ្ណរ៉ា យល់​ថា បើរដ្ឋាភិបាលកំណត់​គោល​ការណ៍​ច្បាប់សញ្ជាតិ​តែមួយ​សម្រាប់​អ្នក​នយោ​បាយ នោះ​គ្រាន់​តែជាការតម្រង់​ទិស​បែប​ជាតិនិយមតែប៉ុណ្ណោះ មិនបានបម្រើផល​ប្រយោជន៍ជាតិឡើយ។

លោកបន្ត​ថា មូលហេតុ​ដែល​រដ្ឋាភិបាលកំណត់​សញ្ជាតិ​តែមួយសម្រាប់​អ្នក​នយោ​បាយ បណ្ដាល​មក​ពី​អ្នក​មាន​សញ្ជាតិពីរដែលចូលរួមធ្វើនយោបាយកន្លង​មក បាន​ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាមានភាព​ពិបាកក្នុងការប្រកួតប្រជែង។

លោកថា​៖ «យើងទៅមើលទិដ្ឋភាពជាក់ស្ដែងនៅក្នុងសង្គម​កម្ពុជា តើយើង​បាន​អនុវត្ត ឬ​បណ្ដុះស្មារតី​ជាតិនិយម ក្រប​ខណ្ឌ​ណាមួយ ឬយើងធ្វើការគោលការណ៍​ច្បាប់​នេះ ដើម្បីបម្រើផល​ប្រយោជន៍​​បក្ស ឬ​ក៏​អ្នក​​នយោបាយ? កាលណាផ្ដល់គោលកា​រណ៍សញ្ជាតិពីរ មក​ជួយ​ធ្វើកិច្ចការសង្គមជាតិ ក៏វាមានអំណោយផលសម្រាប់ប្រទេសកម្ពុជាយើងដែរ នៅ​ក្នុងស្ថាន​ភាព​កំពុង​អភិវឌ្ឍន៍ដែរ ពីព្រោះពលរដ្ឋកម្ពុជាយើងនៅខ្វះធនធាន និងបច្ចេកទេសនៅក្នុងវិស័យមួយចំនួនដែលយើង​ធ្លាប់​រីក​ចម្រើន​ពី​អតីត​កាល យើងបានបាត់បង់ ឬយើងមិនបា​ន​ជំរុញ ឬ​ពុំមានធនធានគ្រប់គ្រាន់ក្នុងការអភិវឌ្ឍឡើងមក​វិញទេ»។

លោក ឯម សុវណ្ណរ៉ា បន្តថា ការកំណត់សញ្ជាតិតែមួយនេះបាន​ផ្ដល់ផលវិជ្ជមានសម្រាប់​បម្រើផល​ប្រយោជន៍​របស់​អ្នក​នយោបាយ ប៉ុន្តែវាមិនបានផ្ដល់ផលប្រយោជន៍ដល់​សង្គមជាតិឡើយ។ ករណីនេះ លោក​ថា បើ​សិន​ជា​អ្នក​នយោបាយ​មាន​ទស្សនៈ​ជាតិ​និយម​ពិត​ប្រាកដ គួរ​​​តែ​ប​ណ្ដុះ​ស្មារតី​ជាតិ​​និយម និង​បើក​ឱ្យអ្នកចូលធ្វើ​នយោបាយមក​ពី​គ្រប់​ស្រទាប់​​វណ្ណៈ ទើប​ជាកា​រ​ល្អ​​ប្រសើរ។

កាល​ពីថ្ងៃទី​៣ ខែ​វិច្ឆិកា ឆ្នាំ២០២១ ព្រះមហាក្សត្របានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិសោធនកម្ម​រដ្ឋ​​​ធម្ម​នុញ្ញ ដែល​កំណត់​​សញ្ជាតិ​ខ្មែរ​តែ​មួយ សម្រាប់​មេដឹកនាំ​កំពូល​របស់​ជាតិ រួម​មាន ប្រធានព្រឹទ្ធ​សភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ