លោក ហ៊ុន សែន បញ្ជាឱ្យពន្លឿនវិធានរឹបអូសដីនិងផ្ទះលោក គង់ គាំ ដែលជាស្នាក់ការបក្សភ្លើងទៀន

លោក ហ៊ុន សែន និងលោក គង់ គាំ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាបន្ទាន់មួយឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ពន្លឿន​វិធាន​ការច្បាប់ ដើម្បី​រឹប​អូស​ដី​និងផ្ទះមួ​យ​កន្លែង​របស់​លោក គង់ គាំ នៅស​ង្កាត់​ទន្លេ​បាសាក់ ក្នុង​រាជធានីភ្នំពេញ ដែល​ជាស្នាក់​ការ​​គណបក្សភ្លើងទៀន ក្រោយលោក គង់ គាំ ថ្លែងសារ​នយោបាយ​​​​​រិះគន់​ប្រភ​ព​ថ្ងៃ​៧មករា

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សរសេរលើទំព័រ​ហ្វេស​ប៊ុក​របស់​លោក នៅព្រឹក​ថ្ងៃទី១​២ ខែមករា ឆ្នាំ២០២៣​នេះថា​ លោ​​កបា​​នបញ្ជាទៅអង្គភាពប្រឆាំងអំពើពុករលួយ ឱ្យបើកការស្រាវជ្រាវជាបន្ទាន់ ដើម្បីចាត់​វិធាន​ការ​ច្បាប់ក្នុងការរឹប​អូស​ដី និង​ផ្ទះ​របស់​លោក គង់ គាំ ដែលោកថា​ គាត់បានលួចបន្លំធ្វើបណ្ណសម្គាល់សិទ្ធិ​​កម្ម​សិទ្ធិលើ​ដី​និ​​ង​ផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស។

លោកបន្តថា៖ «ដើម្បីពន្លឿន​ដំណើរ​ការ​ស្វែង​រក​ការ​ពិត ជុំវិ​ញការរៀបចំឯកសារបន្លំយកដី និងផ្ទះរបស់ក្រ​​សួ​​ងការបរទេស ធ្វើជាកម្មសិទ្ធិឯកជន ដែល​ប្រព្រឹត្តដោយ គង់ គាំ នៅមុ​ន​នេះបន្តិច ខ្ញុំ​បាន​ស្នើទៅ​កា​​​​ន់​​​​​​អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្រាវជ្រាវជាបន្ទាន់ អំពីភាពមិនប្រក្រតីនានា​នៃការលួចបន្លំធ្វើបណ្ណ​ស​​ម្គា​​ល់​សិទ្ធិកម្មសិទ្ធិ​លើដី​និងផ្ទះ​ដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស និងចាត់វិធានការបន្តតាមផ្លូវ​​ច្បា​​ប់តាម​ការ​ចាំបាច់ ដោយផ្អែកលើមូលដ្ឋាននៃលទ្ធផលដែលបានស្រាវជ្រាវរកឃើញ»។

ជុំ​វិញវិធាននេះ ក្រសួងការបរទេស កាល​ពី​ថ្ងៃទី១១ ខែមករា ​ម្សិល​មិញ តាម​រយៈ​មេធាវី​រដ្ឋាភិបាល បានដាក់​ពា​​​ក្យ​បណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យចេញ​សាលក្រម​កំណត់​ឱ្យលោក គង់ គាំ ប្រ​គ​​ល់​ដី​និងអគារមួយកន្លែងស្ថិតនៅភូមិ៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រលប់មកឱ្យ​​ក្រ​​សួ​​ង​​​​ការ​បរទេស​វិញ ជាមួយ​នឹងការទាមទារសំណងជំងឺចិត្ត ៤ពាន់​លាន​រៀល ឬស្មើ ១លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ពាក្យបណ្តឹងដដែល ក្រសួងក៏ស្នើមោឃភាពឯកសារកាន់កាប់អចលនទ្រព្យមួយចំនួន រួម​ទាំង​វិញ្ញាបន​បត្រសម្គាល់​ម្ចាស់​អចលន​វត្ថុ លេខ ១២០១០១០៥-០១១៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ។

ដី​​និ​ងផ្ទះរបស់លោក គង់ គាំ ដែល​រដ្ឋាភិបាលកំពុងជំរុញវិធានការច្បាប់​ឱ្យរឹបអូសត្រលប់​មក​វិញ​ ភ្ជាប់​នឹងកា​​រ​​ទា​​​​មទារជំងឺចិត្តចំនួន១លានដុល្លារ​ នោះ​ជា​អតីតស្នាក់ការកណ្តាល​គណបក្សសម រង្ស៊ី តែបច្ចុប្បន្នជាស្នាក់កណ្តាលរ​ប​​​ស់​​​គ​ណបក្សភ្លើងទៀន។

ដោយ​ឡែក ការ​ជំរុញ​វិធាន​រឹប​អូស​អចលនទ្រព្យលោក គង់ គាំ ពីសំណាក់មេដឹកនាំបក្សកាន់អំណាចនេះ បានកើតឡើង ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មខ្លាំងៗទៅនឹងលោក គង់ គាំ ក្រោយ​លោក គង់ គាំ បានទ​ម្លាយ​ថា កាល​ពី​លោក​នៅ​ជាមួយ​គណបក្សប្រជាជនកម្ពុជា គេបានផ្តល់ដំបូន្មានថា «ផឹក​ទឹក​ឱ្យនឹកប្រភព ជ្រកម្លប់​ឱ្យនឹក​អ្នក​ដាំ» តែ​ថា​ថ្ងៃ៧មករា ទំនង​ជាមិ​ន​មាន​ប្រភព​នៅ​កម្ពុជា ដូច​គណបក្ស​ភ្លើង​ទៀន​ទេ។

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ក៏​បានដាក់ពាក្យ​​​​ប្ដឹង​ឧត្ដម​ទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ ទៅសាលាដំបូង​ខេត្តត្បូង​ឃ្មុំ​ផងដែរ ដោយ​ដើមបណ្តឹងបានស្នើ​ឱ្យ​​តុលាការ​​​ផ្តន្ទាទោសតាមច្បាប់ និង​ទាមទារសំណងចំនួន ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្រោមហេតុ​ផល​​ថា សម្ដីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង​​ដែល​ថ្លែងក្នុងវេទិកាសាធារណៈនៅខេត្តជាប់​ព្រំដែនវៀតណាមមួយនេះ កាលពីពេលថ្មីៗនោះ ឆ្លុះបញ្ចាំងពីចេតនាញុះញង់។

វីអូឌី មិនអាចសុំការបញ្ជាក់​ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ​ លោក អ៊ី រិន្ទ បានទេ ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ ដោយលោកអះអាងថាជាប់រវល់។

ប៉ុន្តែអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ចាន់​វិចិត្ត​ អះអាងថា ក្រុម​ការ​ងារ​កំពុង​ពិនិត្យឯក​សារ​ពាក់​ព័ន្ធ​ ជុំវិញ​​ករណីនេះ។

លោកថា៖ «យើងកំពុងតែធ្វើការ តែនី​តិវិធី​បន្តទៀត វាទាល់តែយើងធ្វើការពិនិត្យឯកសារ​ ធ្វើស្រាវ​ជ្រាវហ្នឹង​សិន ទើប​យើង​ដឹង​ថា​នឹង​បន្ត​នីតិវិ​ធី​ទៅ​ណាទៀ​ត»។

ឧត្តមទីប្រឹក្សាជាន់ខ្ពស់គណបក្សភ្លើងទៀន លោក គង់ គាំ ធ្លាប់ប្រាប់វីអូឌីថា ដីនិងផ្ទះ​របស់លោកស្ថិតនៅសង្កាត់ទន្លេបាសាក់ ដែលនាយករដ្ឋមន្ត្រីធ្លាប់ព្រមានប្រើវិធានការច្បាប់ដើម្បីដកហូតនោះ មានការ​ទទួលស្គាល់ពីស្ថាប័នជំនាញរបស់រដ្ឋ ចាប់ពីឆ្នាំ១៩៩០ រហូតមក ពោលគឺក្រោយថ្ងៃរំដោះពីរបបខ្មែរក្រហម។

លោកថា៖ «នៅឆ្នាំ៩០ [១៩៩០] ខ្ញុំបាន​ទទួល​បាន​[កម្មសិទ្ធិ]​នៅលើក​ដំបូង។ ​ហើយ​នៅ​ឆ្នាំ​២០១៥​ហ្នឹង បាន​ទទួល​វិញ្ញាបនបត្រស​ម្គាល់​ម្ចាស់​អចលនទ្រព្យ​ហ្នឹង បានន័យថា កម្មសិទ្ធិ​លើ​ផ្ទះ​ លើ​ដី ​ដែល​កំពុង​រស់នៅបច្ចុប្បន្នហ្នឹង​ម្តងទៀត​ជាស្ថាពរ»។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មើលឃើញថា វិធានការរឹបអូសដីនិងផ្ទះលោ​ក គង់ គាំ ជារឿងនយោបាយច្រើនជាង ព្រោះវិធានការនេះ​បានកើតឡើងក្រោយពីលោក គង់ គាំ ចេ​ញ​ទៅចូ​​​ល​​​​​រួ​ម​ជី​​វភាពនយោបាយជាមួយគណបក្សភ្លើងទៀន ដែលមហាជនមើលឃើញថាជាបក្សប្រឆាំង និង​​ជា​ដៃគូប្រ​កួ​​​​តប្រ​ជែងមានសក្តានុពលមួយ​សម្រាប់ការបោះឆ្នោតជាតិឆ្នាំនេះ។

លោកគូស​បញ្ជាក់​ថា ចំណាត់ការ​លើ​លោក គង់ គាំ នៅពេលនេះ អាចនឹងបង្កការភ័យខ្លាច​ដល់មន្ត្រីជា​ច្រើន​ទៀតដែល​កំពុង​កាន់​កាប់​អចលនទ្រព្យ មានដី និងផ្ទះ ក្រោយថ្ងៃរំដោះ។

លោកថា៖ «យើងចង់ឃើញអ្នកនយោបាយយើងមានភាពក្លាហាន […] កុំធ្វើឱ្យល្អក់កករ​ការ​បោះឆ្នោតអី គឺយើងចង់ឃើញគណបក្សដែលឈ្នះឆ្នោត គឺឈ្នះដោយមានគុណតម្លៃ មាន​ន័យ​ថា មាន​ការ​សាទរ​ មានការ​ពេញ​ចិត្ត​ពេញ​ថ្លើម មាន​ការគោរព​ឱ្យ​តម្លៃពីម​ហា​ជន ពីប្រជាពលរដ្ឋ ពីមតិជាតិ និងអន្តរជាតិ អាហ្នឹងដែល​យើង​ចង់​ឃើញ​ទាំង​អស់​គ្នា»។

ស្ថានិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត​ លោក សេក សុជាតិ កត់សម្គាល់ថា វិធានការសើរើ ដើម្បីរឹបអូស​អច​ល​ន​ទ្រព្យលោក គង់ គាំ ដែលបានចុះបញ្ជីស្របច្បាប់​រួច​ហើយ បានកើតឡើងក្រោយពីមានការព្រមានផ្ទា​ល់​​​មាត់ពីលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញវោហារសាស្ត្រនយោបាយ។

លោ​កយល់ថា បើ​អចលនទ្រព្យរបស់មន្ត្រីបក្សជំទាស់រូបនោះត្រូវបានរឹបអូស ដូចសារលើកឡើង​របស់​មេដឹ​ក​នាំ​មែននោះ វាបង្ហាញ​ថា របត់នយោបាយ​នៅកម្ពុជា​កំពុង​រអិល​ទៅ​រក​របប​ផ្តាច់​ការ យក​បទ​បញ្ជា​​ថ្នាក់​ដឹ​ក​នាំ​ជា​ធំ​ មិ​​នបានពង្រឹងនីតិរដ្ឋដូចមានចែងនៅក្នុងច្បាប់ឡើយ។

អង្គ​ការ​​​​​​​គម្រោងយុ​ត្តិ​ធម៌​ពិភ​ពលោក (World ​Justice Project) ​នៅឆ្នាំ២០២២នេះ បន្តដាក់ចំណាត់ថ្នាក់អាក្រក់ដល់កម្ពុជា ថាជាប្រទេសគោរពនីតិរដ្ឋទាប ដូច២ឆ្នាំកន្លងមកដែរ។

របាយការណ៍ចេញផ្សាយកាលពីថ្ងៃ​ទី២៦​ ​ខែ​តុលា ឆ្នាំ​២០២២ បានដាក់ចំ​ណា​ត់ថ្នាក់ក​ម្ពុ​ជានៅ​ជិត​​បាតតារាង ដោយ​​ស្ថិតនៅ​លេខ​រៀ​ង១​៣៩ ​​ក្នុ​ងចំ​ណោមប្រទេ​ស​១៤០ ​លើពិភពលោក ដែល​បាន​ធ្វើកា​រវា​យ​តម្លៃ​។​

​របាយការណ៍ដដែលបន្តថា មូលហេ​តុ​ចម្បងដែល​ទាញទម្លាក់នីតិរដ្ឋនៅកម្ពុជាឱ្យ​ធ្លាក់ចុះដល់បាតតារាង​នេះ ដោយសារ​តែអំ​ណា​​​ចនយោបាយជ្រៀតជ្រែកស្ថាប័នសភា និង​តុលាការ ដែលជាសសរស្ដម្ភកំពូលរ​បស់​ជាតិ ដែលធ្វើឱ្យ​​​បាត់បង់ប្រព័ន្ធត្រួ​​តពិនិត្យអំណាចតាមបែបប្រជាធិបតេយ្យ កម្សោយ​​លើការទប់ស្កាត់​អំ​ពើពុករលួ​យ ​និង​ការរំលោភសិទ្ធិមនុ​ស្ស រួម​ទាំ​​ងអយុត្តិធម៌​សង្គ​ម ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ