បក្សភ្លើងទៀនស្វែងរកការចរចាជាមួយបក្សកាន់អំណាច ក្រោយចាប់ខ្លួនលោក ថាច់ សេដ្ឋា

លោក ថាច់ សេដ្ឋា ថ្លែងក្នុងសន្និសីទកាសែតរបស់គណបក្សភ្លើងទៀន ស្ដីអំពីបរិយាកាសក្នុងថ្ងៃបោះឆ្នោត និងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅទីស្នាក់ការកណ្ដាលគណបក្សភ្លើងទៀន ថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណបក្សភ្លើងទៀន អះអាងថា ​បក្សក្រៅរដ្ឋាភិបាលមួយនេះកំពុងស្វែងរកការចរចាជាមួយបក្សកាន់អំណាច ដើម្បីដោះស្រាយបញ្ហាកម្ដៅនយោបាយនៅពេលបច្ចុប្បន្ន ក្រោយពីមានការចាប់ឃុំខ្លួនអនុប្រធានគណបក្សរបស់ខ្លួន គឺលោក ថាច់ សេដ្ឋា

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្ដាលគណបក្សនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក សុន ឆ័យ បានលើកឡើងថា គណបក្សភ្លើងទៀនបានសម្រេចគ្នារួចហើយ ទោះបីជាមិនសប្បាយយ៉ាងណាក្ដី ក៏មិនជ្រើសរើសយន្តការធ្វើបាតុកម្មដូចកាលពីពេលកន្លងទៅនោះឡើយ។

លោកថា គណបក្សភ្លើងទៀន សម្រេចចិត្តជ្រើសរើសយកយន្តការជជែក និងការចរចាគ្នាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយនយោបាយ និង​ដោះលែងអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដែលត្រូវចាប់ឃុំខ្លួនកាលពីថ្ងៃទី១៦ ខែមករា។

លោកបង្ហាញក្ដីសង្ឃឹមថា ការស្វែងរកការចរចាជាមួយគណបក្សកាន់អំណាចនាពេលខាងមុខនេះ អាចនឹងទទួលបានផលវិជ្ជមាន។

លោកមានប្រសាសន៍ថា៖ «បានភាគីគណបក្សកាន់អំណាចគាត់ប្រាប់ត្រង់ៗ រឿងនេះអញ្ចេះទេ រឿងនោះអញ្ចេះទេ អាហ្នឹងយើងសម្រួលគ្នាបាន។ កាលណាយើងចេះតែស្មានអញ្ចេះ ស្មានអញ្ចុះ យើងអត់អាចដោះស្រាយបញ្ហានេះកើតទេ ។ ដូច្នេះ បានយើងសម្រេចថា ទាល់តែមានយន្តការទាក់ទងគ្នា​ ជួបគ្នាដោយត្រង់។ យើងបានចាត់ចែងមនុស្សធ្វើការទាក់ទងហើយ។ កាលណាបានជួបពេលណា យើងមិនលាក់ទេ ព្រោះការងារនេះ យើងគិតពីផលប្រយោជន៍សង្គម ផលប្រយោជន៍ជាតិ យើងនឹងជម្រាបជូនឱ្យមានជ្រាបនៅពេលដែលយើងបានភ្លើងខៀវនៅពេលណានោះ»។

លោក សុន ឆ័យ បន្តថា ទោះបីគណបក្សភ្លើងទៀនជ្រើសយកការចរចាក្ដី តែការរិះគន់រដ្ឋាភិបាលនៅតែបន្តដដែល ដោយការប្រើប្រាស់ពាក្យពេចន៍សមរម្យ មិនមែនរិះគន់បែបជេរប្រមាថនោះទេ។

លោកបន្តថា ការចាប់ខ្លួនអនុប្រធានគណបក្សភ្លើងទៀន កាលពីថ្ងៃទី១៦ ខែមករា ​ជារឿង នយោបាយច្រើនជាការអនុវត្តច្បាប់ ដោយសារ​មួយរយៈចុងក្រោយនេះ មានថ្នាក់ដឹកនាំបក្សភ្លើងទៀន ចំនួន៣រូប រួចមកហើយ ដែលត្រូវបានគណបក្សប្រជាជនកម្ពុជាប្ដឹងទៅតុលាការ។

លោកចាត់ទុកការប្ដឹងថ្នាក់ដឹកនាំគណបក្សខ្លួនជាបន្តបន្ទាប់នេះ វាជាការគំរាមកំហែងដល់ដំណើរការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០២៣​ ហើយបើសិនស្ថានការណ៍នយោបាយនៅតែបែបនេះ ​គណបក្សភ្លើងទៀននឹងពិចារណាឡើងវិញ ជុំវិញការចូលរួមការបោះឆ្នោតនាពេលខាងមុខ។

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន អះអាងថា គណបក្សប្រជាជនបានប្រកាសរួចហើយ ដោយមិន​ចរចាជាមួយគណបក្សនយោបាយណាមួយឡើយ ​ជាពិសេសក្នុងសំណុំរឿងលោក ថាច់ សេដ្ឋា។ លោកបញ្ជាក់ថា សំណុំរឿងអនុប្រធានបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ជារឿងអនុវត្តច្បាប់ មិន​ពាក់ព័ន្ធនឹងរឿងនយោបាយទេ។

លោក សុខ ឥសាន បន្តថា ការសម្រេចចូលរួមឬមិនចូលរួមការបោះឆ្នោតជាតិនាពេលខាងមុខ អាស្រ័យទៅគណបក្សនយោបាយទាំងនោះ វាមិនបានប៉ះពាល់ដល់ដំណើរការបង្កើតរដ្ឋាភិបាល ដោយសារកម្ពុជាប្រើប្រាស់​រូបមន្ត ៥០ភាគរយ​បូក១

លោកថា៖ «ការមិនចរចា ពីព្រោះវាមិនមែនជារឿងទាល់ច្រកខាងនយោបាយ ឬវិបត្តិនយោបាយអីទេ»។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា ទោះបីជាគណបក្សកាន់អំណាចអះអាងដូច្នេះក្ដី ប៉ុន្តែសហគមន៍ជាតិ និងអន្តរជាតិ នៅតែមើលឃើញថា សំណុំរឿងលោក ថាច់ សេដ្ឋា ជារឿងនយោបាយដដែល។ លោកបន្តថា បើថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំង នៅតែរងការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់បែបនេះ ដំណើរការបោះឆ្នោតនាពេលខាងមុខ មិនប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ។

លោក ឯម សុវណ្ណរ៉ា ចាត់ទុកការធ្វើទុក្ខបុកម្នេញលើថ្នាក់ដឹកនាំ និងសកម្មជនបក្សភ្លើងទៀននាពេលបច្ចុប្បន្ន ដើម្បីគំរាមកុំឱ្យបក្សនេះចេញធ្វើសកម្មភាពខ្លាំងដែលអាចទទួលបានអាសនៈ ១ភាគ៣ ប្រហាក់ប្រហែលបក្សប្រជាជនកម្ពុជា។

មួយវិញទៀត លោកថា បើគណបក្សភ្លើងទៀនប្រមូលអ្នកប្រជាធិបតេយ្យបានច្រើននិងខ្លាំងទៀត ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតល្អផងនោះ គណបក្សភ្លើងទៀនអាចនឹងមានកម្លាំងដូចគណបក្សសង្គ្រោះជាតិដែរ។

លោកយល់ថា៖ «ខ្ញុំគិតថា គណបក្សភ្លើងទៀន នឹងចូលរួមការប្រកួតប្រជែងដដែលទេ មិនបោះបង់ឱកាសទេ។ ទស្សនៈខ្ញុំ ទោះបីជាមានការគំរាមកំហែង ជាជាងទុកឱ្យគណបក្សកាន់អំណាចយកតែឯង។ ទី២ បើសិនជាគាត់ធ្វើចលនាខ្លាំង ហើយការគំរាមខ្លាំង ហើយ​កាន់តែច្រើន ធ្វើឱ្យសហគមន៍អន្តរជាតិចាប់អារម្មណ៍កាន់តែលឿនដែរ។ អ៊ីចឹងយន្តការនៃការបោះឆ្នោតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាចឈរលក្ខណៈសុក្រឹត ប្រសិបើ​មន្ត្រីនយោបាយ​អាចព្យួរសមាជិកភាពរបស់បក្ស អាហ្នឹងជាលក្ខខណ្ឌមួយចំនួនហៅថា អង្គការអន្តរជាតិគេចង់បាន ហើយគណបក្សក្រៅរដ្ឋាភិបាលចង់បានយន្តការមួយ តួអង្គអាជ្ញាកណ្ដាលមួយមានលក្ខណអព្យាក្រឹត»។

ការប្រកាសស្វែងរកការជជែកជាមួយគណបក្សប្រជាជនកម្ពុជា ធ្វើឡើងបន្ទាប់ពីតុលាការបានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា  កាលពីថ្ងៃទី១៦ ខែមករា ម្សិលមិញ ហើយបញ្ជូនទៅឃុំនៅពន្ធនាគារព្រៃស នៅថ្ងៃដដែល។

បើតាមសេចក្ដីបំភ្លឺរបស់សាលាដំបូងរាជធានីភ្នំពេញ ចេញកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ថាការចាប់និងឃុំខ្លួនលោក ថាច់ សេដ្ឋា ក្រោមបទចោទប្រកាន់ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ឬការសន្យាជាលាយលក្ខណ៍អក្សរដើម្បីទូទាត់សងចំនួនប្រាក់​ជាកំណត់មួយ» (ការចេញសែកដោយគ្មានសាច់ប្រាក់ចំនួន០៥សន្លឹក) ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ ក្រោយពីលោកខកខានចូលបំភ្លឺចំនួន២លើករួច។

តែយ៉ាងណា គណបក្សភ្លើងទៀនបានចាត់ទុកការចាប់និងឃុំខ្លួនលោក ថាច់ សេដ្ឋា ជារឿងនយោបាយ និងជារូបភាពគំរាមកំហែង ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋមិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន។

ក្នុងសេចក្ដីថ្លែងការណ៍​កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ គណបក្សភ្លើងទៀន បានចេញមុខថ្កោលទោសចំពោះការចាប់ឃុំខ្លួនលោក ថាច់ សេដ្ឋា និងទាមទារទៅរដ្ឋាភិបាល និងតុលាការឱ្យដោះលែងជាបន្ទាន់ដោយឥតលក្ខខណ្ឌ ព្រមទាំងបញ្ឈប់ការចាប់ឃុំខ្លួន រួមទាំងការគំរាមកំហែងតាមគ្រប់រូបភាពលើថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួនបន្តទៀត ដើម្បីធានា​ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងខែកក្កដា ខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ