លោក ហ៊ុន សែន ព្រមានប្ដឹងគណបក្សភ្លើងទៀនចូលតុលាការ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះប្រមាណ១២០០នាក់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានប្ដឹងគណបក្សភ្លើងទៀនទៅតុលាការ ក្រោយ​ពី​ពិនិត្យ​​​​ឃើ​​​ញ​​​ថា​​​ គណបក្សក្រៅរដ្ឋាភិបាលមួយនេះចោទប្រកាន់បក្សកាន់អំណាច​ថាបាន​បន្តប្រើប្រាស់ឥទ្ធិពល​​​រប​​ស់ខ្លួន ដា​​ក់​​ការគាបសង្កត់ទៅលើដៃគូប្រកួតនៅមុនការបោះឆ្នោតថ្នាក់ជាតិមកដល់។

ថ្លែងនៅក្នុងវេទិកាក្នុងសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី​១៩ ខែ​មករា ឆ្នាំ២០២៣នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះ​អាង​​ថា ក្នុង​នាម​ជាមេដឹកនាំ​គណបក្សប្រជាជនកម្ពុជា លោក​នឹង​មិន​យោគ​យល់​ទៀត​ទេ គឺ​ត្រូវ​រៀប​​​ចំ​​បណ្ដឹង​​​​​​​ចូលទៅតុលាការ ប្ដឹងគណបក្សភ្លើងទៀន។ លោក​បន្ត​ថា ដើម្បី​ចៀស​វាង​ពីការប្រើប្រាស់ហិង្សា គឺ​​​មាន​​តែ​​​​ជ្រើស​​រើសយក​ការ​ប្តឹង​តាម​ផ្លូវ​តុលាការ​នេះ​ទេ ទើប​អាច​ស្វែង​រក​យុត្តិ​ធម៌ និង​ប៉ះ​ប៉ូវ​កា​រ​ចោទ​ប្រកាន់ ដែល​​​លោ​​ក​ចាត់ទុកថា​​ជាការមួលបង្កាច់​ខុសពីការពិតនេះបាន។

លោកបន្តថា៖ «ឥឡូវនេះ ខ្ញុំសូមបញ្ជាក់ សេចក្តីថ្លែងការណ៍ពីម្សិល​ ខ្ញុំមើល មាន​ចេញ​សេចក្តី​​​​ថ្លែងការ​​​ណ៍​​ដែ​​​ល​​​​​និយាយ​​ប៉ះពាល់ដល់គណបក្សប្រជា​ជនគាបសង្កត់។ ឥឡូវនេះ ​​តើគណបក្សប្រជាជន​​​គាប​សង្កត់​​អ្នក​​​​ឯង​លើ​រឿងអី? រឿងដូចជាអ្នកណាមួយ​ ដូច​ជា​អនុប្រធានគណបក្សណាមួយជា​ប់​គុក​ គេ​វាយខ្នោះ បើក​សែក​អត់​​​លុយ​។ អារឿងបើកសែកអត់លុយហ្នឹង​ ជាប់ខ្នោះតែញឹក។ ប៉ុន្មានថ្ងៃមុន ឃើញ​​​ដូចជាពីរបី​អាទិត្យ​​មុន​​​​ ឃើញ​​ឧក​​​​ញ៉ា​ណាផង ឃើញចេញសែកអត់លុយ អាហ្នឹងសុទ្ធតែជួញជាប់ គុកតែទាំងអស់​​ហ្នឹងហើយ។ ​ហើយ​​រឿ​ង​​​​​ស្អីសុទ្ធ​​តែរឿងនយោបាយ រឿងស្អីសុទ្ធតែរឿងនយោបាយ រឿងហ្នឹងនិយាយគ្នាឱ្យច្បាស់។ ​​អត់​ទេ!​ គណ​បក្ស​​ប្រ​​ជាជន ​មិនអាចទុកឱ្យអ្នកឯងធ្វើរបៀបហ្នឹង​តទៅទៀតទេ យើងប្តឹង​ទៀត! បើមិន​ឱ្យប្តឹង ​មាន​ស្អី អញ​​​​​លើក​បាតុ​កម្ម ដាក់​ឯង​រត់​ពេញ​ទឹក​ពេញ​ដី រកកន្លែងរត់មិនឃើញទៀតណោះ។ នេះ​ចេះ​គេ​ថ្នម​​​ហើយ​​​ប៉ុណ្ណឹ​​​ង​​​​នោះ ចេញមកវាឈ្លើយតែម្តង»។

ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ បន្ទាប់ពីគណបក្សភ្លើងទៀន កាលពីថ្ងៃទី១​​​៨ ខែ​មករា ម្សិលមិញ បានចេញថ្លែងការណ៍ថ្មីមួយទៀត ដោយហៅសកម្មភាពថ្មីៗនេះ រួមទាំងការចាប់​ខ្លួន​អនុប្រធានគណបក្សភ្លើងទៀន ដែលជាប់ចោទរឿងចេញសែកគ្មានសាច់ប្រាក់ ថា​ជាការគាប​​សង្ក​​ត់​​​​របស់​គណបក្សកាន់អំណាច មកលើគណបក្សភ្លើងទៀន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ