អ្នកឃ្លាំមើលថា ការកែទម្រង់ស្ថាប័នរដ្ឋគួរជាជម្រើសសម្រាប់ទីលានប្រកួតការបោះឆ្នោតឆ្នាំ២០២៣

គណបក្សភ្លើងទៀនហែក្បួនឃោសនាបោះឆ្នោត កាត់​វេទិកា​គណបក្ស​ប្រជាជន​កម្ពុជា​ តាម​បណ្ដោយ​ផ្លូវវេង​ស្រេង រាជធានីភ្នំពេញ កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អ្នកឃ្លាំមើល​មួយ​ចំនួន​យល់​ឃើញ​ថា ទីលាន​ប្រកួត​ការ​បោះឆ្នោ​ត​អាណត្តិថ្មីនេះ អ្នកនយោបាយគួរប្រកួតគ្នា​​ដោយផ្តោតលើការធ្វើកំណែទម្រង់ស្ថាប័នរដ្ឋ ដើម្បីការពារផលប្រយោជន៍ជាតិ ជាជាងប្រើប្រាស់ធ​នធាន​​ជាតិ និង​​ប្រព័ន្ធ​ច្បាប់​យក​ប្រៀប​លើ​ដៃ​គូ​ប្រកួត ​ផ្ទុយពីគោលការណ៍សិទ្ធិមនុស្សអន្តរ​ជាតិ ដែល​ជាដើ​​ម​ចម​​ជំរុញ​ឱ្យ​កម្ពុជាបន្តជាប់ផុងក្នុងវិបត្តិជាតិ។

ការបារម្ភនេះកើតឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានជាថ្មីទៀតពីជម្រើស​ប្រើ​ប្រា​ស់​​ប្រព័ន្ធ​តុលាការ ដើម្បីឆ្លើយតប​ទៅនឹ​ង​ការរិះគន់ពីគណបក្សភ្លើងទៀន មុន​ការបោះឆ្នោតជាតិឆ្នាំ២​០២​៣​ ដែល​​កាន់តែខិតជិតមកដល់។

ការគំរាមរបស់​មេដឹកនាំបក្សកាន់អំណាចនេះ ក្រោយ​ពី​គណបក្សភ្លើងទៀនចេញ​សេចក្តីថ្លែងការណ៍ចា​ត់​​ទុក​​​វិធានការលើមេដឹកនាំរបស់ខ្លួនមួយចំនួន ដូចជា ​​​ករណីចាប់ឃុំខ្លួនលោក ថាច់ សេដ្ឋា អនុ​ប្រធានគ​ណបក្ស​ថ្មីៗនេះ រួមទាំងចំណាត់ច្បាប់ទៅលើមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន​​ លោក សុន ឆ័យ និង លោក គង់ គាំ ជាដើមនោះ ថា​ជាការប្រើប្រាស់ប្រ​ព័​ន្ធ​តុ​លាការ ដើម្បីគំរាមកំហែងនិងគាប​​សង្ក​​ត់ទៅ​លើគណបក្សភ្លើ​ង​ទៀន។

សារឆ្លើយឆ្លងនេះធ្វើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មជាថ្មីទៀត ក្នុង​ពិធី​មួយ​កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ។

លោក​ថា៖ «រឿងស្អីសុទ្ធតែរឿងនយោបាយ រឿងហ្នឹងនិយាយគ្នាឱ្យច្បាស់។ ​​អត់​ទេ!​ គណ​បក្ស​​ប្រ​​ជាជន ​មិន​អាចទុកឱ្យអ្នកឯងធ្វើរបៀបហ្នឹង​តទៅទៀតទេ យើងប្តឹង​ទៀត! បើមិន​ឱ្យប្តឹង ​មាន​ស្អី អញ​​​​​លើក​បាតុ​កម្ម ដាក់​ឯង​រត់​ពេញ​ទឹក​ពេញ​ដី រកកន្លែងរត់មិនឃើញទៀតណោះ។ នេះ​ចេះ​គេ​ថ្នម​​​ហើយ​​​ប៉ុណ្ណឹ​​​ង​​​​នោះ ចេញមកវាឈ្លើយតែម្តង»។

ភ្លាមៗក្រោយពីការថ្លែងសារ​របស់នាយករដ្ឋមន្ត្រីនេះ គណបក្សប្រជាជនកម្ពុជា ក៏ដូចជាស្ថាប័នរដ្ឋមួយចំនួនបាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍គាំទ្រចំណាត់​ការ​របស់​រដ្ឋាភិបាល លើវិធានការ​ដាក់​ទោស​ទណ្ឌបុគ្គល​តាមការ​កំណត់​នៃ​ច្បាប់។

សេចក្តីថ្លែងការណ៍គណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់​ថា៖ «គណបក្សប្រជាជនកម្ពុជា ពុំអាចទទួល​​យក​បា​​​​នដាច់ខាត​នូវការប្រមាថកាត​ទាន និង​ការចោទប្រកាន់ទាំងបំពានរបស់គណបក្សភ្លើងទៀន។ គណប​ក្ស​​​ប្រជាជនកម្ពុជា នឹងធ្វើអ្វីៗទាំងអស់តាមច្បាប់ ដើម្បីការពារខ្លួន មិនឱ្យគេរំលោភបំពានបានឡើយ»។

ជុំវិ​ញបញ្ហានេះ នាយិកា​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព កត់សម្គាល់​ឃើញ​ថា ទីលានប្រកួត​នយោបាយ​នៅ​កម្ពុជា ឱ្យតែ​ជិត​ដល់​រដូវ​កាល​បោះឆ្នោតមក​ដល់ អ្នកនយោបាយតែងតែហែកហួរគ្នាលើ​សង្វៀននយោបាយ។ ប៉ុន្តែលោកស្រីថា បញ្ហានេះ វាសម​ល្មម​ដែលអ្នកនយោបាយដល់ពេល​បញ្ឈប់​នូវវប្បធម៌​ហែក​ហួរគ្នា ហើ​យ​ងាក​មក​ប្រកួត​គោល​នយោបាយដែល​មាន​ប្រយោជន៍សម្រាប់​ពលរដ្ឋ និងប្រទេស​ជាតិ។

ក្នុងន័យ​នេះ លោកស្រីគូសបញ្ជាក់ថា អ្នកនយោបាយគួរតែជជែកគ្នា ពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់​ប្រ​​ព័​​ន្ធ​អ​ប់រំ និង​ប្រព័ន្ធសុខាភិបាល ជាដើម ដើម្បី​ពង្រឹងគុណភាពសម្រាប់ជាប្រយោជន៍​ជាតិ និង​ពលរដ្ឋ ជា​ជា​ង​ធ្វើ​​​ញត្តិស្រែក​បន្ទោស​​គ្នា ​វាយប្រហារគ្នា​បែប​បុគ្គល​នោះ​។

លោកស្រី ចក់ សុភាព យល់​ថា តាម​គោល​ការណ៍​សិទ្ធិ​មនុស្ស អាជ្ញាធររដ្ឋ រួមទាំ​ង​មេដឹក​នាំ ជាកម្មវត្ថុ​នៃ​ការរិះ​គន់ មិន​មែន​ប្រើ​ច្បាប់ដើម្បី​រឹត​បន្តឹង​សេរីភា​ព​បញ្ចេញមតិ អំឡុងខ្លួនមានលទ្ធភាពប្រើប្រាស់ធនធានរដ្ឋទាំងនោះទេ។

លោកស្រី​ថា៖ «សេចក្តីណែនាំរបស់គណៈកម្មាធិការសិទ្ធិមនុស្សអន្តរជាតិហ្នឹង គេមិនលើកទឹកចិត្តឱ្យរដ្ឋ ឬក៏ថ្នាក់ដឹកនាំហ្នឹ​ង​ប្រើប្រាស់ធនធាន ជាពិសេសធនធានរដ្ឋ ឬក៏ធនធាន​ខ្លួន​ឯង ក៏ដោយសារខ្លួនឯងហ្នឹងមានអំ​​​ណាចទៀតហ្នឹង ដើម្បី​រឹតបន្តឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិទេ ព្រោះជាគោលការណ៍ គឺបុគ្គលសា​ធារណៈ​ជាកម្មវត្ថុនៃការរិះគន់។ អ៊ីចឹងកន្លែងនេះជាចំណុចមួយដែលយើងមើលអំពីជ្រុងនៃ​គោលការណ៍សិទ្ធិម​នុស្សអន្តរជាតិ​ ដែល​គេណែនាំអ៊ីចឹង»។

លោកស្រីយល់ថា បើ​វប្បធម៌វាយប្រហារបែបបុគ្គលមិនត្រូវ​បាន​កែ​លម្អ នោះ​នឹង​បង្ក​ភាព​អ័ព្ទ​អួដល់​បរិយា​កាស​បោះ​​ឆ្នោត ជំរុញឱ្យប៉ះពាល់ដល់មុខមាត់​កម្ពុជាលើឆាក​អន្តរជាតិ និងបន្សល់ទុកនូវបញ្ហាសង្គម។

នាយក​ប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើក​ឡើងនៅថ្ងៃសុក្រនេះ​ដែរ​​ថា ការ​រីកចម្រើន​របស់​​កម្ពុជាត្រូវ​ផ្សាភ្ជាប់​នឹ​​ងការវិវឌ្ឍ​នយោបាយទៅរកគន្លងប្រជាធិបតេយ្យ ធានាការបោះឆ្នោតមួយមានភាព​សេរី ត្រឹម​ត្រូវ និង​យុ​​ត្តិធម៌ ដែល​ការណ៍​នេះទាមទារឱ្យមានការប្រកួតប្រជែងគ្នាមួយ​ប្រកបដោយសុជីវធម៌ វិជ្ជាជីវៈ ខាងផ្នែកគោ​​​ល​នយោ​បាយ ចៀស​វាង​ការ​វាយ​ប្រហារ និង​ការ​ប្រើប្រាស់វិ​ធាន​ការ​ច្បាប់ ដើម្បីកៀបសង្កាត់ដៃគូប្រកួត​ដែ​ល​​ប្រើប្រាស់សិទ្ធិដើម្បីចូលរួមប្រកួតតាមស្មារតីរដ្ឋធម្មនុញ្ញ។

លោកថា៖ «ខ្ញុំជឿថា មកដល់ពេលនេះ ពលរដ្ឋចង់ឃើញការប្រកួតនយោបាយមួយ​ដោយ​ផ្តោត​ទៅ​លើគោ​ល​​​ន​យោបាយ ដោយ​ផ្តោតទៅលើការតាំងចិត្តរបស់គណបក្សនយោបាយ​ ក្នុងការរុញនាវាកម្ពុជាឆ្ពោះទៅ​រ​កភា​​​ពជោគជ័យ ទាំង​វិស័យសេដ្ឋកិច្ច ទាំងវិស័យសង្គម ហើយ​និង​កិត្តិនាម​របស់​កម្ពុជា ជាជាង​ការឈ្នះ​ស​ង្វៀ​ន​​​ន​​យោបាយដោយការប្រើប្រាស់មធ្យោបាយដែលផ្ទុយពីគោលការណ៍ច្បាប់»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ​លោក ជិន ម៉ាលីន ធ្លាប់លើកឡើងថា វិធានការច្បាប់តាម​នីតិវិធីរបស់តុលាការ ជាវិធាន​តែមួយគត់​ក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីឆ្លើយតបទៅនឹងសកម្មភាព និង​បទល្មើសទាំងឡាយណាដែលច្បាប់ចាត់ទុកថាជា​បទល្មើស មិនមែនជាការធ្វើទុក្ខបុកម្នេញការអនុវត្តសិទ្ធិទេ។

លោកថា«ការ​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាពដែលជាបទល្មើសហ្នឹង មិនមែនជាកា​​​​​ររឹ​តត្បិតសិទ្ធិ ឬក៏ធ្វើទុក្ខបុកម្នេញពាក់​ព័ន្ធ​ទៅនឹង​ការអនុវត្តសិទ្ធិនោះទេ ក៏ប៉ុន្តែវាជាវិធានការតែមួយគត់នៅ​​​​​ក្នុងសង្គមប្រជាធិបតេ​យ្យ នៅក្នុងការឆ្លើយ​តប​ទៅនឹ​ង​រាល់​សកម្មភាព​ដែល​ច្បាប់​ចាត់​ទុក​ជា​បទ​ល្មើស»

តែយ៉ាងណា លោកស្រី ចក់ សុភាព យល់​ថា នៅស្រុកណា​ក៏គេយក​ប្រព័ន្ធ​ច្បាប់​ជា​ធំ​ដែរ តែ​គេ​ត្រូវ​មើល​ទៅលើគោ​លការណ៍ធំៗចំនួន២ ទើប​​អា​ច​ធានាយុត្តិធម៌សង្គមបាន ក្នុងនោះ ទី១ ត្រូវមើលថាតើ​ច្បាប់​នោះ​អនុលោម​ទៅ​តាម​គោលការណ៍​សិទ្ធិ​មនុស្ស​ជាតិ និងអន្តរជាតិ ឬក៏អត់ រួមទាំ​ងតា​មដានពីប្រព័ន្ធនីតិរដ្ឋ និង​ទី២ ត្រូវមើលដែរថាតើការធ្វើច្បាប់ និងការ​​ធ្វើវិសោធនកម្មច្បាប់ ស្របទៅ​នឹង​គោល​ការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​ឬ​ក៏​អត់។

បន្ថែមពីនេះ អ្នកឃ្លាំមើលពីតម្លាភាពសង្គម លោក ប៉ិច ពិសី មើលឃើញថា ក្នុងប្រទេសមួយ បើមាន​ជម្លោះនយោ​​​បាយកើតឡើង នឹងធ្វើឱ្យមានការបែងចែកវណ្ណៈសង្គម​កាន់​តែ​ខ្ពស់រវាងអ្នកមានអំណាច និងអ្នកទ​ន់​ខ្សោ​យ រវាង​អ្នក​មាននិង​អ្នក​ក្រ ដែលធ្វើឱ្យសង្គមមានការបែកបាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ