ថ្នាក់ដឹកនាំបក្សភ្លើងទៀនស្នើឱ្យសមាជិករក្សាភាពស្ងៀមស្ងាត់ ក្រោយរងការព្រមានដោយលោក ហ៊ុន សែន

គណបក្សភ្លើងទៀន បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារ និងគណៈកម្មាធិការប្រតិបត្តិគណបក្សទាំង ២៥ រាជធានី-ខេត្ត​ នៅទីស្នាក់ការកណ្ដាលគណបក្ស ផ្ទះលេខ៣២០ ផ្លូវលេខ ១០ម៉ែត្រថ្មី បុរីពិភពថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រារាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣។ (ហ្វេសប៊ុក៖ គណបក្សភ្លើងទៀន Candlelight Party)

ប្រធាន​គណបក្ស​ភ្លើងទៀន​តាមបណ្ដាខេត្តនានា​បានឱ្យដឹងថា ពួកគេត្រូវបានស្នើឱ្យបន្ថយវោហារស​ព្ទ​វាយប្រហារ និងចៀសវាងការថ្លែងរិះគន់លើមន្ត្រីបក្សកាន់អំណាច ខណៈដែលគណបក្សមួយនេះបច្ចុប្បន្ន​រងនូវការព្រមានដែលធ្វើឡើងកាលពីសប្ដាហ៍មុនដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ការព្រមានប្ដឹងគណបក្សភ្លើងទៀនទៅតុលាការដោយលោក ហ៊ុន សែន ​ត្រូវបានធ្វើឡើង ក្រោយ​រូបលោក​ពិនិត្យ​​​​ឃើ​​​ញ​​​ថា​​​ គណបក្សក្រៅរដ្ឋាភិបាលមួយនេះចោទប្រកាន់បក្សកាន់អំណាច​ថាបាន​បន្តប្រើប្រាស់ឥទ្ធិពល​​​រប​​ស់ខ្លួន ដា​​ក់​​ការគាបសង្កត់ទៅលើគណបក្សប្រឆាំង ដោយហាក់សំដៅលើការចាប់ខ្លួនអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា

តាមរយៈការ​ព្រមានដោយលោក ហ៊ុន សែន កាលពីសប្តាហ៍មុន​ ក្នុងនោះ រូបលោកក៏ចង់ឱ្យគណបក្សភ្លើងទៀនចេញមុខសុំទោស ទាក់ទងនឹងករណីធ្វើឱ្យប៉ះពាល់ដល់កិត្តិយសបក្សកាន់អំណាច​ ខណៈគណបក្សភ្លើងទៀន​ក៏បានដក​​ខ្លឹម​​សារដូចដែល​មាននៅក្នុងសេចក្ដីថ្លែងការណ៍ ដើម្បីសម្រួល​​ស្ថាន​ការណ៍​​​នេះឱ្យមាន​ភាពប្រក្រតី​ឡើង​វិញផងដែរ។

ទោះជាយ៉ាងណា សមាជិក​គណបក្សភ្លើងទៀន​ថ្នាក់​មូលដ្ឋាន​មួយចំនួនបានថ្លែង​ប្រាប់ វីអូឌី កាល​ពី​ចុង​សប្តាហ៍​មុន​ថា ពួក​គេ​មិន​មាន​ការ​យល់​ស្រប​ទាំង​ស្រុង​ជាមួយ​នឹង​ការ​សម្រេច​ចិត្ត​របស់​គណបក្ស​ ក្នុង​ការ​ដកឃ្លា ឬរុញរាក្នុងសកម្មភាពនយោបាយឡើយ។

យោងតាមការបង្ហោះដោយគណបក្សភ្លើងទៀននៅលើបណ្ដាញសង្គមតេឡេក្រាម គណបក្ស នៅថ្ងៃចន្ទម្សិលមិញនេះ ក៏បានជួបជាមួយសមាជិកគណៈកម្មាធិការខេត្ត ដើម្បីពិភាក្សាអំពីស្ថានភាពនយោបាយផងដែរ។

ទាក់ទិននឹងករណីនេះ ប្រធាន​គណបក្ស​ភ្លើងទៀន​ ​ខេត្ត​ប៉ៃលិន ​លោក​ ខឹម មុនី​កុសល បានឱ្យដឹងថា ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សបានលើកឡើងអំពីការបន្ធូរបន្ថយភាពតានតឹងរវាងគណបក្សទាំងពីរ និងចៀសវាងការវាយប្រហារមន្ត្រីគណបក្សប្រជាជន។

លោក​ថា​៖ «​យើង​នឹង​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ ដើម្បី​ធ្វើឱ្យ​សកម្មជន​សំខាន់ៗ​របស់​យើង​មាន​ការ​អត់ធ្មត់ ដើម្បី​ចៀសវាង​ការ​ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់​តែ​ធ្ងន់ធ្ងរបន្ថែមទៀត។ យើង​អាចកាត់​បន្ថយវោហារស​ព្ទ​វាយប្រហារ ដើម្បី​បញ្ចៀស​ការ​ប៉ះ​ទង្គិច​រវាង​គ្នា​ទៅ​វិញ​ទៅ​មក»។

ទោះជាយ៉ាងណា លោក​បន្តថា សមាជិក​គណបក្ស​នៅ​តែ​អាចធ្វើការ​រិះគន់​រដ្ឋាភិបាល​បាន ​ដរាបណា​វា​មិន​មែន​ជា​ការ​លើកឡើងដោយ​ផ្ទាល់​ចំទៅ​លើ​មន្ត្រី​បក្ស​កាន់​អំណាចណាម្នាក់។

ជាមួយគ្នានេះ ប្រធានក្រុមការងារគណបក្សភ្លើងទៀន ខេត្តព្រះសីហនុ លោក ម៉ៃ​ ហុងស្រៀង បានលើកឡើងថា ភាពតានតឹងផ្នែកនយោបាយនៅក្នុងខេត្តនេះ មិនមានការប្រែប្រួលទេ ដោយរូបលោកនឹងបន្តពាំនាំការថ្លែងសាររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ទៅកាន់សកម្មជនរបស់លោក។

លោកថា៖ «ជាក់ស្ដែង គណបក្ស​​គ្មាន​ចេតនា​ជំរុញ​អ្នក​នយោបាយ ឬ​សកម្មជនទាំងឡាយឱ្យ​ប្រើ​ពាក្យពេចន៍​មិនល្អណា​មួយ​ប្រឆាំង​នឹង​គណបក្ស​កាន់​អំណាចនោះ​ទេ។ សម្រាប់​បរិយាកាស​នយោបាយ បើទោះ​ជា​មាន​ស្ថានការណ៍​ក្តៅ​យ៉ាងនេះ​ក៏​ដោយ យើង​នឹង​នៅ​តែ​បន្ត​ដំណើរ​ទៅ​មុខ និង​រក្សា​គោល​ដៅចម្បង​របស់​យើង»។

ប្រធានក្រុមការងារគណបក្សភ្លើងទៀន ខេត្តកណ្ដាល លោក លី ម៉េង បានថ្លែងថា រូបលោក​បាន​ចូល​រួម​ក្នុងកិច្ច​ប្រជុំ​នេះ ប៉ុន្តែ​បានបដិសេធធ្វើអត្ថាធិប្បាយ ​និងបាន​បង្វែរ​សំណួរ​ទាក់ទិននឹង​កិច្ច​ប្រជុំ​នេះ​ទៅ​កាន់អនុប្រធានបក្សភ្លើងទៀន លោក សុន ឆ័យ

ប្រធានក្រុមការងារគណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ លោក អេង ស្រូយ បានឱ្យដឹងថា រូបលោក​ទទួលបានការអញ្ជើញ ប៉ុន្តែ​មិន​បាន​ចូល​រួមកិច្ច​ប្រជុំនេះ​នោះ​ទេ ខណៈប្រធានក្រុមការងារគណបក្សភ្លើងទៀនមកពីខេត្តកំពង់ធំ លោក ស៊ុន ចន្ធី បានថ្លែងថា រូបលោកបានទៅដល់កិច្ចប្រជុំនេះយឺត ហើយលោកក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយលើអ្វីដែលបានពិភាក្សាផងដែរ។

ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល, អនុប្រធានគណបក្ស លោក សុន ឆ័យ, លោក ចេប គឹមអ៊ាង និងអគ្គលេខាធិការគណបក្ស លោក លី សុធារ៉ាយុទ្ធ មិន​អាច​ទាក់ទង ដើម្បី​សុំ​ការ​អត្ថាធិប្បាយបាន​ទេ​ កាលពី​ថ្ងៃ​ចន្ទ។

សម្រាប់អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន បានឱ្យដឹងថា វាគឺជារឿងដ៏ល្អមួយដែលបានដឹងថា គណបក្សភ្លើងទៀនកំពុងតែស្នើសុំឱ្យសមាជិករបស់ខ្លួនបន្ថយការថ្លែងជាពាក្យពេចន៍វាយប្រហាររបស់ពួកគេ។

លោក​​ថា​«​យើង​ចង់​បាន​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា ប៉ុន្តែ​យើង​មិន​ចង់​បាន​ការ​ជេរ​ប្រមាថ ការ​លាបពណ៌ ឬ​ការ​វាយ​ប្រហារ​នោះ​ទេ»។

គួរបញ្ជាក់ថា ស្ថានការណ៍​នយោបាយ​មានការប្រែប្រួលយ៉ាងឆាប់រហ័សនៅក្នុង​ខែ​មករា ដើមឆ្នាំ២០២៣នេះ ខណៈ​​លោក ហ៊ុន សែន បាន​ដឹកនាំ​ការ​ចោទ​ប្រកាន់​ក្នុង​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង ​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង ដែលក្នុងនោះរួមមានទាំងការដាក់ពាក្យ​​​​ប្ដឹងឧត្ដម​ទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ ពីបទញុះញង់ និងបង្ខំឱ្យរូបលោក​ប្រគល់ដី និងផ្ទះ ក្នុងរាជធានីភ្នំពេញ ឱ្យក្រសួងការបរទេសវិញ ក្រោយលោក ហ៊ុន សែន ប្រកាសថា ដីនិងផ្ទះនោះនៅតែជាកម្មសិទ្ធិរបស់ក្រសួងមួយនេះ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Candlelight Leadership Calls for Calm after Hun Sen Threats

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ