កម្ពុជា​ថា​ការ​ដក​កីឡាកាយ​វប្បកម្ម​ពី​ស៊ីហ្គេម​ដោយ​សារ​មិន​ចង់​ឱ្យ​អន្តរជាតិ​ដាក់​ទោស​ជុំ​វិញ​ការ​ប្រើ​សារធាតុ​ហាម​ឃាត់​

ក្រុមកីឡាករកាយវប្បកម្មបង្ហាញសមត្ថភាពក្នុងការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ប្រភេទកាយវប្បកម្មដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ (ហ្វេសប៊ុកសហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណកម្ពុជា)

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២(CAMSOC) បាន​ដកកីឡាកាយវប្បកម្មចេញពីការប្រកួតកីឡាស៊ីហ្គេម ក្រោយរកឃើញកីឡាករជម្រើសជាតិកម្ពុជាមួយចំនួន ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុហាមឃាត់ប្រភេទSteroids ដែលខុសទៅនឹងច្បាប់អន្តរជាតិ។

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ​ លោក វ៉ាត់ ចំរើន បានឱ្យដឹងថា មកទល់ពេលនេះកម្ពុជាបានសម្រេចដកកីឡាកាយវប្បកម្មចេញពីការប្រកួតក្នុងព្រឹត្តិកាណ៍ស៊ីហ្គេមជាផ្លូវការហើយ។ លោកបន្តថា ការដកនេះ ក្រោយរកឃើញ​មានកីឡាជម្រើសជាតិកម្ពុជានៃវិញ្ញាសានេះចំនួន ២រូប បានពាក់ព័ន្ធនឹងសារធាតុហាមឃាត់ដូភីងប្រភេទ Steroids។

លោក វ៉ាត់ ចំរើន បញ្ជាក់ថា ដើម្បីធានាការរៀបចំព្រឹត្តិការណ៍មួយនេះឱ្យបានជោគជ័យ ពោលគឺមិនចង់ឱ្យមានការដាក់ទោសទណ្ឌពីសំណាក់អន្តរជាតិមកលើកម្ពុជា  ជុំវិញការប្រើប្រាស់សារធាត់ហាមឃាត់ Steroids ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំនេះ។

លោកបន្តថា៖«យើងបានដកជាផ្លូវការហើយ ដើម្បីកុំឱ្យមានការប៉ះពាល់ដល់ដំណើរការនៃការប្រកួតស៊ីហ្គេមរបស់យើង ហើយកុំឱ្យគេមានការដាក់ទោសនៅក្នុងស៊ីហ្គេមយើង ហើយយើងបានប្រកាន់យកនូវគោលការណ៍របស់អន្តរជាតិពីការប្រឆាំងនឹងសារធាតុដូភីងហ្នឹង»។

អគ្គលេខាធិការCAMSOCដដែលបានអះអាងថា កម្ពុជាមិនមានការសោកស្តាយចំពោះការដកកីឡាកាយវប្បកម្មចេញពីស៊ីហ្គេមនោះទេ ព្រោះលោកចាត់ទុកថា ការពាក់ព័ន្ធសារធាតុដូភីងនោះជាការប្រព្រឹត្តផ្ទុយពីច្បាប់អន្តរជាតិ និងបង្ហាញភាពមិនត្រឹមត្រូវក្នុងនាមកីឡា។

លោកថា៖«អត់មានអីសោកស្តាយទេ! មានអីត្រូវសោកស្តាយ ព្រោះកាលណាវាខុសពីច្បាប់អន្តរជាតិ ហើយនិងខុសពីប្រឆាំងទៅនឹងភាពស្អាតស្អំរបស់កីឡា យើងត្រូវតែការពារទាំងអស់គ្នា»។

លោកបន្ថែមថា៖«យើងត្រូវតែពិនិត្យឱ្យគ្រប់ជ្រុងជ្រោយ អាណាដែលអន្តរជាតិគេហាមឃាត់ មិនឱ្យកីឡាណាដែលវាប៉ះពាល់ដល់បញ្ហានេះ គឺយើងត្រូវដកចេញ ដើម្បីកុំឱ្យវាមានហានិភ័យដល់ជាតិទាំងមូល»។

ការអះអាងរបស់លោក វ៉ាត់​ ចំរើន បែបនេះធ្វើឡើង ក្រោយសហព័ន្ធរកឃើញកីឡាករ ២រូប ដែលរួមមាន កីឡាករ ផាន់ ណារិទ្ធ និងស៊ាង ម៉េងសាង ថាបានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុហាមឃាត់(ដូភីង) ប្រភេទ Steroids កំឡុងការប្រកួតកីឡាជាតិលើកទី៣ កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។

សារធាតុ Steroids គឺជាសារធាតុដែលត្រូវបានហាមឃាត់ដាច់ខាតនៅទូទាំងពិភពលោក សម្រាប់កីឡាកាយវប្បកម្ម ព្រោះការប្រើប្រាស់សារធាតុនេះជាការបង្ហាញពីភាពមិនស្អាតស្អំ និងមិនស្មើភាពចំពោះកីឡាករប្រកួតប្រជែង។

ថ្លែងក្នុងសន្នីសីទសារព័ត៌មានកាលពីថ្ងៃអង្គារ៍សប្តាហ៍មុន ប្រធានសហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណកម្ពុជា លោក តឹក ប៊ុនវី បានសម្តែងការសោកស្ដាយចំពោះបញ្ហាដែលកើតមាននេះ។ លោកបន្តថា បញ្ហានេះបានធ្វើឱ្យការខិតខំរបស់សហព័ន្ធ និងអត្តពលិកផ្សេងទៀត ត្រូវបានខកបំណងបង្ហាញខ្លួនក្នុងស៊ីហ្គេម ខណៈបានហ្វឹកហាត់ត្រៀមអស់រយៈពេលជាយូរមកហើយ។

លោកបានបន្ថែមថា ការជ្រើសរើសកីឡាករជម្រើសជាតិទាំងអស់ ក៏បានធ្វើកិច្ចសន្យាហាមដាច់ខាត មិនឱ្យពាក់ព័ន្ធសារធាតុហាមឃាត់ដែរ ប៉ុន្តែរឿងនេះនៅតែកើតឡើងដដែល។

លោកថា៖​«ខ្ញុំមានការសោកស្តាយមែនទែន ហើយនិងឈឺចាប់ ថាហេតុអីយើងដឹងហើយ! លឺហើយ! ថាសហព័ន្ធយើងប្រឈមមុខម្តងហើយម្តងទៀតរឿងតែ Steroids។ មូលហេតុអ្វីបានយើងនាំគ្នាបំផ្លាញទាំងអស់គ្នា»។

ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម​ក៏បានស្នើឱ្យគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ជួយសម្រួលយ៉ាងណាផ្តល់ឱ្យអត្តពលិកកាយវប្បកម្ម និងគ្រូបង្ហាត់ដែលបានត្រៀមរហូតដល់ ២៣នាក់ផ្សេងទៀត និងជាអ្នកមិនបានប្រព្រឹត្តខុសបានចូលរួមប្រកួតវិញ​ ខណៈលោកថាកីឡាករ ២នាក់ដែលធ្វើខុសដកចេញពីការប្រកួតក៏ដកទៅចុះ។

លោកថា៖«សម្រាប់ខ្ញុំជាថ្នាក់ដឹកនាំសហព័ន្ធ ក៏មិនខុសពីកីឡាករដែរ គឺមានការសោកស្ដាយយ៉ាងខ្លាំង ហើយក៏ស្នើសុំឲ្យខាងគណៈកម្មាធិការជាតិ CAMSOC ជួយធ្វើម៉េចឱ្យកីឡាកាយវប្បកម្មរបស់យើង បានចូលរួមប្រកួតស៊ីហ្គេមឡើងវិញ»។

ស្រដៀងគ្នា កីឡាការិនីជម្រើសជាតិ និងជាម្ចាស់មេដាយមាសព្រឹត្តិការណ៍កីឡាជាតិលើកទី៣ កញ្ញា ឌៀបលី បញ្ចាណា ក៏បានបង្ហាញការសោកស្តាយដែលបានខិតខំហ្វឹកហាត់ត្រៀមអស់រយៈពេលជាយូរ ប៉ុន្តែបែរជាត្រូវខកខានពេលដែលព្រឹត្តិការណ៍ស៊ីហ្គេមខិតជិតមកដល់។

កីឡាការិនីតែម្នាក់គត់ក្នុងក្រុមជម្រើសជាតិរូបនេះ ក៏បានទទូចស្នើសុំឱ្យរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ ជួយសម្របសម្រួល និងផ្តល់ឱកាសឱ្យពួកគេដែលមិនពាក់ព័ន្ធនឹងសារធាតុហាមឃាត់បានចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមនាខែឧសភាខាងមុខនេះ។

កញ្ញាថា៖«ខ្ញុំមានតែពាក្យថាលើកម្រាមដៃដប់ សូមឱ្យគាត់ផ្តល់ឱកាសឱ្យពួកខ្ញុំបញ្ចេញសមត្ថភាពនៅលើឆាកអន្តរជាតិ ដើម្បីតំណាងឱ្យប្រទេសមួយនេះ[កម្ពុជា]

យ៉ាងណាមិញ លោក វ៉ាត់​ ចំរើន បានគូសបញ្ជាក់ថា ទីភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងសារធាតុហាមឃាត់ពិភពលោកបានដាក់បញ្ចូលកីឡាកាយវប្បកម្មទៅក្នុងបញ្ជីមិនស្របច្បាប់​ ខណៈលោកថាទោះជាយ៉ាងណាក៏មិនអាចដាក់ឱ្យចូលរួមប្រកួតវិញបានដែរ ព្រោះជាលក្ខនិ្តកៈរបស់អន្តរជាតិដែលត្រូវគោរពតាម។

លោកថា៖«អត់មានអីត្រូវចរចាទៀតទេ! ឃើញថាយើងបានទទួលលិខិតពីអង្គការភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងដូភីងពិភពលោកដែលបានផ្ញើមកគ្រប់គណៈកម្មាការជាតិទាំងអស់ថា កីឡាBody Buildingនឹងត្រូវបានដាក់ចូលនៅក្នុងបញ្ជីមិនស្របច្បាប់។ អ៊ីចឹងយើងមិនអាចដាក់ប្រកួតបានទេ»។

បើតាមកីឡាករ ផាន់ ណារិទ្ធ និងស៊ាង ម៉េងសាង កាលពីថ្ងៃទី២៥ ខែមករា បានទទួលស្គាល់ថា បានប្រើប្រាស់ថ្នាំបញ្ចុះជាតិទឹក ប៉ុន្តែមិនមែនជាសារធាតុហាមឃាត់ប្រភេទ steroid នោះទេ។ ការប្រើប្រាស់ឱសថបញ្ចុះជាតិទឹកនេះទៀតសោត ពួកគេថា ដោយសារកីឡាករទាំងពីរ​មិនដឹងថាជាសារធាតុដែលត្រូវបានហាមឃាត់។

កីឡាករទាំងពីរបញ្ជាក់ថា៖«ពួកយើងបានប្រើប្រាស់ថ្នាំបញ្ចុះជាតិទឹកដោយខ្លួនឯងមែន​ ប៉ុន្តែថ្នាំមួយប្រភេទនេះ វាមិនមែនជាសារធាតុ​ steroid នោះទេ។ សូមមហាជនកុំយល់ច្រឡំពីព្រោះយើងទាំងពីរនាក់មានលទ្ធផលបញ្ជាក់ច្បាស់លាស់ពីខាងដូប៉ាកម្ពុជា ​ថាពួកយើងជាប់តែសារធាតុបញ្ចុះជាតិទឹកតែមួយមុខគត់​ប៉ុណ្ណោះ គ្មានពាក់ព័ន្ធនឹងសារធាតុផ្សេងទៀតឡើយ។ មូលហេតុ​ពេលនោះពួកយើងមិនបានដឹងទេថាវា​ជាសារធាតុហាមឃាត់ក្នុងវិស័យកីឡា​មួយនេះដែរ»។​

យ៉ាងណា បើតាមម្ចាស់មេដាយមាស កីឡាករ ផាន់ ណារិទ្ធ ក៏បានបង្ហាញការសោកស្តាយដែលបានប្រើប្រាស់ថ្នាំបញ្ចុះជាតិទឹកនេះ ដែលធ្វើឱ្យរូបលោក និងកីឡាករ កីឡាការិនីផ្សេងទៀត​ត្រូវបានអស់ឱកាសបង្ហាញសមត្ថភាពត្រឹមមួយពព្រិចភ្នែក។

លោកថា៖«ខ្ញុំមានការសោកស្តាយជាខ្លាំង! ខ្ញុំទើបតែដឹងនៅពេលដែលក្រុមដូពីងកម្ពុជាគាត់ពន្យល់មកខ្ញុំនឹង បានខ្ញុំដឹងថាអាហ្នឹងខ្ញុំបានដើរផ្លូវខុសបាត់ហើយ»។

សូមជម្រាបថា នេះជាលើកទី២ហើយ ដែលកីឡាករកាយវប្បកម្មនិងលំហាត់ប្រាណកម្ពុជាត្រូវបានខកខានប្រកួតក្នុងព្រឹត្តិកាណ៍ស៊ីហ្គេម។ ជាក់ស្តែងលើកទី១ កាលពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ ដោយកាលនោះអត្តពលិកកម្ពុជាចំនួន ៤រូប ក៏ត្រូវខកខានមិនបានចូលរួមប្រកួត ដោយសារតែមានពាក់ព័ន្ធនឹងសារធាតុហាមឃាត់ steroid នេះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ