គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ខ្លួននឹងដាក់ពង្រាយគ្រូបង្គោលដែលមានជំនាញផ្នែកកសិកម្មនៅគ្រប់ឃុំទូទាំងប្រទេស បើគណបក្សដែលកំពុងកាន់អំណាចមួយនេះឈានទៅឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលក្នុងអាណត្តិទី៧ ខាងមុខនេះ។
រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យ៉ង សាំងកុមារ បានឱ្យវីអូឌីដឹងនៅថ្ងៃចន្ទនេះថា នៅក្នុងមហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃម្សិលមិញ ថ្នាក់ដឹកនាំនៃគណបក្សនេះបានបញ្ជាក់ថា នឹងដាក់ពង្រាយអ្នកជំនាញកសិកម្ម នៅគ្រប់ឃុំទូទាំងប្រទេស ដើម្បីធ្វើការជាមួយប្រជាកសិករដោយផ្ទាល់ បើគណបក្សនេះឈ្នះឆ្នោត ដឹកនាំរដ្ឋាភិបាលក្នុងអាណត្តិទី៧ ខាងមុខនេះ។
លោកបន្តថា ដើមចមដែលធ្វើឱ្យរដ្ឋាភិបាលគ្រោងដាក់គ្រូបង្គោលផ្នែកកសិកម្មនៅគ្រប់ឃុំនេះ ដោយសាររដ្ឋាភិបាលមើលឃើញថា វិស័យកសិកម្មមានសក្តានុពលជួយដល់ប្រជាកសិករ និងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន។
យ៉ាងណា លោកថា បច្ចុប្បន្ននេះ ក្រសួងកសិកម្មបានដាក់គ្រូបង្គោលដែលជំនាញលើវិស័យកសិកម្មនៅក្នុងឃុំគំរូចំនួន១០ ស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីសាកល្បងធ្វើឱ្យឃុំទាំងនោះក្លាយទៅជា «ឃុំកសិកម្មគំរូ» មុននឹងឈានដល់ការដាក់ពង្រាយគ្រូបង្គោលបន្ថែមនៅតាមឃុំនានាទូទាំងប្រទេស បន្ទាប់ពីគណបក្សកាន់អំណាចឈ្នះឆ្នោត នៅអាណត្តិទី៧ ខាងមុខនេះ ។
លោក យ៉ង សាំងកុមារ មានប្រសាសន៍ថា៖ «យើងចាប់ផ្ដើមនូវ១០ឃុំដំបូងហើយនៅពេលនេះ ទម្រាំដល់អាណត្តិថ្មី។ យើងកំពុងតែសាកល្បងចំនួន១០ឃុំរួចហើយ ខ្ញុំសប្បាយចិត្ត និងចូលរួមក្នុងការអនុវត្តកិច្ចការងារហ្នឹងឱ្យបានជោគជ័យ»។
លោកបន្ថែមថា៖ «ក្នុងហ្នឹង គាត់មានតួនាទី៣ ហើយទី១ គឺការងារបច្ចេកទេស ផ្តល់យោបល់ទៅតាមតំបន់ណាដែលសម្បូរដំណាំស្រូវ យើងផ្តោតលើដំណាំស្រូវ! ត្រង់ណាដំឡូង យើងផ្តោតលើដំឡូងទៅ! និងទី២ ទាក់ទងនឹងការងារសម្របសម្រួលដើម្បីបង្កើតឱ្យមានជាសមាគម ជាសហគមន៍កសិករ នៅតាមភូមិឃុំ ងាយស្រួលផ្សារភ្ជាប់ជាមួយទីផ្សារ និងទី៣ ធ្វើការសម្របសម្រួលឱ្យមានការសហការរវាងសមាគមកសិករ ជាមួយក្រុមហ៊ុន ជាមួយរោងម៉ាស៊ីន ដើម្បីដោះស្រាយទីផ្សារ ឬជាមួយធនាគារ ដើម្បីឱ្យពួកគាត់ទទួលបានទុន»។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន យល់ថា គោលនយោបាយដែលគណបក្សកាន់អំណាចគ្រោងអនុវត្តនៅអាណត្តិក្រោយ ពាក់ព័ន្ធនឹងផ្នែកកសិកម្មនេះ អាចជាការកេងចំណេញនយោបាយ ខណៈការបោះឆ្នោតថ្នាក់ជាតិខិតជិតមកដល់។ លោកបន្តថា ការដាក់គ្រូបង្គោលដែលជំនាញផ្នែកកសិកម្មនៅគ្រប់ឃុំទូទាំងប្រទេស ទំនងជាមិនអាចស្ដារវិស័យកសិកម្មឱ្យទទួលបានជោគជ័យ ១០០% នោះទេ បើមិនមានការចូលរួម ឬសហការជាមួយដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដែលធ្វើការលើវិស័យនេះ។
លោកមានប្រសាសន៍ថា៖ «ការលើកកម្ពស់វិស័យកសិកម្ម ហើយនិងទំនួលខុសត្រូវ គឺជារឿងសំខាន់ ដោយមានកិច្ចសហការគ្នារវាងរដ្ឋ និងគ្រប់វិស័យឯកជន ភាគីពាក់ព័ន្ធ ដោយបើកចំហ ក្នុងដំណើរការរៀបចំផែនការយុទ្ធសាស្ត្រក្នុងការដោះស្រាយ ហើយជាពិសេសផ្តោតទៅលើការសិក្សាអំពីតម្រូវការពិតនិងជាក់ស្តែង ជាជាងការជួយធ្វើការវាយតម្លៃ។ ហើយទី២ ការព្យាយាមរិះរកការដោះស្រាយបញ្ហាដែលកើតឡើង ពីព្រោះយើងឃើញនៅពេលបច្ចុប្បន្ន នៅពេលដែលមានបញ្ហាកើតឡើង យើងឃើញថា ភាគច្រើនគឺការឆ្លើយដោះសាររបស់មន្ត្រីថ្នាក់ក្រោមច្រើនតែកើតមាន ពិសេសគាត់ថាអត់មានលទ្ធភាព គាត់ហួសនូវសមត្ថភាពក្នុងការដោះស្រាយតែម្តង»។
ក្នុងកិច្ចសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ស្តីពី «វិស័យកសិកម្មនៅកម្ពុជា» កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានថ្លែងថា លោកបានប្រគល់ភារកិច្ចជូនលោកបណ្ឌិត យ៉ង សាំងកុមារ ឱ្យជួយដោះស្រាយបញ្ហាស្រូវអង្ករ ដើម្បីឱ្យតម្លៃស្រូវនៅថេរ ប៉ុន្តែករណីនេះអាស្រ័យទៅលើការសម្រួលនូវចរាចរណ៍ស្រូវចូលទៅក្នុងរោងម៉ាស៊ីនកិនស្រូវ ដែលត្រូវរៀបចំឱ្យមានការសហការគ្នារវាងកសិករច្រូតកាត់ និងរោងម៉ាស៊ីនកិនស្រូវ ដោយបង្កើតឱ្យមានការប្រមូលផលជាវគ្គ ដើម្បីកុំឱ្យមានការជាន់គ្នាក្នុងពេលតែមួយ៕