លោក គង់ គាំ លាលែងពីតួនាទីជាឧត្ដមទីប្រឹក្សាបក្សភ្លើងទៀន ក្រោយបក្សកាន់អំណាចរឹបអូសដីនិងផ្ទះ

អតីតឧត្តមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ ហើយនឹងធ្វើជាទីប្រឹក្សាឲ្យគណបក្សឆន្ទៈខ្មែរ លោក គង់ គាំ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ការបំភ្លឺនៅសាលាដំបូងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ផ្ដល់ឲ្យ

លោក គង់ គាំ សម្រេចលាលែងពីតួនាទីនិងសកម្មភាពជាឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន ក្រោយគណបក្សកាន់អំណាចបានរឹបអូសដី និងផ្ទះ កាលពីពេលថ្មីៗនេះ។

បើតាមលិខិតរបស់លោក គង់ គាំ ផ្ញើទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី៣១ ខែ​មករា ឆ្នាំ២០២៣ និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ​នេះ លោក គង់ គាំ បានប្រាប់លោក ហ៊ុន សែន ដោយទទួលស្គាល់កំហុស និងអំពើរបស់ខ្លួនក្នុងសកម្មភាពចុងក្រោយនេះ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងប៉ះពាល់ដល់ភាពសុខសាន្តចំពោះសង្គមជាតិ។

លោក គង់ គាំ ក៏បានសុំទោសលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ។

លោកថា៖ «រយៈពេលចុងក្រោយថ្មីៗ ដើម្បីកិត្តិយស និងតម្លៃរបស់គណបក្សប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជាបានសម្រេចដោយគ្មានជម្រើស [ទាំងបង្ខំចិត្ត] ដកហូតដីផ្ទះលេខ​៧១ ផ្លូវសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាសម្បត្តិក្រសួងការបរទេសវិញ។ ខ្ញុំបាទ គង់ គាំ និងភរិយា សោកស្តាយអំពីសេចក្តីសម្រេចនេះ តែយើងខ្ញុំប្តីប្រពន្ធ ព្រមទាំងកូនចៅ សូមអរគុណសម្តេច ដែលអនុគ្រោះមិនបន្តបណ្ដឹងទៅតុលាការចំពោះរូបខ្ញុំ។ លើសពីនេះ ខ្ញុំបាទ គង់ គាំ និងភរិយា រីករាយនិង​ដឹងគុណចំពោះសណ្តានចិត្ត រំឭក និង​យកចិត្តទុកដាក់ សណ្ដោសដល់កូន គង់ បូរ៉ា ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយបានផ្ដល់រថយន្តមួយគ្រឿងជាមធ្យោបាយបម្រើការងារ ក្នុងមនោសញ្ចេតនានៃគ្រួសារដ៏កៀកកិតមួយកាលពីគ្រាកម្សត់កម្រ »។

ករណីនេះ​ លោក​បាន​សម្រេចចិត្តបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីថ្ងៃទី​៣១ ខែ​មករា ឆ្នាំ២០២៣ តទៅ។

ការសម្រេចបែបនេះ លោក គង់ គាំ លើកហេតុផលថា ក្រោយពិនិត្យហេតុផល និង​ពិចារណាពីសណ្ដាប់ធ្នាប់ពិភពលោក និងបរិយាកាសភូមិសាស្ត្រនយោបាយតំបន់ ជាពិសេសនយោបាយកម្ពុជា ដែលកំពុងយកចិត្តទុកដាក់ចំពោះអ្នកនយោបាយបន្តវេន។

លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ និងជាកូនប្រុស​​របស់​លោក គង់ គាំ ប្រាប់​វីអូឌី​ថា ការ​លាឈប់​ពី​ឆាក​នយោបាយរបស់ឪពុកលោក ដោយសារ​ស្ថានភាព​សុខ​ភាព មិន​​មែនជា​​​ការ​​គាប​​សង្កត់​ពីភាគីណាមួយនោះទេ​ ខណៈឪពុករបស់​លោក​ក៏​គាត់​មាន​វ័យ​ចំណាស់​ទៅហើយ។

លោក គង់ មុនីកា ថ្លែងថា៖ «ខ្ញុំយល់ថា គាត់[លោក គង់ គាំ]​ចូលដល់វ័យចំណាស់ហើយ បញ្ហាសុ​ខភាព​ក៏​មានច្រើន ដូច្នេះ​ហើយវាសមរម្យនឹងពេលវេលាហើយ គាត់គួរតែសម្រាកថែរក្សាសុខភាព។ ហើយទាំងអស់នេះក៏ជាសំណូមពររបស់​លោក​ និង​​កូន​ចៅដែរ»។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភីរិទ្ធ ចាត់ទុកការសម្រេចលាឈប់ពីតួនាទីឧត្ដមទី​ប្រឹក្សា​គណបក្សភ្លើងទៀនរ​បស់លោ​ក គង់ គាំ នេះ ជាសិទ្ធិសេរីភាពនយោបាយ។

លោកថា៖ «អាហ្នឹងវាជាសិទ្ធិនយោបាយ យើង​មិន​អាច​ទៅ​បង្ខំ​គាត់​បាន​ទេ ជួនកាលគាត់​ធ្វើដើម្បីសេចក្ដីសុខក្រុមគ្រួសារ ឬក៏គាត់គិតថាគាត់​ចាស់​ហើយ គាត់​មិនចង់ធ្វើនយោបាយអីតទៅ។ អាហ្នឹងវាជាសិទ្ធិរបស់គាត់។ យើងមានតែអរគុណ​គាត់ដែលគាត់បានជួយ ហើយជូនពរគាត់ឱ្យសុខសប្បាយអ៊ីចឹងទៅ»។

ដូចគ្នានេះដែរ​​ អ្នក​នាំពាក្យគណបក្សប្រជាជនកម្ពុជា​ លោក សុខ ឥសាន ចាត់ទុកការលាឈប់របស់​លោក គង់ គាំ នាពេលនេះថា ជាសិទ្ធិសេរីភាពនយោបាយ។

ចំពោះរឿងបណ្ដឹងវិញ លោក​ថា លោក​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​រួចហើយ បើលោក គង់ គាំ ប្រគល់​ដី និង​ផ្ទះ​ជូន​រដ្ឋ​វិញ​នោះ នឹង​មិន​មាន​ការប្ដឹងផ្ដល់ទៀតឡើយ ក្រោយពីរដ្ឋាភិបាល​បានទទួលដីនិងផ្ទះ ដែលជា​ទ្រព្យសម្បត្តិរបស់រដ្ឋ​ ពីលោក គង់ គាំ មកវិញ។ ចំណែកបណ្ដឹងរបស់តំណាងគណបក្សប្រជាជនកម្ពុជានៅខេត្តត្បូងឃ្មុំវិញ លោកមិនដឹងនោះទេ ដោយ​សារវា​ជា​សិទ្ធិ​របស់គណបក្សប្រចាំខេត្តនោះ។

លោក សុខ ឥសាន ថ្លែង​ថា៖ «អាហ្នឹងយើង​យល់​ថា ទ្វារចំហរ​បស់គណបក្សប្រជាជនមានចំពោះគ្រប់ពលរដ្ឋទាំងអស់ មិនថាអ្នកណាជាអ្នកណាទេ ទោះបីជាមានអតីតភាពពីមុនមកជូរចត់យ៉ាងណា ក៏គណបក្សប្រជាជនកម្ពុជាមិន​ប្រកាន់​ទេ លើក​លែង​តែ​ខ្មែរ​ជ្រុល​និយម គឺសម្ដេច​បាន​ប្រកាស​ដាច់​ខាត គឺ​អត់​មាន។ អ៊ីចឹងមិនមែនតែចំពោះលោក គង់ គាំ ទេ ទោះបី​ជាអ្នក​នៅជិ​ត​ស្និទ្ធ​ជាមួយមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ផ្ដាច់ខ្លួនចេញពីមេឧទ្ទាម​មក ក៏​យើងស្វាគមន៍​ដែរ ឱ្យតែគាត់បោះបង់ជំហររបស់គាត់​ជាមួយក្រុមឧទ្ទាមជ្រុលនិយម»។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា ការលាឈប់របស់លោក គង់ គាំ គ្រាន់តែជាការដោះបន្ទុក​ពាក់ព័ន្ធនឹងផ្លូវច្បាប់ និងរក្សាសុវត្ថិភាពរបស់គាត់តែប៉ុណ្ណោះ ខណៈ​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាន​រឹប​អូស​នោះ លោកថា ប្រហែលជាមិនអាចបានមកវិញទេ។

លោកថា៖ «រឿងបញ្ហាលាលែងរបស់លោក គង់ គាំ ដែលជាទីប្រឹក្សាគណបក្សភ្លើង​ទៀន​នេះ វាអាច​ជួយ ទី១ ជួយ​ដោះ​ទុក្ខ​សម្រាប់​ការ​ដាក់​បន្ទុក​គាត់​បន្ថែម​ទៀត ពាក់ព័ន្ធនឹង​កត្តា​​ផ្លូវ​ច្បាប់ផ្សេងៗ ដែល​មាន​បណ្ដឹង​ពី​ខេត្ត​ត្បូង​ឃ្មុំ​ជាដើមហ្នឹង។ ការសុំទោស វាអាចរួចផុត​ហ្នឹង ប៉ុន្តែ​រឿងបញ្ហា​ដែល​អាច​បាន​អចលនទ្រព្យ ដូចជាផ្ទះអី ប្រហែលជាមិនបាន។ អាហ្នឹងគ្រាន់​តែជា​ចំណុចការ​ចាប់អារម្មណ៍របស់ខ្ញុំ។ ខ្ញុំគិត​ថា គាត់​ធ្វើប៉ុណ្ណឹង ដើម្បី​ដោះបន្ទុក​គាត់ ពាក់​ព័ន្ធ​នឹង​សុវត្ថិភាព»។

ការប្រកាសលាលែងពីតួនាទី និងឧត្ដមប្រឹក្សាគណបក្សភ្លើងទៀននាពេលនេះ ក្រោយពីលោក គង់ គាំ និងភរិយា បានប្រគល់ដី និងផ្ទះមួយកន្លែង ស្ថិតនៅភូមិ៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រលប់មកឱ្យ​​ក្រ​​សួ​​ង​​​​ការ​បរទេស​វិញ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីលោក ហ៊ុន សែន បញ្ជាឱ្យស្ថាប័នក្រោមបង្គាប់ពន្លឿនវិធានរឹបអូសដីនិងផ្ទះ។

​វិធាន​រឹប​អូស​អចលនទ្រព្យលោក គង់ គាំ ពីសំណាក់មេដឹកនាំបក្សកាន់អំណាចនេះ បានកើតឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មខ្លាំងៗទៅនឹងលោក គង់ គាំ ក្រោយ​លោក គង់ គាំ បានទ​ម្លាយ​ថា កាល​ពី​លោក​នៅ​ជាមួយ​គណបក្សប្រជាជនកម្ពុជា គេបានផ្តល់ដំបូន្មានថា «ផឹក​ទឹក​ឱ្យនឹកប្រភព ជ្រកម្លប់​ឱ្យនឹក​អ្នក​ដាំ» តែ​ថា «​ថ្ងៃ៧មករា» ទំនង​ជាមិ​ន​មាន​ប្រភព​នៅ​កម្ពុជា ដូច​គណបក្ស​ភ្លើង​ទៀននោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ