ក្រសួងមហាផ្ទៃសាកសួរនគរបាលផ្កាយ១ ចំនួន៦នាក់ ពាក់ព័ន្ធទៅនឹងបណ្ដឹងអនាមិក ប្ដឹងចោទប្រកាន់ស្នងការខេត្តកណ្តាល លោក អ៊ាវ ចំរើន ថាបានប្រើអំណាចផ្ដាច់ការ ធ្វើបាបកូនចៅ និងប្រព្រឹត្តិអំពើពុករលួយ។
លិខិតចុះថ្ងៃទី២៤ ខែឧសភា ក្រសួងមហាផ្ទៃ លើកឡើងថា ការចេញលិខិតអញ្ចើញស្នងការរងទាំង៦នាក់ មកសាកសួរនៅថ្ងៃនេះ តបតាមលិខិតអនាមិក ប្តឹងសុំដកតំណែងស្នងការនគរបាលខេត្តកណ្ដាល លោក អ៊ាវ ចំរើន ដោយចោទថា ស្នងការខេត្តនេះប្រព្រឹត្តិអំពើពុករលួយ ។
ក្នុងលិខិតអនាមិកដែលបានប្ដឹងលោក អ៊ាវ ចំរើន កាលពីចុងខែមេសាកន្លងទៅ បានលើកឡើងពីបញ្ហាចំនួន១៦ចំណុច ដែលថា ប្រព្រឹត្តដោយដោយស្នងការរូបនេះ រួមមាន ការទារលុយដើម្បីតែងតាំងតួនាទី ឋានន្តរសក្ដិ ពី២ពាន់ ដល់៣ពាន់ដុល្លារ ការយកលុយពីកន្លែងហ្គេម ចាក់បាល់ និងកន្ទុយលេខ និងបង្កើតគ្រួសារនិយមនៅប៉ុស្តិ៍ច្រកទ្វារព្រំដែនជ្រៃធំ ជាដើម។
អ្នកនាំពាក្យអគ្គធិការដ្ឋានក្រសួងមហាផ្ទៃ លោក សុខ លីនណា ឲ្យ VOD ដឹងថា ក្រុមការងារលោកបានចាប់ផ្ដើមចុះស្រាវជ្រាវដល់មូលដ្ឋាន និងសាកសួរចាប់ពីថ្ងៃទី៨ ខែឧសភា មកម្ល៉េះ ។
អ្នកនាំពាក្យរូបនេះ បន្តថា រហូតមកដល់ថ្ងៃនេះ មានមន្ត្រីចាប់ពីថ្នាក់ស្នងការរងខេត្តចុះក្រោម មិនតិចជាង១២នាក់នោះទេ ដែលត្រូវបានសាកសួរ និងអាចមានមនុស្សបន្ថែមទៀតដែលជាប់ពាក់ព័ន្ធ ត្រូវហៅមកសាកសួរ ។
លោក សុខ លីណា៖ «ដូចខ្ញុំជម្រាបជូនប្អូនអ៊ីចឹង យើងមិនទាន់ដឹងថា អ្នកណាអ្នកពាក់ព័ន្ធ ឬក៏ហៅគាត់មកឆ្លើយបំភ្លឺក្នុងនាមជាសាក្សី ឬក៏រឿងហ្នឹងយ៉ាងមិច ឬអ្នកហ្នឹងពាក់ព័ន្ធ យើងក៏អត់ទាន់សន្និដ្ឋានបានច្បាស់ទេ! តែចៀសមិនផុត វាអាចមានហើយ តែគ្រាន់ខ្ញុំមិនទាន់អាចជម្រាបជូនប្អូនបានទេ ព្រោះកាលណាយើងឆ្លើយឲ្យអស់ទៅ វាពាក់ព័ន្ធដល់ដំណើរការនៃការអង្កេតរបស់យើងខ្ញុំ » ។
ស្នងការនគរបាលខេត្តកណ្ដាល លោក អ៊ាវ ចំរើន មានប្រសាសន៍ប្រាប់ VOD ថា លោកគ្មានយោបល់យ៉ាងណានោះទេចំពោះចំណាត់ការនេះ ដោយថា ការពិតលោកមិនមានពាក់ព័ន្ធនឹងរឿងដែលបានចោទប្រកាន់នោះទេ។
លោកថា៖ «ទុកឲ្យអគ្គធិការកិច្ចគាត់ស៊ើបសិនទៅ បងមិនមានយោបល់អីទេ! ហើយលទ្ធផលយ៉ាងណា គឺអាស្រ័យលើលទ្ធផលនៃការស៊ើបនោះ »។
ស្នងការរងខេត្តកណ្តាល ដែលក្រសួងមហាផ្ទៃហៅមកសាកសួរនោះ មានលោក រឿន ណារ៉ា លោក វ៉ែន សុវិន លោក ចាន់ សាវឿន លោក តុប សុវណ្ណ លោក សេង គឹមឃន និងលោក ឈឿន សុចិត្ត។
អ្នកឯកទេសផ្នែកសិទ្ធិមនុស្ស លោក សួន ប៊ុនស័ក្តិ ហៅចំណាត់ការនេះថា ជាសារព្រមានមួយទៅកាន់មន្ត្រីខិលខូចមួយចំនួនទៀត ដែលមិនទាន់ត្រូវបានវែកមុខ។
លោក សួន ប៊ុនស័ក្តិ បានបន្ថែមថា៖ «វាជាវិធានការដែលគួរឲ្យចាប់អារម្មណ៍លេចធ្លោ ហើយពីដើមមក ខ្ញុំដូចជាមិនសូវសង្កេតឃើញក្រសួងមហាផ្ទៃដែលជាសេនាធិការរដ្ឋាភិបាលហ្នឹង មិនមានចំណាត់ការដែលគួរឲ្យចាប់អារម្មណ៍លេចធ្លោអញ្ចឹងដែរ ដូច្នេះ ខ្ញុំគិតថា ចំណាត់ការរបស់ក្រសួងមហាផ្ទៃនេះ គឺជាពន្លកថ្មីគួរសង្ឃឹមដែលគួរតែតាមដានអ៊ីចឹងទៀត»។
ក្នុងឆមាសទី១ នៃឆ្នាំ២០១៩នេះ មានស្នងការខេត្តចំនួនពីរនាក់ហើយ ដែលរងការចោទប្រកាន់ដោយលិខិតអនាមិកថា បានប្រព្រឹត្តិអំពើពុករលួយ និងធ្វើបាបកូនចៅក្រោមឱវាទ ក្នុងនោះមាន ស្នងការនគរបាលខេត្តស្វាយរៀង លោក កឹង ឃន និងស្នងការខេត្តកណ្ដាល លោក អ៊ាវ ចំរើន។
ទោះជាយ៉ាងណា សម្រាប់បណ្ដឹងប្រឆាំងស្នងការខេត្តស្វាយរៀងត្រូវបានអគ្គស្នងការនគរបាលជាតិចេញមុខច្រានចោល និងការពារថា នគរបាលខេត្តស្វាយរៀងក្រោមការដឹកនាំរបស់លោក កឹង ឃន មានការរីកចំរើនថែមទៀតផង៕