ក្រុមអ្នករកស៊ីអឺរ៉ុបនៅកម្ពុជា បានទទូចដល់រដ្ឋាភិបាលកម្ពុជាក្នុងការប្រើប្រាស់ប្រព័ន្ធអនឡាញដើម្បីរៀបចំឯកសារ និងបង់ថ្លៃសេវាគយ ដោយថា ដើម្បីកាត់បន្ថយភាពស្មុគស្មាញនៃការរត់ឯកសារ និងបង្កើនតម្លាភាពនៃការបង់ប្រាក់។
ក្នុងសៀវភៅស ដែលចេញក្នុងខែកក្កដានេះ ក្រុមពាណិជ្ជករអឺរ៉ុបប្រចាំកម្ពុជា បានស្វាគមន៍ចំពោះការវិវត្តជាបន្តបន្ទាប់នៃការធ្វើទំនើបកម្មគយ និងរដ្ឋកររបស់កម្ពុជា ទោះជាយ៉ាងណា ក្រុមពាណិជ្ជករទាំងនេះនៅតែមានបញ្ហាជាមួយនីតិវិធីដ៏ស្មុគស្មាញនៃការផ្ដល់ឯកសារជាក្រដាសទៅឲ្យមន្ត្រីគយនៅពេលដែលទំនិញមកដល់កម្ពុជា ហើយការបង់ថ្លៃសេវាគយនៅកម្ពុជាមិនមានប្រព័ន្ធណាមួយដែលអាចធ្វើការបង់តាមប្រព័ន្ធអេឡិចត្រូនិចនៅឡើយទេ។
ពួកគេ លើកឡើងថា៖ «អាស្រ័យហេតុនេះ ប្រសិនបើមិនមានប្រព័ន្ធមានប្រសិទ្ធភាពក្នុងការសម្រួលដល់ការផ្លាស់ប្ដូរឯកសារ និងការបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចទេ នោះសមត្ថភាពប្រកួតប្រជែង និងការទាក់ទាញការវិនិយោគរបស់កម្ពុជាអាចនឹងធ្លាក់ចុះដោយសារតែ ក្រុមហ៊ុនធុរកិច្ចសកលមិនអាចបន្តទទួលយកហានិភ័យនិយ័តកម្ម ដែលកើតចេញពីការអនុវត្តមិនមានតម្លាភាពបានទៀតឡើយ»។
VOD មិនអាចទាក់ទងអគ្គនាយកនៃអគ្គនាយកដ្ឋានគយ លោក គន់ ញឹម និងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក មាស សុខសេនសាន បាននៅឡើយទេ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គម លោក សន ជ័យ មានប្រសាសន៍ថា នៅពេលដែលប្រព័ន្ធនៃការបង់លុយ និងការរៀបឯកសារផ្សេងៗមានភាពស្មុគស្មាញនោះ វាជាហេតុធ្វើឲ្យមានការបន្ទុចបង្អាក់ដល់ដំណើរការ និងពេលវេលារបស់អ្នកដែលត្រូវការសេវា លើសពីនោះទៀត វាបង្កឲ្យមានអំពើពុករលួយតាមរយៈរូបភាពនេះផងដែរ។
លោកជំរុញដល់រដ្ឋាភិបាលគួរតែទទួលយកការស្នើសុំនេះមកពិភាក្សា ជាពិសេសពិភាក្សាជាមួយអ្នកពាក់ព័ន្ធទាំងនោះដើម្បីរៀបចំប្រព័ន្ធមួយដែលអាចទទួលយកបាន និងអាចធ្វើទៅបានទាំងអស់គ្នា។
លោកថា៖ «ការបន្ទុចបង្អាក់នេះ វាជារូបភាពមួយដែលនៅក្នុងប្រព័ន្ធរដ្ឋបាលមួយដែលស្មុគស្មាញ។ អញ្ចឹង ដំណោះស្រាយបញ្ហានេះ អនឡាញគឺជាជម្រើសមួយដែលអាចនាំឲ្យសេវាហ្នឹងលឿន និងកាត់បន្ថយនូវភាពស្មុគស្មាញ»។
បើតាមលោក សន ជ័យ ប្រសិនជារដ្ឋាភិបាលអាចបង្វែរបែបបទរដ្ឋបាលដែលស្មុគស្មាញ និងរៀបចំការបង់សេវាគយតាមប្រព័ន្ធអនឡាញវិញនេះ វានឹងជួយដល់ការបង្កើនទំនុកចិត្តអ្នកវិនិយោគ បង្កើនប្រសិទ្ធភាពការងារមន្ត្រី ពន្លឿនការនាំចេញនាំចូលទំនិញ កាត់បញ្ហាអំពើពុករលួយ ដែលជាការរួមចំណែកមួយជួយដល់សេដ្ឋកិច្ចជាតិកាន់តែច្រើនផងដែរ៕