គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ក្រាបបទល្មើសព្រៃឈើមួយកន្លែងនៅក្នុងខេត្តមណ្ឌលគិរី ដោយឃាត់ខ្លួនមនុស្សបាន៤នាក់ក្នុងនោះមានឧកញ៉ាម្នាក់ និងត្រៀមកម្ទេចរថយន្ត៤០គ្រឿងផងដែរ។
អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី មានប្រសាសន៍ប្រាប់ VOD ថាកម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនលោកឧកញ៉ា ស៊ឹង សំអុល និងបុគ្គលិករបស់គាត់៣នាក់ផ្សេងទៀត ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីនៅថ្ងៃនេះ។
លោកបន្ថែមថា ក្នុងយុទ្ធនាការនោះ កងកម្លាំងបានដកហូតរថយន្តធុនធ្ងន់ប្រភេទ V1 និងប្រភេទបង្គុង ចំនួន៤០គ្រឿង ដើម្បីបំផ្លាញចោលផងដែរ។
លោកថា៖ «យើងឃើញថា ឡានជាង៤០គ្រឿង តែឡានខ្លះយកទៅលាក់ក្នុងព្រៃ ដូច្នេះឡានដែលលាក់ក្នុងព្រៃយើងមិនមានលទ្ធភាពយកចេញក្រៅទេដោយសារអត់មានអ្នកបើកបរ។ អញ្ចឹងយើងបំផ្លាញដោយបំផ្ទុះចោលក្នុងព្រៃនោះតែម្ដង។ ចំពោះឡានផ្សេងទៀត ដែលយកចេញមកក្រៅគឺយើងនឹងរកវិធីស្នើសុំអាជ្ញាធរកាត់ចោល កាត់ជាកង់ៗកម្ទេចកុំឲ្យធ្វើការចរាចរណ៍បានទៀត»។
ទោះជាយ៉ាងណា លោកមិនទាន់អាចបញ្ជាក់បាននៅឡើយទេពីទំហំឈើដែលចាប់បាន ខណៈនៅពេលនេះមនុស្សចំនួន៤នាក់នោះត្រូវបានបញ្ជូនទៅសាកសួរនៅបញ្ជាការកងរាជអាវុធហត្ថខេត្តហើយ។
វិធានការរបស់រដ្ឋាភិបាលនេះគឺធ្វើឡើងចំទិវារុក្ខទិវាជាតិ និងក្រោយមួយថ្ងៃ ដែលគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដាក់ចេញនូវវិធានការចំនួនពីរ ដែលក្នុងនោះគឺមានការបំផ្លាញចោលមធ្យោបាយដែលប្រើក្នុងការប្រព្រឹត្តិបទល្មើសព្រៃឈើរបស់ជនល្មើសផងដែរ៕