អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ការលើកពេលប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃស្អែកនេះគឺបណ្ដាលមកពីមិនមានកិច្ចការណាដែលតម្រូវចាំបាច់ឱ្យមានការសម្រេចពីរដ្ឋាភិបាល និងគ្មានរបៀបវារៈគ្រប់គ្រាន់ដើម្បីប្រជុំ។
ការលើកឡើងនេះ គឺបន្ទាប់ពីមានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនបានវាយតម្លៃពីការលើកពេលប្រជុំនេះទៅនឹងស្ថានភាពសុខភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបតែមកពីព្យាបាលគ្រេចស្មានៅប្រទេសសឹង្ហបុរី។
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ក្នុងសន្នីសិទ្នសារព័ត៌មាននៅព្រឹកនេះថា ស្ថានភាពសុខភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមានសុខភាពល្អ និងប្រក្រតី មិនដូចការលើកឡើងរបស់អ្នកមាននិន្នាការប្រឆាំង ដែលបានសរសេរអាក្រក់ពីស្ថានភាពលោកនាយករដ្ឋមន្ត្រីនោះទេ។
លោក ផៃ ស៊ីផាន៖ « វាហួសពីព្រំដែននៃការពិត។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកនៅតែបំពេញភារកិច្ចរបស់លោកប្រក្រតី សុខមាលភាពរបស់លោកប្រក្រតី កាលពីម្សិលមិញខ្ញុំផ្ទាល់ក៏បានទាក់ទងទៅសម្ដេចដោយផ្ទាល់ដែរ ដូច្នេះគ្មានអ្វីដែលស្ថិតនៅក្នុងការវាយតម្លៃអាក្រក់ពីមជ្ឈដ្ឋានខាងក្រៅនោះទេ» ។
នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសរសេរលើហ្វេសបុករបស់ផងដែរថា សុខភាពរបស់លោកគឺរឹងមាំធម្មតា ខណៈនៅថ្ងៃស្អែកនេះលោកនឹងទទួលជួបភ្ញៀវអន្តរជាតិនៅទីស្ដីការគណៈរដ្ឋមន្ត្រីទៀតផង។
លោកសរសេរថា៖ « ស្អែកនេះ ខ្ញុំជួបភ្ញៀវមកពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មនៅទីស្ដីការ។ អរគុណបងប្អូនដែលបានជូនពរខ្ញុំ។ អ្វីដែលសំខាន់បំផុតចំពោះខ្ញុំ គឺបងប្អូនជនរួមជាតិមានការងារមុខរបររស់នៅសុខសប្បាយ និងកូនចៅមានឱកាសទៅសាលារៀននៅគ្រប់ទីកន្លែង» ។
ក្នុងលិខិតមួយ កាលពីម្សិលមិញ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក ប៊ិន ឈិន បានសម្រេចលើកពេលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃទី២៦ ខែកក្កដា ស្អែកនេះ ទៅលើកក្រោយវិញដោយតាមលិខិតនោះគឺធ្វើឡើងតាមសំណើរបស់ខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី។
កាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅ ក្រោយត្រឡប់មកពីសម្រាកព្យាបាលជំងឺគ្រេចស្មានៅប្រទេសសឹង្ហបុរី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាត់វិធានការលើបុគ្គលទាំងឡាយណា ផ្សព្វផ្សាយបំផ្លើសពីស្ថានភាពសុខភាពរបស់លោក ដោយថា ទង្វើនេះជាបទល្មើសព្រហ្មទណ្ឌ៕