អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានហៅស្ថានទូតអាមេរិកថា «ពួកព្រៃ» បន្ទាប់ពីស្ថានតំណាងប្រទេសមហាអំណាចពិភពលោកមួយនេះ បានរិះគន់អំពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ចំថ្ងៃខួប ១ឆ្នាំនៃការបោះឆ្នោតជាតិដ៏ចម្រូងចម្រាស់នៅកម្ពុជា។
ទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃអង្គារកន្លងមកនេះ ដែលចំខួប ១ឆ្នាំនៃការបោះឆ្នោតជាតិនៅកម្ពុជានោះ ស្ថានទូតអាមេរិកបានហៅការបោះឆ្នោតនោះថា «មានកំហុសឆ្គងយ៉ាងខ្លាំងនៅកម្ពុជា» ហើយថា ការបោះឆ្នោតនោះ មិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋនោះឡើយ ក្រោយពីបក្សប្រឆាំងដ៏ធំនៅកម្ពុជា ត្រូវបានផាត់ចេញពីការប្រកួតប្រជែង។
ប៉ុន្តែ នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានប្រតិកម្មតបទៅនឹងការរិះគន់របស់ស្ថានទូតអាមេរិកថា ជាការលើកឡើងរបស់ «មនុស្សព្រៃ» និងជំរុញឲ្យមន្ត្រីស្ថានទូអាមេរិកវេចបង្វិចចេញពីកម្ពុជា ប្រសិនបើមិនពេញចិត្ត។
លោក ផៃ ស៊ីផាន ថ្លែងថា៖ «សូមជម្រាបជូនដែរថា គាត់(អាមេរិក)អត់ទាន់មានវត្តមានទូតទេ! អគ្គរដ្ឋទូតអត់ទាន់មានទេ។ ដូច្នេះ យើងពិបាកធ្វើការជាមួយមន្ត្រីរម៉េករម៉ក់នៅក្នុងហ្នឹងណាស់! យើងមាក់ងាយប៉ុណ្ណឹងទៅចុះ ព្រោះពួកហ្នឹងជាមនុស្សព្រៃសម្រាប់ការញុះញង់ តែយើងមានផ្លូវមួយទៀត គឺយើងមានអគ្គរាជទូតរបស់យើងនៅវ៉ាស៊ីនតោនគេនឹងរៀបចំតវ៉ា។ […] យើងមិនឱ្យអ្នកណាមករំលោភយើងជាដាច់ខាត! នេះជាសារមួយ ហើយមន្ត្រីដែលនៅក្នុងស្ថានទូតដែលប្រើប្រាស់លក្ខខណព្រៃផ្សៃគួរតែបញ្ចប់ យើងនៅតែជាមិត្តជាមួយគ្នា ហើយបើមន្ត្រីនោះមិនពេញចិត្តធ្វើការនៅស្រុកខ្មែរសូមវិចបង្វិចចេញទៅវិញទៅ» ។
ស្ថានទូតអាមេរិកប្រចាំកម្ពុជាបដិសេធធ្វើអត្ថាធិប្បាយឆ្លើយតបចំពោះការលើកឡើងរបស់លោក ផៃ ស៊ីផាន នេះ។
ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញនេះ ក្រសួងការបរទេសកម្ពុជាចាត់ទុកការអត្ថាធិប្បាយរបស់ស្ថានទូតអាមេរិក ជាទង្វើវាយប្រហារដ៏គឃ្លើនមកលើកម្ពុជា រំលោភបំពានទៅលើបទប្បញ្ញត្តិទាំងឡាយដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងក្នុងអនុសញ្ញាទីក្រុងវីយ៉េន ស្ដីពីទំនាក់ទំនងការទូត។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ការលើកឡើងរបស់លោក ផៃ ស៊ីផាន មិនបានធ្វើឱ្យមានផលចំណេញដល់កម្ពុជានោះទេ ហើយលោកថា វានឹងធ្វើឱ្យកម្ពុជា និងអាមេរិកកាន់តែប្រឈមគ្នាកាន់តែខ្លាំងលើទំនាក់ទំនងទូតក្នុងពេលដែលកម្ពុជាកំពុងប្រឈមនឹងទណ្ឌកម្មផ្សេងៗពីអន្តរជាតិនោះ។
លោក ឯម សុវណ្ណារ៉ា ប្រាប់ថា៖ «ធម្មតា មនុស្សធ្វើការជាមួយមនុស្ស ហើយបើមនុស្សព្រៃមានតែធ្វើការជាមួយព្រៃដូចគ្នា ហើយនៅយើងនេះ វាបានន័យថា ស្អប់ ឬក៏មិនចូលចិត្ត ធ្វើឱ្យមានប្រតិកម្ម ឬក៏វាអាចជំរុញឱ្យប្រទេស និងប្រទេសហ្នឹង វាកាន់តែមានរឿងអាស្រូវមិនល្អជាមួយគ្នា។ វាអាចជំរុញឱ្យមានហានិភ័យនៃទំនាក់ទំនងការទូតហ្នឹងកាន់តែខ្លាំងក្លា។ យើងមិនបានជួយរកវិធីសាស្ត្រ ដើម្បីជួយកាត់បន្ថយ តែដល់ពេលយើងលើកពីបញ្ហានេះ វាហាក់ដូចជាបន្ថែមកម្ដៅ ដែលកម្ពុជាយើងត្រូវប្រុងប្រយ័ត្នដែរ»។
ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក បានស្ថិតក្នុងស្ថានភាពមិនចុះសម្រុងនឹងគ្នានៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ជុំវិញការធ្លាក់ចុះស្ថានភាពប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
បើទោះជាបែបនេះក្ដី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា កម្ពុជានៅតែប្រកាន់ជំហរមិត្តភាពជាមួយបណ្ដាប្រទេសនានា មិនយកប្រទេសណាមួយជាសត្រូវនោះឡើយ៕