ក្រុមសិទ្ធិមនុស្សអន្តរជាតិ បានចោទសួរអំពីយុត្តិធម៌ដែលប្រជាជនកម្ពុជាគួរតែទទួលបាន បន្ទាប់ពីមរណភាពរបស់អតីតមេដឹកនាំជាន់ខ្ពស់មួយរូបទៀតនៃរបបខ្មែរក្រហម។
បងធំទី២នៃរបបកម្ពុជាប្រជាធិបតេយ្យ លោក នួន ជា បានទទួលមរណភាពនៅអាយុ ៩៣ឆ្នាំ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ។
មរណភាពនៃមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមរូបនេះ បានជំរុញឲ្យអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ចោទសួរថា តើប្រជាជនកម្ពុជាទទួលបានយុត្តិធម៌ហើយឬនៅ។
នាយករងអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ី លោក Phil Robertson បានរៀបរាប់ក្នុងសេចក្ដីថ្លែងការណ៍ចេញនៅថ្ងៃនេះថា៖ «មរណភាពរបស់គាត់ [នួន ជា] បាននាំឲ្យមានការចោទសួរនូវសំណួរដ៏សំខាន់ៗថា តើប្រជាជនកម្ពុជារាប់លាននាក់ដែលបានស្លាប់នៅក្នុងរបបខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ និងក្រុមគ្រួសាររបស់ពួកគេ បានទទួលយុត្តិធម៌ដែលពួកគេសមតែទទួលបានហើយឬនៅ»។
លោក នួន ជា អតីតប្រធានសភាប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានសាលាក្ដីខ្មែរក្រហមកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតនោះកាលពីឆ្នាំ២០១៤ ក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
អតីតមេដឹកនាំខ្មែរក្រហមរូបនេះ ក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតជាលើកទី២នៅឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ជនជាតិវៀតណាម និងខ្មែរឥស្លាម។
ប៉ុន្តែ លោក Phil Robertson បានអះអាងថា មេដឹកនាំជាន់ខ្ពស់ដទៃទៀតនៃរបបខ្មែរក្រហម មិនត្រូវបាននាំយកទៅកាត់ទោសនៅសាលាក្ដីកូនកាត់មួយនេះនោះឡើយរហូតមកដល់ពេលនេះ បន្ទាប់ពីមានការរារាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអតីតមេបញ្ជាការមួយរូបរបស់ខ្មែរក្រហមផងដែរ។
ខណៈដែលមេដឹកនាំជាន់ខ្ពស់ដទៃទៀតនៃរបបខ្មែរក្រហម ដែលត្រូវចាត់បញ្ចូលទៅក្នុងករណី ០០៣ និង ០០៤ មិនត្រូវបាននាំយកទៅកាត់ទោសនោះ អង្គការ Human Rights Watch បានចាត់ទុកការចំណាយថវិកាដល់ទៅជាង ៣០០លានដុល្លារសម្រាប់ដំណើរការសាលាក្ដីកូនកាត់សម្រាប់កាត់ទោសអតីតមេដឹកនាំខ្មែរក្រហមថាជា «បរាជ័យ»ទៅវិញ៕