សារមន្ទីរទួលស្លែងបានបើកសម្ពោធពិព័រណ៌មួយដាក់តាំងបង្ហាញការស្រាវជ្រាវនានារបស់មន្ត្រីសារមន្ទីរដល់សាធារណជនសម្រាប់រយៈពេល១ឆ្នាំ ដើម្បីរំម្លឹកពីការចងចាំរបស់ជនរងគ្រោះនៅមន្ទីរសន្តិសុខ ស-២១ ក្នុងសម័យខ្មែរក្រហម។
ថ្លែងក្នុងពិធីសម្ពោធបើកពិព័ណ៌ «៤០ឆ្នាំនៃការចងចាំជនរងគ្រោះ ស–២១» នៅព្រឹកនេះ ប្រធានសារមន្ទីរប្រល័យពូជសាសន៍គុកទួលស្លែង លោក ឆាយ វិសុទ្ធ មានប្រសាសន៍ថា ការសម្ពោធពិព័ណ៌នៅថ្ងៃនេះ គឺគាស់បង្ហាញសាធារណៈជនឡើងវិញពីសកម្មភាពរបស់សារមន្ទីរ តាំងពីនៅជាសាលារៀនព្រះពញ្ញាយ៉ាត រហូតដល់ក្លាយជាគុកប្រល័យពូជសាសន៍ និងការប្រមូលឯកសារផ្សេងរបស់សារមន្ទីរដែលបានបន្សល់មកដល់បច្ចុប្បន្ន។
លោកបន្ថែមថា ពិព័ណ៌នេះទៀតសោតក៏ចង់បង្កើនទំនាក់ទំនងកាន់តែខ្លាំងថែមទៀតរវាងសារមន្ទីរជាមួយអ្នកទេសចរណ៍ក៏ដូចជាសិស្សានុសិស្សដែលចង់ស្វែងយល់ពីអតីតគុកមួយនេះផងដែរ។
លោក ឆាយ វិសុទ្ធ មានប្រសាសន៍ថា៖ «ក្នុងអំឡុងពេល ២ឆ្នាំនៃការស្រាវជ្រាវនេះ ក្រុមការងារជួបប្រទះនូវបញ្ហាជាច្រើន ជាពិសេសការប្រមូលឯកសារសម្រាប់ការចងក្រងសៀវភៅកាតាឡុក និងពិព័ណ៌ ត្បិតដំណើរការនៃការស្រាវជ្រាវត្រូវប្រើប្រាស់ឯកសារដែលមានប្រភពនៅខាងក្រៅ ហើយសារមន្ទីរពុំមានលទ្ធភាពដែលបញ្ជូនបុគ្គលិកទៅក្រៅស្រុក។ បញ្ហាមួយទៀត គឺកង្វះរូបថតប្រើប្រាស់ដើម្បីបង្ហាញពីស្ថានភាពរបស់សារមន្ទីរនៅដំណាក់កាលដំបូងៗ ត្បិតរូបថតទាំងអស់នោះ រក្សាទុកដោយក្រុមហ៊ុន ឬអ្នកថតរូបឯកជនដែលត្រូវចំណាយថវិកាច្រើនដែលត្រូវប្រើប្រាស់នឹងបោះពុម្ភផ្សាយ។ ហេតុដូច្នេះ យើងមានលទ្ធភាពតែក្នុងប្រើប្រាស់ឯកសារក្នុងស្រុកប៉ុណ្ណោះ»។
បើតាមលោក ឆាយ វិសុទ្ធ ទីតាំងពិព័ណ៌នេះមាននៅជាន់ទី២ នៃអាគារខ ក្នុងសារមន្ទីរ ដែលចែកចេញជា ៥ដំណាក់នៃពិព័ណ៌ដែលរួមមានចាប់ពីពេលដែលសារមន្ទីរនេះនៅជាសាលារៀន ការកែប្រែសាលារៀនទៅជាគុក ការបាត់បង់ជិវិតនៃជនរងគ្រោះ ការរៀបចំសារមន្ទីរ ការស្វែងរកយុត្តិធម៌ និងការចងចាំ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសពិនិត្យពិព័ណ៌នោះថា ពិព័ណ៌នេះគឺជាការរួមចំណែកដល់ការថែរក្សាភស្ភុតាង ដើម្បីឱ្យយុវជន ក៏ដូចជាអ្នកទេសចរណ៍ អាចស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់កម្ពុជា ទុកជាមេរៀនដើម្បីកុំឱ្យអំពើបែបនេះកើតឡើងម្ដងទៀតមិនថានៅទីណានៃពិភពលោកនោះទេ។
លោកស្រី ភឿង សកុណា មានប្រសាសន៍ថា៖ «ព្រោះបណ្ណាសាររបស់ទួលស្លែងនេះ ត្រូវបានចាត់ទៅក្នុងបញ្ជីស្មារតីចងចាំពិភពលោករបស់យូណេស្កូ។ ដូច្នេះ យូណេស្កូបានកត់ត្រាទុក តែវាជាភារកិច្ចរបស់ក្មេងជំនាន់ក្រោយទាំងក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលចងចាំដើម្បីកុំឱ្យអំពើបែបនេះ វាកើតឡើងម្ដងទៀតក្នុងប្រទេសយើងក្ដី នៅអន្តរជាតិក្ដី»។
ប្រធានផ្នែកផែនការ និងគម្រោងរបស់សារមន្ទីរដែលទទួលបន្ទុកក្នុងការតាំងពិព័ណ៌នេះ លោក ហង្ស និស្ស័យ បានឱ្យអ្នកសារព័ត៌មានដឹងថាពិព័ណ៌របៀបនេះ គឺមានតាំងពីឆ្នាំ២០១៤មកម្លេះ តែក្នុងមួយឆ្នាំម្ដង នឹងមានការបន្ថែមនូវការស្រាវជ្រាវថ្មីៗដែលមន្ត្រីរបស់សារមន្ទីរបានរកឃើញ បូករួមនឹងការធ្វើទំនើបកម្មផងដែរ។
លោកបញ្ជាក់ថា ក្នុងឆ្នាំនេះ ក្រុមការងាររបស់សារមន្ទីរបានរកឃើញផែនទីគម្រោងដែលរដ្ឋាភិបាលរដ្ឋកម្ពុជាចង់ពង្រីកសារមន្ទីរឱ្យទៅជាកន្លែងនៃការចងចាំចម្រុះ រួមទាំងមូលហេតុដែលធ្វើឱ្យសារមន្ទីរនេះទទួលបានភ្ញៀវជាតិច្រើនគំហុកក្នុងឆ្នាំ១៩៨០ផងដែរ។
លោក ហង្ស និស្ស័យ ប្រាប់ថា៖ «យើងមានព័ត៌មានថ្មីមួយចំនួនដែលអ្នកស្រាវជ្រាវមួយចំនួនមិនទាន់បានដឹងដែរ។ អញ្ចឹង ខ្ញុំគិតថាប្រសិនជាយុវជនមកទស្សនានៅទីនេះ នឹងបង្កើនចំណេះដឹងឱ្យច្រើនជាងអ្វីដែលគាត់បានរៀន ព្រោះមានចំណុចខ្លះដែលពួកយើងជាមន្ត្រីនៃសារមន្ទីរទើបតែដឹងតាមរយៈពិព័ណ៌ហ្នឹងដែរ»។
និស្សិតសិក្សាប្រវត្តិសាស្ត្រនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា មិនា បានឱ្យដឹងថា កញ្ញាមានការចាប់អារម្មណ៍ទៅលើការតាំងពិព័ណ៌នេះដោយសារមានភាពទាក់ទាញ និងបង្ហាញនូវការស្រាវជ្រាវច្រើនដែលធ្វើឱ្យកញ្ញាទទួលបានចំណេះដឹងបន្ថែមទៀតផងដែរ។
កញ្ញា មិនា ប្រាប់ថា៖«ចំណុចដែលថ្មីដែលធ្វើឱ្យខ្ញុំបានដឹងពីពិព័ណ៌នេះ គឺភាគច្រើនការចងក្រងឯកសារសម្រាប់ប្រើប្រាស់នៅពេលក្រោយ។អញ្ចឹង មួយទៀត លក្ខណៈនៃការតាំងពិព័ណ៌ដោយសារតែពីមុនពេលដែលយើងរៀន ឬចូលរួមពិព័ណ៌អីផ្សេងៗ គេអត់បានរៀបចំអញ្ចឹងទេ»។
ជនរងគ្រោះម្នាក់ក្នុងគុកទួលស្លែងនេះ លោក ជុំ ម៉ី មានប្រសាសន៍ថា លោកសប្បាយចិត្តចំពោះការរៀបចំពិព័ណ៌ដើម្បីឱ្យពិភពលោកបានដឹង និងបញ្ជៀសអំពើបែបនេះកុំឱ្យវិញត្រលប់មកវិញ។
លោក ជុំ ម៉ី មានប្រសាសន៍ថា៖«នេះជាគោលបំណងរបស់ខ្ញុំចង់បានជាទីបំផុត ដែលឱ្យក្មេងជំនាន់ក្រោយបានដឹង ឱ្យពិភពលោកបានដឹងដើម្បីកុំឱ្យទៅអាផ្លូវចាស់ ៣ឆ្នាំ ៨ខែ ២០ថ្ងៃហ្នឹងទៀតណា!»។
ការបើកសម្ពោធពិព័ណ៌នេះ សារមន្ទីរទួលស្លែងក៏មានបំណងដើម្បីអបអរខួប ៤០ឆ្នាំ នៃការបើកដំណើររបស់ខ្លួនផងដែរថ្ងៃទី២០ សីហា ឆ្នាំ១៩៧៩ ដល់២០ សីហា ឆ្នាំ២០១៩ បន្ទាប់ពីការដួលរលំនៃរបបដឹកនាំខ្មែរក្រហម៕