អ្នកនាំពាក្យរដ្ឋាភិបាល គ្រោងកោះប្រជុំជាមួយអង្គការលីកាដូ និងសមាគមធាងត្នោត ដើម្បីពិភាក្សាលើចំណុចខ្វែងគ្នារវាងភាគីអង្គការសង្គមស៊ីវិល រដ្ឋាភិបាល និងស្ថាប័នមីក្រីហិរញ្ញវត្ថុ លើរបាយការណ៍ដែលអង្គការទាំងពីរនេះបានចេញនាពេលថ្មីៗនេះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ និងសមាគមធាងត្នោត បានចេញរបាយការណ៍មួយកាលពីថ្ងៃទី៧ ខែសីហា ដែលបញ្ជាក់ថា បំណុលមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា បណ្តាលឱ្យមានការរំលោភសិទ្ធិមនុស្សជាលក្ខណៈប្រព័ន្ធធ្ងន់ធ្ងរ និងបានរិះគន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថា បាន «ជញ្ជក់ឈាម» និងមិនអនុវត្តតាមគោលការណ៍ក្រមសីលធម៌ក្នុងការផ្តល់ប្រាក់កម្ចី ខណៈស្ថាប័នមីក្រូហិរញ្ញវត្ថុបានចាត់ទុករបាយការណ៍នោះថា គ្មានលក្ខណៈវិទ្យាសាស្ត្រ និងគ្មានភាពត្រឹមត្រូវ។
ថ្លែងនៅក្នុងសន្នីសិទការសែតនៅព្រឹកនេះនៅទីស្ដីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដោយបានចាត់ទុករបាយការណ៍របស់អង្គការទាំងពីរនេះថា ជាការបញ្ចេញមតិមួយ ខណៈលោកថា នាពេលខាងមុខលោកនឹងស្នើឱ្យមានកិច្ចប្រជុំមួយរវាងស្ថាប័នពាក់ព័ន្ធជាមួយអង្គការទាំងពីរនេះផងដែរ។
លោក ផៃ ស៊ីផាន ថ្លែងថា៖ «ខ្ញុំនឹងត្រៀមលក្ខណៈអញ្ជើញគាត់មកចូលរួមដើម្បីជជែកគ្នា តើការលើករបស់គាត់មកហ្នឹងត្រឹមត្រូវដែរឬទេ មានទឡ្ហីករណ៍អីខ្លះ? ខ្ញុំនឹងរៀបចំវេទិកាបិទទ្វារសម្រាប់អញ្ជើញធនាគារ សម្រាប់អញ្ជើញផ្នែកស្រាវជ្រាវទាំងអស់គ្នា សមាសភាពទាំងអស់គ្នាមកអង្គុយជជែកគ្នា។ យើងអត់ឈរលើស្ថានភាពច្រានចោលថ្កោលទោសនោះទេ យើងអត់ទេ! យើងស្វាគមន៍សម្រាប់ការស្រាវជ្រាវសុំលើកឡើងមក»។
របាយការណ៍របស់លីកាដូ និងសមាគមធាងត្នោត ដែលបានចេញផ្សាយបានជ្រើសរើសយកគ្រួសារចំនួន ២៨ ធ្វើជាករណីសិក្សា ដែលគ្រួសារទាំងនោះ «បានរងគ្រោះពីអំពើរំលោភសិទ្ធិមនុស្សជាច្រើនលើកច្រើនសារ ឬក្នុងកម្រិតធ្ងន់ ដោយសារតែជាប់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ» ហើយបានបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុនេះរីកចម្រើន ដោយពឹងផ្អែកលើប្រតិបត្តិការលក់ដីធ្លីដោយការបង្ខិតបង្ខំ ពលកម្មកុមារ ចលនាចំណាកស្រុកដោយសារជាប់បំណុល និងអំពើរំលោភបំពានផ្សេងៗទៀត។
ទោះជាយ៉ាងនេះក្តី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបដិសេធចំណុចចោទប្រកាន់ទាំងនេះ ដោយលើកឡើងថា ករណីបែបនោះកម្រកើតឡើងណាស់ ហើយបានអះអាងថា គោលនយោបាយ និងគោលការណ៍ជាច្រើន ត្រូវបានបង្កើតឡើងយ៉ាងត្រឹមត្រូវ ដើម្បីចៀសវាងអំពើរំលោភបំពានឲ្យដល់កម្រិតអតិបរមា។ គ្រឹះស្ថានទាំងនេះ ក៏បានបញ្ជាក់ផងដែរថា តែងតែមានការចរចាដើម្បីរក្សាទំនាក់ទំនងល្អរវាងអ្នកផ្តល់កម្ចី និងអ្នកខ្ចី។
សម្រាប់អគ្គនាយកត្រួតពិនិត្យ និងធនាគារជាតិលោក រ័ត្ន សុវណ្ណនរៈ បានលើកឡើងថា បន្ទាប់ពីទទួលរបាយការណ៍នេះ ធនាគារជាតិបានបើកការស៊ើបអង្កេតមួយផងដែរ តែរហូតមកដល់ពេលនេះនៅមិនទាន់រកឃើញភាពមិនប្រក្រតីដូចដែលរបាយការណ៍នេះលើកឡើងនោះទេ។
លោក រ័ត្ន សុវណ្ណនរៈ ប្រាប់ថា៖ «ពេលនោះ យើងបានពិភាក្សាច្រើនជាមួយសមាគម ដើម្បីស្វែងរកភស្ភុតាង។ ប្រសិនបើមាន យើងនឹងចាត់ការភ្លាមហើយ ព្រោះគ្រឹះស្ថាន(មីក្រូហិរញ្ញវត្ថុ)នីមួយៗត្រូវអនុវត្តន៍តាមច្បាប់ តែកន្លងមកគ្រឹះស្ថានអនុវត្តន៍ល្អបានច្រើនទៅតាមច្បាប់ ហើយគេក៏មានក្រមសីលធម៌វិជ្ជាជីវៈដែរ»។
ប្រធានសមាគមធាងត្នោត លោក សឿង សារ៉ន មានប្រសាសន៍ប្រាប់ VOD ថា អង្គការលោកក៏ដូចជាលីកាដូនៅតែប្រកាន់ជំហរចំពោះរបាយការណ៍ដែលបានចេញនោះ ខណៈលោកស្វាគមន៍ចំពោះការប្រជុំណាមួយជាមួយអ្នកពាក់ព័ន្ធទៅលើការចេញរបាយការណ៍នេះផងដែរ។
លោក សឿង សារ៉ន ប្រាប់ថា៖ «យើងស្វាគមន៍ ហើយបើសិនជាមានវេទិកាតុមូលរវាងអ្នកពាក់ព័ន្ធទាំងអស់ រឹតតែប្រសើរ។ […] អ្វីដែលយើងរកឃើញនេះ គឺជាការពិត គឺជាភស្ភុតាងដែលយើងបានជួបជាមួយនឹងប្រជាពលរដ្ឋចំនួន ២៨គ្រួសារដែលយើងបានធ្វើការសិក្សាស្រាវជ្រាវចំនួន ៣សប្ដាហ៍ហ្នឹង»។
ការពីម្សិលមិញ ប្រធានរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត សុខ ទូច បានចាត់ទុករបាយការណ៍របស់សមាគមធាងត្នោត និងលីកាដូនេះថា ជាការសិក្សាដោយគ្មានផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ ដោយថា សំណាកនៃការស្រាវជ្រាវរបស់អង្គការទាំងពីរ គឺទៅលើមនុស្ស ២៨គ្រួសារ ខណៈអ្នកជាប់បំណុលមីក្រូហិរញ្ញវត្ថុមានដល់ទៅជាង ២លាននាក់។
ទោះជាយ៉ាងណា សម្រាប់អង្គការដែលចេញរបាយការណ៍នេះ នៅតែប្រកាន់ជំហរពីភាពត្រឹមត្រូវនៃរបាយការណ៍របស់ខ្លួន៕