អតីតចៅសង្កាត់កោះដាច់ និងអតីតប្រធានកងអង្គរក្សលោក សម រង្ស៊ី ស្នើឱ្យសមត្ថកិច្ចទាំងអស់ពន្លឿននីតិវិធីស៊ើបអង្កេតរកជនល្មើសដែលបានប្រើប្រាស់ហិង្សាមកលើពួកគេឲ្យបានឆាប់រហ័ស ព្រោះថាពួកគេចេះតែបារម្ភពីសុវត្ថិភាព និងរស់នៅក្នុងភាពមិនស្ងប់ចិត្ត បើសមត្ថកិច្ចមិនទាន់ចាប់ខ្លួនជនដៃដល់យកមកផ្ទន្ទាទោសតាមច្បាប់។
អតីតចៅសង្កាត់កោះដាច់មកពីគណបក្សសង្រ្គោះជាតិ លោក ស៊ិន បូណា លើកឡើងថា ក្រោយកើតហេតុការណ៍វាយដំលោកបណ្តាលឱ្យបាក់ដៃបីកំណាត់ លោកបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចសង្កាត់ជ្រោយចង្វារ តែមកទល់ពេលនេះមិនទាន់មានតម្រុយយុត្តិធម៌នៅឡើយទេ។
បញ្ហានេះ លោកនៅតែបារម្ភពីសុវត្ថិភាពរហូត ដរាបណាសមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនអ្នកប្រព្រឹត្តឃើញទេ។
លោកបន្តថា៖ «សព្វថ្ងៃខ្ញុំប្រាប់ឱ្យអស់ថា ខ្ញុំនៅតែបារម្ភ ពីសុវត្ថិភាពខ្លួនខ្ញុំ។ អីចឹងអ្វីក៏ដោយ គ្រាន់តែខ្ញុំវាអត់ហ៊ានបញ្ចេញមតិណាលើសពីហ្នឹង ដោយខ្ញុំចេះតែបារម្ភ ចេះតែព្រួយបារម្ភ ពីសុវត្ថិភាពខ្លួនខ្ញុំ»។
ចំណែកអតីតប្រធានកងអង្គរក្សលោក សម រង្ស៊ី លោក ពួក ចិន្តា ដែលត្រូវមិនស្គាល់មុខវាយពីក្រោយបណ្តាលឱ្យបែកក្បាល លើកឡើងថា លោកមិនមានសង្ឃឹមថាសមត្ថកិច្ចអាចរកមុខជនល្មើសឃើញនោះទេ ដោយថាសមត្ថកិច្ចអាចចាប់ខ្លួនបានតែអតីតសកម្មជនបក្សសង្រ្គោះជាតិប៉ុណ្ណោះ។
លោកបន្តថា ៖ «ហូ! បងអើយដូចខ្ញុំថាអីចឹង អានៅព្រែកលាប គេឃើញផ្ទាល់ចាប់មិនបានផង។ ទម្រាំអារឿងខ្ញុំមើលមិនឃើញផង ម៉េចគេចាប់បាន។ ខ្ញុំគេនិយាយថា ចាប់ជនល្មើសហ្នឹងគេមិនចាប់បានទេ តាំងពីដើមមកគេធ្វើបាបតែយើង គេមិនដែលចាប់បានទេ គឺ មានតែចាប់ពួកប្រឆាំងវិញទើបចាប់បាន» ។
វីអូឌី បានព្យាយាមសុំការឆ្លើយតបពីស្នងការនគរបាលក្រុងភ្នំពេញ លោក ស ថេត និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន ជាច្រើនសារ តែគ្មានការឆ្លើយតបទេនៅថ្ងៃនេះ។
យ៉ាងនេះក្តី កាលពីថ្ងៃទី ១ តុលា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានអះអាងថា សមត្ថកិច្ចកំពុងស៊ើបអង្កេតករណីហិង្សាទាំងពីរតាមនិតិវិធី ដើម្បីឈានទៅកំណត់មុខសញ្ញាឱ្យបានច្បាស់លាស់ជាមុន។
នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា កាលណាមានអំពើហិង្សាលើអតីតមន្ត្រីបក្សប្រឆាំងកាន់តែច្រើន ហើយគ្មានការស៊ើបអង្កេតឈានទៅចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់ត្រឹមត្រូវទេ នឹងបង្កើតជាវប្បធម៌និទ្ទណ្ឌភាព ដែលប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌សង្គម និងបង្ហាញពីការអនុវត្តច្បាប់ដែលមានស្តង់ដារពីរផងដែរ។
លោកមានប្រសាសន៍ថា៖ «វាប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធយុត្តិធម៌យើង។ ការផ្តល់នូវយុត្តិធម៌ដល់ជនរងគ្រោះ និងបង្កហានិភ័យនៃភាពភ័យខ្លាច ដល់ជនរងគ្រោះ និងអ្នកដទៃផ្សេងទៀតដែលមើលឃើញគម្រូហ្នឹង »។
លោក អំ សំអាត បញ្ជាក់ថា មកទល់ថ្ងៃ១៤ តុលា មានករណីអតីតសកម្មជនគណបក្សសង្រ្គោះជាតិដែលរងអំពើហិង្សាដោយជនមិនស្គាល់មុខ បានមកសុំកិច្ចអន្តរាគមន៍ពីអង្គការលីកាដូ មានចំនួន៦ករណី។
អតីតប្រធានកងអង្គរក្សលោក សម រង្ស៊ី ត្រូវបានមិនស្គាល់មុខវាយដំឱ្យរងរបួសបែកក្បាលកាលពីថ្ងៃទី២២ កញ្ញា ទាំងកណ្តាលថ្ងៃ នៅក្បែរស្នាក់ការអតីតគណបក្សប្រឆាំង សង្កាត់ចាក់អង្រែក្រោម ខណៈលោកចេញទៅទិញអាហារ។
រយៈពេល ៣ថ្ងៃក្រោយការវាយដំលើលោក ពួក ចិន្តា អតីតចៅសង្កាត់កោះដាច់គណបក្សសង្រ្គោះជាតិ លោក ស៊ិន បូណា ក៏ត្រូវបានជនដៃដល់វាយទាំងកណ្តាលថ្ងៃនៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ បណ្តាលឱ្យបាក់ដៃឆ្វេងបីកំណាត់ និងគ្រាំមួយចំហៀងខ្លួន។
ពួកគេទាំងពីរ សុទ្ធតែបានអះអាងថា ករណីហិង្សាមកលើពួកគាត់ពុំមែនជារឿងគំនុំបុគ្គលឡើយ ប៉ុន្តែជារឿងនយោបាយតែម្តង៕
រាយការណ៍បន្ថែម៖ ឆន សុភាព