ក្រុមជនជាតិដើមភាគតិច ដែលមកពីតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា បានអះអាងថាការបាត់បង់ដីធ្លី និងព្រៃឈើ គឺបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខស្បៀងអាហាររបស់ពួកគាត់ ដោយថាពួកគេរស់នៅពឹងផ្អែកស្ទើរទាំងស្រុងទៅលើធនធានធម្មជាតិទាំងនេះ។
តំណាងជនជាតិដើមភាគតិចកួយមកពីឃុំប្រមែរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ អ្នកស្រី ទេព ទឹម មានប្រសាសន៍ថា សហគមន៍របស់ពួកគាត់កំពុងប្រឈមនឹងជីវភាពរស់នៅ ក្រោយដីធ្លី ពិសេសដីព្រៃសមូហភាពរបស់ខ្លួនត្រូវបានបាត់បង់ បន្ទាប់ពីមានវត្តមានក្រុមហ៊ុនវិនិយោគនៅតំបន់នោះ។
អ្នកស្រីបន្តថា ដីធ្លី និងព្រៃឈើ គឺ មានសារៈសំខាន់ណាស់ ព្រោះវាជាប្រភពផលិតស្បៀងអាហារ និងចំណូលប្រចាំដល់ពួកគាត់ ដូចជាធ្វើស្រែចម្ការ រុករកបន្លែបង្ការ ឬ រកផលអនុផលព្រៃឈើ រួមមានរកឃ្មុំ វល្លិ៍ ជ័រ ផ្តៅ ដើម្បីចិញ្ចឹមជីវិតជាដើម។
អ្នកស្រីបន្តថា ៖ «ព្រោះអីជនជាតិដើមភាគតិចខ្ញុំរស់ពឹងផ្អែកអាស្រ័យលើដីធ្លី ធនធានធម្មជាតិ ។ បើកាលណាតែអស់ដីធ្លី អស់ព្រៃ យើងអត់មានអ្វីប្រកបមុខរបរ ធ្វើឱ្យយើងធ្លាក់ខ្លួនទៅក្នុងជីវភាពក្រីក្រ ហើយស្បៀងអាហារក៏អត់មានដែរ»។
ក្រុមការងារស្តី្រជនជាតិដើមភាគតិច បានរៀបចំវេទិកាស្តីពីស្បៀងអាហារពិភពលោក ក្រោមប្រធានបទ របបអាហារដែលគិតពីសុខភាព ដើម្បីពិភពលោកគ្មានភាពអត់ឃ្លាន ដែលមានអ្នកចូលរួមនៅព្រឹកថ្ងៃទី១ជាង១រយនាក់ ហើយកម្មវិធីនេះធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃ២៩ និង ៣០តុលា។
កម្មវិធីនេះ ជនជាតិដើមភាគតិចក៏បានលើកឡើងពីយុទ្ធនាការដីធ្លី ដើម្បីសុវត្ថិភាពស្បៀងអាហារជនជាតិដើមភាគិច។ យុទ្ធនាការលុបបំបាត់ករណីចាប់រំលោភ រំលោភសម្លាប់ទៅលើស្ត្រី និងក្មេងស្រីជនជាតិដើមភាគតិចផងដែរ។
អនុប្រធានក្រុមការងារស្ត្រីជនជាតិភាគតិចនៅកម្ពុជា និងជាជនជាតិដើមភាគតិចចារ៉ាយ អ្នកស្រី ហ្វុង ពិសី មានប្រសាសន៍ថា ការរៀបចំវេទិកានេះឡើង ដើម្បីផ្សព្វផ្សាយពីបញ្ហាប្រឈមរបស់ពួកគាត់ទៅកាន់ស្ថាប័នពាក់ព័ន្ធ សម្រាប់រួមគ្នាដោះស្រាយ។
អ្នកស្រីថា សុវត្ថិភាពស្បៀងអាហាររបស់ជនជាតិដើមភាគតិច នឹងលែងមាន នៅពេលសុវត្ថិភាពដីធ្លី ព្រៃឈើ ត្រូវបាត់បង់។
អ្នកស្រីបន្តថា៖ «ដូចពេលបច្ចុប្បន្នអីចឹងយើងឃើញថា ដីធ្លី ព្រៃឈើនៅតំបន់ជនជាតិដើមភាគតិចចាប់ផ្តើមបាត់បង់។ អីចឹងសុវត្ថិភាពស្បៀងអាហារសម្រាប់ជនជាតិដើមភាគតិចនឹងលែងមានដូចគ្នា។ ចំណុចសំខាន់សម្រាប់ជនជាតិដើមភាគតិចពួកយើងមានតែ បង្កើនការសាមគ្គីដើម្បីការពារដីធ្លីរបស់ពួកយើង»។
អនុប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ ទទួលបន្ទុកចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិចនិងគណបក្សនយោបាយនៃក្រសួងមហាផ្ទៃ លោក អាំ វាសនា លើកឡើងថាជនជាតិដើមភាគតិចពិតជាប្រឈមបញ្ហាសន្តិសុខស្បៀងអាហារប្រាកដមែន។
លោកថាបញ្ហានេះកើតឡើង ដោយសារពួកគាត់ភាគច្រើនរស់នៅតំបន់ដាច់ស្រយាល ហើយពឹងស្ទើរទាំងស្រុងលើដីធ្លី ធនធានធម្មជាតិ ស្របពេលដីធ្លី និងធនធានធម្មជាតិនោះក៏ចេះតែបាត់បង់។ ប៉ុន្តែលោកផ្តល់យោបល់ថាដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ពលរដ្ឋជនជាតិដើមភាគតិចគប្បីបង្កើនការដាំបន្លែបង្ការក្បែរផ្ទះ និងចិញ្ចឹមសត្វបន្ថែមទៀត។
លោកបន្តថា៖ «ជាយោបល់ខ្ញុំ ពាក់ព័ន្ធនឹងការលើកកម្ពស់ជីវភាព សុវត្ថិភាពស្បៀងអាហារនេះ គួរបងប្អូនជនជាតិដើមភាគតិចទាំងអស់គិតគូឡើងវិញ ធ្វើឱ្យខ្លួនឯងហ្នឹងឧស្សាហ៍ព្យាយាម ឱ្យមានការដាំដុះបន្លែបង្ការ និងការចិញ្ចឹមសត្វនានា ក្នុងមូលដ្ឋានរបស់ខ្លួន»។
លើកឡើងក្នុងឱកាសនោះ នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព មានប្រសាសន៍ថាសុវត្ថិភាពស្បៀងអាហារ របស់ជនជាតិដើមភាគតិច គឺ កើតចេញពីសុវត្ថិភាពដីធ្លី ពិសេសដីសមូហភាពរបស់ពួកគាត់ ដោយធានាសិទ្ធិកាន់កាប់ និងអាស្រ័យផល ដែលគ្មានការគំរាមកំហែងឬ រំលោភបំពាន។
ជាមួយគ្នានេះ អ្នកស្រី ស្នើឱ្យរដ្ឋាភិបាលពន្លឿនក្នុងការចុះបញ្ជីទទួលស្គាល់សិទ្ធិដីព្រៃសហគមន៍របស់ឱ្យបានឆាប់រហ័សផងដែរ។
អ្នកស្រីមានប្រសាសន៍ថា៖ «ចាស៎! ការដែលយើងមានសុវត្ថិភាពផ្នែកដីធ្លីនេះ គឺវាធានាដល់សុវត្ថិភាពស្បៀងអាហារដូចគ្នា»។
អង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា កាលពីដើមឆ្នាំ២០១៧ បង្ហាញថា ជនជាតិដើមភាគតិចនៅកម្ពុជាមានចំនួន ២៤ក្រុមឬ២៤អំបូរ នៅខេត្តចំនួន ១៥ ក្នុងនោះ ខេត្តរតនៈគិរី មណ្ឌលគិរី និងខេត្តក្រចេះ មានចំនួនជនជាតិដើមភាគតិចខ្ពស់ជាងគេ។
នាយកប្រតិបត្តិអង្គការជនជាតិដើមភាគតិចកម្ពុជា លោក ហ៊ាន ប៊ុនហៀង បញ្ជាក់ថាមិនទាន់មានទិន្នន័យជាក់លាក់ បង្ហាញពីចំនួនជនជាតិដើមភាគតិចនៅឡើយទេ ប៉ុន្តែលោកប៉ាន់ប្រមាណថាបច្ចុប្បន្នអាចមានចំនួនជនជាតិដើមភាគតិចមានប្រមាណ៤០ម៉ឺននាក់ឬ ស្មើប្រមាណ២ភាគរយនៃប្រជាជនកម្ពុជាសរុប។
បើតាមលោក ប៊ុនហៀង ឱ្យដឹងថា ក្នុងចំណោមដីសហគមន៍ជនជាតិដើមភាគតិចជាង ៥រយសហគមន៍ គឺ មានប្រមាណ៣០សហគមន៍ប៉ុណ្ណោះ ត្រូវបានចុះបញ្ជីទទួលស្គាល់ជាដីសមូហភាពរបស់ជនជាតិដើមភាគតិចស្របច្បាប់៕
ដោយលោក៖ វ៉ា សុភានុត